ក្រសួង​មហាផ្ទៃ​ព្រមាន​ថា ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​បក្ស​ភ្លើងទៀន​មាន​ភាព​មិន​ប្រក្រតី

ដោយ សុជីវី
2022.05.25
Share on WhatsApp
Share on WhatsApp
ក្រសួង​មហាផ្ទៃ​ព្រមាន​ថា ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​បក្ស​ភ្លើងទៀន​មាន​ភាព​មិន​ប្រក្រតី លោក សុន ឆ័យ (ពីឆ្វេង) អនុប្រធាន​គណបក្ស​ភ្លើងទៀន និង​ប្រធានគណបក្សលោក ទាវ វណ្ណុល ក្នុងថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។
រូប៖​ពលរដ្ឋផ្ដល់​ឱ្យ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​នៅ​ថ្ងៃទី​២៥ ឧសភា ដោយ​ណែនាំ​ពី​ភាព​មិនប្រក្រតី និង​ការអនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ​នៃ​គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ក្នុងករណី​តែងតាំង លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន​។ ការ​ព្រមាន​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បែបនេះ ធ្វើឡើង អំឡុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃទី​៥ នៃ​គណបក្ស​នយោបាយ​នានា​។ ជា​ការ​ឆ្លើយតប មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ លើកឡើង​ថា លោក​នឹង​រៀបចំ​បំពេញបែបបទ​ឯកសារ​បន្ថែម​ស្ដីពី​ជីវប្រវត្តិ​របស់​លោកតា​ម​នីតិវិធី​ច្បាប់​នៃ​គណបក្ស​នយោបាយ។

មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ភ្លើងទៀន និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន រម្លាយ លោក សុន ឆ័យ ចាត់ទុក​ការព្រមាន​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅពេល​ឃោសនាបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​នេះ ថា​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​។​

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ ឧសភា​ថា ភាព​ខ្វះ​ចន្លោះ​ពាក់ព័ន្ធ នឹង​លិខិត​ឯកសារ​ផ្នែក​រដ្ឋបាល​មួយចំនួន ក្នុង​តួនាទី​របស់​លោក​ជា​អនុប្រធាន​បក្ស ដើម្បី​តម្កល់​ក្នុង​ក្រសួងមហាផ្ទៃ គឺជា​រឿង​តូចតាច​តែប៉ុណ្ណោះ៖ «ហ្នឹងហើយ​តាម​ដែល​យើង​ដឹង គឺថា​ខាង​រដ្ឋបាល​នៃ​គណបក្ស​(​ភ្លើងទៀន​)​ហ្នឹង មិនទាន់​បាន​បញ្ជូន​ទៅ ឬ​យ៉ាងណា​ហ្នឹង ខ្ញុំ​នឹង​ឆែក​មើល ហើយ​ការងារ​ហ្នឹង​មិន​សំខាន់​ទេ​។ គណបក្ស​នឹង​រៀបចំ ផ្ញើ​ប្រវត្តិ​រូប​ខ្ញុំ ទៅ​ក្រសួងមហាផ្ទៃ​តាម​ការ​ទាមទារ​របស់​ក្រសួង​។ ខ្ញុំ​ថា ដូចជា​មិន​មានអី​ធំដុំ​ទេ»

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ដែល​ចុះហត្ថលេខា ដោយ​លោក ស ខេង បង្ហាញ​ថា ការ​សម្រេច​តែងតាំង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀត លោក សុន ឆ័យ គឺ​បាន​អនុវត្ត​ផ្ទុយ​ពី​ប្រការ​២០ និង​ប្រការ​៣៣ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​ដែល​បាន​ចុះ​នៅ​ថ្ងៃទី​៩ ខែមីនា​។ ក្រសួង​មហាផ្ទៃ ស្នើ​ដល់​ប្រធាន​គណបក្ស​ភ្លើងទៀន ត្រូវតែ​អនុវត្ត​តាម​លក្ខន្តិកៈ និង​បទបញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាត្រា​២៦ ចែង​ដោយមាន​ជាអាទិ៍​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​រួច ប្រធាន និង​អនុប្រធាន​របស់​គណបក្ស​នយោបាយ​នីមួយៗ ត្រូវ​បញ្ជូន​ឈ្មោះ​ទៅកាន់​ក្រសួង​មហាផ្ទៃ ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប​ដែល​មាន​បិទ​រូបថត​ទំហំ ០៤ គុណ​នឹង ០៦ និង​ត្រូវ​ជូនដំណឹង​ទៅកាន់​ក្រសួង​មហាផ្ទៃ​ជា​លាយលក្ខណ៍អក្សរ។

