លោក ហ៊ុន សែន៖ ​លោក អ៊ុំ សំអាន ​ឆ្កឹះ​កកាយ​រឿង​ព្រំដែន​បំណង​​ញុះញង់​និង​ទម្លាក់​នាយករដ្ឋមន្ត្រី

ដោយ ខែ សុណង
2016-04-22
Share
ហ៊ុន សែន អ៊ុំ សំអាន ៦២០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​ជំរុញ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ក្នុង​ការ​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យ​សម្ដី​ក្នុង​ទិសដៅ​ញុះញង់ បំផុស​បំផុល​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង និង​មាន​ទិសដៅ​ទម្លាក់​នាយករដ្ឋមន្ត្រី។ ការ​ថ្លែង​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២២ ខែ​មេសា។ មន្រ្តី​គណបក្ស​សង្រ្គោះជាតិ នៅ​តែ​ចាត់​ទុក​លោក អ៊ុំ សំអាន ថា​ជា​អ្នក​រងគ្រោះ​ដោយសារ​ឈឺ​ឆ្អាល និង​គិតគូរ​ពី​បញ្ហា​ប្រទេស​ជាតិ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ករណី​ចាប់​ខ្លួន​តំណាងរាស្ត្រ​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន គឺ​លោក អ៊ុំ សំអាន តាម​ផ្លូវ​នយោបាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក អ៊ុំ សំអាន គឺ​ជា​ជនរងគ្រោះ​ដោយសារ​តែ​គាត់​ឈឺ​ឆ្អាល និង​មាន​ស្មារតី​គិតគូរ​ពី​ប្រទេស​ជាតិ មាន​ទឹក​ចិត្ត​ស្នេហា​ជាតិ។ លោក​ថា បញ្ហា​នេះ​ម្ចាស់​ឆ្នោត​ជា​អ្នក​វិនិច្ឆ័យ៖ «យើង​ដឹង​ហើយ​ថា រឿង​នេះ​ជា​រឿង​នយោបាយ វា​ត្រូវ​តែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ ហើយ​ការ​ដោះស្រាយ​ចេញ​មិន​ចេញ គឺ​យើង​ចាំ​មើល​លទ្ធផល​ទៅ​មុខ​ទៀត។ ក៏​ប៉ុន្តែ​អ្នក​ដែល​ស្រលាញ់​យុត្តិធម៌​អាច​នឹង​ជួយ​បាន គឺ​ប្រជាពលរដ្ឋ​គាត់​ត្រូវ​ត្រិះរិះ​ពិចារណា ហើយ​ថា ជម្រើស​របស់​គាត់​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ ថា​តើ​គាត់​ចង់​បាន​សង្គម​មួយ​ដែល​មាន​អំពើ​អយុត្តិធម៌​បែប​ហ្នឹង ឬ​មួយ​ក៏​គាត់​ចង់​បាន​សង្គម​មួយ​ដែល​យុត្តិធម៌?»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​បែប​នេះ​ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​ជុំវិញ​ករណី​ចាប់​ខ្លួន​លោក អ៊ុំ សំអាន នៅ​ក្នុង​កិច្ច​ប្រជុំ​នា​វិមាន​សន្តិភាព​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​ជា​បទល្មើស​ជាក់ស្ដែង ដែល​ជំរុញ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង។

លោក​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យ​សម្ដី​ក្នុង​ទិសដៅ​ញុះញង់ និង​បំផុស​បំផុល​ឲ្យ​មាន​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិត​ខាង និង​មាន​ទិសដៅ​ទម្លាក់​នាយក​រដ្ឋមន្ត្រី៖ «ដូច្នេះ​ការ​បន្ត​លើក​ឡើង​របស់​អ្នក​តំណាងរាស្ត្រ​រូប​នេះ មិន​មាន​ទិសដៅ​ដោះស្រាយ​ពិនិត្យ​មើល និង​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ការ​ប្រើប្រាស់​ផែនទី​ទេ គឺ​មាន​ទិសដៅ​ផ្សេង គឺ​ញុះញង់ និង​បំផុស​បំផុល​ឲ្យ​រឿង​ជាមួយ​ប្រទេស​ជិត​ខាង និង​ទិសដៅ​ទម្លាក់​នាយករដ្ឋមន្ត្រី»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា អ្នក​តំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ឃុំ​បណ្ដោះអាសន្ន​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃស ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍ នៃ​ក្រម​ព្រហ្មទណ្ឌ។

ចំណែក​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា ការ​បង្ហោះ​ឯកសារ​នៅ​លើ​ហ្វេសប៊ុក (Facebook) វា​មិនមែន​ជា​បទឧក្រិដ្ឋ​ទេ ប៉ុន្តែ​គឺ​ជា​ការ​សម្ដែង​ទស្សនៈ​របស់​មនុស្ស​គ្រប់​រូប ហើយ​ការ​ជឿ ឬ​មិន​ជឿ​លើ​ព័ត៌មាន​នោះ អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​មហាជន។ លោក​ថា នាយករដ្ឋមន្ត្រី​កម្ពុជា ទៅ​វិញ​ទេ ដែល​មិន​យល់​អំពី​ពាក្យ​ថា “បទល្មើស​ជាក់ស្ដែង"។

លោក ប៊្រែដ អាដាម៖ «ជាក់ស្ដែង​ណាស់ លោក ហ៊ុន សែន និង​មន្ត្រី​ផ្នែក​ច្បាប់​របស់​លោក មិន​យល់​ពី​អ្វី​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​នោះ​ឡើយ ឬ​ក៏​មិន​យល់​ពី​អ្វី​ទៅ​ជា​បទល្មើស​ជាក់ស្ដែង​នោះ​ទេ។ បទល្មើស​ជាក់ស្ដែង​មាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​បទល្មើស​ត្រូវ​គេ​ចាប់​បាន​ក្នុង​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​តែម្ដង។ មូលហេតុ​ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏​ដូចជា​រដ្ឋធម្មនុញ្ញ​ដទៃ​ទៀត​នៅ​លើ​ពិភពលោក អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​រាជការ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ករណី​បទល្មើស​ជាក់ស្ដែង​នោះ គឺ​ដោយសារ​ថា បើ​មិន​ចែង​ដូច្នេះ​ទេ សមត្ថកិច្ច​មិន​អាច​ចាប់​ខ្លួន​បុគ្គល​នោះ​បាន​ទេ ក្នុង​ករណី​បុគ្គល​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ទៅ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ណា​មួយ។ គ្មាន​ប្រទេស​ណា​មួយ​អនុញ្ញាត​ឲ្យ​មាន​រឿង​អ៊ីចឹង​កើត​ឡើង​ទេ។ បទល្មើស​ជាក់ស្ដែង គឺ​សំដៅ​ករណី​ដែល​បុគ្គល​ណា​មួយ​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ហិង្សា ឬ​មួយ​ក៏​ចោរកម្ម បទល្មើស​ទាំង​ឡាយ​ដែល​កំពុង​កើត​ឡើង ហើយ​ក្នុង​ករណី​នោះ សមត្ថកិច្ច​អាច​ធ្វើ​សកម្មភាព​បាន ពួកគេ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ស្នើ​សុំ​ទៅ​រដ្ឋ​សភា​ឲ្យ​ដក​អភ័យ​ឯកសិទ្ធិ​របស់​បុគ្គល​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​នោះ​មក បើ​សមត្ថកិច្ច​ចង់​បន្ត​នីតិវិធី​ចោទ​ប្រកាន់ សមត្ថកិច្ច​ត្រូវ​ស្នើ​សុំ​ទៅ​រដ្ឋសភា​ឲ្យ​ដក​អភ័យឯកសិទ្ធិ​របស់​បុគ្គល​នោះ។ វា​មិន​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​ក្នុង​ករណី​បទ​ចោទ​ណា ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​ពេល​អតីតកាល​នោះ​ទេ ដូចជា​លើស​ពី ២ ម៉ោង ៥​ម៉ោង ២​ថ្ងៃ ៥​ថ្ងៃ ៦​ខែ ឬ ១​ឆ្នាំ​មុន​នោះ​ឡើយ»

នៅ​ក្នុង​កិច្ច​ប្រជុំ​នា​វិមាន​សន្តិភាព​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ក្រៅ​អំពី​ការ​លើក​ពី​ករណី​លោក អ៊ុំ សំអាន កិច្ច​ពិភាក្សា​នេះ​បាន​លើ​របៀបវារៈ​សំខាន់ៗ រួម​មាន​មក​ពិភាក្សា​គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន សេចក្ដី​ព្រាង​ផែនការ​មេ ឆ្ពោះ​ទៅ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (២០១៦-២០២៣)។ ចុង​ក្រោយ​ពិភាក្សា​ពី​បញ្ហា​ផ្សេងៗ​ លើ​សំណើ​យល់​ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ "កិច្ច​ព្រមព្រៀង​ រវាង​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល​ហុងគ្រី ស្ដីពី​ការ​ជំរុញ​ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល