ប្រមុខរដ្ឋាភិបាលកម្ពុជានិងវៀតណាមប្រកាសសម្ពោធបង្គោលព្រំដែន
2015.12.25
នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីវៀតណាម នឹងសម្ពោធបង្គោលព្រំដែនចំនួនពីរ នៅថ្ងៃទី២៦ ធ្នូ។ មន្ត្រីរដ្ឋាភិបាល អះអាងថា ការចូលរួមរបស់ប្រមុខរដ្ឋាភិបាលទាំងពីរនេះ នឹងជួយពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី ឲ្យដឹងថា បង្គោលព្រំដែនដែលប្រមុខរដ្ឋាភិបាលទាំងពីរទៅសម្ពោធ មានទីតាំងនៅបង្គោលលេខ៣០ ស្ថិតក្នុងខេត្តរតនគីរីនៃប្រទេសកម្ពុជា និងខេត្តយ៉ាឡាយ (Gia Lai) នៃប្រទេសវៀតណាម ហើយមួយទៀត មានទីតាំងនៅបង្គោលលេខ២៧៥ ក្នុងខេត្តតាកែវ ប្រទេសកម្ពុជា និងខេត្តអានយ៉ាង (An Giang) ប្រទេសវៀតណាម។
លោកស្រី បញ្ជាក់ថា ការដែលភាគីទាំងពីរជ្រើសរើសយកបង្គោលទាំងពីរ ធ្វើពិធីសម្ពោធនៅថ្ងៃទី២៦ ធ្នូ ដោយសារបង្គោលព្រំដែនទាំងពីរមានទីតាំងនៅច្រកព្រំដែនអន្តរជាតិ គឺច្រកទ្វារអន្តរជាតិភ្នំដិន និងច្រកទ្វារអន្តរជាតិអូយ៉ាដាវ៖ «ង្វៀន តាន់យុង (Nguyễn Tấn Dũng) គឺបង្គោលលេខ១៧១ នៅច្រកទ្វារអន្តរជាតិបាវិត តាំងពីឆ្នាំ២០០៦។ ហើយក្រោយមកទៀត នាយករដ្ឋមន្ត្រីទាំងពីរ សមេ្តចនាយក អញ្ជើញសម្ពោធនៅបង្គោល៣១៤ ខេត្តកំពត។ ឥឡូវនេះ សម្ពោធពីរទៀតនៅថ្ងៃតែមួយ នៅបង្គោលលេខ៣០ និងបង្គោលលេខ២៧៥»។នាយករដ្ឋមន្ត្រីទាំងពីរ បានបោះបង្គោលព្រំដែនបានបីដងហើយ។ លើកទីមួយ បានទៅចូលរួមសម្ពោធជាមួយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២០ ខែវិច្ឆិកា អាជ្ញាធរកម្ពុជា និងវៀតណាម បានបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ២៧៥ នៅភ្នំដិន ខេត្តតាកែវ និងបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ៣០ ឋិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីផងដែរ ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនបានបញ្ជាក់គោលជំហរគាំទ្រ ឬប្រឆាំងនឹងការសម្ពោធនេះឡើយ។ ក៏ប៉ុន្តែមន្ត្រីបក្សប្រឆាំងរូបនេះថ្លែងថា ដំណើរបោះបង្គោលរវាងប្រទេសកម្ពុជា និងវៀតណាម នៅមានមន្ទិលជាច្រើន ហើយពាក្យបណ្ដឹងរបស់ពលរដ្ឋក៏មិនទាន់ដោះសា្រយដាច់ស្រេចនៅឡើយដែរ៖ «ចំពោះគណបក្សសង្គ្រោះជាតិ ដែលយើងបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ជាពិសេសទទួលព័ត៌មានជារឿយៗហ្នឹង យើងគិតថានៅមានមន្ទិលសង្ស័យច្រើន។ យើងនឹងដោះស្រាយនៅពេលណាដែលគណបក្សសង្គ្រោះជាតិ មានអំណាចគ្រប់គ្រាន់នៅក្នុងរដ្ឋាភិបាល»។
បណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចុះស្រាវជ្រាវការបោះបង្គោលព្រំដែនរបស់ប្រទេសកម្ពុជា និងវៀតណាម បានថ្លែងថា លោកនឹងចូលរួមតាមដានមើលដំណើរការសម្ពោធបង្គោលព្រំដែននៅក្នុងខេត្តតាកែវដែរ។
ទោះយ៉ាងណា លោក សុខ ទូច មិនបានអត្ថាធិប្បាយជុំវិញការសម្ពោធបង្គោលព្រំដែននៅពេលនេះទេ ដោយលោកមានប្រសាសន៍ថា លោកនឹងយកផែនទីផ្ទៀងផ្ទាត់ និងផែនដីជាមុនសិន មុននឹងចេញសេចក្ដីសន្និដ្ឋានណាមួយ៖ «ប្រសិនបើគេសម្ពោធអាថ៌កំបាំងមិនឲ្យនរណាដឹង ហ្នឹងខ្ញុំជឿជាក់ថាវាមានបញ្ហា តែបើយើងបង្ហាញបែបនេះ យើងនឹងទៅមើល ចាំមើលទាំងអស់គ្នា។ ត្រូវក៏យើងមិនទាន់ថា ខុសក៏យើងមិនទាន់ថា។ យើងត្រូវទៅសិក្សាទាំងអស់គ្នា ពីព្រោះរឿងនេះជារឿងជាតិយើងទាំងអស់គ្នា»។
យោងតាម អ្នកស្រី កុយ ពិសី ភាគីកម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែនបានចំនួន៨៣ភាគរយ ឬស្មើនឹង១២៦០គីឡូម៉ែត្រ។ ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោក និងព្រំដែនទឹក សរុប ២.៥៧២គីឡូម៉ែត្រ។ លោកស្រីពន្យល់ថា ភាគរយដែលនៅសេសសល់ គឺភាគីទាំងពីរកំពុងបន្តដោះស្រាយបញ្ហាបច្ចេកទេស និងវិវាទនានាជាមុនសិន។ យ៉ាងណាក៏ដោយ លោកស្រី មិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដ ថាពេលណាទើបការបោះបង្គោលព្រំដែននេះ អាចបញ្ចប់ទាំងស្រុងនៅឡើយទេ៕