ទោះជា​យ៉ាងណា អនុប្រធាន​គណបក្ស​ភ្លើង​ទៀត លោក សុន ឆ័យ បញ្ជាក់​ថា លោក​នឹង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ដែល​ខ្វះខាត ក្នុង​ការ​តែងតាំង​តួនាទី​របស់​លោក បញ្ជូន​ទៅកាន់​ក្រសួងមហាផ្ទៃ​ឱ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​មាន​លេស និង​ការ​ចាប់​កំហុស ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន និង​ការ​គំរាមកំហែង​មក​លើ​គណបក្ស​ភ្លើងទៀន​ពី​សំណាក់​អាជ្ញាធរ​នៃ​បក្ស​កាន់អំណាច។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស សង្កេតឃើញ​ថា គណបក្ស​ភ្លើងទៀន ដែល​ជា​ដៃ​ប្រ​កូត​ប្រជែង​ជាមួយ​គណបក្សកាន់អំណាច ហាក់​មានការ​រឹត​បន្តឹង​ក្នុង​ការ​អនុវត្ត​នីតី​វិធី​។ លោក​បន្ត​ថា ក្នុង​នោះ​រាប់​តាំងពី​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ភ្លើងទៀន និង​សកម្មជន​បក្ស​នេះ គឺ ប្រឈម​នឹង​ពាក្យ​បណ្តឹង​នៅ​តុលាការ និង​សកម្មជន​ខ្លះទៀត​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​។ ក្រៅ​ពី​នេះ លោក​​មើល​ឃើញ​ថា យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នៃ​គណបក្ស​នយោបាយ​នានា អាជ្ញាធរ​ហាក់​លម្អៀង​ទៅ​ខាង​បក្ស​កាន់អំណាច ដោយសារ​ក្បួន​ហែ​របស់​គណបក្ស​ភ្លើងទៀន​ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​រឹតត្បិត​កន្លែង​ឃោសនា​នៅ​តំបន់​សំខាន់ៗ​មួយ​ចំនួន៖ «ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​យល់​ឃើញ​ថា គណបក្ស​នយោបាយ​គួរតែ​មើល​លក្ខន្តិកៈ​របស់​ខ្លួន បាន​ដាក់​ទៅ​ស្ថាប័ន គ​.​ជ​.​ប ហើយក៏​គួរតែ​ពិនិត្យ​ទៅ​តាម​លក្ខន្តិកៈ​របស់​ខ្លួន​ហ្នឹង​ឱ្យ​បាន​ត្រឹមត្រូវ មុន​ការ​ដាក់​ជូន​ទៅកាន់​ក្រសួងមហាផ្ទៃ​។ ខ្ញុំ​យល់​ឃើញ​ថា ក្រសួង​មហាផ្ទៃ​គួរ​មានការ​សម្របសម្រួល​ក្នុង​ដំណើរការ​ចូលរួម​របស់​គណបក្ស​នយោបាយ ក្នុង​ចំណុច​ដែល​មាន​ការ​ចន្លោះប្រហោង ឬ​តូចតាច​ណាមួយ ដែល​គិតថា​វា​មិន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ»

លោក កន សាវាង្ស ស្នើ​ដល់​ក្រសួង​មហាផ្ទៃ​គួរ​មានការ​ភាព​យោគយល់ ឬ​សម្រួល​ឱ្យ​គណបក្ស​ដៃគូ​ប្រ​កូត​ប្រជែង ក្នុង​ការ​អនុវត្ត​នីតិ​វិធី​ស្ដីពី​ការ​តាំង​តួនាទី​នៃ​មន្ត្រី​បក្សនយោបាយ​ដែល​មិន​ធ្វើ​ឱ្យ​មាន​ប៉ះពាល់​ដល់​នីតិវី​ធី​ធ្ងន់ធ្ងរ ដើម្បី​ធានា​តម្លាភាព និង​ការបោះឆ្នោត​នៅ​ថ្នាក់ក្រោម​ជាតិ​ខាងមុខនេះ​ប្រកបដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល