អាជ្ញាធររបបក្រុងភ្នំពេញ បានសម្រេចបញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិ ជាសន្តិសុខការពារទីស្នាក់ការគណបក្ស ចំនួន ១០នាក់ មកឃុំនៅប៉ូលិសប៉ុស្តិ៍វិញ ក្រោយពីតុលាការសាកសួរកាលពីថ្ងៃទី៦ វិច្ឆិកា។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc)លោក សឹង សែនករុណា បញ្ជាក់ថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិមួយរយៈចុងក្រោយនេះហាក់បីដូចជាមានសកម្មភាពកាន់តែខ្លាំងឡើង ហើយរាល់ការចាប់ខ្លួននេះសមត្ថកិច្ចមិនបានអនុវត្តន៍នីតិវិធីរបស់ខ្លួននោះទេ គឺហាក់បីដូចជាការធ្វើឡើងតាមទំនើងចិត្ត។ លោកបញ្ជាក់ថា ទង្វើនេះជាការបង្ហាញដើម្បីឲ្យអ្នកគាំទ្រគណបក្សប្រឆាំងភ័យខ្លាច៖ «ជាការបង្ហាញថា បានធ្វើឲ្យបំបាក់ស្មារតីរបស់ប្រជាពលរដ្ឋឬក៏អ្នកគាំទ្រឬសកម្មជនទាំងអស់ហ្នឹង មានការភ័យខ្លាច និងមានការហាក់បីដូចជាលែងចង់មានការពាក់ព័ន្ធទៅនឹងរឿងនយោបាយតទៅទៀត រហូតដល់អ្នកខ្លះមានការភ័យខ្លាចបានចូលសារភាពចុះចូលជាមួយនឹងគណបក្សកាន់អំណាច ដើម្បីឲ្យដូរមកវិញទៅនឹងការរួចខ្លួនកុំ ឲ្យចាប់យកទៅឃុំឃាំងអ្វីជាដើម»។
ប្រតិកម្មរបស់មន្រ្តីសិទ្ធិមនុស្សនេះ គឺធ្វើឡើងស្របពេលដែលសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១០នាក់ ដែលរបបក្រុងភ្នំពេញសម្រុកចូលចាប់នៅក្នុងទីស្នាក់ការគណបក្ស កាលពីថ្ងៃទី៥ វិច្ឆិកាកន្លងទៅ។ ត្រូវអាជ្ញាធរបញ្ជូនខ្លួនយកមកឃុំនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យវិញហើយ ក្រោយពីតុលាការបានសាក់សួរពីបទសង្ស័យថារៀបចំផែនការចាំទទួលលោកសម រង្ស៊ី។
ស្នងការប៉ូលិសក្រុងភ្នំពេញលោក ស ថេត បញ្ជាក់ថា សកម្មជនគណបក្សប្រឆាំងទាំង ១០នាក់សមត្ថកិច្ចចោទប្រកាន់ពីបទទទួលផែនការពីលោក សម រង្ស៊ី ដើម្បីផ្ដួលរំលំរដ្ឋាភិបាល៖ «រៀបចំទាំងអស់គាត់ហ្នឹងអោយអ្នកណាទទួលខុសត្រូវ បង្កើតគណៈកម្មការទទួលការងារសន្តិសុខទទួលពីកន្លែងណាទៅកន្លែងណា មានអស់ហើយតើស។ យើងបញ្ជូនឲ្យតុលាការអស់ហើយ។ ទុកឲ្យសមត្ថកិច្ចតុលាការគេធ្វើការស្រាវជ្រាវបន្ថែមទៀតតែអត់មានអាវុធទេ»។
ដោយឡែក អាជ្ញាធររបបក្រុងភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក៏បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤នាក់បន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញ បាត់ដំបង ខេត្តកោះកុង និងសកម្មជនម្នាក់ទៀតនៅក្នុងខេត្តតាកែវ ត្រូវបានតុលាករចោទប្រកាន់ពីបទរួមគំនិតក្បត់។ ការចោទប្រកាន់នេះ បានធ្វើឡើងមុនរយៈពេល ២ថ្ងៃនៃគម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី ទៅកម្ពុជាវិញ។
សកម្មជនគណបក្សសង្គ្រោះជាតិទាំងបួននាក់ ដែលរបបក្រុងភ្នំពេញចាប់ខ្លួនរួមមានលោក ជា ជីវ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ស្រី ច័ន្ទតារា សកម្មជនគណបក្សប្រឆាំងនៅសង្កាត់ទឹកថ្លា លោក ហេង ច័ន្ទសុទ្ធី ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សនៅខណ្ឌពោធិ៍សែនជ័យ និងលោក ហ៊ុំ ស្រ៊ា សកម្មជនគណបក្សនៅក្នុងខេត្តកោះកុង។ សាលាដំបូងខេត្តតាកែវកាលពីថ្ងៃទី៦ ខែវិច្ឆិកា ក៏បានសម្រេចចោទប្រកាន់លោក សយ សំអុន អាយុ ៤៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដើម្បីរៀបចំផែនការចាំទទួលលោក សម រង្ស៊ី។
លោក ហ៊ុំ ស្រ៊ុន ប្អូនប្រុសលោក ហ៊ុំ ស្រ៊ា សកម្មជនគណបក្សប្រឆាំងខេត្តកោះកុងប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានមកចាប់ខ្លួនបងប្រុសរបស់លោក ពេលកំពុងរៀបចំទទួលទានបាយល្ងាចក្រោយពីមកធ្វើការងារជាកម្មករសំណង់វិញ។ លោកនិយាយថា ក្រុមគ្រួសារបានអង្វរសមត្ថកិច្ចឱ្យបងប្រុសរបស់លោកទទួលទានបាយសិន តែសមត្ថកិច្ចមិនព្រមហើយបានចាប់ខ្លួនលោក ហ៊ុំ ស្រ៊ា ដោយមិនបានទទួលទានបាយសូម្បីតែមួយមាត់។
លោកបញ្ជាក់ថា ការចាប់ខ្លួននេះ គឺជារឿងអយុត្តិធម៌ ដែលលោកមិនអាចទទួលយកបាន ដោយសារបងប្រុសរបស់លោក បានលាឈប់ពីគណបក្សប្រឆាំង ហើយមកធ្វើជាកម្មករសំណង់៖ «បាទ! ខ្ញុំគិតថា វាអយុត្តិធម៌ណាស់បង។ បាទគាត់ឈប់ហើយ គាត់ឈប់ យូរហើយតាំងពីបក្សរំលាយមកនេះបើតាមគាត់ប្រាប់មក។ គាត់ឈប់ហើយគេអត់ស្ដាប់យើង គេយករូបតាំងពីចាស់ៗ មកធ្វើជាភស្តុតាង»។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួនជាបន្តបន្ទាប់នេះកាន់តែធ្វើអោយប្រជាពលរដ្ឋកាន់តែមានការឈឺចាប់មកចូលរួមជាមួយលោក សម រង្ស៊ីកាន់តែច្រើន៖ «នេះគឺជាការប៉ះពាល់ធ្ងន់ណាស់ទៅលើលទ្ធិប្រជាធិបតេយ្យហើយនឹងច្បាស់ជារបាយការណ៍របស់សហគមន៍អឺរ៉ុបដែលនឹងត្រូវចេញនៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខរបាយការណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជារបាយការណ៍នេះពាក់ព័ន្ធ EBA ទៀតនឹងធ្វើឲ្យបាត់បង់ EBA ជាមិនខានទេ»។
មកទល់ថ្ងៃទី៦ វិច្ឆិកានេះ សកម្មជនបក្សសង្គ្រោះជាតិចំនួន ៧៩នាក់ហើយត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន និងចំនួន ១៩៩នាក់ផ្សេងទៀត បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទសង្ស័យ ថា បានចូលរួមអមដំណើរជាមួយលោក សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។