វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ឬភូមា នៅតែបន្តអូសបន្លាយ ហើយរបបសឹកនៅតែប្រើអំពើហិង្សាសម្លាប់ពលរដ្ឋឥតឈប់ឈរ។ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានប្ដូរវេនអាស៊ានព្យាយាមដោះស្រាយវិបត្តិនៅភូមានេះយ៉ាងណាក្ដី ក៏អំពើហិង្សាក្រោយរដ្ឋប្រហារបង្ហូរឈាមរបស់មេដឹកនាំយោធា កាន់តែមានសភាពធ្ងន់ធ្ងរជាលំដាប់ ។
តើមូលហេតុអ្វី បានជាលោក ហ៊ុន សែន ឬអាស៊ាន មិនអាចដោះស្រាយវិបត្តិនយោបាយនៅភូមានេះបាន?
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន មិនមានឆន្ទៈពិតប្រាកដចង់ដោះស្រាយជម្លោះនយោបាយនៅភូមាឡើយ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន មិនអាចយក នយោបាយឈ្នះឈ្នះរបស់លោក ទៅដោះស្រាយវិបត្តិនយោបាយនៅភូមាបានឡើយ។ លោកបន្ថែមថា នយោបាយឈ្នះឈ្នះ របស់លោក បានតែអនុវត្តនៅកម្ពុជាទេ ដែលលោក ហ៊ុន សែន អាចប្រើអំណាចយកឈ្នះលើគេឯងបាន។ ក៏ប៉ុន្តែករណីនៅភូមានេះ លោក ហ៊ុន សែន គ្មានសមត្ថភាពដោះស្រាយឡើយ រួមផ្សំទាំងវិបត្តិនយោបាយនៅកម្ពុជាកំពុងតែជាប់គាំងផងនោះ។ «»
មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានធ្វើជាប្រធានប្ដូរវេនអាស៊ានតាំងពីខែមករាឆ្នាំ២០២២មក។ ក្រោយពីលោក ហ៊ុន សែន បានធ្វើជាប្រធានប្ដូរវេនអាស៊ានភ្លាម លោកបានចេញមុខដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ឬភូមាដោយឯកតោភាគីដ៏ចម្រូងចម្រាស និងមានការរិះគន់ពីសមាជិកអាស៊ានទៀតផង។ លោកបានដឹកនាំប្រតិភូកម្ពុជាទៅជួបមេដឹកនាំយោធាខុសច្បាប់ភូមាកាលពីថ្ងៃទី៧មករាឆ្នាំ២០២២។ លោក ហ៊ុន សែន និង លោក ម៊ីន អ៊ុងលាំង (Min AungHlaing) បានចុះកិច្ចព្រមព្រៀងមួយដោយផ្ដោតសំខាន់ឲ្យបញ្ឈប់ការប្រើអាវុធ ឬអំពើហិង្សាទៅលើជនស៊ីវិលភូមា។ ក៏ប៉ុន្តែក្រុមមេដឹកនាំយោធាមិនបានគោរពតាមសន្យានេះទេ។ លោកហ៊ុន សែន ត្រលប់មកកម្ពុជាវិញភ្លាម ក្រុមយោធាភូមានៅតែទម្លាក់គ្រាប់លើភូមិឋានរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមនុស្សស្លាប់ដដែល។ មកទល់ពេលនេះ ក្រុមយោធានៅតែបន្តប្រើប្រាស់អាវុធសម្លាប់ជនស៊ីវិល ទោះជាមានការថ្កោលទោលពីសហគមន៍អន្តរជាតិក្ដី។
ចាប់តាំងពីរបបសឹកធ្វើរដ្ឋប្រហាររដ្ឋាភិបាលស្របច្បាប់របស់អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suukyi) កាលពីខែកុម្ភៈឆ្នាំ២០២១ មក របបសឹកបានសម្លាប់ជនស៊ីវិលជិត ២.៣០០នាក់។ តុលាការបានកាត់ទោសប្រហារជីវិតសកម្មជនដែលប្រឆាំងខ្លួនចំនួន៤នាក់ និងចាប់ខ្លួនមនុស្សប្រមាណ១ម៉ឺន៥ពាន់នាក់ផ្សេងទៀតដាក់ពន្ធនាគារ។
លោក ហ៊ុន សែន ក្រោយពីព្យាយាមដោះស្រាយភូមា ដោយឯកតោភាគីមិនបានជោគជ័យ លោកក៏ងាកមកដោះស្រាយវិបត្តិនយោបាយភូមាជាមួយសមាជិកអាស៊ានវិញ ក្រោយពីក្រុមមេដឹកនាំអាស៊ានមួយចំនួន រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី បានចុះទៅជួបលោក ហ៊ុន សែន និងជំរុញឲ្យរួមគ្នាដោះស្រាយវិបត្តិនយោបាយនៅភូមាក្នុងនាមជាអាស៊ានវិញ។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ វិបត្តិភូមា ក៏នៅមិនទាន់ ដោះស្រាយបាននៅឡើយ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា មូលហេតុដែលអាស៊ានមិនទាន់ដោះស្រាយ វិបត្តិភូមានេះបាន អាចមកពីប្រធានអាស៊ានឲ្យតម្លៃលើក្រុមមេដឹកនាំយោធាខុសច្បាប់ខ្លាំងពេក ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬប្រេសិតអាស៊ានជួបតែខាងរបបសឹក ហើយមិនបានជួបខាងរដ្ឋាភិបាលស្រមោលជាដើម ដើម្បីស្វែងរកការចរចា។ «»
ទាក់ទងនឹងបញ្ហានេះ នៅក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងញ៉ូវយក ក្នុងឱកាសលោកចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នោះ លោក ហ៊ុន សែន ហាក់ទទួលស្គាល់អំពីការបរាជ័យលើការដោះស្រាយវិបត្តិនៅភូមា។ លោកបានបញ្ជាក់ថា ក្នុងនាមលោកជាប្រធានអាស៊ាន គឺមានបញ្ហាប្រឈមច្រើនដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសដូចជាបញ្ហានៅមីយ៉ាន់ម៉ាជាដើម។ ទោះជាបែបនេះក្ដី លោក ហ៊ុន សែន ប្ដេជ្ញាថា នឹងព្យាយាមខិតខំដោះស្រាយ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។
រីឯនៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន និង កាលពីពេលថ្មីៗនេះវិញ លោកហ៊ុន សែនក៏លើកពីបញ្ហាភូមាជាមួយមេដឹកនាំជប៉ុនដែរ។ លោក ហ៊ុន សែន ថានឹងស្វះសែងរកដំណោះស្រាយនយោបាយនៅភូមា និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។ ការលើកឡើងរបស់លោក ហ៊ុន សែន នេះ នៅស្របពេលអាស៊ាននឹងបើកកិច្ចប្រជុំកំពូលនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ទោះបីជាយ៉ាងនេះក្ដី លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន គ្មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយវិបត្តិនយោបាយនៅភូមាឡើយ ពីព្រោះថា លោក ហ៊ុន សែន ជាគំរូមេដឹកនាំរដ្ឋប្រហារអចិន្ត្រៃយ៍នៅក្នុងតំបន់អាស៊ានស្រាប់ទៅហើយ។ «»
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅប្រទេសភូមា បានថ្លែងពីទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីសកាលពីពេលថ្មីៗនេះថា មេដឹកនាំរបបសឹក លោក មីន អ៊ុងលាំង ( Min AungHlaing) កំពុងតែរៀបចំផែនការចង់បោះឆ្នោតក្លែងក្លាយនៅឆ្នាំក្រោយ ដើម្បីឲ្យរដ្ឋាភិបាលរបស់លោក ក្លាយទៅជារដ្ឋាភិបាលស្របច្បាប់។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរួបនេះ ព្រមានប្រទេសជាសមាជិកអាស៊ានថា បើសិនជាមិនមានចំណាត់ការណាមួយជាក់លាក់លើក្រុមមេដឹកនាំយោធាភូមាទេ នោះអំពើហិង្សាសម្លាប់ជនស៊ីវិលនៅភូមានៅតែបន្ត។ ក្រៅពីនេះ លំហូរជនភៀសខ្លួនភូមាទៅប្រទេសជិតខាង រួមទាំងអាស៊ានផងកាន់តែច្រើនថែមទៀត។
ក្រុមអ្នកតាមដានអន្តរជាតិលើកឡើងថា ប្រសិនរបបសឹករៀបចំការបោះឆ្នោតក្លែងបន្លំនៅឆ្នាំក្រោយមែន នឹងធ្វើឲ្យប្រទេសពីរទៀតនៅក្នុងតំបន់ គឺកម្ពុជា និងថៃ នឹងទទួលបានផលចំណេញផ្នែកនយោបាយ ដោយសារតែប្រទេសទាំងពីរនេះ មានលំនាំនយោបាយប្រហាក់ប្រហែលនឹងភូមាដែរ។ មេដឹកនាំយោធាថៃ លោកប្រាយុទ្ធ ចាន់អូចា ធ្លាប់បានធ្វើរដ្ឋប្រហារយោធាទម្លាក់ អ្នកស្រី យីង ឡាក់ ចេញពីរដ្ឋាភិបាលស្របច្បាប់។ រីឯលោក ហ៊ុន សែនវិញ ធ្លាប់បានរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ បន្ទាប់មកលោក ហ៊ុន សែន រៀបចំការបោះឆ្នោត ដោយគ្មានវត្តមានគណបក្សប្រឆាំង ដើម្បីមានឱកាសដឹកនាំប្រទេសមកដល់សព្វថ្ងៃ។
ទោះជាយ៉ាងណាតួនាទីរបស់លោក ហ៊ុន សែន ជាប្រធានប្ដូរវេនអាស៊ាននេះ នឹងបញ្ចប់នៅចុងឆ្នាំ២០២២នេះ។ ហើយបញ្ហាវិបត្តិនយោបាយនយោបាយនៅភូមានឹងធ្លាក់លើដៃឥណ្ឌូណេស៊ី ជាអ្នកដោះស្រាយបន្ត ក្រោយពីឥណ្ឌូណេស៊ីទទួលធ្វើជាប្រធានអាស៊ានប្ដូរវេនបន្តពីលោក ហ៊ុន សែន នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។