អ្នកវិភាគរិះគន់របបលោក ហ៊ុន សែន ដែលយកមុខមាត់ស្ថាប័នបរទេសដើម្បីបោកបញ្ឆោតពលរដ្ឋ
2019.01.16
អ្នកវិភាគលើកឡើងថា របបលោក ហ៊ុន សែន កំពុងព្យាយាមប្រើប្រាស់រូបភាពនៃការចូលរួមរៀបចំធ្វើព្រឹត្តិការណ៍កិច្ចប្រជុំជាមួយស្ថាប័នបរទេស ដែលមានកេរឈ្មោះស្រពិចស្រពិលនៅលើឆាកអន្តរជាតិ ធ្វើជាយុទ្ធសាស្ត្រនយោបាយក្នុងគោលដៅបោកបញ្ឆោតប្រជារាស្ត្រខ្មែរ ឲ្យយល់ថា របបខ្លួនទទួលបានការទទួលស្គាល់ជាអន្តរជាតិ ស្របពេលដែលសហគមន៍អន្តរជាតិពិតប្រាកដកំពុងថ្កោលទោសជុំទិស។
ការលើកឡើងនេះ ធ្វើឡើងក្រោយពេលរបបលោក ហ៊ុន សែន ទើបនឹងបានបិទបញ្ចប់កិច្ចប្រជុំដំបូងបង្អស់រយៈពេលពីរថ្ងៃ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ដែលជាស្ថាប័នមួយរបស់អង្គការសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា (ICAPP) រួចមក។អ្នកវិភាគនយោបាយបណ្ឌិត មាស នី មើលឃើញថា ក្រោយរបបក្រុងភ្នំពេញបានរៀបចំព្រឹត្តិការណ៍បោះឆ្នោតដ៏ចម្រូងចម្រាស ដែលរងការរិះគន់ជុំទិសពីសហគមន៍ជាតិ និងអន្តរជាតិថា ជាការបោះឆ្នោតក្លែងក្លាយបានដោយជោគជ័យរួចមកនោះ របបនេះបានសម្រុកធ្វើយុទ្ធការការទូតយ៉ាងសកម្មទាំងក្នុង និងក្រៅស្រុក ជាពិសេសតាមរយៈរូបភាពនៃសកម្មភាពចូលរួម ឬរៀបចំព្រឹត្តិការណ៍សំខាន់ៗជាមួយបរទេស ដើម្បីអួតអាងប្រាប់ពលរដ្ឋថា របបរបស់ខ្លួនទទួលបានការទទួលស្គាល់ពីអន្តរជាតិ៖ «បើយើងមើលពីរបៀបដែលរដ្ឋាភិបាលធ្វើជាវិធីសាស្ត្រក៏បាន ឬជាយុទ្ធសាស្ត្រក៏បាន ក្រោយពីការប្រកាសថាបានជាប់ឆ្នោត ឆ្នាំ២០១៨ ភ្លូកទឹកភ្លូកដីគឺយើងឃើញថា រដ្ឋាភិបាលបានបញ្ជូនគណៈប្រតិភូទៅក្រៅច្រើនមែនទែន គឺពេលខ្លះស្ទើរតែរាល់អាទិត្យ។ ការធ្វើបែបនេះ គឺមិនមានអ្វីក្រៅពីការបង្ហាញពីមោទនភាពរបស់ខ្លួនដើម្បីឌឺដងជាមួយគណបក្សប្រឆាំងថា រដ្ឋាភិបាលថ្មីត្រូវបានទទួលស្គាល់ ព្រោះបក្សប្រឆាំងនិយាយថា រដ្ឋាភិបាលនេះជារដ្ឋាភិបាលខុសច្បាប់។ អ៊ីចឹងសម្រាប់ការភ្ជាប់ខ្លួនជាមួយ ICAPP នេះមិនខុសអ្វីពីទិដ្ឋភាពដែលខ្ញុំបានលើកឡើងនេះទេ គ្រាន់តែជាយុទ្ធសាស្ត្រមួយដើម្បីបង្ហាញមកឲ្យពលរដ្ឋមើលថា ...កុំចេះតែចោទថា រដ្ឋាភិបាលហ្នឹងមិនបានត្រូវអន្តរជាតិទទួលស្គាល់អីចឹង»។
ការលើកឡើងរបស់អ្នកវិភាគនេះ ធ្វើឡើងស្របពេលដែលរបបលោក ហ៊ុន សែន ទើបបានបិទបញ្ចប់កិច្ចប្រជុំដំបូងបង្អស់រយៈពេលពីរថ្ងៃ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ដែលជាស្ថាប័នមួយរបស់អង្គការសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ( ICAPP ) ដែលមានកេរឈ្មោះដ៏ស្រពិចស្រពិលនៅលើឆាកអន្តរជាតិរួចមក។ របបក្រុងភ្នំពេញអះអាងថា កិច្ចប្រជុំនេះ មានអ្នកចូលរួមជាង ៨០០នាក់ ដោយមានតំណាងមក ២៦ប្រទេស នៅទូទាំងទ្វីបអាស៊ី ជាពិសេសចិន រុស្ស៊ី និងវៀតណាមជាដើម។ លោក ហ៊ុន សែន បានក្លាយជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ដែលទើបបានប្រកាសបង្កើតជាផ្លូវការ។ របបក្រុងភ្នំពេញ បានហៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺជាជោគជ័យដ៏ធំធេងសម្រាប់វិស័យការទូតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយអះអាងថា កម្ពុជាកាន់តែមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងថាព្រឹត្តិការណ៍នេះ ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្នែកវប្បធម៌ទាំងរូបិយ និងអរូបិយរបស់កម្ពុជាទៅកាន់ពិភពលោកផង។
ផ្ទុយពីការលើកឡើងនេះ អ្នកវិភាគនយោបាយម្នាក់ទៀត គឺលោក គឹម សុខ មើលឃើញថា ស្ទើរតែគ្រប់ដំណាក់កាលទាំងអស់ដែលលោក ហ៊ុន សែន ជួបវិបត្តិក្នុងរឿងគ្មានការទទួលស្គាល់របបថ្មីថ្មោងរបស់លោក ពោលតាំងពីពេលដែលលោក ហ៊ុន សែន បានដឹកនាំធ្វើរដ្ឋប្រហារបង្ហូរឈាមដណ្ដើមអំណាចកាលពីឆ្នាំ១៩៩៧ មកម្ល៉េះ ហើយរងសម្ពាធពីសហគមន៍អន្តរជាតិ លោក ហ៊ុន សែន តែងព្យាយាមបង្កើតបក្សពួកជាមួយប្រទេសដទៃទៀត ជាពិសេសក្រុមប្រទេសប្លុកកុម្មុយនិស្ត ដើម្បីបន្លំពលរដ្ឋថា មានបរទេស ឬអន្តរជាតិនៅគាំទ្រលោកជានិច្ច។ លោកថា លោក ហ៊ុន សែន ធ្វើដូច្នេះ ដើម្បីទប់ស្កាត់ប្រតិកម្មប្រឆាំងរបស់ពលរដ្ឋមកលើការគ្រប់គ្រប់បែបផ្ដាច់ការ និងហិង្សារបស់លោកដោយប្រការណាមួយនោះ៖ «ក្នុងដំណាក់កាលចុងក្រោយនេះទៀត គាត់រឹតតែត្រូវការគឺថា ទោះបីជាអង្គការនោះ មានកម្រិតនៃការទទួលស្គាល់ជាអន្តរជាតិកម្រិតណាក៏ដោយ មានការទទួលស្គាល់ក្នុងតំបន់កម្រិតណាក៏ដោយ ឬក៏គ្មានការទទួលស្គាល់សោះក៏ដោយ ហើយក៏ជាសម្ពន្ធភាពនៃក្រុមប្រទេសកុម្មុយនិស្តកម្រិតណាក៏ដោយ ឲ្យតែមានមុខថាបរទេស ដើម្បីគាត់អាចយកទៅបន្លំប្រជាជាតិឯង។ នេះជាវិធីធ្វើនយោបាយរបស់គាត់តាំងពីដើមមកអ៊ីចឹង»។
លោក គឹម សុខ ថ្លែងបន្តថា យុទ្ធសាស្ត្រនយោបាយរៀបចំព្រឹត្តិការណ៍របស់លោក ហ៊ុន សែន នេះ មិនត្រឹមតែដើម្បីបន្លំពលរដ្ឋខ្លួនឯងប៉ុណ្ណោះទេ តែដើម្បីបន្លំប្រទេសក្នុងតំបន់ថែមទៀត ព្រមទាំងក្លាយជាគំរូអាក្រក់មួយសម្រាប់មនុស្សជាតិផង ដែលកំពុងរងទុក្ខដោយសារតែរបបផ្ដាច់ការដូចរបបលោក ហ៊ុន សែន សព្វថ្ងៃនេះ៖ «នេះជាគំរូដែលលោក ហ៊ុន សែន ធ្លាប់បានធ្វើជោគជ័យបន្តបន្ទាប់កន្លងមក ហើយឥឡូវនេះភូមាកំពុងតែយកទៅអនុវត្តតាម។ គំរូនេះហើយជាគំរូដ៏អាក្រក់បំផុត គំរូបំផ្លាញជាតិឯងផង គំរូបំផ្លាញមនុស្សជាតិផង ពីព្រោះកាលណាវាត្រូវបានចម្លងដោយមេដឹកនាំយោធា មេដឹកនាំដែលគិតតែពីអំណាចនៃប្រទេសផ្សេងៗ វាធ្វើឲ្យមនុស្សជាតិនៃជាតិសាសន៍ផ្សេងៗរងគ្រោះដែរ។ ដូច្នេះ មានន័យថា វាជាការបង្កើតនូវផលអាក្រក់សម្រាប់ប្រទេសជាតិខ្លួនឯង ប៉ុណ្ណឹងមិនអស់ទេ ក៏ជាការបង្កើតគំរូអាក្រក់ធ្វើឲ្យមនុស្សជាតិនៃបណ្ដាជាតិសាសន៍ផ្សេងៗរងទុក្ខរងសោកក្នុងល្បែងនយោបាយដើម្បីតែអំណាចរបស់មនុស្សប្រភេទ ហ៊ុន សែន»។
នៅមុន និងក្រោយព្រឹត្តិការណ៍បោះឆ្នោតថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ អង្គការសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានចេញមុខចេញមាត់ដាក់អ្នកសង្កេតការណ៍ ឲ្យមកសង្កេតការការបោះឆ្នោត ដ៏ចម្រូងចម្រាស បើទោះបីជាក្រុមប្រទេសប្រជាធិបតេយ្យធំៗ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី រួមទាំងអង្គការសហប្រជាជាតិ បានថ្កោលទោសព្រឹត្តិការណ៍នេះ ហើយមិនបានបញ្ជូនអ្នកសង្កេតការណ៍ណាម្នាក់មកចូលរួមក៏ដោយ។ កាលណោះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលសង្កេតការណ៍ការបោះឆ្នោតក្រៅប្រទេស និងអន្តរជាតិចំនួន ២៣ស្ថាប័នធំៗ ដែលអាចជឿទុកចិត្តបាន បាននាំគ្នាថ្កោលទោសរបបលោក ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា បានទទួលស្គាល់ក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោត ដែលមានភាពលម្អៀង បន្លំខ្លួនធ្វើជាអ្នកសង្កេតការណ៍។ ស្ថាប័នទាំងនោះ បានហៅក្រុមអ្នកសង្កេតការណ៍ដែលសង្ស័យថា របបលោក ហ៊ុន សែន បានជួលមកនោះ រួមទាំងអង្គការ ICAPP ផងថា ជាក្រុមអ្នកសង្កេតការណ៍អន្តរជាតិក្លែងក្លាយ៕