មន្ត្រី​​ក្រសួង​មហាផ្ទៃ​ថា ការ​តាម​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ពី​ក្រៅ​ប្រទេស​​នាំ​ឲ្យ​បែកបាក់​ជាតិ

ដោយ មាន ឫទ្ធិ
2018.04.19
ខៀវ សុភ័គ ២០១៦ ៨៥៥ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

មន្ត្រី​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ អះអាង​ថា ចំណាត់​ការ​តាម​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ​រួម​ទាំង​លោក សម រង្ស៊ី គឺជា​ការ​បំបែកបំបាក់​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ នេះ ហាក់​ជា​ការ​ចំអក​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​បាន​ព្រមាន​មិន​ដាច់​ពី​មាត់ ពី​ការ​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​នេះ ជា​ច្រើន​លើក​ច្រើន​សា។ អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា របប​លោក ហ៊ុន សែន អាច​នឹង​កំពុង​ព្យាយាម​ទប់​ស្ថានការណ៍ និង​កម្ដៅ​នយោបាយ មិន​ឲ្យ​ធ្លាក់​ផុង​ជ្រៅ​ជាងនេះ​ទៀត ដើម្បី​ទុក​ច្រក​រក​ដំណោះស្រាយ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក ខៀវ សុភ័គ ថា ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​តាម​ចាប់ខ្លួន ឬ​ធ្វើ​បត្យាប័ន លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ធ្វើ​យុទ្ធនាការ​ការទូត​យ៉ាងសកម្ម​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី នា​មួយ​រយៈពេល​ចុងក្រោយ​នេះ​ថា គឺជា​ការ​យក​សាំង​មក​ចាក់​លើ​ភ្លើង ដើម្បី​ឲ្យ​បែកបាក់​ជាត​៖ «ហ្នឹងហើយ​ចាក់​សម្ដី​ពូ​ឲ្យ​អស់​អាស៊ីសេរី ហើយ​កុំ​កាត់​កុំ​កង​អី។ ជា​សំណួរ​ឌឺ យក​សាំង​ចាក់​លើ​ភ្លើង ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​បែកបាក់ ហើយ​យើង​អង្គុយ​មើល យើង​រស់នៅ​ប្រទេស​សេរី អ៊ីចឹង​ហើយ។ យើង​ល្អ សប្បាយ​ចិត្ត ស្រុក​យើង​កើត​សង្គ្រាម​ដូច​ស៊ីរី»

ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ បែប​នេះ ធ្វើ​ឡើង​ក្រោយពេល​អាស៊ីសេរី ព្យាយាម​សុំ​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក ជុំវិញ​ថា​តើ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​របស់​លោក មានបាន​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ណាមួយ តាម​ចាប់ខ្លួន ឬ​ធ្វើ​បត្យាប័ន​លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ ដែល​បាន​មាន​វត្ត​មាននៅ​ទឹកដី​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ​ឬទេ ដូច​តាម​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​មិន​ដាច់​ពី​មាត់ ជាច្រើនលើក​ច្រើន​សា​នោះ​ដែរ​ឬទេ។ ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ បែប​នេះ ហាក់​ជា​សារ​ទះ​កំភ្លៀង​មួយ​យ៉ាង​ចាស់ដៃ ទៅ​ចៅហ្វាយនាយ​របស់​លោក គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ធ្លាប់​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស ថា​ជា​ក្រុម​ភេរវករ ឬ​ក្រុម​ក្បត់ជាតិ ដែល​មិន​អាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត ហើយ​ត្រូវតែ​តាម​ចាប់ខ្លួន​ឲ្យ​បាន បើ​ហ៊ាន​ធ្វើ​សកម្មភាព​ណាមួយ​នៅ​ក្នុង​ទឹកដី​អាស៊ី​នោះ។

លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ «អ្នកខ្លះ​គឺ​អា​អ្នក​រត់​ចោលស្រុក​ហ្នឹង សម្ពាធ​សម្ពាធ​សម្ពាធ​! អញ្ជើញ​មក សម្ពាធ វា​ត្រូវ​ក្បាល ហ៊ុន សែន ហើយ។ សម្ពាធ​តិច​ប៉ះ​ខ្លួនឯង ហើយ​ខ្ញុំ​សុំ​ផ្តាំ​ណាស់ កុំ​មក​អាស៊ី​ឲ្យ​សោះ​។ សុំ​កុំ​មក​ក្បែរ​អាស៊ី​! បើ​អ្នកឯង​តាំង​ខ្លួន​ធ្វើជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នកឯង​ទាល់តែ​រួច។ ទាល់តែ​បាន​! ឥឡូវ​គេ​កំពុង​ប្រកាស​ខ្លួន​គេ​ជា​ភេរវករ​ហើយ​។ មិនមែន​គ្រាន់តែ​ជា​អង្គការ​ក្រៅច្បាប់​ទេ ជា​ភេរវករ​តែម្ដង។ ជា​អង្គការ​ភេរវកម្ម»

