ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​ចំពោះ​អ្នក​ឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​តាម​សំណើ គ.ជ.ប

RFA
2018.05.19
ខៀវ សុភ័គ ២០១៦ ៦២២ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
RFA

ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​ចំពោះ​អ្នក​ឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​តាម​សំណើ គ..ប។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​និយាយ​ថា ក្រសួង​នឹង​ប្ដឹង​ទៅ​តុលាការ ចំពោះ​ជន​ណា ដែល​ឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​ខាង​មុខ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ព្រមាន​ថា ក្រសួង​មហាផ្ទៃ​នឹង​ប្ដឹង​ទៅ​តុលាការ ដើម្បី​រឹប​អូស​ទ្រព្យ​សម្បត្តិ មន្ត្រី​បក្ស​ប្រឆាំង ដែល​បាន​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​មួយ​ថា វិធានការ​បែប​នេះ​ព្រោះ​សមត្ថកិច្ច​ពិបាក​ចាប់​ខ្លួន​ពួក​គេ​ទាំង​អស់​គ្នា​នោះ ដោយ​ពួក​គេ​មិន​មាន​វត្តមាន​នៅ​កម្ពុជា។

លោក ខៀវ សុភ័គ បដិសេធ​មិន​ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ី​សេរី ដោយ​អះអាង​ថា លោក​ធ្លាប់​ប្រាប់​ថា លោក​មិន​ផ្ដល់​សម្ភាស​ដល់​វិទ្យុ​អាស៊ី​សេរី​ទេ។

ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ​នៅ​ពេល​នេះ គឺ​សំដៅ​ព្រមាន​ទៅ​ដល់​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី២៩ ខែកក្កដា​ខាង​មុខ បើ​សិន​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ប្រជែង។

លោក សម រង្ស៊ី និយាយ​ថា ការ​បោះ​ឆ្នោត ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មាន​អ្នក​គាំទ្រ​ជាង ៣​លាន​នាក់​នោះ គឺ​មាន​តែ​គណបក្ស​តិរច្ឆាន និង​គណបក្ស​អំពិលអំពែក​ចូលរួម​ប៉ុណ្ណោះ។

កាលពីថ្ងៃ​ទី១៧ ខែឧសភា លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ..ប បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា គ..ប បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​វិធានការ​លើ​បុគ្គល ដែល​ញុះញង់​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត។

អ្នកវិភាគនយោបាយ​លោក​បណ្ឌិត មាស នី បាន​និយាយ​ថា ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន នៅ​ពេល​នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​របប​នេះ​ត្រូវ​ការ​ជា​ចាំបាច់ ក្នុង​ការ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ខណៈ​គណបក្ស​កាន់​អំណាច​មិន​អនុញ្ញាត​គណបក្ស ប្រឆាំង​ចូលរួម។ លោក​បន្ត​ថា ទោះ​របប​លោក ហ៊ុន សែន ត្រូវ​ការ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​យ៉ាង​ណា​ក្តី គឺ​របប​នេះ គ្មាន​សិទ្ធិ​បង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នោះ​ទេ«បាទ​នេះ​ជា​រឿង​ធម្មតា​ទេ ព្រោះ​យើង​មើល​ទំនោរ​រដ្ឋាភិបាល​សព្វថ្ងៃ គឺ​បញ្ហា​នយោបាយ​ក្តី ក៏​នៅ​តែ​បង្ហាញ​ចេតនា​ចង់​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។ ដូច្នេះ​ចំនួន​អ្នក​បោះ​ឆ្នោត​វា​ក៏​ជាកក្តា​សំខាន់​ដែរ ព្រោះ​ការ​បោះ​ឆ្នោត​ហ្នឹង​ជា​ការ​បង្ហាញ​ពី​ទទួល​ស្គាល់​ពី​ក្រៅ​ផង និង​ក្នុង​ស្រុក​ផង​បាទ»

របប​លោក ហ៊ុន សែន បាន​ធ្វើ​ច្បាប់​ដាក់​ទោស​លើ​ជន​ណា ដែល​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត ក្នុង​នោះ​មាត្រា ១៤២ និង១៤៨ នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ចែង​ថា ជន​ណា ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ខាង​លើ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ២០​លាន​រៀល ដោយ​គ..ប ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ទេ។ ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន ចង់​រឹប​អូស​ទ្រព្យ​សម្បត្តិ​មន្ត្រី​បក្ស​ប្រឆាំង​នោះ សហរដ្ឋ​អាមេរិក​ឯណេះ​វិញ​កំពុង​ធ្វើ​ច្បាប់​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​របប​លោក ហ៊ុន សែន និង​ហាម​ឃាត់​មិន​ឲ្យ​ចរាចរ​សាច់​ប្រាក់​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។