លោក ហ៊ុន សែន ប្រកាស​ចូលរួម​កិច្ចប្រជុំ​នៅ​អឺរ៉ុប​ចុង​ឆ្នាំ​នេះ ខណៈ​អឺរ៉ុប​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត

ដោយ មាន ឫទ្ធិ
2018.08.03
ហ៊ុន សែន ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page

លោក ហ៊ុន សែន ប្រកាស​ថា លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​មួយ​ចំនួន​នៅ​ឯ​ទ្វីប​អឺរ៉ុប​នៅ​ចុង​ឆ្នាំ​២០១៨​នេះ ហើយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប ដែល​និយម​លទ្ធិប្រជាធិបតេយ្យ​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​រូបលោក។ ការ​ប្រកាស​អំពី​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រជុំ​នៅ​អឺរ៉ុប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សភា​អឺរ៉ុប ជំរុញ​ឲ្យ​គណៈកម្មាធិការ​អឺរ៉ុប ពិចារណា​លុបចោល​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស EBA និង​ឲ្យ​ត្រៀម​វិធានការណ៍​ឆ្លើយតប​សមស្រប​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​បញ្ហា​ធ្លាក់​ចុះ​ដុនដាប​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។

លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២ សីហា នេះ​ថា លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន​បី​នៅ​អឺរ៉ុប​នៅ​ចុង​ឆ្នាំ​២០១៨​នេះ។ កិច្ចប្រជុំ​សំខាន់ៗ​ទាំងនោះ​រួមមាន កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប កិច្ចប្រជុំ​អាស៊ាន​អឺរ៉ុប ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក និង​កិច្ចប្រជុំ​សន្និសីទ​អន្តរជាតិ ស្ដីពី​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ ជាមួយ​គ្នា​នេះ លោក​ក៏​គ្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​តួគី និង​គ្រោង​ជួប​ក្រុម​ពលរដ្ឋ​ខ្មែរ​នៅ​ទ្វីប​អឺរ៉ុប​ដែល​គាំទ្រ​រូបលោក​នៅ​ទីនោះ​ផង​ដែរ។ ដោយ​ប្រកាស​ក្ដែងៗ​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​កិច្ចប្រជុំ និង​ពេលវេលា​ជាក់លាក់​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​នេះ គឺ​ចាប់ពី​អំឡុង​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ខាងមុខនេះ លោក ហ៊ុន សែន ថែមទាំង​ឌឺដង និង​ជំរុញ​ឲ្យ​បងប្អូន​ខ្មែរ​នៅ​សហភាព​អឺរ៉ុប ដែល​មិន​គាំទ្រ​រូបលោក ឲ្យ​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​ទៅ​នឹង​វត្តមាន​របស់​លោក​នៅ​ទីនោះ​ទៀត​ផង៖ «សូម​បញ្ជាក់​ជូន​ឲ្យ​ហើយ​ប្រាប់​អំពី​កាលបរិច្ឆេទ ប្រធាន​ស្នងការ​អឺរ៉ុប ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប និង​ប្រធាន​ស្នងការ​អឺរ៉ុប​បាន​បញ្ជូន​លិខិត​ពីរ​មកកាន់​ពូ ទី​មួយ​អញ្ជើញ​ចូល​ប្រជុំ​អាស៊ី​អឺរ៉ុប ទី​ពីរ​អញ្ជើញ​ប្រជុំ​អាស៊ាន​អឺរ៉ុប។ ពូ​បាន​ឆ្លើយ​យល់ព្រម​ហើយ គ្រោង​ចេញដំណើរ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ទីក្រុង​ប្រ៊ុចសែល នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​តុលា។ ថ្ងៃ​ទី​១៨ និង​១៩ គឺ​ប្រជុំ​អាស៊ី​អឺរ៉ុប និង​អាស៊ាន​អឺរ៉ុប ដល់​ថ្ងៃ​ទី​២០ និង​ថ្ងៃ​ទី​២២ គឺ​ទស្សនកិច្ច​នៅ​ប្រទេស​តួគី។ ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ត្រូវ​​ចេញដំណើរ​ទៅ​ស្វីស ដើម្បី​ចូលរួម​ប្រជុំ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ពាណិជ្ជកម្ម​នៅ​ឯ​ហ្សឺណែវ។ អ៊ីចឹង​សូម​បងប្អូន​នៅ​អឺរ៉ុប ដែល​ពេលនេះ មួយ​ចំនួន​មិនទាន់​ភ្ញាក់​ពី​ដេក​ទេ ប្រាប់​ផែនការ​ទុក​ឲ្យ​ហើយ ដើម្បី​ឲ្យ​ដឹង​ការ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប ហើយ​ប្រមូល​គ្នា​មក ហើយ​ប្រមូល​គ្នា​ទៅ។ ឥឡូវនេះ មាន​ប្រទេស​មួយ​ចំនួន​ដែល​ជា​ម្ចាស់​ប្រទេស គេ​បាន​ធុញទ្រាន់​ជាមួយ​នឹង​ខ្មែរ​ធ្វើបាតុកម្ម​នៅ​ស្រុក​គេ​ហើយ។ អ៊ីចឹង សូម​បន្ត​បន្ថែម​ធ្វើបាតុកម្ម​ទៅ!»

ប្រសិនបើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​ហើយ ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន និង​របប​របស់​លោក​បាន​រៀបចំ​ព្រឹត្តិការណ៍ ដ៏​ចម្រូងចម្រាស​កាលពី​ថ្ងៃ​២៩ កក្កដា ដែល​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់ទុកថា​ជា ការបោះឆ្នោត​ក្លែងក្លាយ។ ការប្រកាស​របស់​លោក ហ៊ុន សែន នា​ពេល​នេះ ស្រប​ពេល​ដែល​ប្រធាន​អនុគណៈកម្មាធិធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​គណៈកម្មាធិការ​អឺរ៉ុប​ស្នើ​ដាក់​វិធានការណ៍​នានា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​អំពាវនាវ​ដល់​គណៈកម្មាធិការ​អឺរ៉ុប និង​នាយកដ្ឋាន​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប ឲ្យ​ពិចារណា​លុបចោល​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស EBA និង​ឲ្យ​ត្រៀម​វិធានការណ៍​ឆ្លើយតប​សមស្រប​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​បញ្ហា​ធ្លាក់​ចុះ​ដុនដាប​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។

ប្រធាន​អនុ​គណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោក ព្យែ អង់តូនីញ៉ូ ប៉ង់ហ្សឺរី (Pier Antonio Panzeri) មាន​ប្រសាសន៍​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សភា​អឺរ៉ុប ចេញផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ថា ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ធ្វើឡើង​នៅ​ពីក្រោយ​លំហ​សម្រាប់​គណបក្ស​នយោបាយ​ជំទាស់ មានការ​កាត់បន្ថយ ខណៈ​ដែល​មានការ​កើន​ឡើង​នៃ​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ជួប​ប្រជុំ និង​ការ​ធ្វើ​សមាគម​ជាដើម។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​នូវ​និន្នាការ​នេះ ដោយ​ងាក​មក​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់។ លោក សង្កត់ធ្ងន់​ថា ការ​ប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន គឺ​ទឡ្ហីករណ៍​ចម្បង​នៃ​ការ​ផ្ដល់​ឲ្យ​កម្ពុជា នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី៖ «អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA​។ លោក​អំពាវនាវ​ដល់​គណៈកម្មាធិការ​អឺរ៉ុប និង​នាយកដ្ឋាន​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប ឲ្យ​រាយការណ៍​យ៉ាង​ប្រញាប់​ជាទីបំផុត អំពី​លទ្ធផល​នៃ​ការវាយតម្លៃ​របស់​ខ្លួន ក្រោយពី​បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត ជុំវិញ​ករណី​អនុលោម​ភាព​របស់​កម្ពុជា ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស ដូចដែល​មាន​កំណត់​ក្រោម​ដំណើរការ​តាមដាន​របស់​កម្មវិធី​អនុគ្រោះ​ពន្ធ EBA នេះ និង​ស្នើការ​ឆ្លើយតប​សមស្រប ចំពោះ​បញ្ហា​ធ្លាក់​ចុះ​ដុនដាប នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ»

ទន្ទឹមគ្នា​នេះ​ដែរ ប្រធាន​អង្គការ​សេរីនិយម​អន្តរជាតិ (Liberal International) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏ ចក្រភព​អង់គ្លេស លោក Juli Minoves ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ សីហា ថា អង្គការ​សេរីនិយម​អន្តរជាតិ បាន​តាមដាន​ស្ថានការណ៍​វិវត្ត​នៅ​កម្ពុជា ជាមួយ​នឹង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រម្លាយ​ជា​ស្ថាពរ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​១២ ខែ​ចុង​ក្រោយនេះ ដែល​នៅ​ទីបំផុត​ទៅ​បណ្ដាល​ឲ្យ​នូវ​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ​។ លោក​ថ្លែង​ថា ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​បាន​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​មួយ​ដែល​មិន​ស្រប​ទៅ​នឹង​លទ្ធិប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ទាល់តែសោះ​។ អង្គការ​សេរីនិយម​អន្តរជាតិ បាន​ចេញ​នូវ​សេចក្ដី​សម្រេច ដែល​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​អង្គការ​នេះ​នៅ​ទីក្រុង​ប៊ែរឡាំង កាលពី​ខែ​មិថុនា កន្លងទៅ ដោយ​បាន​កំណត់​លក្ខខណ្ឌ​តម្រូវ​អប្ប​បរិ​មា​សម្រាប់​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា នេះ ដើម្បី​ឲ្យ​ការបោះឆ្នោត​នេះ​អាច​ជឿ​ទុក​ចិត្ត​បាន និង​មាន​ភាព​ស្រប​ច្បាប់។ ក៏ប៉ុន្តែ គ្មាន​ឡើយ​ផ្នែក​ណាមួយ​នៃ​លក្ខខណ្ឌ​តម្រូវ​នេះ ត្រូវ​បាន​របប​លោក ហ៊ុន សែន បំពេញ​តាម​ឡើយ។ លោក​ថ្លែង​បន្ត​ថា យើង​បាន​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ការ​បំភិតបំភ័យ និង​ការ​យាយី​រំខាន​ប្រឆាំង​នឹង​អ្នក​ទាំងឡាយ​ណា​ដែល​មាន​គំនិត​ផ្ទុយ​ពី​របប​លោក ហ៊ុន សែន។

សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សេរីនិយម​អន្តរជាតិ សង្កត់ធ្ងន់ៗ​ថា ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​នេះ មិន​អាច​ទទួល​យក​បាន​ថា ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ឡើយ​។ ការបោះឆ្នោត​នេះ នឹង​បង្កើត​នូវ​រដ្ឋាភិបាល​កម្ពុជា​មួយ ដែល​ពុំ​អាច​ជឿ​ទុក​ចិត្ត​បាន និង​ពុំ​មាន​ភាព​ស្របច្បាប់ និង​បង្កើត​នូវ​របប​មួយ​ដែល​បដិសេធ មិន​គោរព​តាម​កាតព្វកិច្ច​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ។ ហេតុដូច្នេះ ប្រធាន​អង្គការ​សេរីនិយម​អន្តរជាតិ គូស​បញ្ជាក់​ត្រង់ៗ​ថា របប​លោក ហ៊ុន សែន ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​វិធានការណ៍​សេដ្ឋកិច្ច និង​នយោបាយ​ណាមួយ ដែល​នឹង​ដាក់​ចេញ​ដោយ​សហគមន៍​នៃ​ប្រជាជាតិ ដែល​និយម​ប្រជាធិបតេយ្យ​ពិតប្រាកដ។

ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​ដ៏​ចម្រូងចម្រាស បណ្ដា​ប្រទេស​និយម​ប្រជាធិបតេយ្យ និង​ក្រុម​ប្រទេស​បស្ចិម​លោក រួមមាន​សហរដ្ឋអាមេរិក កាណាដា សហភាព​អឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់ បារាំង និង​ចក្រភព​អង់គ្លេស សុទ្ធតែ​បញ្ជាក់​ជំហរ​ត្រង់ៗ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​នេះ មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ និង​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​ការបោះឆ្នោត​នេះ​ខ្វះ​ការប្រកួតប្រជែង​ស្មោះត្រង់ និង​ត្រឹមត្រូវ ហើយ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រាស្ត្រ​ពិតប្រាកដ​។ រីឯ​សហរដ្ឋអាមេរិក ក្រៅពី​ការសម្ដែង​ការ​ខកចិត្ត​ខ្លាំង បច្ចុប្បន្ន​កំពុង​ពិចារណា​អំពី​ជំហាន​បន្ទាប់​ទៀត​តាមរយៈ​ការពង្រីក​បន្ថែម​ទៀត​នូវ​បម្រាម​ទិដ្ឋាការ និង​ការ​ដាក់​ទណ្ឌកម្ម តាម​គោលដៅ​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។