លោក ហ៊ុន សែន ចោទ​ជា​ថ្មី​ថា​បាតុកម្ម​​ឆ្នាំ២០១៣​ជា​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល

ដោយ អាស៊ីសេរី
2017.10.04
បាតុកម្ម​វ៉េងស្រេង ២០១៤ ៦២២ ក្រុម​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Jeevita

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​ជា​ថ្មី​ទៀត​ថា បក្ស​នេះ​មាន​ការ​ចាត់តាំង​យ៉ាង​ត្រឹមត្រូវ ក្នុង​ការ​ផ្ដល់​រំលំ​រដ្ឋាភិបាល ក្រោយ​មាន​បាតុកម្ម​ដ៏​ធំ​នៅ​ឆ្នាំ២០១៣។ លោក ហ៊ុន សែន បាន​ហៅ​ចលនា​តវ៉ា​ក្រោយ​ការ​បោះឆ្នោត នៅ​ពេល​នោះ​ថា ជា​ចលនា​បដិវត្ត​ពណ៌ ដែល​រៀបចំ​ឡើង​ដោយ​បក្ស​ប្រឆាំង ក្រោម​ហេតុផល​លក្ខខណ្ឌ​ការងារ។

គណបក្ស​ប្រឆាំង នៅ​រក្សា​ជំហរ​ស្ងប់ស្ងាត់​នៅ​ឡើយ ជុំវិញ​ប្រតិកម្ម​ជា​ថ្មី​ទៀត របស់​លោក ហ៊ុន សេន នៅ​ពេល​នេះ​ខណៈ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​ស្ទើរ​ពាក់​កណ្ដាល​នៃ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​រាយការណ៍​មក​ថា បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស គេច​ចេញពី​ចាប់​ខ្លួន គាប់​សង្កាត់ និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​រដ្ឋាភិបាល។

ប្រធាន​គណបក្ស​កាន់​អំណាច បាន​ប្រកាស​ជា​ថ្មី​ទៀត ដោយ​បន្ត​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ថា មាន​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ការ​អះអាង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​កម្មករ​រាប់​ពាន់​នាក់ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៤ ខែ តុលា។ លោក​នាយករដ្ឋមន្ត្រី បាន​ចាត់​ទុក​បាតុកម្ម​ដែល​មាន​ការ​ចូលរួម​ជាមួយ​កម្មករ នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាល​ពី​ឆ្នាំ២០១៣ គឺ​ប្រាកដ​ណាស់ មាន​ការ​ចាត់តាំង​មួយ​ដ៏​ត្រឹមត្រូវ ក្នុង​ការ​កម្ចាត់​រដ្ឋាភិបាល​របស់​លោក ដោយ​កម្លាំង​មហាជន។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ក្រៅ​ពី​ត្រូវ​រង់​ការ​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ​ហើយ លោក​នៅ​ត្រូវ​រង់​ការ​ប្រកាន់​នូវ​បណ្ដឹង​មួយ​ផ្សេង​ទៀត គឺ​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ដែល​បាន​ប្រព្រឹត្តិ​កាល​ពី​ឆ្នាំ២០១៣។

នៅ​ក្រោយ​ការ​ចាប់​ខ្លួន មេ​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ភ្លាម លោក ហ៊ុន សែន បាន​ចោទ​ថា លោក កឹម សុខា និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត របស់​បក្ស​នេះ ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស្លាប់​មនុស្ស ក្នុង​អំពើ​ហិង្សា កាល​ពី​ជិត ៥ឆ្នាំ​មុន​នោះ។

បើ​ទោះ​ជា​បែប​ណា មន្ត្រី​គណបក្ស​ប្រឆាំង ធ្លាប់​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​រួច​មក​ហើយ។ ជាង​នេះ​ទៀត បក្ស​ប្រឆាំង​ចាត់​ទុក​ថា រដ្ឋាភិបាល​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ ទៅ​លើ​ការ​បង្ក្រាប​កម្មករ ចាប់​មនុស្ស​ដាក់​ពន្ធនាគារ និង​ធ្វើ​ឲ្យ​កម្មករ​ផ្សេង​ទៀត ត្រូវ​បាត់ខ្លួន​រហូត​មក​ដល់​ពេល​នេះ។

យ៉ាង​នេះ​ក្ដី​លោក ហ៊ុន សែន នៅ​តែ​អះអាង​ពី​ភាព​ស្អាតស្អំ និង​ថ្លែង​ការពារ​ជំហរ​រដ្ឋាភិបាល​ថា បក្ស​ប្រឆាំង​តែង​បង្ក​ភាព​ស្មុគស្មាញ​មក​ឲ្យ​សង្គម​ជា​និច្ច និង​មិន​ដែល​រក​ដែល​ផលប្រយោជន៍​ណា​មួយ សម្រាប់​កម្មករ​រោងចក្រ​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ជា​ញឹកញាប់​បក្ស​ប្រឆាំង​តែង​បង្ក​ការ​រំខាន​ចំពោះ​ការ​រីក​លូតលាស់​ខាង​ផ្នែក​សេដ្ឋកិច្ច​ជា​ដរាប។

អាស៊ី​សេរី ពុំ​អាច​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន នេះ​បាន​ទេ​ពី​មន្ត្រី​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី៤ ខែ​តុលា។ ផ្ទុយ​ពី​ជំហរ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នេះ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល រក​ឃើញ​ថា អំពើ​ហិង្សា ក្រោយ​ការ​បោះឆ្នោត​នោះ អ្នក​ទទួល​ត្រូវ​ខុស​ត្រូវ ចំពោះ​ការ​បាត់បង់​អាយុជីវិត​មនុស្ស ការ​បង្ក្រាប​ពី​កម្លាំង​នគរបាល រហូត​ក្លាយ​ជា​ជន​ពិការ និង​មាន​អ្នក​ខ្លះ​ត្រូវ​បាត់​ខ្លួន​ផង គឺ​ជា​បន្ទុក​របស់​រដ្ឋាភិបាល។

ក្រោយ​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ថ្ងៃ​តែ​មួយ បាន​ជោគជ័យ​នោះ ក្រោយ​មក​លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ដោយ​មោទនភាព​ថា កម្លាំង​ដែល​បញ្ជា​ឲ្យ​ចុះ​ប្រតិបត្តិការ​ទាំង​អស់ មិន​មាន​អ្នក​ណា​អាច​ធ្វើ​បាន ក្រៅ​ពី​លោក​ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់​នោះ​ទេ។

អ្នកវិភាគ​នយោបាយ ធ្លាប់​លើកឡើង​ថា បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង គឺ​ផ្ទុះ​ឡើង​គាប់​ជួន គណបក្ស​បក្ស​ប្រឆាំង ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាល​ពី​ឆ្នាំ២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។