លោក ហ៊ុន សែន គូស​បញ្ជាក់​ដែរ​ថា កម្ពុជា​អាច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​បណ្ដា​ប្រទេស​​នៅ​អាស៊ី ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​គ្រប់ពេលវេលា បើ​ហ៊ាន​ឈាន​ជើង​ជាន់​ទឹកដី​អាស៊ី។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ព្យាយាម​បដិសេធ​មិន​ឆ្លើយតប​ជុំវិញ​សំណួរ​អំពី​ចំណាត់​ការ​តាម​ចាប់ខ្លួន​នេះ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ការណ៍​ដែល​របប​លោក ហ៊ុន សែន ហាក់​នៅ​ស្ងៀមស្ងាត់​មិន​ហ៊ាន​ធ្វើ​សកម្មភាព​តាម​ចាប់ខ្លួន ឬ​ធ្វើ​បត្យាប័ន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ដោយ​គ្រាន់តែ​ព្រមាន​ជា​ការ​កម្លា​បែបនេះ ទំនងជា​ការ​ព្យាយាម​ទប់​ស្ថានការណ៍ និង​កម្ដៅ​នយោបាយ មិន​ឲ្យ​ធ្លាក់​ផុង​ជ្រៅ​ជាង​នេះ​ទៀត ដើម្បី​ទុក​ច្រក​រក​ដំណោះស្រាយ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ ជាពិសេស​ក្រោយពី​មាន​ជំនួប​រវាង​ប្រមុខ​ការទូត​ជប៉ុន ជាមួយ​នឹង​លោក ហ៊ុន សែន រួចមក ដែល​កាល​ណោះ​ជប៉ុន នៅតែ​បាន​ទទូច​ឲ្យ​របប​លោក ហ៊ុន សែន ពិចារណា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​នា​ពេល​ខាងមុខនេះ។ លោក​បណ្ឌិត មាស នី លើកឡើង​ថា ទាំង​ជប៉ុន និង​ទាំង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​សុទ្ធតែ​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស មិន​ចង់​ធ្វើ​អ្វីមួយ​ឲ្យ​មិន​សម​ហេតុផល​ឡើយ ដែល​នាំ​ឲ្យ​បាត់បង់​ភាព​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន ក្នុង​ការ​ធ្វើជា​អ្នក​សម្របសម្រួល​ឡើយ៖ «ដូច​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង ជួនកាល​វា​អាច​មាន​អ្វីមួយ​ដែល​គណបក្ស​កាន់អំណាច​កំពុង​ពិចារណា ដោយសារតែ​ការ​ជួប​គ្នា​ចុងក្រោយ​ជាមួយ​មន្ត្រី​ការទូត​ជប៉ុន។ ខ្ញុំ​សង្ឃឹម​ថា អ្នកនយោបាយ​នឹង​ចាប់ផ្ដើម​ទប់ខ្លួន​រៀងខ្លួន ដើម្បី​រក​មធ្យោបាយ​រក​ច្រកចេញ​ណាមួយ​ក្នុង​ពេល​មិនយូរប៉ុន្មាន​ខាងមុខ»

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ថា​តើ​របប​ក្រុងភ្នំពេញ មាន​បាន​ធ្វើការ​ស្នើសុំ​ជា​ផ្លូវការ​ណាមួយ​ដែរ​ឬទេ អំពី​ការ​ធ្វើ​បត្យាប័ន​ណាមួយ​នោះ ក៏ប៉ុន្តែ​ពុំ​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ឡើយ។

បើ​ទោះ​បី​ជា​មានការ​ព្រមាន​របស់​លោក ហ៊ុន សែន អំពី​ការ​តាម​ចាប់ខ្លួន​នេះ ក៏ដោយ របប​លោក ហ៊ុន សែន ជាទូទៅ​តែងតែ​ស្ងប់ស្ងាត់​មិន​ធ្វើ​ចំណាត់ការ​នេះ​ឡើយ ជាក់ស្ដែង​រួម​ទាំង​ជាមួយ​ប្រទេស​បារាំង ដែល​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយគ្នា​នោះ។ ផ្ទុយ​ពី​ការ​លើកឡើង​បែប​កម្លា​របស់​លោក ហ៊ុន សែន នេះ របប​របស់​លោក កន្លងទៅ ធ្លាប់​បាន​ដាក់​បម្រាម​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​ឡើយ ដោយ​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​ព្រំដែន​ទាំងអស់ រួម​ទាំង​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឲ្យ​ដឹក​លោក សម រង្ស៊ី ចូល​ស្រុក​ឡើយ បើទោះបីជា​កាលណោះ លោក សម រង្ស៊ី ចង់​ជម្នះ​មក​ទទួលទោស​ទណ្ឌ​នៅ​កម្ពុជា​ក៏ដោយ។

នៅ​ពេល​មាន​វត្តមាននៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ព្រមាន​ជាថ្មី​ម្តង​ទៀត​ថា ចលនា​ងើប​បះបោរ​នឹង​កើតមានឡើង​នៅ​កម្ពុជា ប្រសិនបើ​ពុំ​មាន​វត្តមាន​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ខាងមុខនេះ​ទេ។ លោក​ក៏បាន​អំពាវនាវ​ទៅកាន់​ពិភពលោក កុំ​ឲ្យ​បញ្ជូន​អ្នកសង្កេតការណ៍​មក​ចូលរួម និង​ទទួលស្គាល់​ការបោះឆ្នោត​ខាងមុខនេះ​ឲ្យ​សោះ ដោយ​លោក​អះអាង​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ប្រសិនបើ​ពុំ​មាន​វត្តមាន​បក្ស​សង្គ្រោះជាតិ។ លោក ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។