លោក ហ៊ុន សែន ថា កងទ័ព​មិន​អាច​អព្យាក្រឹតនឹង​អ្នក​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ

ដោយ សេក បណ្ឌិត
2017-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កង​កម្លាំង​ប្រដាប់​អាវុធ ជា​ពិសេស​កងទ័ព ដាច់​ខាត​ត្រូវ​ចេញមុខ​ការពារ​រដ្ឋាភិបាល មិន​អាច​ការពារ​គណ​បក្ស​នយោបាយ​ដែល​ធ្វើ​ខុសច្បាប់​នោះ​ទេ។ លោក ហ៊ុន សែន ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​សម្ពោធ និង​បើក​ការដ្ឋាន​សាងសង់​សាលា​ហ្វឹកហ្វឺន​ជំនាញ​ចារកម្ម នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៧។

នៅ​ចំពោះ​មុខ​នាយទាហាន នាយទាហានរង ពលទាហាន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​រូប លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ផ្ដើម​សុន្ទរកថា​របស់​លោក​ដោយ​ពាក្យ​ទូន្មាន​ថា កងទ័ព​មិនមែន​ជា​ចៅហ្វាយនាយ​របស់​ប្រជាជន​នោះ​ទេ តែ​ជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ខិតខំ​បម្រើប្រជាជន​ដោយ​ក្ដី​ស្មោះត្រង់ ហើយ​ត្រូវ​ធ្វើ​អ្វី​ដែល​ស្រប​ទៅ​តាម​ផលប្រយោជន៍​របស់​ប្រជាជន។ លោក​ថែមទាំង​បាន​អះអាង​ទៀត​ថា គ្មាន​អ្នកដឹកនាំ​ណា​ម្នាក់ ឬ​កងទ័ព​ផ្ដាច់ការ​ណាមួយ​ដែល​អាច​ទទួល​បាន​ជោគជ័យ​ដោយ​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​មិនទាន់​នឹង​ចប់​ស្រួលបួល​ផង លោក ហ៊ុន សែន ដែល​មាន​ងារ​ជា​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ ផង​នោះ ក៏​ស្រាប់តែ​បាន​ប្រកាស​ក្ដែងៗ​ថា កងទ័ព​មិន​អាច​មាន​ជំហរ​អព្យាក្រឹត្យ ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើយ។

លោក​បាន​លើក​ឡើង​ពី​រឿង​បដិវត្តន៍​ពណ៌ ហើយ​ថា​នៅ​ប្រទេស​ដែល​មាន​បដិវត្តន៍​ពណ៌ គឺ​គេ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​កងទ័ព​មាន​អព្យាក្រឹត្យ​ភាព​ដើម្បី​ទទួល​បាន​ជោគជ័យ ក៏ប៉ុន្តែ​នៅ​កម្ពុជា​វិញ អព្យាក្រឹត្យ​ភាព​នេះ គ្មាន​ដាច់ខាត​ចំពោះ​មុខ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ដែល​លោក​បាន​ចោទ​ថា បាន​រៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌ គឺ​គណបក្ស​សង្គ្រោះជាតិ៖ «ត្រូវ​ក្ដាប់​ឱ្យ​បាន គ្មាន​ទេ​ពាក្យ​អព្យាក្រឹត្យ​រវាង​ម្ខាង​រដ្ឋ បក្ស​នយោបាយ និង​សង្គម​ស៊ីវិល។ យើង​អព្យាក្រឹត្យ​តែ​ចំពោះ​មុខ​បក្ស​នយោបាយ​ដែល​ត្រូវ​មានការ​ស្មើគ្នា​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ទីលាន​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត ឬ​តាមរយៈ​ការ​បញ្ចេញមតិ​ទាំងឡាយ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​មានការ​បំពាន​ទៅលើ​ច្បាប់​រដ្ឋ ត្រូវតែ​ចេញមុខ​ភ្លាម​ដើម្បី​ការពារ​រដ្ឋ មិន​អាច​បណ្ដែតបណ្ដោយ​បានទេ»

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិនមែន​បញ្ជា​កងទ័ព​ក្នុង​ក្របខ័ណ្ឌ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ តែ​ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី។

ការ​ដាស់តឿន​កងកម្លាំង​ប្រដាប់​អាវុធ​មិន​តិច​ជាង ៥ដង អំពី​រឿង​អព្យាក្រឹត្យ​ភាព ក្នុង​សុន្ទរកថា​រយៈពេល​មួយ​ម៉ោង​របស់​បុរស​ខ្លាំង​រូប​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ តែ​វា​កើតឡើង​ក្រោយ​ពេល​ដែល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ដ៏​ស្វិតស្វាញ​របស់​លោក គឺ​លោក សម រង្ស៊ី បាន​ចេញ​មុខ​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ កុំ​ឱ្យ​ស្ដាប់​តាម​បញ្ជា​របស់​លោក ហ៊ុន សែន និង​មេទ័ព​ដែល​បញ្ជា​ឱ្យ​បាញ់​ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់៖ «អញ្ចឹង​ធ្វើ​យ៉ាងម៉េច​ឱ្យ​កូនទាហាន​មាន​ទឹកចិត្ត កុំ​ស្ដាប់​តាម​បញ្ជា ហ៊ុន សែន និង​មេទ័ព​ដែល​ឱ្យ​មក​សម្លាប់​ប្រជារាស្ត្រ។ នៅ​ពេល​ដែល​មិន​ស្ដាប់​បញ្ជា​ឱ្យ​មក​សម្លាប់​ប្រជារាស្ត្រ ពេលនោះ​គឺ​ឈ្នះ​ហើយ ដូច​នៅ​អេហ្ស៊ីប​ដែល​គេ​ទម្លាក់ លោក ហូស្នី មូបារ៉ា​ក់ (Hosni Mubarak) កាលពី​ឆ្នាំ២០១១ គឺ​គ្រាន់តែ​ទាហាន​ប្រាប់ លោក មូបារ៉ាក់ ថា ខ្ញុំ​ជា​កងទ័ព​មិន​អាច​សម្លាប់​ពលរដ្ឋ​បានទេ»

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា លោក​មិន​ឃើញ​មាន​ច្បាប់​ណា​ចែងថា កងទ័ព​មិន​អាច​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ចំពោះ​អ្នក​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​នោះ​ទេ ផ្ទុយ​ទៅ​វិញ ផ្អែក​តាមច្បាប់ កងទ័ព​ត្រូវ​មាន​អព្យាក្រឹត្យ​ភាព​ក្នុង​មុខ​នាទី ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​ជា​គុណប្រយោជន៍ ឬ​ប្រឆាំង​នឹង​គណបក្ស​នយោបាយ ឬ​បេក្ខជន​នយោបាយ​ណាមួយ៖ «បញ្ហា​គឺ​នៅ​ត្រង់​ថា អគ្គ​មេបញ្ជាការ និង​មេបញ្ជាការ​ជាច្រើន​នៃ​កង​យោធពល​ខេមរភូមិន្ទ ជា​សមាជិក​គណបក្ស ហើយ​ជា​សមាជិក​ជាន់ខ្ពស់​ទៀត​ផង ហើយ​ចំណែក​នាយករដ្ឋមន្ត្រី​ជា​ប្រធាន​គណបក្ស​កាន់អំណាច។ តាម​ការពិត​យើង​ត្រូវ​មាន​នាយករដ្ឋមន្ត្រី​ស៊ីវិល​ទេ ហើយ​ខ្ញុំ​មិន​ដឹង​ថា មាន​ច្បាប់​ណា​ដែល​នាយករដ្ឋមន្ត្រី​អាច​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​នៅ​ពេល​បំពេញ​ភារកិច្ច​ជា​នាយករដ្ឋមន្ត្រី។ គាត់​ជា​សមាជិក​សភា គាត់​ជា​តំណាងរាស្ត្រ ដូច្នេះ​គាត់​ត្រូវ​ព្យួរ​ការងារ​ជា​មេបញ្ជាការ ឬ​មេទ័ព ឬ​ជា​យោធា​ដើម្បី​មក​បម្រើការ​ក្នុង​វិស័យ​ស៊ីវិល»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​មាន​នីតិរដ្ឋ​ត្រឹមត្រូវ គ្រប់​សកម្មភាព និង​ការប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល​គឺ​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់ មិន​អាច​ចេះតែ​ធ្វើតាម​អំពើ​ចិត្ត​បាន​ឡើយ តួយ៉ាង​ដូចជា​ការ​លើក​ឡើង​អំពី​បដិវត្តន៍​ពណ៌​ជាដើម ដែល​លោក​អះអាង​ថា ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ ដោយ​អ្នក​កាន់​អំណាច ដើម្បី​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​តែប៉ុណ្ណោះ។

ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ មក គេ​សង្កេតឃើញ​មេបញ្ជាការ​កងទ័ព​ជា​ច្រើន​រូប បាន​ចេញ​មុខ​ស្បថស្បែ​ការពារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ជា​បន្ត​បន្ទាប់។ ករណី​ចុងក្រោយ​បំផុត គឺ​ការប្រកាស​គាំទ្រ​សាល​ដីកា​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ការ​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​រឿង​ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បង្គាប់ ពី​សំណាក់​ក្រុម​មេទ័ព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

Untongue

ពី Poi pet

មែនហើយ កាន់ទៅ ព្រោះប្រទេសនេះជារបស់នាក់ហើយ
ប្រជាជនចាំតែខាតបង់ទៅ សង្គមសក្តីភូមិ

Dec 13, 2017 06:20 AM

អ្នក​អាន​អនាមិក

ប្រទេសកម្ពុជា មិនមានបដិវត្តន៍ពណ៏ ដូចលោកហ៑ុនសែន លើកឡើងបោកប្រាស់ ប្រជាពលរដ្ឋ នោះឡើយ .
នេះជាល្បិចរបស់ លោកហ៑ុនសែន លាភពណ៏ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយលោកខ្លាចចាញ់ឆ្នោតនៅឆ្នាំ២០១៨ !!
បញ្ជាក់ = បើប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៏នៅឆ្នាំ២០១៣ នោះគាត់ធ្វើបាត់ទៅហើយ មិនចាំបាច់អោយលោកហ៑ុនសែន មកស្រែកឡូឡាលាភពណ៏គេដូច្នេះទៀតឡើយ !

Dec 13, 2017 03:17 AM

អ្នក​អាន​អនាមិក

ហហាហ៊ុនសែនចាប់ផ្តើមភ័យខ្លាចទាហានមិនគាំទ្រគាត់។ ទាហានខ្មែរការពារប្រទេសពួកគេមិនការពារមេដឹកនាំពុករលួយ, ផ្តាច់ការ,
មេដឹកនាំម្នាក់ដែលផ្លាស់ប្តូរច្បាប់ដើម្បីរំលាយគណបក្សប្រឆាំង។ ត្រូវជាវីរជនវីរៈបុរសម្នាក់មានតែមួយជីវិតរស់នៅតែម្តងសូមកុំយកបញ្ជាពីមេដឹកនាំអាក្រក់។ ទាហានភាគច្រើនដឹងថាអ្នកណាជាមេដឹកនាំអាក្រក់មេដឹកនាំពុករលួយ។ អ្នកដឹកនាំប្រើអំណាចរបស់គាត់ដើម្បីធ្វើឱ្យអ្នកដទៃឈឺចាប់។ មេដឹកនាំមិនអនុវត្តតាមរដ្ឋធម្មនុញ្ញ។ អ្នកដឹកនាំផ្លាស់ប្តូរច្បាប់ដើម្បីឱ្យច្បាប់ដើរតាមគាត់។ នេះជាមេដឹកនាំអាក្រក់។

Dec 13, 2017 01:19 AM

អ្នក​អាន​អនាមិក

ហេតុអ្វី បានជា មនុស្សចាស់ ហ៑ុន សែន មួយនេះចេះតែភ័យមិនឈប់ តើគាត់បានសាងអំពើអាក្រក់ ក្បត់ជាតិ ក្បត់ប្រជាជន ស្អី ខ្លះ ?

Dec 12, 2017 10:39 PM

អ្នក​អាន​អនាមិក

- តាចាស់ ហ៑ុន សែន គាត់ជាមនុស្សផ្តាច់ការ ស្លៀកពាក់ខោអាវទាហាន
- បើជានាយករដ្ឋមន្ត្រី គាត់មិនអាចស្លៀកពាក់ខោអាវទាហានបានឡើយ
- សារុបសេចក្តីមក = តាចាស់ ហ៑ុន សែន គឺជា ជនផ្តាច់ការ មិនមែន ជានាយករដ្ឋមន្ត្រី

Dec 12, 2017 10:10 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល