មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​​បន្ត​​វាយ​ប្រហារ​​លោក សម រង្ស៊ី ទោះ​​ប្រកាស​​ឈប់​​ឆ្លើយឆ្លង

ដោយ ហេង រស្មី
2019-02-17
Share
ហ៊ុន សែន សម រង្ស៊ី ៦១០ លោក ហ៊ុន សែន (ស្ដាំ) និង​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​ប្រជុំ នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១៤។
RFA

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​សារ​បែប​ឌឺដង​ឱ្យ​លោក សម រង្ស៊ី ជុំវិញ​រឿង​ចាក​ចេញពី​កម្ពុជា និង​ការ​ភ្នាល់​គ្នា​ក្នុង​សំណុំរឿង​លោក កឹម សុខា។ អ្នកឃ្លាំមើល​សង្គម​យល់ថា លោក ហ៊ុន សែន ទទួលស្គាល់​ឥទ្ធិពល​នយោបាយ​របស់​លោក សម រង្ស៊ី បាន​ជា​លោក​នៅតែ​រិះរក​មធ្យោបាយ ​ដើម្បី​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ​​របស់​​កម្ពុជា។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​និយាយ​បញ្ឆិតបញ្ឆៀង​ដាក់​លោក សម រង្ស៊ី ជា​​ថ្មី​​ទៀត បើ​ទោះ​បី​ជា​លោក​ធ្លាប់​បាន​ប្រកាស​ឈប់​ឆ្លើយឆ្លង​ជាមួយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ក្តី។

លោក ហ៊ុន សែន បាន​បង្ហោះ​រូបភាព​លេង​កូន​ហ្គោល​នៅ​លើ​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃ​​ទី១៦ កុម្ភៈ និង​​​សរសេរ​​​បែប​​​ប្រៀបធៀប​​​ថា ដៃគូ​ប្រកួត​ដែល​ភ្នាល់​ជាមួយ​រូបលោក​លេង​​ខូច​​ខ្លាំង​​ណាស់ ដោយ​​វាយ​​បាល់​​ធ្លាក់​ទឹក​​ហើយ បែរ​ជា​​ដាក់​បាល់​​​ថ្មី​​​វាយ​​​បន្ត ដោយ​មិន​ខ្វល់​ពី​បាល់​ពិន័យ​សោះ​។ លោក​បន្ត​ថា ដៃគូ​ប្រកួត​នោះ​បាន​រត់​ចូល​បន្ទប់ទឹក ប៉ុន្តែ​​ប្រហែល​ជា​​មិន​​ព្រម​​ចេញ​មក​ទេ ឬក៏​ទម្លាយ​ទ្វារ​រត់​ចេញទៅ​ក្រៅ​តារាង​បាត់​ទៅ​ហើយ​។ លោក​ថា ទោះជា​បែបនេះ​ក្តី លោក​ត្រូវតែ​រង់ចាំ​រហូត​​ផុត​​ម៉ោង​​ប្រកួត ព្រោះ​ដៃគូ​ប្រកួត​នោះ​ជា​អ្នក​បបួល​ភ្នាល់​ដោយ​សម្ដី​ក្អេងក្អាង​។ លោក​ស្នើ​ឱ្យ​​ដៃ​គូ​ប្រកួត​​​នោះ កុំ​​​រត់​​ចោល​​​ទីលាន និង​​ប្រកួត​​គ្នា​​បន្ត​​ទៅ​​ទៀត​។

ថ្វី​ដ្បិត​តែ​បុរស​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​រូប​នេះ មិន​​បញ្ចេញ​ឈ្មោះ​ដៃគូ​ប្រកួត​ក៏ដោយ ក៏​​គេ​​អាច​​យល់​​បាន​​ថា លោក​​ទំនង​ជា​​កំពុង​​និយាយ​​សំដៅ​​ទៅ​​លោក សម រង្ស៊ី ដែល​ជា​ដៃគូ​ប្រជែង​ខាង​នយោបាយ​ដ៏​ស្រួចស្រាល់​របស់​លោក​តាំងតែ​ពី​ទសវត្សរ៍​​ឆ្នាំ​១៩៩០​មក ដោយសារ​អ្នក​ទាំងពីរ​កំពុង​ភ្នាល់​គ្នា​រឿង​ដោះលែង​លោក កឹម សុខា ហើយ​​លោក សម រង្ស៊ី ទៀត​សោត ក៏បាន​ប្រកាស​ក្តែងៗ ​ពី​​ការ​​វិល​​ត្រឡប់​​មក​​កម្ពុ​ជា​​វិញ​​នៅ​​ពេល​ឆាប់ៗ​ ខាង​មុខ។

ទោះជា​យ៉ាងណា សារ​របស់​លោក ហ៊ុន សែន នេះ ហាក់ដូច​ជា​ផ្ទុយ​នឹង​យុទ្ធសាស្ត្រ​បន្សាប​ឥទ្ធិពល​​លោក សម រង្ស៊ី ដែល​​លោក​​ប្រាប់​ទៅ​​មន្ត្រី​​ថ្នាក់​ក្រោម​​របស់​​លោក​​តាម​​រយៈ​​សារ​​សំឡេង​​មួយ ​ដែល​​បែក​​ធ្លាយ​​កាល​​ពី​​ពេល​​ថ្មីៗ​ នេះ៖ «ចាប់​ពី​ពេល​នេះ​​ត​ទៅ​​មិន​​មាន​​ការ​ចាំបាច់​ ដើម្បី​​នឹង​​ធ្វើ​​ការ​​ប្រ​តិកម្ម​​អ្វី​​ទៅ​លើ សម រង្ស៊ី ទេ ដើម្បី​បន្សាប​កុំ​ឱ្យ សម រង្ស៊ី បាន​ចិត្ត ហើយ​​ក្លាយ​ទៅ​ជា​​តួអង្គ​​មួយ​ ដែល​​អត់ សម រង្ស៊ី មិន​​បាន​នៅ​ក្នុង​​ការ​ចរចា​​ណា​មួយ​ ដែល​​អាច​​កើត​ឡើង ប្រសិន​បើ​​វា​​កើត​ឡើង»

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា លោក ហ៊ុន សែន ខ្លួនឯង​ទៅវិញ​ទេ ដែល​​ខ្លាច​​មិន​​ហ៊ាន​​ប្រកួត​ដោយ​​សុចរិត​​ត្រឹមត្រូវ​​លើ​​សមរភូមិ​​នយោបាយ ហើយ​បាន​ប្រើប្រាស់​ល្បិចកល​ទុច្ចរិត ដើម្បី​បិទផ្លូវ​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន។ លោក​បន្ត​​ថា លោក ហ៊ុន សែន គិតតែ​ពី​រឿង​ឈ្នះ​ចាញ់​បុគ្គល ដោយ​ទុក​រឿង​ជាតិ​នៅ​ដោយឡែក ដែល​​នេះ​​បង្ហាញ​​ថា លោក​​មិន​​មាន​​លក្ខណៈ​សម្បត្តិ​​ជា​​មេ​ដឹក​នាំ​​ល្អ​​នោះ​​ឡើយ៖ «រឿង​ដែល​គាត់​ផ្ចាញ់ផ្ចាល​លោក សម រង្ស៊ី ដដែលៗ ជា​លក្ខណៈ​បុគ្គល គឺ​ច្បាស់​ណាស់​មកពី​គាត់​ទទួលស្គាល់​សក្ដានុពល​នយោបាយ​របស់​លោក សម រង្ស៊ី ថា​ ជា​​គូ​ប្រកួត​ប្រជែង​​ដណ្ដើម​​អំណាច​​ពី​​គាត់​​បាន។ គាត់​បារម្ភ​ខ្លាំង​ណាស់ ហើយ​តែងតែ​គិត​រក​វិធី​ ដើម្បី​កម្ចាត់​ឱ្យ​ចេញ​ឆ្ងាយ​ពី​ឆាក​នយោបាយ​ប្រកួតប្រជែង ប៉ុន្តែ​បញ្ច្រាស​មកវិញ គាត់​តែងតែ​បន្លប់​ថា គេ​មិន​ហ៊ាន​ប្រកួតប្រជែង មិន​​ហ៊ាន​​បើក​ទ្វារ​​ប្រកួត​​ដោយ​​យុត្តិធម៌ ហើយ​​លេង​ល្បែង​​បិទ​​ផ្លូវ​​គេ​​មិន​​ឱ្យ​​ចូល​​សង្វៀន»

អ្នកវិភាគ​រូប​នេះ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បញ្ឈប់​គំនិត​ឈ្នានីស​ដៃគូ​នយោបាយ​របស់​ខ្លួន ដោយ​ងាក​ទៅ​ដោះស្រាយ​បញ្ហា EBA វិញ ព្រោះ​រូបលោក​ផ្ទាល់ គឺជា​អ្នក​បង្កើត​បញ្ហា​នេះ​ឡើង និង​កំពុង​រុញច្រាន​ប្រទេសជាតិ​ទៅ​រក​វិបត្តិ​ធ្ងន់ធ្ងរ​ក្នុង​ពេល​ដី​ខ្លី​ខាងមុខ៖ «បញ្ហា​ដែល​មាន​គឺ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដូចជា ការ​ដក EBA របស់​អឺរ៉ុប ហើយ​ជា​បន្តបន្ទាប់​នឹង​មាន GSP របស់​អាមេរិក​ហើយ ដូច្នេះ​កម្មករ​-​កម្មការិនី​ភាគច្រើន​លើសលប់​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​បាត់បង់​ការងារ​។ កសិករ​ខ្មែរ​នឹង​​បាត់​ទីផ្សារ​លក់​ទំនិញ​របស់​គាត់ ជាទី​ផ្សារ​ល្អ លក់​បាន​ថ្លៃ​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដូច្នេះ​មានន័យថា ប៉ះពាល់​យ៉ាង​ធំ​ដល់​ជីវភាព​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ម្ល៉ោះ​ហើយ​ក្នុង​នាម​ជា​អ្នកដឹកនាំ បើ​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​​ប្រទេស លោក ហ៊ុន សែន ត្រូវ​ទម្លាក់​ចោល​គំនុំ​ផ្ទាល់ខ្លួន ហើយ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​។ នេះ​ទើប​មានឈ្មោះ​ជា​អ្នកដឹកនាំ​ប្រទេស​ពិតប្រាកដ»

កាល​ពី​ពេល​ថ្មីៗ​នេះ សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ដំណើរការ​ពិចារណា​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា បន្ទាប់ពី​រក​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​វិស័យ​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ។

ដំណើរការ​នេះ មាន​រយៈពេល​សរុប​ទាំងអស់​១៨ ខែ​គិត​ចាប់ពី​ថ្ងៃទី១២ កុម្ភៈ​តទៅ ហើយ​ចែកចេញជា​បី​ដំណាក់កាល​។ សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឱ្យ​របប​នេះ ចំនួន​៦​ខែ ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិមនុស្ស បើ​ពុំ​ដូច្នេះ​ទេ ក្នុង​រយៈ​ពេល ​៦​ខែ​បន្ទាប់​ទៀត ​អឺរ៉ុប​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ធ្វើការ​សម្រេច​ចិត្ត​ថា​ តើ​ត្រូវ​រក្សា ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ បើ​មានការ​សម្រេច​ព្យួរ សហភាព​អឺរ៉ុប ទុក​ពេល​ឱ្យ​កម្ពុជា ​៦​ខែ​​ទៀត ដើម្បី​ត្រៀមខ្លួន មុននឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​នោះ​ចូល​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។