"ការ​ប្រញាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​គឺជា​ល្បិច​បង្វែង​ដាន​រឿង​លទ្ធផល​ឆ្នោត ខណៈ​មានការ​រិះគន់​ច្រើន"

វ៉ែន សុមេធ
2018-08-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
RFA

អ្នកវិភាគ​មើល​ឃើញ​ថា ការប្រកាស​ប្រញាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុង​ស្ថានភាព​ចម្រូងចម្រាស បែប​នេះ គឺជា​ការ​ឆ្លៀតឱកាស​របស់​លោក ហ៊ុន សែន ដើម្បី​បង្វែងដាន​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាប់​អារម្មណ៍​ពី​រឿង​រដ្ឋាភិបាល​ថ្មី និង​ឈប់​ជជែក ឬ​រិះគន់​អំពី​ការ​បោះឆ្នោត​ក្លែងក្លាយ។ ប៉ុន្តែ ទង្វើ​នេះ នឹង​ផ្ដល់​ផល​ប៉ះពាល់​ធំធេង​ដល់​ប្រទេស​កម្ពុជា។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ថា លោក​បាន​ស្នើសុំ​ព្រះមហាក្សត្រ កែប្រែ​កាលបរិច្ឆេទ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ដើម​ខែ​កញ្ញា​វិញ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើង​ថា ការ​ប្រកាស​ប្ដូរ​ពេលវេលា និង កាន់​តែ​ប្រញាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ ប្រហែលជា​លោក ហ៊ុន សែន អាច​ដឹង​អំពី​ស្ថានភាព​មួយ ចំនួន​ដែល​ខ្លួន​នឹង​ជួប​ប្រទះ ដោយសារតែ​ការបោះឆ្នោត​កន្លង​ទៅ​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ ម្យ៉ាងវិញទៀត កញ្ញា​បន្ថែម​ថា មូលហេតុ​នៃ​ការ​ពន្លឿន​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ អាច​ដោយសារ​លោក ហ៊ុន សែន មាន​ចេតនា​បង្វែរ​សាច់រឿង​ឲ្យ មជ្ឈដ្ឋាន​ទូទៅ ឈប់​ចាប់​អារម្មណ៍​អំពី​ការបោះឆ្នោត​ក្លែងក្លាយ ហើយ​ចាប់​អារម្មណ៍​ពី​ការរៀបចំ​រដ្ឋាភិបាល​ថ្មី ដែល​មានន័យថា សហគមន៍​ជាតិ និង​អន្តរជាតិ នឹង​ធ្វើ​សម្បទាន ឬ​ទទួលស្គាល់​ការ​បោះឆ្នោត​ចំណុច​ណា។ «»

ទោះយ៉ាងណា​ក្តី អ្នកវិភាគ​វ័យក្មេង​រូប​នេះ យល់ថា នៅ​ពេល​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​សម្រេច​ចិត្ត​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី ដោយ​មិន​ខ្វល់​ទៅ​នឹង​ការរិះគន់​អំពី​ភាព​ស្របច្បាប់ ឬ​មិន​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​នោះ នឹង​នាំ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ និង​ស្ថាប័ន​ផ្តល់​ជំនួយ​ធំៗ​ដែល​គោរព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នឹង​អាច​ព្យួរ​ជំនួយ និង​កម្ចី​មួយ​ចំនួន​រួម​ទាំង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​សម្រាប់​ប្រទេស​កម្ពុជា។ «»

ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ នៅ​ខេត្ត​កំពង់ស្ពឺ ថា លោក​បាន​ចូល​គាល់​ព្រះមហាក្សត្រ​រួចហើយ និង​បាន​ស្នើ​ព្រះរាជទាន​ពី​ព្រះអង្គ​សុំ​កែប្រែ​កាលបរិច្ឆេទ​នៃ​ការ​កោះប្រជុំ​រដ្ឋសភា និង​បង្កើត​រដ្ឋាភិបាល​ថ្មី នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ លោក ហ៊ុន សែន មិនបាន​បញ្ជាក់​អំពី​ហេតុផល​នៃ​ការ​កែប្រែ​ពេលវេលា​នេះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​លើកឡើង​ថា ដើម្បី​កុំ​ឲ្យ​យប់​យូរ​សុបិន​ច្រើន និង​លោក​ចង់​មានឱកាស​ចូលរួម​ប្រជុំ​អង្គការ​សហប្រជាជាតិ​ខាងមុខ។ «»

..ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ សីហា។ តាម​ការវិភាគ និង​គណនា​លទ្ធផល​បឋម​នេះ គឺ​មាន​តែ​គណបក្ស​កាន់អំណាច​មួយ​គត់ ដែល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង ១២៥។ ឯ​គណបក្ស ១៩​ទៀត ទំនងជា​មិនបាន​អាសនៈ​ឡើយ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​អតីត​ទីប្រឹក្សា​របស់​អនុប្រធាន​ទី​១ រដ្ឋសភា បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក ហ៊ុន សែន ចង់បាន និង​ចង់​ធ្វើ​នោះ គឺ​នឹង​កើត​មាន​ជា​ប្រាកដ ទោះបីជា មានការ​រិះគន់​ថា ខុសច្បាប់ និង​ប៉ះពាល់​ដល់​ប្រទេសជាតិ​ក្តី ព្រោះថា​តាម​ទម្លាប់​កន្លងមក ការរិះគន់ និង​ការ​ផ្តល់​មតិ​ពី​ខាង​ក្រៅ មិន​មាន​ឥទ្ធិពល​ដល់​ការ​គិត​របស់​លោក​នោះ​ទេ។ ចំពោះ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ ទោះបី​និយាយ​ពី​ច្បាប់ ក៏​គ្មាន​ន័យ​អ្វី​ឡើយ ព្រោះ​ស្ថាប័ន​ពិនិត្យ និង​អនុវត្ត​ច្បាប់ នៅ​តែ​បកស្រាយ​ការពារ​ថា ជា​រឿង​ស្របច្បាប់​ដដែល។ «»

ទន្ទឹម​គ្នា​នេះ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ការ​បង្កើត​រដ្ឋាភិបាល​នេះ ព្រោះ​លោក ហ៊ុន សែន ចង់​ឲ្យ​សំឡេង​ឆ្នោត​ដែល​លោក​បាន​អះអាង​ថា មាន​អ្នកគាំទ្រ​លើសលប់​នោះ ទៅ​ជា​រូបភាព​និង សកម្មភាព​ពិត និង​ចង់​បង្ហាញ​ពិភពលោក​ថា លោក​នៅតែ​ជា​នាយករដ្ឋមន្ត្រី និង​ជា​បុរស​ខ្លាំង​ជាង​ពេល​ណា​ណា​ទាំងអស់។

អ្នកវិភាគ​យល់ថា ប្រសិនបើ​លោក ហ៊ុន សែន នៅ​រឹងទទឹង​បង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​គ្មាន​ការ​ដោះស្រាយ​ដោយ​សមស្រប​នោះ​ទេ គឺ​មិនមែន​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្សប្រឆាំង​ជា​អ្នក ចាញ់​នោះ​ទេ គឺ​ជាតិខ្មែរ​ទាំងមូល​ជា​អ្នក​ចាញ់ ព្រោះថា​ទំហំ​នៃ​ផល​ប៉ះពាល់ ដែល​នឹង​កើតឡើង អាច​មាន​ទំហំ​ធំធេង ដែល​លោក ហ៊ុន សែន ក៏​បាន​ដឹង​ខ្លួនឯង​ច្បាស់​ដែរ។ អ្នកវិភាគ នៅតែ​ស្នើសុំ​ឲ្យ របប​លោក​ហ៊ុន សែន ដកថយ​មួយ​ជំហាន ហើយ​គិតពិចារណា​ដោះស្រាយ​បញ្ហា​នយោបាយ​ឡើង​វិញ ដើម្បី​ផលប្រយោជន៍​ជាតិខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល