អ្នកវិភាគ​ព្រមាន​ថា ជំនួយ​របស់​ចិន​អាច​ក្លាយ​ទៅ​ជា​ការ​បញ្ឆេះ​កំហឹង​ពលរដ្ឋ

ដោយ សេក បណ្ឌិត
2019-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
RFA

មេដឹកនាំ​កំពូល​នៃ​របប​ក្រុងភ្នំពេញ​អះអាង​ថា ដំណើរ​ទស្សនកិច្ច ទៅ​ប្រទេស​ចិន​ជា​លើកដំបូង​របស់​ខ្លួន ក្នុង​ដើម​ឆ្នាំ​២០១៩​នេះ គឺ​តប​តាម​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាង (Li Keqiang) ដើម្បី​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ឈរ​លើ​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ។

អ្នកវិភាគ​យល់​ថា ចិន​នឹង​ផ្ទល់​ជំនួយ​ឬ​កម្ចី​បន្ថែម​ទៀត​ដល់​របប​ក្រុងភ្នំពេញ ប៉ុន្តែ​អ្នកវិភាគ​ព្រមាន​ថា ជំនួយ​របស់​ចិន​អាច​ក្លាយទៅជា​ការ​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ទៅវិញ​ទេ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​ថ្ងៃ​ទី​២០ មករា ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ មករា នៅ​ប្រទេស​ចិន លោក​នឹង​ជួប​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង (Xi Jinping) នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាង ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន លោក លីចាន់ស៊ូ (LiZhanshu) ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ចិន លោក វ៉ាង យ៉ាង (Wang Yang) និង​មន្ត្រី​ជាន់ខ្ពស់​ចិន​មួយ​ចំនួន​ទៀត និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ។

របប​ក្រុងភ្នំពេញ​មិន​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ចិន​នៅ​ពេល​នេះ ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ដែល​សភា​អឺរ៉ុប​ទាមទារ​ឱ្យ​លោក ហ៊ុន សែន វិល​មក​រក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ។ ប៉ុន្តែ អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត​នយោបាយ​រវាង​កម្ពុជា និង​ចិន​បន្ថែម​ទៀត។

ការ​បំពេញ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន ស្រប​ពេល​ដែល​កម្ពុជា​ប្រឈម​នឹង​ទណ្ឌកម្ម​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស សំពាធ ពី​សហភាព​អឺរ៉ុប ដោយ​បាន​សម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា។

ក្នុង​បរិបទ​នេះ អ្នកវិភាគ​មើល​ឃើញ​ថា លោក ហ៊ុន សែន គ្មាន​អ្វី​ក្រៅពី​ទៅ​ពឹង​ចិន ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ទាំង​នេះ​ឡើយ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថា ទោះ​ចិន​សព្វ​ថ្ងៃជា​ប្រទេស​មានការ​រីក​ចំរើន​ទាំង​សេដ្ឋកិច្ច​និង​យោធា​ក្តី ប៉ុន្តែ​ប្រទេស​នេះ​មិនសូវ​សម្បូរ​អ្នក​ទិញ គឺ​ប្រទេស​នេះ​សំបូរ​អ្នក​ផលិត។ លោក​រំលឹក​ថា កន្លងទៅ​សូម្បី​ការទិញ​អង្ករ​ពី​កម្ពុជា ក៏​ចិន​ទិញ​មិនបាន​គ្រប់​ចំនួន​តាម​ការសន្យា​របស់​ខ្លួន​នោះ​ដែរ៖ «ប្រទេស​ចិន​គេ​មាន​អ្នក​ផលិត​ឱ្យ​ច្រើន​ជាង​អ្នក​អង្គុយ​ចាំ​ហូប បើ​ប្រៀបធៀប​នៅ​អឺរ៉ុប​ផ្ទុយគ្នា»

អ្នកវិភាគ​នយោបាយ​ម្នាក់​ទៀត ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់​ថា ចិន​មិន​អាច​ជួយ​របប​លោក ហ៊ុន សែន បាន​រយៈពេល​យូរអង្វែង​នោះ​ទេ ព្រោះ​ប្រទេស​កុម្មុយនិស្ត​ចិន​ជួយ​តែ​អ្នក​ដឹកនាំ​របប​ឱ្យ​ពី​របៀប​ថែរក្សា​អំណាច ប៉ុន្តែ​មិន​បាន​ជួយ​ពលរដ្ឋ​នោះ​ទេ។

លោក​បន្ត​ថា បើ​ចិន​នៅតែ​បន្ត​ជួយ​របប​ក្រុងភ្នំពេញ​ដោយ​មិន​ខ្វាយខ្វល់​ពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ជួប​វិបត្តិ​សង្គម​អាច​នឹង​ផ្ទុះ​កំហឹង៖ «ចិន​ជួយ​តែ​រដ្ឋាភិបាល​ទេ ពង្រឹង​អំណាច​រដ្ឋាភិបាល ជាពិសេស​ក្រុម​លោក ហ៊ុន សែន ដែល​ឃើញ​ស្រាប់ ទោះ​របប​នេះ​គំរាម​ពលរដ្ឋ សម្លាប់​ពលរដ្ឋ ធ្វើបាប​ពលរដ្ឋ ប្លន់​ដី​ពលរដ្ឋ ហើយ​កៀប​សង្កត់​សិទ្ធិ​សេរីភាព​កម្មករ ពលរដ្ឋ​នៅ​កម្ពុជា​យើង​ក៏​ចិន​មិន​ខ្វល់​ដែរ នេះ​មានន័យ​ច្បាស់​ណាស់​ថា បង្កើត​កំហឹង​ដល់​ពលរដ្ឋ»

លោក គឹម សុខ យល់ថា ដំណោះស្រាយ​យូរអង្វែង​ដែល​របប​ក្រុងភ្នំពេញ​ត្រូវ​ធ្វើ​ដើម្បី​ឱ្យ​កម្ពុជា វិល​មក​ស្ថាន​ស្ថានការណ៍​ល្អ​ឡើងវិញ លុះ​ត្រា​របប​នេះ​វិល​មក​អនុវត្ត​នូវ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​មាន​ស្រាប់ គឺ​ធ្វើខ្លួន​ជា​ប្រទេស​ឯករាជ្យ និង​អព្យាក្រឹត្យ និង​ត្រូវ​ដឹកនាំ​ប្រទេស​វិល​ទៅ​កាន់​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ការ​អនុញ្ញាត​ឱ្យ​មាន​គណបក្ស​សង្គ្រោះជាតិ ដោះលែង​មេដឹកនាំ​គណបក្ស​នេះ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល