អ្នកវិភាគ​ផ្ដាំ​ពលរដ្ឋ​ខ្មែរ​កុំ​ចាញ់​បោក​លោក ហ៊ុន សែន ករណី​ដក​មេ​ប៉េអឹម​ខេត្ត​រតនគីរី

ដោយ មួង ណារ៉េត
2019-02-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ឧត្ដមសេនីយ៍​ត្រី (​ផ្កាយ​១) គឹម រស្មី មេប៉េអិម​ខេត្ត​រតនគីរី ដែល​លោក ហ៊ុន សែន ដកដំណែង​ចេញពី​ក្របខ័ណ្ឌ​នៃ​កង យោធពល​ខេមរភូមិន្ទ កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។
លោក​ឧត្ដមសេនីយ៍​ត្រី (​ផ្កាយ​១) គឹម រស្មី មេប៉េអិម​ខេត្ត​រតនគីរី ដែល​លោក ហ៊ុន សែន ដកដំណែង​ចេញពី​ក្របខ័ណ្ឌ​នៃ​កង យោធពល​ខេមរភូមិន្ទ កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។
Screenshot

អ្នកវិភាគ​ផ្ដាំ​ពលរដ្ឋ​ខ្មែរ កុំ​ចាញ់បោក​លោក ហ៊ុន សែន ករណី​បណ្ដេញ​មេ​ប៉េអឹម​ខេត្ត​រតនគីរី ចេញ​ពី​មុខ​តំណែង ក្រោយ​ចែក​លុយ​កូន​ប្រាំ​នាក់ ម្នាក់ ១​សែន​ដុល្លារ។ លោក គឹម សុខ ថ្លែងប្រាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី៩ ខែ​កុម្ភៈ ថា ករណី​អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​របប​លោក ហ៊ុន សែន និង ក្នុង​គ្រួសារ​លោក ហ៊ុន សែន មាន​រាប់មិនអស់ ប៉ុន្តែ គេ​មិនដែល​ឃើញ​របប​នេះ ចាត់ការ​ម្ដង​ណា​នោះ​ឡើយ ប៉ុន្តែ ទើបតែ​ចាត់ការ​លើ​មេ​ប៉េអិម​ខេត្ត​រតនគីរី​លោក គឹម រស្មី នេះ​ប៉ុណ្ណោះ៖ «របៀប​កុម្មុយនិស្ត​ដែល​គេ​ធ្វើ យក​រឿង​មួយ​បន្លំ បំភាន់ ដើម្បី​បិទបាំង​រឿង​មួយ​លាន ពីរ​លាន​ទៀត ដែល​កំពុងតែ​ស្អុយ​ជាង​ហ្នឹង​នៅ​កម្ពុជា។ គ្រាន់តែ​កាត់​ស្អុយ​មួយ​បន្លំ យក​មក​បំភាន់ ថា​គាត់​ឈឺចាប់​ខ្លាំង​ណាស់ ពេល​កាត់​សាច់​ស្អុយ»

ប្រតិកម្ម​របស់​អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ ធ្វើឡើង​ភ្លាមៗ ក្រោយ​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក (Facebook) អម​ជាមួយ​នឹង​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី៩ ខែ​កុម្ភៈ ផង ដែល​ប្រកាស​លុបឈ្មោះ​លោក​ឧត្ដមសេនីយ៍​ត្រី (​ផ្កាយ​១) គឹម រស្មី ចេញពី​ក្របខ័ណ្ឌ​នៃ​កង យោធពល​ខេមរភូមិន្ទ។ លោក ហ៊ុន សែន បាន​សរសេរ​សារ​អម​ថា “​នេះ​គឺជា​ការវះកាត់ ប្រកបដោយ​ការឈឺចាប់។ នេះ​ជា​អភិក្រម​ទី​៥ គឺ​ការវះកាត់”។

ការ​អះអាង​ថា ជា​ការ​ឈឺចាប់ ព្រោះ​ត្រូវ​កាត់​សាច់​ស្អុយ​ចេញ​បែបនេះ លោក គឹម សុខ ថា​បង្ហាញ​អំពី​ចរិត​ពិត នៃ​លោក ហ៊ុន សែន ដែល​កន្លងមក បន្ត​អោបក្រសោប​មន្ត្រី​អាក្រក់​ជាច្រើន​រាប់មិនអស់ ដែល​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​ស្មោះត្រង់​នឹង​បក្ស​នេះ ដោយ​មិន​ហ៊ាន​កាត់​ចោល​នោះ​ទេ។

ករណី​លោក គឹម រស្មី នេះ​ទៀតសោត លោក គឹម សុខ ថា ជា​ល្បិច​លោក ហ៊ុន សែន ដើម្បី​លួង​ចិត្ត​សាធារណជន​ទូទៅ ឲ្យ​លង់​ជឿ​ថា គាត់​មិន​អត់ឱន​ឲ្យ​មន្ត្រី​អាក្រក់។ ប៉ុន្តែ មិន​យូរ​មិន​ឆាប់ មន្ត្រី​រូប​នេះ​នឹង នឹង​មាន​ឋានៈ ឬ​តួនាទី​ណា​ថ្មី​មួយ អាច​ធំ​ជាង​នេះ​ផង ព្រោះ​កន្លង​មក មាន​មន្ត្រី​ដែល​លោក​ដក​ខ្លះ គឺ​គ្រាន់តែ​ដក​ពី​កន្លែង​មួយ យក​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង គឺ​ធ្វើ​ឲ្យ​តែ​ល្អមើល​តែប៉ុណ្ណោះ៖ «តាម​ពិត​ទៅ កុំ​ចាញ់បោក​កុម្មុយនិស្ត ព្រោះ​គេ​មិន​បោះបង់​គាត់​ចោល​ទេ មិន​ថា​អ្នកនោះ​អាក្រក់​ប៉ុណ្ណា​នោះ​ទេ។ លោក ហ៊ុន សែន មិន​ត្រូវ​ឈឺចាប់ ដោយសារ​ការ​កាត់​សាច់​ស្អុយ​ចេញ​ទេ គាត់​គួរតែ​សប្បាយចិត្ត​។ នេះ​បញ្ជាក់​ថា គាត់​មិន​ចង់​បោះបង់​សាច់​ស្អុយ​ទេ»

រូបភាព​វីដេអូ នៃ​ពិធី​ជួបជុំ​គ្រួសារ​មួយ របស់​មេ​ប៉េអឹម​ខេត្ត​រតនគីរី លោក គឹម រស្មី បាន​បង្ហាញ និង ចែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ព្រោងព្រាត កាលពី​ថ្ងៃទី៦ ខែ​កុម្ភៈ។ មន្ត្រី​រាជ​អាវុធហត្ថ​រូប​នេះ បង្ហាញ​ពី​ភាព​អស្ចារ្យ និង​ទ្រព្យ​មហាសាល​របស់​គាត់ ដោយ​គាត់​ប្រកាស​ចែក​លុយ​កន្លះ​លាន​ដុល្លារ ឲ្យ​កូន​ប្រាំ​នាក់​ក្នុង​ពេល​តែមួយ៖ «ថ្ងៃនេះ​មាន​កូន​ប្រាំ​នាក់ ចែក​សែក​ម្នាក់ ១០​ម៉ឺន។ កូន​ពីរ​នាក់ៗ​ទៀត​តូចៗ រៀន​នៅ​សិង្ហបុរី (Singapore) សុទ្ធតែ​បាន ១០​ម៉ឺន​ដូចគ្នា​ដែរ កុំ​ឲ្យ​ច្រណែន​គ្នា»

សាធារណជន​ទូទៅ ដែល​បាន​ឃើញ​វីដេអូ​ឃ្លីប​នោះ សង្ស័យ​ខ្លាំង​ទៅលើ​ភាព​មាន​បាន​របស់​មន្ត្រី​រូប​នេះ ដែល​មាន​ប្រាក់ខែ ត្រឹម​ប្រមាណ​មួយ​លាន​រៀល ឬ ២៥០ ដុល្លារ​ក្នុង​មួយ​ខែ​សោះ តើ​បាន​ទ្រព្យ​មក​ពី​ណា​ក៏​សម្បើម​ខ្លាំង​ម្ល៉េះ ជាពិសេស​ក្នុងពេលដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន រកតែ​អង្ករ​ច្រក​ឆ្នាំ​សឹង​មិនបាន។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​លោក គឹម រស្មី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ បាន​នៅឡើយ​ទេ​នៅ​ពេល​នេះ។ អាស៊ីសេរី ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន បាន​នៅឡើយ​ដែរ។

លោក គឹម សុខ ថា បើ​លោក ហ៊ុន សែន ពិតជា​ចង់​បង្ហាញ​សាធារណជន ថា​របប​នេះ ពិតជា​ចង់​ដុះ​ក្អែល​មន្ត្រី​អាក្រក់​របស់​ខ្លួន​មែន គួរតែ​ធ្វើ​ឲ្យ​លើស​ពី​គ្រាន់តែ​ដក​តួនាទី​មន្ត្រី តែ​ត្រូវ​អនុវត្ត​តាម​នីតិវិធី​តុលាការ ដើម្បី​យក​មន្ត្រី​នោះ មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជា​គំរូ។ ទោះជា​យ៉ាង​នេះ​ក្តី លោក គឹម សុខ នៅតែ​គ្មាន​ជំនឿ​លើ​របប​នេះ និង​តុលាការ​ខ្មែរ​នោះ​ដែរ ព្រោះ​ខ្វះ​សុឆន្ទៈ និង ខ្វះ​ឯករាជ្យ​ដភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ចៅ ចិត្ត

ដកពីមេប៉ូលីស...
យកទៅដាក់ធើមេគយម្តង..
អោយរៀងចាល!!

Feb 11, 2019 10:39 AM

អ្នក​អាន​អនាមិក

ដកដំណែង ? ដាក់ចូលតុលាការទេ? ឬក៏គ្រាន់តែធ្វើយក បុង

Feb 10, 2019 09:16 AM

គេហទំព័រ​ទាំងមូល