របប​ក្រុង​ភ្នំពេញ​ចាត់​ទុក​សកម្មភាព​ក្រុម​ប្រឆាំង​ដែល​នៅ​ក្រៅ​ស្រុក​ជា​ភេរវកម្ម​នយោបាយ

ដោយ ម៉ៅ សុធានី
2019-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​គណបក្ស​ប្រជាជនកម្ពុជា
និមិត្ត​សញ្ញា​គណបក្ស​ប្រជាជនកម្ពុជា
screenshot

ការិយាល័យ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​សុក្រ​ទី៨ ខែ​កុម្ភៈ នេះ ដោយ​ចាត់​ទុក​ក្រុម​អ្នកប្រឆាំង​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថា ជា​ក្រុម​ភេរវកម្ម​នយោបាយ ហើយ​អាជ្ញាធរ​កំពុង​ត្រៀម​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

សេចក្ដី​ថ្លែងការណ៍​នេះ ក៏បាន​បញ្ជាក់​ថា ការ​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ប្រឆាំង នឹង​ការដឹកនាំ​របស់​របប​លោក ហ៊ុន សែន គឺជា​សកម្មភាព​ឧក្រិដ្ឋ ជា​ការ​ញុះញង់ និង​ជា​អំពើ​ភេរវកម្ម​នយោបាយ​ប្រឆាំង​នឹង​ការគ្រប់គ្រង​បច្ចុប្បន្ន​របស់​លោក ហ៊ុន សែន។

ប្រតិកម្ម​នេះ​ធ្វើឡើង ក្រោយ​ដែល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ កុំ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្លួនឯង តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ហើយ​ពលរដ្ឋ​ត្រូវ​ក្រោកឈរ ដើម្បី​ផ្លាស់​ប្ដូរ​មេដឹកនាំ​ផ្តាច់ការ​លោក​ហ៊ុន សែន។ បន្ថែម​ពី​នេះ លោក សម រង្ស៊ី ក៏បាន​ថ្លែង​ផង​ដែរ​ថា នៅ​ពេល​ដែល​លោក វិលត្រឡប់​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ២០១៩​នេះ លោក នឹង​ដឹកនាំ​ពលរដ្ឋ​ខ្មែរ ទៅ​ចាប់ខ្លួន​លោក ហ៊ុន សែន ពី​បទ​ក្បត់ជាតិ។ មិន​តែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ថែមទាំង​ផ្ញើ​សារ​អំពាវនាវ​កសិករ​ឱ្យ​ងើបឡើង​ប្ដូរ​របប​លោក ហ៊ុន សែន ដើម្បី​រំដោះ​ចេញពី​បំណុល​ជាដើម។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា របប​ក្រុងភ្នំពេញ​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់ ដោយ​សហការ​ជាមួយ​អន្តរជាតិ ដើម្បី​ទប់ស្កាត់​សកម្មភាព​ទាំងនេះ​។ សមត្ថកិច្ច​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់ រាល់​គ្រប់​សកម្មភាព និង​ប្រមូល​ភស្តុតាង ដើម្បី​កំណត់​អត្តសញ្ញាណ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​ទាំងនោះ នៅ​ពេល​ចាំបាច់​ណាមួយ​។ អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដទៃ​ទៀត​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ សេចក្ដី​ថ្លែងការណ៍​នេះ បាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល