លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ

ដោយ មាន ឫទ្ធិ
2017-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​មិន​ព្រម​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ តាម​បញ្ជា​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​នៅ​ព្រឹក ថ្ងៃ​ទី​១៧ ខែ​ធ្នូ បុរស​ខ្លាំង​នៅ​កម្ពុជា បាន​ពន្យល់​ថា ទៅ​មន្ត្រី​គណបក្សប្រឆាំង​ថា ពេល​ចូលកាន់​តំណែង​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ហើយ ពេល​បញ្ចប់​តំណែង​ក៏​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​វិញ​ដែរ។

កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​តម្រូវ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ ដែល​ត្រូវ​បញ្ឈប់​ពីមុខ​តំណែង ដោយសារ​ការ​សម្រេច​របស់​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រយៈពេល ៣០​ថ្ងៃ ជា​កំហិត ក្រោយ​ការ​ចាកចេញ​ពីមុខ​តំណែង។

មួយថ្ងៃ​បន្ទាប់ គឺ​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ប្រសិនបើ​មន្ត្រី​គណបក្សប្រឆាំង ដែល​បញ្ចប់​ពីមុខ​តំណែង​ទាំងនោះ​មិនបាន​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​តាម​កាល​កំណត់​ទេ ពួកគេ​នឹង​ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​មួយ​ខែ។

មន្ត្រី​នៅ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា ពួកគេ​នៅ​មិនទាន់​ទទួល​បាន​ទម្រង់​បែបបទ​ប្រកាស​ទ្រព្យសម្បត្តិ​នៅឡើយ​ទេ។ ប្រសិនបើ​ទទួល​បាន​នៅ​ពេល​ណា ពួកគេ​នឹង​ទៅ​ប្រកាស​នៅ​ពេល​នោះ។ មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ខ្លះ​ទៀត ហៅ​ការ​តម្រូវ​ឲ្យ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ទាំង​បង្ខំ​ថា ជា​រូបភាព​គំរាមកំហែង​ថ្មី​មួយទៀត នៅ​ក្រោយ​ពេល​ដែល​បក្ស​កាន់អំណាច​បង្ខំ​ឲ្យ​ពួកគេ​ឈប់​ទៅ​ធ្វើ​ការ នៅ​តាម​ឃុំ​សង្កាត់ បម្រើ​ម្ចាស់​ឆ្នោត។

កន្លងមក សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​អំពី​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា ធ្វើឡើង​ដោយ​អាថ៌កំបាំង មិនបាន​បើកចំហ​ឱ្យ​សាធារណជន​បាន​ដឹង និង​ធ្វើឡើង​មិនបាន​ស្មើភាព​គ្នា​ឡើយ។

ជាក់ស្ដែង​មន្ត្រី​រាជរដ្ឋាភិបាល សែស្រឡាយ​មេដឹកនាំ​ធំៗ មានទ្រព្យ​សម្បត្តិ​ហូរហែ និង​មាន​អ្នកខ្លះ​ផ្ញើ​លុយ​នៅ​ធនាគារ​ក្រៅ​ប្រទេស​យ៉ាង​ច្រើន ក្រោយពេល​ពួកគេ​ចូលកាន់​តំណែង ប៉ុន្តែ​ទ្រព្យសម្បត្តិ​ទាំងនោះ​គ្មាន​នរណា​ដឹង​ថា បាន​ដោយ​របៀប​ណា និង​មាន​ចំនួន​ប៉ុណ្ណា​ពិតប្រាកដ​ទេ។

បើ​ទោះជា​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ទម្លាយ​ទ្រព្យសម្បត្តិ និង​ជំនួញ​ធំៗ របស់​គ្រួសារ​ត្រកូល​ហ៊ុន ឬ​មន្ត្រី ធំ​ផ្សេងៗ​ទៀត ដូចជា ទ្រព្យសម្បត្តិ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មាន​ច្រើន​ប៉ុន្មាន​ក៏ដោយ ក៏​គ្មាន​នរណា អាច​ដឹង ឬ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា ជាង​បី​ទសវត្សរ៍​មក​នេះ មាន​ទ្រព្យ​សម្បត្តិ ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​នោះ ក៏​គ្មាន​អ្នកណា​ដឹង​ដែរ។

ចំណែក​សង្គម​ស៊ីវិល​ក្នុងស្រុក​វិញ ហៅ​នីតិវិធី​ប្រកាស​ទ្រព្យសម្បត្តិ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ថា​មាន​ស្តង់ដារ​ពីរ។ សង្គម​ស៊ីវិល​ចង់​ឃើញ​ការប្រកាស​ទ្រព្យសម្បត្តិ​មាន​ស្តង់ដារ​តែមួយ និង​ជា​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ចំហ មិនមែន​ជា​ការប្រកាស ទ្រព្យសម្បត្តិ​ដាក់​ក្នុង​ស្រោមសំបុត្រ​ដូច​សព្វថ្ងៃ​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋ សូមផ្ញើសារ ទៅលោក ហ៑ុន សែន ថា = បើលោកជាមនុស្ស ល្អ ត្រឹមត្រូវ ត្រូវធ្វើច្បាប់ មន្ត្រីរាជការទាំងអស់ (មិនប្រកាន់បក្សពួក) ត្រូវប្រកាស ទ្រព្យសម្បត្តិ ជាចំហរ អោយប្រជាពលរដ្ឋបានដឹងទូទាំងប្រទេស
បើមិនធ្វើដូច្នោះទេ លោក ហ៑ុន សែន គឺជាមនុស្សអាក្រក់ ក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋ តកូន តចៅ

Dec 17, 2017 11:10 PM

NVC vs HS 2018

This evil man so ugly destruction with only words of violent,rude,vulgar,arrest,threatening or kill the pple,becoz this horrible man fears himself the most part of his life...fear the national election is approaching next year that why he try to make troubles before national election coming 2018.The best time for all khmer pple and all political partries to determinate this bad man out of the ring"very very stupid man and very very sicken man".

Dec 17, 2017 05:30 PM

គេហទំព័រ​ទាំងមូល