លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ

ដោយ មាន ឫទ្ធិ
2017.12.17
ហ៊ុន សែន ៧ មករា ២០១៧ ៨៥៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​មិន​ព្រម​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ តាម​បញ្ជា​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​នៅ​ព្រឹក ថ្ងៃ​ទី​១៧ ខែ​ធ្នូ បុរស​ខ្លាំង​នៅ​កម្ពុជា បាន​ពន្យល់​ថា ទៅ​មន្ត្រី​គណបក្សប្រឆាំង​ថា ពេល​ចូលកាន់​តំណែង​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ហើយ ពេល​បញ្ចប់​តំណែង​ក៏​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​វិញ​ដែរ។

កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​តម្រូវ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ ដែល​ត្រូវ​បញ្ឈប់​ពីមុខ​តំណែង ដោយសារ​ការ​សម្រេច​របស់​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រយៈពេល ៣០​ថ្ងៃ ជា​កំហិត ក្រោយ​ការ​ចាកចេញ​ពីមុខ​តំណែង។

មួយថ្ងៃ​បន្ទាប់ គឺ​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ប្រសិនបើ​មន្ត្រី​គណបក្សប្រឆាំង ដែល​បញ្ចប់​ពីមុខ​តំណែង​ទាំងនោះ​មិនបាន​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​តាម​កាល​កំណត់​ទេ ពួកគេ​នឹង​ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​មួយ​ខែ។

មន្ត្រី​នៅ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា ពួកគេ​នៅ​មិនទាន់​ទទួល​បាន​ទម្រង់​បែបបទ​ប្រកាស​ទ្រព្យសម្បត្តិ​នៅឡើយ​ទេ។ ប្រសិនបើ​ទទួល​បាន​នៅ​ពេល​ណា ពួកគេ​នឹង​ទៅ​ប្រកាស​នៅ​ពេល​នោះ។ មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ខ្លះ​ទៀត ហៅ​ការ​តម្រូវ​ឲ្យ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ទាំង​បង្ខំ​ថា ជា​រូបភាព​គំរាមកំហែង​ថ្មី​មួយទៀត នៅ​ក្រោយ​ពេល​ដែល​បក្ស​កាន់អំណាច​បង្ខំ​ឲ្យ​ពួកគេ​ឈប់​ទៅ​ធ្វើ​ការ នៅ​តាម​ឃុំ​សង្កាត់ បម្រើ​ម្ចាស់​ឆ្នោត។

កន្លងមក សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​អំពី​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា ធ្វើឡើង​ដោយ​អាថ៌កំបាំង មិនបាន​បើកចំហ​ឱ្យ​សាធារណជន​បាន​ដឹង និង​ធ្វើឡើង​មិនបាន​ស្មើភាព​គ្នា​ឡើយ។

ជាក់ស្ដែង​មន្ត្រី​រាជរដ្ឋាភិបាល សែស្រឡាយ​មេដឹកនាំ​ធំៗ មានទ្រព្យ​សម្បត្តិ​ហូរហែ និង​មាន​អ្នកខ្លះ​ផ្ញើ​លុយ​នៅ​ធនាគារ​ក្រៅ​ប្រទេស​យ៉ាង​ច្រើន ក្រោយពេល​ពួកគេ​ចូលកាន់​តំណែង ប៉ុន្តែ​ទ្រព្យសម្បត្តិ​ទាំងនោះ​គ្មាន​នរណា​ដឹង​ថា បាន​ដោយ​របៀប​ណា និង​មាន​ចំនួន​ប៉ុណ្ណា​ពិតប្រាកដ​ទេ។

បើ​ទោះជា​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ទម្លាយ​ទ្រព្យសម្បត្តិ និង​ជំនួញ​ធំៗ របស់​គ្រួសារ​ត្រកូល​ហ៊ុន ឬ​មន្ត្រី ធំ​ផ្សេងៗ​ទៀត ដូចជា ទ្រព្យសម្បត្តិ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មាន​ច្រើន​ប៉ុន្មាន​ក៏ដោយ ក៏​គ្មាន​នរណា អាច​ដឹង ឬ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា ជាង​បី​ទសវត្សរ៍​មក​នេះ មាន​ទ្រព្យ​សម្បត្តិ ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​នោះ ក៏​គ្មាន​អ្នកណា​ដឹង​ដែរ។

ចំណែក​សង្គម​ស៊ីវិល​ក្នុងស្រុក​វិញ ហៅ​នីតិវិធី​ប្រកាស​ទ្រព្យសម្បត្តិ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ថា​មាន​ស្តង់ដារ​ពីរ។ សង្គម​ស៊ីវិល​ចង់​ឃើញ​ការប្រកាស​ទ្រព្យសម្បត្តិ​មាន​ស្តង់ដារ​តែមួយ និង​ជា​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ចំហ មិនមែន​ជា​ការប្រកាស ទ្រព្យសម្បត្តិ​ដាក់​ក្នុង​ស្រោមសំបុត្រ​ដូច​សព្វថ្ងៃ​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។