"លោក ហ៊ុន សែន កំពុង​ប្រជាភិថុតិ​ពី​ការ​លុប​ស្ថាប័ន​ថ្នាក់​ក្រោម ខណៈ​ខំ​បង្កើន​ស្រុក​ខណ្ឌ"

ដោយ មួង ណារ៉េត
2019-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ុន ធន់ (ឆ្វេង) និង​លោក ថៃ ធីម (ស្ដាំ) គ្រូបង្រៀន​ដែល​ត្រូវ​មន្ទីរអប់រំ ខេត្ត​កំពង់ធំ​ដក​បញ្ឈរ​ជើង ឡើង​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៨។
លោក ស៊ុន ធន់ (ឆ្វេង) និង​លោក ថៃ ធីម (ស្ដាំ) គ្រូបង្រៀន​ដែល​ត្រូវ​មន្ទីរអប់រំ ខេត្ត​កំពង់ធំ​ដក​បញ្ឈរ​ជើង ឡើង​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៨។
រូប​ហ្វេសប៊ុក​លោក ថៃ ធីម

ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​ត្រៀម​ជើង​ព្រួល ទប់ទល់​ស្ថានការណ៍​អាក្រក់ ដែល​អាច​កើតមាន​ជាយថាហេតុ ក្នុង​ករណី​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​លើ​របប​នេះ លោក ហ៊ុន សែន បន្ត​អះអាង​ថា លោក​នឹង​កែទម្រង់​រដ្ឋបាល កាត់បន្ថយ​មន្ត្រី​នៅ​តាម​ច្រក​ទ្វា​ព្រំដែន និង​បន្ថយ​ចំនួន​ការិយាល័យ ដូចជា​បង្រួម​ការិយាល័យ​ក្រសួង នៅ​ថ្នាក់​ស្រុក ជាដើម​នោះ មន្ត្រី​បក្ស​ប្រឆាំង ថា មេដឹកនាំ​របប​ក្រុងភ្នំពេញ​រូប​នេះ កំពុង​ធ្វើ​ប្រជាភិថុតិ ដើម្បី​យក​ប្រជាប្រិយភាព​នយោបាយ ក្នុង​ស្ថានភាព​ដែល​របប​ឯក​បក្ស​មួយ​នេះ កំពុង​ពុះ​បំបែក​ដែនដី​រដ្ឋបាល បង្កើត​ស្រុក​ខណ្ឌ​បន្ថែម ចែក​តំណែង​គ្នា ជា​បន្តបន្ទាប់​ដដែល។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ កូតា​គណបក្សប្រឆាំង និង​ជា​គ្រូបង្រៀន​កម្រិត​មធ្យមសិក្សា ដែល​រង​ការ​ផ្លាស់ ទៅ​ធ្វើ​ការ​នៅ​មន្ទីរអប់រំ​ខេត្ត​កំពង់ធំ លោក ថៃ ធីម សង្កេត​ឃើញ​ថា ក្រៅពី​ការ​បង្កើត​ច្បាប់​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ ឬ​ចាប់ចង មន្ត្រី​បក្ស​ប្រឆាំង ការ​ប្រកាស​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ គ្មាន​ប្រសិទ្ធភាព​ទេ។ លោក ថៃ ធីម ប្រាប់​ថា ចាប់តាំង​ពី​ក្រសួង​អប់រំ​បាន​ផ្លាស់ប្ដូរ​លោក​ទៅ​បម្រើ​ការងារ​នៅ​មន្ទីរអប់រំ​ខេត្ត​កំពង់ធំ​មក លោក​សង្កេត​ឃើញ​ថា ការិយាល័យ​របស់​រដ្ឋ​ជាច្រើន ពុំ​មាន​បុគ្គលិក​ធ្វើការ​ទេ៖ «បាទ​! វា​គ្រាន់តែ​ជា​ប្រជាភិថុតិ​មួយ​តែប៉ុណ្ណោះ​។ ខ្ញុំ​គ្មាន​ជំនឿ​លើ​សំដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មកដល់​ថ្ងៃនេះ ក្រៅពី​អ្វី​ដែល​គាត់​ចង់​ចាប់ចង​គណបក្ស​ប្រឆាំង គាត់​មិនដែល​ធ្វើ​អ្វី​បាន​ទេ។ តែ​បើ​រឿង​ចាប់ចង កែប្រែ​ច្បាប់ ចាប់ចង​គណបក្សប្រឆាំង អាហ្នឹង​ធ្វើ​លឿន​ណាស់​បាទ​... ខ្ញុំ​(ត្រូវ​គេ​ផ្លាស់) ទៅ​នៅ​ការិយាល័យ​អប់រំ ក្រុង​ស្ទឹងសែន ហើយ​ខ្ញុំ​មើល​ឃើញ​ការិយាល័យ​ផ្សេងៗ ក្រៅពី​ការិយាល័យ​អប់រំ វា​មិន​មាន​ដំណើរការ​ទេ បិទ​ទ្វា​ចោល ហើយ​ការិយាល័យ​ខ្លះ ដាក់​ឱ្យ​គោ​ដេក មន្ត្រី​មិន​នៅ​កន្លែង»

មេដឹកនាំ​របប​ឯកបក្ស​ក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា បាន​អះអាង ថា​ធ្វើ​កំណែទម្រង់​ស្ថាប័នរដ្ឋ ដោយ​លុបចោល​ការិយាល័យ​ថ្នាក់​ស្រុក របស់​ក្រសួង​មួយ​ចំនួន និង​បង្រួម​ក្រសួង​ខ្លះ​បញ្ចូល​គ្នា ដោយ​លោក​អះអាង​ថា ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក ហ៊ុន សែន ថា ក្រៅពី​លុប​ការិយាល័យ​ក្រសួង​មួយ​ចំនួន​នៅ​តាម​ស្រុក ក្រសួង​មួយ​ចំនួន​ក៏​ត្រូវ​ដាក់បញ្ចូល​គ្នា​ដែរ ដូចជា ក្រសួង​កសិកម្ម ក្រសួង​ធនធាន​ទឹក អភិវឌ្ឍន៍​ជនបទ ក្រសួង​ឧស្សាហកម្ម ក្រសួង​រ៉ែ និង​ថាមពល ហើយ​ក្រសួង​សង្គមកិច្ច និង​វប្បធម៌ ជាដើម៖ «អភិបាល​ខេត្ត​នានា​ស្ដាប់​ឱ្យ​ហើយ នៅ​ពេល​ខាងមុខ ជាពិសេស​គឺ​នៅ​ថ្នាក់​ស្រុក ក្រសួង​នានា​ក៏​អ៊ីចឹង នៅ​ពេល នៅ​ក្នុង​រចនាសម្ព័ន្ធ​ក្រសួង​នីមួយៗ ក្រៅពី​ក្រសួង​មាន​អគ្គនាយក មាន​នាយកដ្ឋាន មាន​ការិយាល័យ ហើយ​មាន​មន្ទីរ នៅ​តាម​ខេត្ត និង​មាន​ការិយាល័យ​នៅ​តាម​ស្រុក នៅ​ពេល​ខាងមុខ​នឹង​លុបចោល​ការិយាល័យ​អង្គភាព​មួយ​ចំនួន​នៅ​ថ្នាក់​ស្រុក លុបចោល​តែម្ដង»

ថ្វីបើ លោក ហ៊ុន សែន ប្រកាស​ចង់​បង្រួម​ក្រសួង និង​លុបចោល​ការិយាល័យ​នៅ​ថ្នាក់​ស្រុក​ខ្លះ ប៉ុន្តែ​ថ្មីៗ​នេះ លោក ហ៊ុន សែន ទើប​ចេញ​អនុក្រឹត្យ​ឱ្យ​បំបែក​ដែនដី​រដ្ឋបាល​មួយ​ចំនួន ដើម្បី​បង្កើត​ជា​ស្រុក ខណ្ឌ​ចំនួន​៦ បន្ថែម​ទៀត និង​បាន​បន្ថែម​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោយពី​សភា​ឯក​បក្ស អនុម័ត​វិសោធនកម្ម ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី និង​វិសោធនកម្ម​ច្បាប់ ដើម្បី​បង្កើន​ចំនួន​អាសនៈ​ក្រុមប្រឹក្សា។

លោក ហ៊ុន សែន នៅ​មុន​ព្រឹត្តិការណ៍​រៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ធ្លាប់​បាន​ប្រកាស​ថា នឹង​ដក​តួនាទី ពី​រដ្ឋមន្ត្រី​មួយ​ចំនួន ដែល​អសកម្ម​ចំពោះ​ការងារ​ចេញពី​តួនាទី។ ប៉ុន្តែ​ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​ឆ្នាំ​២០១៨​រួច លោក​មិន​បាន​ដក​តំណែង ឬ​ផ្លាស់ប្ដូរ​តួនាទី​រដ្ឋមន្ត្រី​ណាមួយ​ចេញ​ទេ។ ចំណែក កាលពី​ឆ្នាំ​២០១៣ លោក ហ៊ុន សែន ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​ពេញ​អង្គ​លើកដំបូង​នៃ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៥ ក៏បាន​ប្រកាស​ថា ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ដែរ ប៉ុន្តែ​អ្នក​តាមដាន​សង្គម សង្កេត​ឃើញ​ថា គ្មាន​ប្រសិទ្ធភាព​ដូចគ្នា។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា ក្រោយ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន របប​ក្រុងភ្នំពេញ បាន​លុបចោល​ស្ថាប័ន​ភ្នាក់ងារ​នាវាចរណ៍ ឬ​ហៅថា កាំសាប ភ្លាមៗ។ ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ លោក​មិនទាន់​ទទួល​ព័ត៌មាន​ថា ក្រសួង​ណាខ្លះ ត្រូវ​បង្រួម​បញ្ចូល​គ្នា ហើយ​ការិយាល័យ​ថ្នាក់​ស្រុក ណាខ្លះ នឹង​ត្រូវ​លុបចោល​ទេ «ខ្ញុំ​មិនទាន់​ទទួល​ព័ត៌មាន ថា​តើ​ក្រសួង​ណា ត្រូវ​ច្របាច់​បញ្ចូល​ទៅ​ក្រសួង​ណា​ទេ មិនទាន់​ដឹង​ទាល់តែសោះ បាទ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង យល់​ថា ជា​រឿង​ល្អ ប្រសិនបើ រដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​កំណែទម្រង់​បង្រួម​រដ្ឋបាល​ក្រសួង​ពិតមែន។ លោក ផ្ដល់​យោបល់​ថា ក្រោយ​ពេល​បង្រួម​ក្រសួង​រួច ត្រូវ​បែងចែក​តួនាទី ភារកិច្ច ពិសេស​ទំនួល​ខុសត្រូវ​របស់​ក្រសួង​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឱ្យ​ក្រសួង ដែល​បង្រួម​រួច ចេះតែ​រុញ​ការ​ទទួលខុសត្រូវ​ដាក់​គ្នា និង​ទុក​បញ្ហា​ចោល​បន្ត​ទៀត។

ចំណែក​ការិយាល័យ​នៅ​ថ្នាក់​ស្រុក​វិញ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់ថា រដ្ឋាភិបាល​បាន​ធ្វើ​វិមជ្ឈការ​រួចហើយ ដូច្នេះ​គួរ​ពង្រឹង​តួនាទី​ឃុំ សង្កាត់ ផ្ដល់​ទាំង​ធនធាន​មនុស្ស ថវិកា ការអប់រំ​បន្ថែម ដល់​មន្ត្រី​ឃុំ​សង្កាត់ ដើម្បី​ឱ្យ​មន្ត្រី​ទាំងនោះ អាច​ដើរ​តួនាទី​បម្រើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន ដោយ​មិនបាច់​ត្រូវ​ការ​ការិយាល័យ​ថ្នាក់​ស្រុក​ទេ។ ប៉ុន្តែ​ទោះ​បែប​ណា លោក យង់ គឹមអេង មើល​ឃើញ​ថា បើ​មេដឹកនាំ គ្រាន់តែ​ប្រកាស គ្មាន​អនុវត្ត​ដូច​លើក​មុនៗ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​រង់ចាំ​មើល នៅតែ​ខកចិត្ត៖ «កាលណា​រាជរដ្ឋាភិបាល​ប្រជាពលរដ្ឋ ជាទូទៅ ចាំ​តាមដាន​មើល។ ជាទូទៅ កាលណា​គេ​តាមដាន​មើល បើ​ឃើញ​ថា រាជរដ្ឋាភិបាល​នោះ​សម្រេច​អនុវត្ត​តាម​សេចក្ដីប្រកាស ឬក៏​មានការ​ចាត់​វិធានការ​តាម​ការ​លើកឡើង អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជឿ មាន​ទំនុក​ចិត្ត​ទៅលើ​រាជរដ្ឋាភិបាល។ តែ​បើ​ការប្រកាស​ណាមួយ មិនបាន​អនុវត្ត អាហ្នឹង​អាច​ពួកគាត់​មិន​សូវ​មាន​ទំនុក​ចិត្ត ខកចិត្ត បញ្ហា​នៅ​ហ្នឹង​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា មានការ​លើកឡើង​ពី​ក្រសួង​ខ្លះ ដែល​គាត់​មានការ​លំបាក​ពី​ការអនុវត្ត​ការងារ អ៊ីចឹង​ខ្ញុំ​គិត​ថា អាច​មាន​ការអនុវត្ត អាច​កើតមានឡើង»

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ កូតា​គណបក្ស​ប្រឆាំង លោក ថៃ ធីម អះអាង​ថា របប​ក្រុងភ្នំពេញ​មិន​អាច​អនុវត្ត​កំណែទម្រង់​បង្រួម​ក្រសួង និង​លុប​ការិយាល័យ​ថ្នាក់​ស្រុក​ចោល​បានទេ គឺ​មានតែ​បង្កើត និង​ពុះ​ច្រៀក​ស្ថាប័ន​បន្ថែម សម្រាប់​ដាក់​មនុស្ស​របស់​បក្ស ព្រោះ​ទាំង​កូនចៅ​របស់​មន្ត្រី​ក្នុង​បក្ស​សុទ្ធតែ​ធំៗ ត្រូវការ​ការងារ​ធ្វើ និង​គណបក្ស​កាន់អំណាច​ប្រើ​គោលនយោបាយ​ទាញ​មនុស្ស ពី​បក្ស​ប្រឆាំង​ចូល​បន្ថែម​ទៀត ដើម្បី​រក្សា​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល