កូន​ប្រុស​ច្បង​​លោក ហ៊ុន សែន និង​មេទ័ព​កំពូល​ថ្មី​ ២​រូប​ទៀត ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ

អាស៊ីសេរី
2018.09.06
ហ៊ុន ម៉ាណែត ៦២២ លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
RFA

ក្រោយការ​ត្រួសត្រាយ​ផ្លូវ​ពី​ឪពុក​របស់​ខ្លួន​ហើយ​នោះ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​លោក​ ទៀ បាញ់ ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ ជា​មួយ​នឹង​មេទ័ព​កំពូល ២រូប​ទៀត មាន​លោក វង្ស ពិសេន និង​លោក ឥត សារ៉ាត់ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ ២០១៨។

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែងតាំង​ជា​មេ​បញ្ជាការ​កងទ័ព​ជើងគោក លោក វង្ស ពិសេន ទទួល​តំណែង​ជា​អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ហើយ​ លោក ឥត សារ៉ាត់ ទទួល​មុខងារ​ជា​អគ្គ​មេ​បញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ។ ការ​ប្រកាស​តែងតាំង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​របស់​របប​ក្រុង​ភ្នំពេញ​ នៅ​វិមាន​សន្តិភាព ថ្ងៃទី​៧ ខែ​កញ្ញា​នេះ។

ចំពោះ​អតីត​មេទ័ព ៣រូប​ដែល​ធ្លាប់​កាន់​មុខ​តំណែង​នេះ មាន​លោក ប៉ុល សារឿន លោក គន់ គីម និង​លោក មាស សុភា ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ដំឡើង ​ឋានៈ​ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ក្នុង​សមាសភាព​ដឹកនាំ​ប្រទេស​អាណត្តិទី៦។ ប៉ុន្តែ ឋានៈ​ជា​ទេសរដ្ឋមន្រ្តី​នេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ដូច​ជា​ការ​ដាក់​ឲ្យ​ចូល​និវត្តន៍​ដូច្នេះ​ដែរ ដើម្បី​បើក​ផ្លូវ​ឲ្យ​កូន​លោក ហ៊ុន សែន បាន​គ្រង​តំណែង​មេទ័ព​ការពារ​អំណាច​ផ្តាច់ការ​របស់​លោក ហ៊ុន សែន​ បន្ត​ទៀត។

មជ្ឈដ្ឋាន​ទូទៅ ​មើល​ឃើញ​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ​ឯក​បក្ស​របស់​លោក ហ៊ុន សែន ​​អាណត្តិ​ទី៦​នេះ មិន​មាន​ការ​ដោះដូរ​តំណែង​ ក្នុង​ជួរ​រដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី ឬ​ឧបនាយក​រដ្ឋមន្ត្រី នោះទេ។ ផ្ទុយ​មក​វិញ ​របប​លោក ហ៊ុន សែន មាន​តែ​រក្សា​តំណែង​ឲ្យ​ក្រុម​របស់​ខ្លួន និង​បង្កើន​ចំនួន​មន្ត្រី​កាន់​តែ​ច្រើន​ទៅ​តាម​មុខ​តំណែង ដែល​ចំនួន​នេះ​កើន​ឡើង​ច្រើន​ជាង​អាណត្តិ​មុន។ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​កត់សម្គាល់​សម្រាប់​របបក្រុង​ភ្នំពេញ​ នៅ​ពេល​នេះ គឺ​មាន​ការ​ដោះ​ដូរ​តំណែង​គ្រាក់ៗ ជា​ច្រើន​ ក្នុង​ជួរ​មន្ត្រី​ជាន់​ខ្ពស់​នៃ​នគរបាល​ជាតិ កងកម្លាំង​ប្រដាប់​អាវុធ និង​ក្នុង​ជួរ​កងទ័ព។

អតីត​តំណែង​មេទ័ព​កំពូល​កងទ័ពជើងគោក របស់​លោក ប៉ុល សារឿន ត្រូវ​បាន​ជំនួស​មកវិញ​ដោយ នាយទាហាន​ជាន់ខ្ពស់​បី​រូប ដែល​របប​ក្រុងភ្នំពេញ​ជឿ​ទុក​ចិត្ត ។ អ្នក​ទាំង​បី​រូប​នោះ មានលោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​បង្កើត​របស់ លោក ហ៊ុន សែន ឧត្ដមសេនីយ៍​ឯក វង្ស ពិសេន និង នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់។

ការ​តម្កើង​ឋានន្តរសក្ដិ​ជា​មេទ័ព​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ នេះ ធ្វើឡើង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្ដម សីហមុនី ដែល​ចេញ​នៅ​ថ្ងៃ​ជាមួយគ្នា ក្រោយពី​មាន​លិខិតស្នើ​របស់ លោក ហ៊ុន សែន ថ្វាយ​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី​៦ ខែកញ្ញា ។ ចំណែក​កូន​បង្កើត​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​បាន​លោក ហ៊ុន សែន ប្រកាស​ថា លោក ស សុខា សមាជិក​រដ្ឋសភា នឹង​ត្រូវ​ទៅកាន់​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។

ការប្រញាប់​ប្រញាល់​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស និង​ប្រកាស​តែង​មុខតំណែង​ពី​របប​ក្រុងភ្នំពេញ បន្ទាន់​បែបនេះ ធ្វើឡើង បន្ទាប់ពី​តំណាងរាស្ត្រ​ឯកបក្ស របស់ លោក ហ៊ុន សែន ទាំង​១២៥​រូប បាន​ស្បថ​ចូលកាន់​តំណែង ដោយមាន​ព្រះ​វត្តមាន​អង្គ​ព្រះមហាក្សត្រ​ជា​អធិបតីភាព កាលពី​ថ្ងៃ​ទី៥ កញ្ញា ឆ្នាំ​២០១៨។

ថ្វីត្បិតតែ របប​ក្រុងភ្នំពេញ​ខិតខំ​ដុតដៃដុតជើង រៀប​រចនាសម្ព័ន្ធ​ដឹកនាំ​ប្រទេស ដោយ​គ្មាន​បង្អន់​ពេល​សូម្បីតែ​១​ថ្ងៃ​ក៏ដោយ ក៏​មិន​ទាន់​មាន​ការ​ទទួល​ជា​ផ្លូវការ​ណាមួយ​ទេ ពី​តំណាង​ទូត​ប្រចាំ​ប្រទេស​លោក​ខាងលិច​ដែល​ប្រកាស​ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ ដូចជា សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក បារាំង អង់គ្លេស កាណាដា អូស្ត្រាលី ស៊ុយអែត អាល្លឺម៉ង់ និង​ប៊ុលហ្គារី។ ផ្ទុយ​មក​វិញ របប​នេះ មាន​តែ​ការ​អបអរសាទរ​និង​ស្វាគមន៍ ពី​ប្រទេស​លោក​កុម្មុយនិស្ត មាន​ប្រទេស​ចិន រុស្ស៊ី វៀតណាម ឡាវ និង​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​មួយ​ចំនួន​ទៀត​ដូចជា ថៃ និង​ហ្វីលីពីន ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។