លោក ហ៊ុន សែន អួត​ប្រាប់​មេដឹកនាំ​អាស៊ាន​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា

មួង ណារ៉េត
2018-10-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី ហ៊ុន សែន
នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន​បាន​អួត​ប្រាប់​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន ពី​កំណើត​សេដ្ឋកិច្ច ខណៈ​ប្រទេស​មួយ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ នៃ​ការ​គំរាម​កាត់​ជំនួយ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​លោក​សេរី។

លោក ហ៊ុន សែន បាន​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់លោក កាលពី​ថ្ងៃ​ពុធ ទី១១ តុលា​ថា ជាង​ពីរ​ទសវត្សរ៍​មកនេះ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម ៧,% ក្នុង​មួយ​ឆ្នាំ។

លោក​លើកឡើង​ពី​កំណើន​សេដ្ឋកិច្ច​នេះ ទំនងជា​យក​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក។ ធនាគារ​ពិភពលោក ធ្លាប់​បាន​ព្យាករណ៍ ថា ទោះបីជា​កម្ពុជា​រក្សា​កំណើន​សេដ្ឋកិច្ច ជា​មធ្យម ៧,% ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ គឺ​ចាប់ពី​ឆ្នាំ ១៩៩៥-២០១៧ យ៉ាង​ណា​ក្តី ក៏​កំណើន​នេះ បាន​ឆ្លាក់​ចុះ​មក​នៅ ៦,% នៅ​ឆ្នាំ២០១៧។ ប៉ុន្តែ កំណើន​សេដ្ឋកិច្ច​នេះ គឺ​បាន​មក​ដោយសារ​វិស័យ​ធំ​ពីរ គឺ​វិស័យ​កាត់ដេរ និង​ទេសចរណ៍។

ដោយសារតែ​វិស័យ​កាត់ដេរ ជា​ផ្នែក​ធំ​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​នេះ នៅ​ពេល​សហភាព​អឺរ៉ុប បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ សេដ្ឋកិច្ច​កម្ពុជា នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ ដែល​ប៉ះពាល់​ដល់​កម្មករ​វិស័យ​កាត់ដេរ​រាប់​សែន​នាក់។

ចំណែក​ឯ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ខែតុលា ឆ្នាំ​២០១៧ ធ្លាប់​ព្រមាន​រួចហើយ​ថា កម្ពុជា​នឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារតែ​របប​លោក ហ៊ុន សែន ចាយ​ច្រើន​លើស​ចំណូល។

ទោះ​យ៉ាងណា លោក ហ៊ុន សែន បង្ហាញ​ថា កម្ពុជា​នឹង​កែ​លម្អ​ថែមទៀត នូវ​បរិយាកាស​ធុរកិច្ច​តាមរយៈ​ការអនុវត្ត​វិធានការ​មុត​ស្រួច​សំដៅ​សម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ថ្លៃដើម​នៃ​ការ​ធ្វើ​ធុរកិច្ច​សម្រួលការ​បង្កើត និង​ធ្វើ​ធុរកិច្ច ព្រមទាំង​បង្កើន​ការ​វិនិយោគ និង​ឥណទាន​លើ​ការអភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ដើម្បី​គាំទ្រ​ដល់​ការ​បង្កើត​ការងារ និង​ជំរុញ​កំណើន​អាជីវកម្ម​ធុន​តូច និង​មធ្យម​ក្នុងស្រុក។

លោក ហ៊ុន សែន បាន​ទៅ​ចូលរួម​ជំនួប​ក្រៅផ្លូវការ​របស់​ក្រុម​មេដឹកនាំ​អាស៊ាន នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​នោះ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

ថ្នាក់ដឹកនាំ​ប្រទេស​នៃ​តំបន់​អាស៊ាន​ទាំងអស់ បាន​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ជំនួប​កំពូល​ក្រៅផ្លូវការ​ដូចគ្នា​ដែរ។

ជំនួប​កំពូល​ក្រៅផ្លូវការ​នេះ​ផ្ដោត​ពី «ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព និង​ការ​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​តាមរយៈ​សកម្មភាព​សហ​ប្រតិបត្តិការ​តំបន់ និង​សកល»

ជំនួប​ក្រុម​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស​នេះ ធ្វើឡើង​ស្របគ្នា​ជាមួយ​នឹង​កិច្ចប្រជុំ​ពេញ​អង្គ​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​អភិបាល នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារ​ពិភពលោក (World Bank) ឆ្នាំ​២០១៨។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​នាយករដ្ឋមន្ត្រី សិង្ហ​បុរី ជា​អ្នកដឹកនាំ​ជំនួប​ក្រៅផ្លូវការ​របស់​ក្រុម​មេដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​២០១៨​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល