សម្ភាស​ប្រធាន​NDI​ពី​ការ​យល់​ឃើញ​ចំពោះ​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​នៅ​កម្ពុជា

ដោយ អាស៊ីសេរី
2017-10-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខេណិត វ៉រឡាក់ (Kenneth Wollacks) (ស្ដាំ) ប្រធាន​វិទ្យាស្ថាន​ជាតិ​​ប្រជាធិបតេយ្យ (NDI) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ទីស្នាក់ការ​កណ្ដាល​វិទ្យាស្ថាន​របស់​លោក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២០ ​ខែ​កញ្ញា ឆ្នាំ​២០១៧។
លោក ខេណិត វ៉រឡាក់ (Kenneth Wollacks) (ស្ដាំ) ប្រធាន​វិទ្យាស្ថាន​ជាតិ​​ប្រជាធិបតេយ្យ (NDI) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ទីស្នាក់ការ​កណ្ដាល​វិទ្យាស្ថាន​របស់​លោក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២០ ​ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI របស់​អាមេរិក បាន​បំពេញបេសកកម្ម​សាប​ព្រួស​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល ២៥ ឆ្នាំ​មក​ហើយ​។ អង្គការ​នេះ បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​ឲ្យ​មានការ​ចូលរួម​ក្នុង​ដំណើរ​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។ ទើបតែ​នៅ​ចុងខែ​សីហា​នេះ អង្គការ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ និង​បណ្ដេញ​បុគ្គលិក​បរទេស​ទាំងអស់​ចេញពី​កម្ពុជា យ៉ាង​តក់ក្រហល់ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

លោក មាន ឫទ្ធិ នៃ​​អាស៊ីសេរី បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​នេះ គឺ​លោក ខេណិត វ៉រឡាក់ (Kenneth Wollacks) នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​អង្គារ​នេះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដើម្បី​ចង់​ដឹង​ពី​ប្រតិកម្ម សេចក្ដី​ពន្យល់​លម្អិត និង​ការ​យល់​ឃើញ​របស់​លោក ជុំវិញ​ស្ថានភាព​វិវឌ្ឍ​ចុងក្រោយ​ផ្នែក​នយោបាយ​នៅ​ប្រទេស​កម្ពុជា។

សូម​ស្ដាប់​​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖

ភាគ​ទី១

ភាគ​បញ្ចប់

សូមទស្សនាបទសម្ភាសន៍នេះ​ជាវីដេអូដូចតទៅ

សំណួរ៖ ដូចដែល​លោក​ជ្រាប​ហើយ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការណ៍​ក្ដៅ​ជាច្រើន ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គណបក្សប្រឆាំង។ ព័ត៌មាន​អំពី​ដំណើរ​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ យក​ទៅ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត ស្ទើរ​តែ​រៀងរាល់ថ្ងៃ​ទៅ​ហើយ។ តើ​លោក​យល់ឃើញ​យ៉ាង​ដូចម្ដេច​ដែរ​ចំពោះ​ព្រឹត្តិការណ៍​វិវឌ្ឍ​នយោបាយ​ផ្ទួនៗ​ទាំងនេះ ជាពិសេស​ជុំវិញ​ករណី​ដែល​ការិយាល័យ​របស់​អង្គការ​លោក​ត្រូវ​បាន រដ្ឋាភិបាល​បិទ​យ៉ាង​តក់ក្រហល់​នោះ​បាទ?

លោក ខេណិត វ៉រឡាក់៖ បាទ​! រឿងរ៉ាវ​ទាំងនេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សោកស្ដាយ​ជា​ពន់ពេក។ វា​ជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រំខាន​មួយ។ ប្រាកដ​ណាស់​! យើង​រំពឹង​ថា អាជ្ញាធរ​នឹង​ធ្វើ​ការវាយតម្លៃ​ឡើងវិញ​នូវ​ជំហាន​មួយ​ចំនួន​ដែល​ពួកគេ​បាន​ជ្រើសរើស​យក។ ខ្ញុំ​គិត​ថា អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នេះ មិនបាន​ផ្ដល់​ជា​ផលប្រយោជន៍​អ្វី​ដល់​ពួកគេ​ឡើយ ហើយក៏​មិន​មាន​ប្រយោជន៍​អ្វី​ដល់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ដែរ ដែល​បាន​ហែល​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ពួកគេ។

ប៉ុន្តែ​រឿងរ៉ាវ​មួយ​ដែល​ខ្ញុំ​គិត​ថា នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​គ្នា​ឯកភាព​គ្នា​នោះ គឺ បំណង​ប្រាថ្នា​ដែល​ពួកគេ​ចង់​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ជីវិត​សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេស​ពួកគេ។ មាន​ការ​វិវត្តន៍​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដូចជា​ការបោះឆ្នោត​ឃុំ​-​សង្កាត់​កាល​ពី​ពេល​កន្លង​ទៅ ដែល​គេ​អាច​ទុក​ចិត្ត​បាន។

តាមរយៈ​យុទ្ធនាការ​ដ៏​អាក្រក់​បែបនេះ ហើយ​ដែល​សំដៅ​ផ្ទួនៗ​មក​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​អី​ជាដើម ខ្ញុំ​គិត​ថា វា​ជា​ពេលវេលា​មួយ​ដ៏​សោក​សង្រែក​នៅ​កម្ពុជា។ យើង​សង្ឃឹមថា គោល​នយោបាយ​ទាំងនេះ នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ពិចារណា និង​វាយតម្លៃ​ឡើងវិញ​។ យើង​សង្ឃឹមថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំក្រោយ​នេះ នឹង​ទទួល​បាន​ទំនុកទុកចិត្ត​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ហើយ​ជាពិសេស​បំផុត​នោះ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​ពួកគេ។

សំណួរ៖ តើ​លោក​អាច​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ជា​សង្ខេប​បានទេ​ថា អ្វី​ទៅជា​អាណត្តិ និង​លទ្ធផល​ដែល​អង្គការ​លោក​បាន​ធ្វើ និង​សម្រេច​បាន​ក្នុងអំឡុងពេល​ប្រតិបត្តិការ ២៥​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ជា​ប្រយោជន៍​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល?

លោក ខេណិត វ៉រឡាក់៖ បាទ​! ត្រង់​ចំណុច​នេះ​ហើយ​ដែល​ថា ការសម្រេចចិត្ត​ដែល​រដ្ឋាភិបាល​ស្នើ​ឲ្យ​យើង​បញ្ឈប់​ប្រតិបត្តិការ​នៅ​កម្ពុជា គឺជា​រឿងរ៉ាវ​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ មក​ទល់​ពេល​នេះ យើង​បាន​បំពេញការងារ​ក្នុង​ប្រទេស​នេះ​អស់​រយៈពេល ២៥​ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ការបោះឆ្នោត​សាកល ឆ្នាំ​១៩៩៣ មក​ម្ល៉េះ​។ យើង​បាន​ធ្វើ​ការងារ​ជាច្រើន​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ..ប។ យើង​ក៏បាន​ធ្វើ​ការងារ​ជាមួយ​នឹង​គណបក្ស​នយោបាយ​មកពី​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ដែល​រួម​ទាំង​គណបក្ស​កាន់អំណាច​ផង​ដែរ។ យើង​បាន​ធ្វើ​ការ​យ៉ាង​ជិតដិត​ជាមួយ​នឹង​ក្រសួងមហាផ្ទៃ ព្រមទាំង​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

គោលបំណង​នៃ​ការងារ​របស់​យើង មិនមែន​គិត​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​ទេ ផ្ទុយទៅវិញ​យើង​គាំទ្រ​ឲ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ ដូចដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​លិខិតុបករណ៍​អន្តរជាតិ​នានា។ យើង​គាំទ្រ​នូវ​ដំណើរ​ការដែល​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ប្រជាធិបតេយ្យ លូតលាស់​ឡើង ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ ហើយ​ចុងក្រោយ​នោះ​គឺ​ស្ថាប័ន​ដែល​ទទួល​បាន​នូវ​ភាព​ស្រប​ច្បាប់ ដោយមាន​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ទូទៅ។

យើង​ក៏បាន​ធានា​ឲ្យ​មានការ​ជជែក​ដេញដោល​នយោបាយ​រាប់​រយ​ដង​នៅ​ទូទាំង​ប្រទេស​នេះ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​ឃុំ​-​សង្កាត់​។ យើង​បាន​ធ្វើ​ការងារ​ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​។ យើង​បាន​ធ្វើ​ការ​ដោយ​យូរអង្វែង​ក្នុង​ការចូលរួម​ការ​អភិវឌ្ឍ​គណបក្ស​នយោបាយ​នានា ក៏ដូចជា​គាំទ្រ​ឲ្យ​មានការ​ចូលរួម​យ៉ាងសកម្ម​របស់​ពួកគេ​ក្នុង​ការ​បោះឆ្នោត។ យើង​ក៏បាន​ជួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​តាមដាន និង​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន ហើយ​ចុងក្រោយ គឺ​ការ​ទទួល​យក​លទ្ធផល​បោះឆ្នោត ដោយ​មិន​គិត​ថា លទ្ធផល​នោះ​វា​យ៉ាងម៉េច​នោះ​ទេ​។ ប៉ុន្តែ ទាំងអស់​នេះ ខ្ញុំ​ចង់​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា យើង​មិន​ខ្វល់​អំពី​លទ្ធផល​វា​យ៉ាងណា​នោះ​ទេ តែ​អ្វី​យើង​ខ្វល់​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​។ វត្តមាន​របស់​យើង​ត្រូវ​បាន​ស្វាគមន៍​ពី​សំណាក់​គ្រប់​ភាគី​ដែល​មាន​និន្នាការ​នយោបាយ​ខុសៗ​គ្នា​ក្នុង​ប្រទេស​នេះ។ អញ្ចឹង​ហើយ​បានជា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល នា​រយៈពេល​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​យើង​មាន​ភាព​ភ្ញាក់ផ្អើល និង​សោកស្ដាយ​ខ្លាំង។

សំណួរ៖ ហេតុអ្វី​បានជា​លោក​គិត​ថា បេសកកម្ម​របស់​អង្គការ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​នេះ​មាន​សារសំខាន់ ហើយ​តើ​វា​ខុស​ប្លែក​គ្នា​យ៉ាង​ដូចម្ដេច​ដែរ​ពី​អង្គការ​អន្តរជាតិ​ដទៃ​ទៀត ដូចជា វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ IRI អី​ជាដើម?

លោក ខេណិត វ៉រឡាក់៖ អូហ៍​បាទ​! ខ្ញុំ​មិន​គិត​ថា​អង្គការ NDI នេះ ពិសេស​ខុសប្លែក​ពី​គេ​នោះ​ទេ។ ប្រហែលជា​ថា អង្គការ​របស់​យើង​មាន​សកម្មភាព​ធំ​ជាង​អង្គការ​ដទៃ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​បាន​មាន​វត្ត​មាននៅ​ទីនោះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ ប៉ុន្តែ ដូច​ដែល​លោក​ដឹង​ហើយ​ថា អង្គការ​យើង​មិនមែន​ជា​អង្គការ​តែមួយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រិះគន់​នោះ​ទេ។ មាន​អង្គការ​ជាច្រើន​ដទៃ​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​រិះគន់​ផង​ដែរ។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា យើង​ជា​អង្គ​ការដែល​ខុសប្លែក​ពិសេស​ពី​គេ​នោះ​ឡើយ។ គ្រាន់តែ​ថា អង្គការ​របស់​យើង​ធ្វើការ​ក្នុង​វិស័យ​នយោបាយ ដើម្បី​ផ្ទល់​ការ​គាំទ្រ​ដល់​អ្នកនយោបាយ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​ប្រហែលជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ខុសប្លែក​ពី​អង្គការ​ដទៃ។ ប៉ុន្តែ​យើង និង​អ្នក​ដទៃ​ទៀត​ជឿជាក់​ថា ខណៈ​ដែល​កម្ពុជា​អភិវឌ្ឍន៍​វិស័យ​នយោបាយ ប្រទេស​នេះ ក៏​នឹង​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ ដោយសារតែ​កត្តា​ទាំងនេះ​នឹង​នាំ​ឲ្យ​មានការ​វិនិយោគ​ច្រើន និង​មាន​ស្ថិរភាព​ក្នុង​ប្រទេស​។ ហើយ​... ស្ថាប័ន​របស់​ប្រទេស​នេះ​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ជាង​មុន ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ។

ហេតុផល​តែមួយ​ដែល​យើង​ត្រូវ​បាន​ប្រាប់​ឲ្យ​ចាក​ចេញពី​កម្ពុជា គឺ​បញ្ហា​នៃ​ការចុះបញ្ជី​ដែល​ថា យើង​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា​នោះ​ដែរ ក៏​មាន​ការឃោសនា​ដែល​មាន​លក្ខណៈ​អកុសល​ជាច្រើន ដែល​បាន​ធ្វើឡើង​កម្ដៅ​មក​លើ​យើង ហើយ​ដែល​មិន​មែន​ជា​ការពិត ថា យើង​បាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​របប​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ថា យើង​ចូល​ដៃ​ចូល​ជើង​ជាមួយ​គណបក្សប្រឆាំង។ ប៉ុន្តែ​ដោយសារតែ​យើង​ធ្លាប់​មាន​កម្មវិធី​ជាច្រើន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា វា​ពិតជា​យុទ្ធសាស្ត្រ​ចម្លែក​ដែល​ថា យើង​មាន​ផែនការ​ដើម្បី​គាំទ្រ​ឲ្យ​មាន​នូវ​ការ​ផ្លាស់ប្ដូរ​របប​នៅ​ពេល​ដែល​យើង​បាន​បំពេញការងារ ជាមួយ​ក្រុម​គណបក្ស​នយោបាយ​ទាំង​សង្ខាង។ ហើយ​ប្រាកដ​ណាស់​ថា បើ​យើង​មើល​ពី​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​អំពី​រឿង​នេះ បើ​យើង​មើល​ពី​ការ​ផ្លាស់ប្ដូរ​របប និង​បដិវត្ត​ពណ៌​នៅ​ជុំវិញ​ពិភពលោក រាប់​ចាប់ពី​ប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ​១៩៩៦ រហូតដល់​អ្វីមួយ​ដែល​គេ​ហៅថា​ជា​បដិវត្ត​ពណ៌ នៅ​ប្រទេស​ស៊ែប (Serbia) ហ្សេអ័រហ្សី (Georgia) និង​អ៊ុយក្រែន (Ukraine) អី​ជាដើម។ ការ​ផ្លាស់ប្ដូរ​នៃ​របប​ទាំងនេះ​មិនមែន​ដោយសារតែ​លទ្ធផល​នៃ​ការចូលរួម​ពី​ខាងក្រៅ​នោះ​ទេ ពីព្រោះ​ថា ការចូលរួម​ពី​ខាងក្រៅ និង​សកម្មភាព​ទាំងអស់​នោះ គឺ​ពាក់ព័ន្ធ​តែ​ទៅ​នឹង​​ការ​គាំទ្រ​ឲ្យ​មានការ​បោះឆ្នោត​ជា​លក្ខណៈ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ហើយ​ការ​ផ្លាស់ប្ដូរ​របប​កើតមានឡើង គឺ​ដោយ​សារតែ​ការបោះឆ្នោត​ទាំងនោះ​វា​បរាជ័យ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ងើប​តវ៉ា​ឡើង ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​ពួកគេ​គិត​ថា ត្រូវ​បាន​គេ​លួច​បន្លំ​។ នេះ​ហើយ​គឺជា​អ្វី​ដែល​គួរ​ឲ្យ​យកចិត្តទុកដាក់ ហើយ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា នៅ​តែ​មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ទាំង​សម្រាប់​គណបក្ស​កាន់​អំណាច និង​ទាំង​សម្រាប់​ប្រជាជន​កម្ពុជា គឺ​ត្រូវ​មាន​ដំណើរការ​បោះឆ្នោត​មួយ ដែល​ទទួល​បាន​នូវ​ទំនុកទុកចិត្ត​ពី​ប្រជាពលរដ្ឋ ហើយ​ការណ៍​នេះ​នឹង​លើកកម្ពស់​ឲ្យ​មាន​នូវ​ស្ថិរភាព និង​ឲ្យ​មាន​នូវ​ការ​អភិវឌ្ឍន៍​ដ៏​យូរអង្វែង​មួយ​ចំពោះ​ប្រទេស​នេះ។ ខ្ញុំ​គិត​ថា យើង​ទាំងអស់​គ្នា​ដែល​បាន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​តែ​គោលដៅ​នេះឯង ហើយ​ជា​គោលដៅ​តែមួយគត់​ក្នុង​គំនិត​របស់​យើង​។ អ៊ីចឹង​ហើយ​បានជា​យើង​ធ្វើការ​ដោយ​ជិតដិត​ជាមួយ​ក្រសួង​រដ្ឋាភិបាល ធ្វើការ​ជិតដិត​ជាមួយ​គណបក្ស​កាន់អំណាច ជាមួយ​រដ្ឋសភា និង​ធ្វើការ​ជិតដិត​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

សំណួរ៖ តើ​លោក​អាច​បកស្រាយ​ឲ្យ​ខ្ញុំ​បាន​ដឹង​បន្តិច​ទេ​ថា តើ​មាន​លក្ខណៈ​ជិត​ដិតដល់​កម្រិត​ណា​ខ្លះ​ទៅ​នៃ​ការងារ​របស់​អង្គការ NDI ជាមួយ​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​បាទ?

លោក ខេណិត វ៉រឡាក់៖ បាទ​! យើង​មាន​កម្មវិធី​យ៉ាង​ច្រើន យើង​បាន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​មន្ត្រី​មក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​កម្មវិធី​របស់​យើង​។ យើង​មាន​កម្មវិធី​ច្រើន​មែនទែន​។ ការណ៍​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​គឺថា ថ្ងៃ​ដែល​យើង​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ឲ្យ​យើង​ចាក​ចេញពី​ប្រទេស​នេះ យើង​កំពុងតែ​ធ្វើ​ផែនការ​កម្មវិធី​អនាគត​របស់​យើង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ កម្មវិធី​របស់​យើង​គឺ​ដូចគ្នា ជាមួយ​នឹង​កម្មវិធី​ដែល​យើង​ធ្វើការ​ជាមួយ នឹង​គណបក្សប្រឆាំង​ដែរ។ ដូចគ្នា​នេះ​ដែរ យើង​ក៏បាន​ធានា​ឲ្យ​មាន​នូវ​ការ​ជជែក​ដេញដោល និង​កិច្ច​សន្ទនា​គ្នា​ជាច្រើន រវាង​គណបក្ស​នយោបាយ​នានា ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​ឃុំ​សង្កាត់។ មាន​ការ​ជជែក​ដេញដោល​រាប់​រយ​ករណី ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស។ ហើយក៏​មាន​ពេល​ខ្លះ​ផង​ដែរ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទូច​ឲ្យ​អង្គការ​យើង​ធ្វើជា​អ្នក​សម្របសម្រួល​កម្មវិធី​វេទិកា​ជជែក​ដេញដោល​ទាំងនោះ ដោយសារតែ​យើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ចេះ​ប្រកាន់​បក្សពួក ហើយ មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ណាមួយ​នៅ​ក្នុង​ដំណើរការ​នេះ។ ការងារ​របស់​យើង​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​នេះ គឺ​សុទ្ធ​តែ​ជា​កម្មវិធី​ដែល​ផ្ដោត​លើ​ការអង្កេត និង​តាមដាន​ដំណើរការ​បោះឆ្នោត ដែល​មិនមែន​ពាក់ព័ន្ធ​នឹង​គណបក្ស​ណាមួយ​ជាពិសេស​ឡើយ។ ហើយ​មិនមែន​ជា​កម្មវិធី​បែប​ប្រកាន់​បក្ខពួក​នោះ​ឡើយ។ យើង​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងមហាផ្ទៃ ខណៈ​ដែល​យើង​បន្ត​កម្មវិធី​ថ្នាក់​មូលដ្ឋាន​របស់​យើង​ក្នុង​ប្រទេស​នេះ ហើយ​យើង​តែង​តែ​មាន​ទំនាក់ទំនង​ជានិច្ច​ជាមួយ​ពួកគេ។ ពួកគេ​ក៏បាន​ចូលរួម​ក្នុង​គម្រោង​ស្ទង់​មតិ​របស់​យើង​ផង​ដែរ ។ ពួកគេ​បាន​ដឹង​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​ទាក់ទង​ទៅ​នឹង​ការស្ទង់មតិ​សាធារណៈ​អី​ជាដើម។ ដូច្នេះ​សម្រាប់​រឿងរ៉ាវ​អស់ទាំង​នេះ​គឺ​យើង​មាន​តម្លាភាព ហើយ​យើង​តែងតែ​បើក​ចំហ។ ដូច្នេះ ខ្ញុំ​អាច​និយាយ​បាន​ថា ព្រឹត្តិការណ៍​ដែល​បាន​កើតមាន​ឡើងជា​អវិជ្ជមាន​នេះ បង្ក​ឲ្យ​មានការ​បារម្ភ​អំពី ថា​តើ​អ្វី​ទៅជា​គោលបំណង​ពិតប្រាកដ​នៃ​ការ​បណ្ដេញ​ចេញ​នេះ។ ហើយ​ប្រាកដ​ណាស់ យុទ្ធនាការ​នេះ​បាន​រីក​រាលដាល​ធំ​ឡើងៗ​នា​ពេល​ឥឡូវនេះ ប្រឆាំង​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ គណបក្ស​នយោបាយ និង​ស្ថាប័ន​ដទៃ​ទៀត។

សំណួរ៖ បើ​តាម​ខ្ញុំ​ដឹង អង្គការ​របស់​លោកមា​ន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ជាង​៦៥​ប្រទេស​ក្នុង​ពិភពលោក​យើង​នេះ តើ​កន្លង​មក​នេះ អង្គការ​របស់​លោកមា​ន​ដែល​ធ្លាប់​ត្រូវ​បាន​បណ្ដេញ​ចេញ ពី​ប្រទេស​ដទៃ​ទៀត​ដែរ​ឬទេ​?

លោក ខេណិត វ៉រឡាក់៖ បាទ​! មាន​កន្លែង​ខ្លះ​ដែល​អង្គការ​អន្តរជាតិ​ត្រូវ បាន​គេ​ស្នើ​ឲ្យ​ចាកចេញ រួម ទាំង​អង្គការ​របស់​យើង​ផងដែរ។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា ប្រទេស​កម្ពុជា​ចង់​ឲ្យ​គេ​មើល​ឃើញ​ថា ជា​ប្រទេស​ឯកោ​នោះ​ទេ ឬ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រទេស​ទាំងនេះ ដែល​មាន​អារម្មណ៍​ខ្លាច​រអា​ពិភពលោក​ខាងក្រៅ​មែនទែន និង​ខ្លាច​រអា​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ហ៊ាន​ចាត់​វិធានការណ៍​នានា ដែល​សម្រាប់​រយៈពេល​វែង ធ្វើ​ឲ្យ​ចុះ​ទន់ខ្សោយ​ដល់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ខ្លួនឯង​ឯកោ​ពី​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក។

យើង​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ធ្វើ​ការ​គិត​គូរ​ឡើងវិញ​ចំពោះ​ការសម្រេចចិត្ត​របស់​ខ្លួន។ វា​មិនទាន់​យឺត​ពេល​ពេក​នៅឡើយ​ទេ។ មាន​រឿងរ៉ាវ​មួយ​ចំនួន ដែល​អាច​ត្រូវ​ពិចារណា​ឡើងវិញ​ដើម្បី​នាំ​យក​នូវ​អ្វីៗ​គ្រប់យ៉ាង​មក​រក​សភាព​ដូចដើម​វិញ។ យើង​ទន្ទឹង​ឲ្យ​មានការ​សន្ទនា​ប្រកបដោយ​ភាព​ស្មោះត្រង់​មួយ ប៉ុន្តែ​មិនមែន​ធ្វើឡើង ដើម្បី​តែ​យើង​នោះ​ទេ តែ​គឺ​ដើម្បី​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ ដើម្បី​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ និង​ដំណើរការ​នានា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ធានា​នូវ​សិទ្ធិ​ជាក់លាក់​នានា​ដូចជា សិទ្ធិ​នយោបាយ និង​សិទ្ធិមនុស្ស ដែល​ទាំងអស់​នេះ​គឺជា​គោលការណ៍​មូលដ្ឋាន។ ហើយ​យើង​រំពឹង​ថា រដ្ឋាភិបាល​នឹង​ពិនិត្យមើល​ឡើងវិញ ក៏ដូចជា​នឹង​ធ្វើ​ឲ្យ​អ្វីៗ​គ្រប់យ៉ាង​វិល​ត្រលប់​មក​រក​សភាព​ដូចដើម​វិញ ដើម្បី​ដំណើរការ​ការបោះឆ្នោត​មួយ​ដែល​គួរ​ឲ្យ​ជឿជាក់​បាន។

សំណួរ៖ មានការ​ចោទប្រកាន់​ពី​រដ្ឋាភិបាល​ថា អង្គការ​លោក បាន​សហការ​ជាមួយ​អង្គការ IRI និង អង្គការ NEDហើយ​ទទួល​បាន​ការណែនាំ​ពី​ក្រសួងការបរទេស​អាមេរិក ឬ​ពី​ភ្នាក់ងារ​ចារកម្ម​អាមេរិក ស៊ីអាយអេ (CIA) ថា ធ្វើការ​ពីក្រោយ​ឆាក​ដើម្បី​អនុវត្ត​នូវ​ផែនការ​សម្ងាត់​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ខ្ញុំ​ចង់​ឲ្យ​លោក​បញ្ជាក់​ត្រង់​ចំណុច​នេះ ប្រកបដោយ​ភាព​ស្មោះត្រង់ ប្រាប់​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា​ថា តើ​នេះ​ជា​ការពិត​ដែរ​ឬទេ?

លោក ខេណិត វ៉រឡាក់៖ បាទ​! ប្រសិនបើ​យើង​មាន​ផែនការ​សម្ងាត់ ឬក៏​ថា​យើង​អនុវត្ត​ផែនការ​សម្ងាត់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក យើង​ប្រហែលជា​មិន​អាច​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ២៥​ឆ្នាំ​នោះ​ទេ។ ខ្ញុំ​អាច​ប៉ាន​ស្មានថា រដ្ឋាភិបាល​របស់​គណ​បក្ស​កាន់អំណាច ប្រហែលជា​នឹង​ស្នើ​ឲ្យ​យើង​ចាកចេញ​តាំងពី​ជាច្រើន​ឆ្នាំមុន​មក​ម្ល៉េះ។ ការណ៍​ដែល​ពួកគេ​បាន​រង់ចាំ​រហូតដល់ ២៥​ឆ្នាំ ក្នុង​ការ​ស្នើ​ឲ្យ​យើង​ចាកចេញ​នេះ គឺជា​កត្តា​បញ្ជាក់​ថា ប្រហែល​ជា​មាន​ហេតុផល​ដទៃ​ទៀត​ហើយ។ ហើយ​ប្រសិនបើ​ថា​យើង ឬ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មាន​ផែនការ​សម្ងាត់​មែន​នោះ នេះ​ប្រហែល​មិនមែន​ជា​កម្មវិធី​ដែល​យើង​ជ្រើសរើស​យក​មក​ធ្វើ​នោះ​ទេ ឬ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​គាំទ្រ​ឲ្យ​យើង​ធ្វើ​នោះ​ទេ។ មាន​វិធីសាស្ត្រ​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​ផែនការ​សម្ងាត់​នេះ ប្រសិនបើ​គោលដៅ​របស់​យើង​គឺ​ដើម្បី​តែ​ប្រកាន់​បក្ខពួក​នោះ។ យើង​ប្រហែលជា​នឹង​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ជាមួយ​នឹង​គណបក្ស​នយោបាយ ជាមួយ​នឹង​រដ្ឋាភិបាល ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អី​នោះ​ទេ។ បើ​យើង​ផ្សំគំនិត​ជាមួយ​គណបក្សប្រឆាំង នោះ​ក៏​មានន័យថា​យើង​ផ្សំគំនិត​ជាមួយ​នឹង​គណបក្ស​កាន់អំណាច​ផង​ដែរ។

ហើយ​យើង​ចង់​បញ្ជាក់​ថា គោលបំណង​របស់​យើង ទាំង​បើក​ចំហ និង​ទាំង​លាក់បាំង គឺ​ពុំ​មាន​អ្វី​ក្រៅពី​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ ដើម្បី​ទទួល​បាន​នូវ​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។ ហើយ​ថា យើង​ផ្ដោត​តែ​ទៅលើ​ដំណើរការ​ដើម្បី​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ពោល​គឺ​យើង​មិន​ផ្ដោត​លើ​លទ្ធផល​នោះ​ឡើយ។ ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ទេ ជា​អ្នក​កំណត់​លទ្ធផល និង​ជោគវាសនា​ប្រទេសជាតិ​ពួកគេ ហើយ​នេះ​មិនមែន​ជា​ភារកិច្ច​របស់​អង្គការ​ខាងក្រៅ​នោះ​ឡើយ។ ផលប្រយោជន៍​របស់​យើង​តែមួយគត់​គឺ​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ទំនុក​ចិត្ត។ ខ្ញុំ​គិត ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា រដ្ឋាភិបាល​យល់​ច្បាស់​អំពី​រឿង​នេះ។ ហើយ​ថា ប្រសិនបើ​ពួកគេ​មិន​យល់ ពួកគេ​ប្រហែល​ជា​នឹង​បណ្ដេញ​យើង​ឲ្យ​ចាក​ចេញពី​ប្រទេស​នេះ ជាច្រើន​ឆ្នាំ​មុន​នេះ​បាត់​ទៅ​ហើយ។

សំណួរ៖ តើ​លោក​អាច​ពន្យល់​បានទេ​អញ្ចឹង ថា​តើ​អ្វី​ទៅជា​ហេតុផល​ពិតប្រាកដ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​បណ្ដេញ​អង្គការ​លោក​ចេញ​នេះ​បាទ?

លោក ខេណិត វ៉រឡាក់៖ ខ្ញុំ​មិន​ដឹង​ទេ។ លោក​គួរតែ​ទៅ​សួរ​ពួកគេ​វិញ។ ហេតុផល​តែមួយគត់​ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​យើង​នោះ គឺថា យើង​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ។ ក៏ប៉ុន្តែ​ក្នុង​ពេល​ដដែល​នេះ យើង​ក៏បាន​ដាក់ពាក្យ ស្នើសុំ​ចុះបញ្ជី យ៉ាង​ទាន់​ពេល​វេលា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ។ យើង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុង​ប្រទេស​នេះ ។ ហើយ​ប្រសិនបើ​យើង​រំលោភច្បាប់​ដោយ​ប្រការ​ណាមួយ​នោះ រដ្ឋាភិបាល​ខ្លួនឯង​ហ្នឹង​ក៏​រំលោភច្បាប់​ដដែល​នេះ​ដែរ ពីព្រោះ​ក្រោម​ច្បាប់​នេះ ត្រង់​មាត្រា ១៤ បើ​តាម​ខ្ញុំ​ចាំ ក្រសួង​របស់​រដ្ឋាភិបាល ត្រូវ​ធ្វើ​ចំណាត់​ការ​ក្នុង​រយៈពេល ៤៥ ថ្ងៃក្រោយ​ពេល​ដែល​យើង​ដាក់​ពាក្យសុំ​ចុះបញ្ជី។ ហើយ​យើង​បាន​ដាក់​ឯកសារ​នោះ​ដល់​ទៅ​ជាង​មួយ​ឆ្នាំ​មុន​ឯណោះ ហើយ​យើង​ពុំ​ដែល​បាន​ទទួល​ដំណឹង​អ្វីមួយ​ពី​រដ្ឋាភិបាល​នោះ​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​បាន​ធ្វើ​ការងារ​កម្មវិធី​របស់​យើង យើង​បាន​ទាក់ទង​ជាប្រចាំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ហើយ​ពួកគេ​ក៏បាន​ដឹង​អំពី​ថា​តើ​អ្វីខ្លះ​ជា​កម្មវិធី​របស់​យើង។

គណបក្ស​កាន់អំណាច​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​នឹង​កម្មវិធី​របស់​យើង។ ដូច្នេះ​យើង​បាន​បំពេញ​រាល់​កាតព្វកិច្ច​ផ្លូវច្បាប់​របស់​យើង​ទាំងអស់។ ហើយ​យើង​បាន​ប្រតិបត្តិការ​ការងារ តាម​បែប​មិន​ប្រកាន់​បក្ខពួក និង​តាមរបៀប​ប្រកបដោយ​តម្លាភាព។ ប៉ុន្តែ​ហេតុផល​តែមួយគត់​ដែល​យើង​ត្រូវ​បាន​គេ​ប្រាប់​នោះ គឺថា​ការចុះបញ្ជី​របស់​យើង​មិន​ត្រូវ​បាន​គេ​ឯកភាព​នោះ​ឡើយ។ ហើយ​យើង​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា។ ហើយ​ក្នុង​ពេល​ដដែល​នេះ​ដែរ ក៏​មាន​យុទ្ធនាការ​យ៉ាង​ជាក់ច្បាស់ ដែល​ព្យាយាម​ពន្យល់​ខុស​ពី​ការពិត​អំពី​បេសកកម្ម របស់​យើង​នៅ​កម្ពុជា ហើយ​នឹង​ថា​តើ​យើង​បាន​ធ្វើ​អ្វីខ្លះ​ក្នុង​ប្រទេស​នេះ។

នេះ​ពិតជា​រឿង​គួរ​ឲ្យ​សោកស្ដាយ វា​មិនមែន​ជា​ការពិត ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល ប្រជាពលរដ្ឋ និង​គណបក្ស​ប្រជាជន​កម្ពុជា ពួកគេ​ភាគច្រើន បាន​ចូលរួម​ជាមួយ​ការងារ​របស់​យើង ហើយ​យល់ដឹង​អំពី​ស្ថានភាព​ពិតប្រាកដ នៃ​កម្មវិធី​របស់​យើង​នៅ​ក្នុង​ប្រទេស​នេះ។ ខ្ញុំ​អាច​ប្រាប់​លោក​បាន​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក ប្រាកដជា​នឹង​មិន​គាំទ្រ​កម្មវិធី​របស់​យើង​ក្នុង​ប្រទេស​នេះ​ឡើយ ប្រសិនបើ​គោលដៅ​របស់​យើង​គឺ​ដើម្បី​គាំទ្រ​លទ្ធផល​បោះឆ្នោត​ចំពោះ​ភាគី​ជាក់លាក់​ណាមួយ ចៀស​ជាង​ភាគី​ម្ខាង​ទៀត ឬ​ដើម្បី​ជា​ការ​ជ្រើស​រើស​យក​អ្នកឈ្នះ និង​អ្នក​ចាញ់​នោះ។ ទាំងនេះ​មិនមែន​ជា​របៀប​ធ្វើការ​របស់​អង្គការ NDI ទេ ហើយ​ប្រាកដ​ណាស់​ថា យើង​នឹង​មិន​ទទួល​បាន​នូវ​ការ​គាំទ្រ​បែប​នេះ​ឡើយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ប្រសិនបើ​នេះ ជា​គោលដៅ​របស់​យើង​ក្នុង​ប្រទេស​នេះ។

សំណួរ៖ ដោយសារតែ​កម្រិត​នៃ​ភាព​ទុកចិត្ត​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ក្រុម​អង្គការ​បស្ចិម​លោក រួម​ទាំង​ប្រទេស​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ នានា​នៅ​លើ​ពិភពលោក បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក មួយ​រយៈ​ចុងក្រោយ​នេះ តើ​លោក​មាន​សារ​អ្វី​ជាពិសេស​ដែល​លោក​ចង់​ប្រាប់​ទៅកាន់ មន្ត្រី​គណបក្ស​កាន់អំណាច ឬ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឧបមា​ថា​ពួកគេ​កំពុង​ស្ដាប់​អ្វី​ដែល​លោក​កំពុង​និយាយ​នៅ​ពេល​នេះ?

លោក ខេណិត វ៉រឡាក់៖ ខ្ញុំ​ចង់​និយាយ​ប្រាប់​ពួកគេ​ថា សូម​បើក​ចំហ​ប្រទេស​កម្ពុជា ហើយ​កុំ​ធ្វើ​ឲ្យ​ខ្លួនឯង​ឯកោ​ឲ្យ​សោះ ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​មានដំណើរ​ការ​ប្រកប​ដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដ៏​ច្រើន​លើសលប់​មាន​ទំនុក​ចិត្ត​មក​លើ​រដ្ឋាភិបាល។ នេះ​គឺជា​ការណ៍​មួយ​ដ៏​ប្រសើរ​បំផុត ដើម្បី​ធានា​បាន​នូវ​វិបុលភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​ក្នុង​ប្រទេស​របស់​អ្នក។ ផលប្រយោជន៍​តែមួយគត់​ក្នុង​ផ្នត់គំនិត​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន គឺ​ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ការ​រក្សា​មិត្តភាព​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ស្ថាប័ន​នានា​របស់​ប្រទេស​នេះ។ នៅ​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ ដែល​រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ដុនដាប​បច្ចុប្បន្ន​នេះ វិល​ត្រលប់​មក​រក​ស្ថានភាព​ប្រក្រតី​ដូចដើម​ឡើងវិញ។ ខ្ញុំ​សង្ឃឹម ហើយ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា យើង​ជឿជាក់​ទៅលើ​លទ្ធិប្រជាធិបតេយ្យ យើង​ជឿជាក់​ទៅលើ​តម្លាភាព និង​គណនេយ្យ​ភាព ហើយ​ខ្ញុំ​គិត​ថា មាន​ពេលវេលា​ដែល​យើង​ត្រូវ​ចេះ​កែប្រែ​ផ្នត់គំនិត។ ព្រោះ​ថាបើ​មិន​ដូច្នោះ​ទេ ការបោះឆ្នោត​នា​ពេល​ខាងមុខ​នេះ នឹង​មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សភាព​ស្របច្បាប់​នោះ​ឡើយ ពោល​គឺ​ទាំង​ពីរ​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា និង​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ ហើយ​បើ​មិន​ដូច្នេះ​ទេ លទ្ធផល​នៃ​ការបោះឆ្នោត​ខាងមុខ នឹង​ត្រូវ​បាន​ពិភពលោក​មើល​ឃើញ​ថា ជាមុន​ស្រេច​ទៅ​ហើយ។ ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​ពួកគេ​ថា ចូរ​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ អនុញ្ញាត​ឲ្យ​សហគមន៍​អន្តរជាតិ មាន​លទ្ធភាព​ចូលរួម​យ៉ាង​ពេញលេញ ក្នុង​ការ​គាំទ្រ​ឲ្យ​មាន​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​នឹង​ជា​ការ​បម្រើ​ឲ្យ​អត្ថប្រយោជន៍​ដល់​រដ្ឋាភិបាល​ខ្លួនឯង​ផង អត្ថប្រយោជន៍​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ​ផង ហើយ​ជាពិសេស​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​តែម្ដង។

សំណួរ៖ តើ​លោក​អាច​បង្ហើប​ឲ្យ​យើង​ដឹង​បាន​បន្តិច​ទេ​ថា ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​បណ្ដេញ​អង្គការ​លោក​ចេញ​ជា​ផ្លូវការ តើ​អង្គការ​របស់​លោក មាន​ដែល​បាន​ព្យាយាម​ធ្វើការ​ចរចា ឬ​សន្ទនា​ពី​ក្រោយ​ឆាក ដើម្បី​ឲ្យ​អង្គការ​លោក​អាច​បន្ត​ប្រតិបត្តិការ​ដូច​ធម្មតា​ឡើងវិញ​បាន​ដែរ​ឬទេ?

លោក ខេណិត វ៉រឡាក់៖ បាទ​! យើង​បើក​ចំហ​ឲ្យ​មាន​នូវ​កិច្ច​សន្ទនា​នេះ។ មាន​កន្លែង​ខ្លះ​នៅ​លើ​ពិភពលោក​ដែល​មាន​ការ​យល់​ច្រឡំ​គ្នា ហើយ​តាមរយៈ​កិច្ច​សន្ទនា​គ្នា យើង​អាច​បន្ត​ដំណើរការ​កម្ម​វិធី​របស់​យើង​ឡើងវិញ​បាន​ក្នុង​ប្រទេស​ទាំងនោះ។ ហើយ​រឿងរ៉ាវ​ទាំងអស់​នេះ​បាន​កើតមានឡើង​ដែរ​កាល​ពី​ពេល​អតីតកាល​។ ប៉ុន្តែ ពុំ​មាន​ការសន្ទនា​បែបនេះ​នៅឡើយ​ទេ ហើយ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​មិនបាន​ផ្ដល់​ឱកាស​ណាមួយ​ឡើយ​ដើម្បី​ធ្វើ​ឲ្យ​មាន​កិច្ច​សន្ទនា​បែបនេះ។ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា យើង​នៅ​ឆ្ងាយ​ពី​គ្នា​ដោយ​គ្រាន់តែ​ជិះ​យន្តហោះ​មួយ​ជើង​តែប៉ុណ្ណោះ ដែល​យើង​អាច​ធ្វើ​ឲ្យ​មាន​ឡើង​នូវ​កិច្ច​សន្ទនា​គ្នា​នេះ​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​នានា​។ យើង​នឹង​ទន្ទឹង​រង់ចាំ​នូវ​ឱកាស​នោះ ប្រសិនបើ​មាន​ការ​វិវត្ត​ណាមួយ​កើតមានឡើង។

សំណួរ៖ សំណួរ​ចុងក្រោយ​របស់ខ្ញុំ តើ​លោក​មាន​សារ​អ្វីខ្លះ​ចង់​ផ្ដាំ​ផ្ញើ ឬ​ផ្ដល់​ជា​អនុសាសន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជាពិសេស​ក្នុងចំណោម​ស្រទាប់​យុវវ័យ​ជំនាន់​ក្រោយ ដែល​ទន្ទឹង​ចង់បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ក៏ដូចជា​ចង់បាន​ការបោះឆ្នោត​មួយ​ដែល​គួរ​ឲ្យ​ទុកចិត្ត និង​ប្រកបដោយ​ភាព​សេរី និង​យុត្តិធម៌​ក្នុង​ប្រទេស​របស់​ពួកគេ ដែល​នេះ​អាច​ថា​ជា​ក្ដី​សុបិន​រួម​មួយ​នោះ​បាទ?

លោក ខេណិត វ៉រឡាក់៖ បាទ​! បញ្ហា​នេះ​ហើយ​ដែល​ជា​រឿង​គួរ​ឲ្យ​រំខាន​ណាស់ ប្រសិនបើ​មនុស្ស​វ័យក្មេង​ក្នុង​ប្រទេស​នេះ មើល​ពុំ​ឃើញ​នូវ​ឱកាស​ដើម្បី ចូលរួម​ក្នុង​ដំណើរការ​នយោបាយ ប្រសិនបើ​គេ​មាន​អារម្មណ៍​ថា ប្រព័ន្ធ​នេះ​មិន​អនុញ្ញាត​ឲ្យ​មានការ​ឆ្លុះបញ្ចាំង​ពិតប្រាកដ​មួយ នៃ​ឆន្ទៈ​របស់​ពួកគេ។ ពួកគេ​នឹង​បោះបង់ចោល ឬ​លែង​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​នេះ។ ហើយ​នេះ​មិនមែន​ជា​រឿង​ល្អ​ឡើយ។ ដូច្នេះ​អនុសាសន៍​តែមួយ​គត់​របស់​ខ្ញុំ​គឺថា បញ្ហា​នេះ​ជា​រឿងរ៉ាវ​ដែល​ពួកគេ​ត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ហើយ​ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​នៅតែ​ស្វិតស្វាញ ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​ព្យាយាម​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន បើ​ទោះ​ជា​ស្ថិត​ក្នុង​បរិយាកាស​ប្រកបដោយ​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ។ ពួកគេ​ត្រូវ​ចូលរួម​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ផ្សារភ្ជាប់​ជាមួយ​នឹង​ដំណើរ​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ ហើយ​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​កំណែទម្រង់​ជា​បន្ត និង​ឲ្យ​មាន​នូវ​ការ​បើក​ចំហ។ ទីបំផុត​ទៅ តាមរយៈ​ការ​ផ្សារ​ភ្ជាប់​នេះ រឿងរ៉ាវ​ល្អ​នឹង​កើតមានឡើង​។ សំខាន់​ណាស់​ដែល​ការ​ផ្សារ​ភ្ជាប់​ក្នុង​រឿង​នយោបាយ​នេះ​ត្រូវតែ​ធ្វើឡើង​ប្រកបដោយ​សន្តិវិធី និង​តាម​បែប​ស្ថាបនា ។ ប្រជាពលរដ្ឋ​ទាំងអស់​ចង់បាន​ដូចគ្នា ទាំង​នៅ​កម្ពុជា និង​ទាំង​នៅ​តំបន់​នានា​ទូទាំង​សាកលលោក គឺថា​ពួកគេ​ចង់បាន​ម្ហូប​ឆ្ងាញ់​នៅ​លើ​តុ មានការ​ងារ​ល្អ មានការ​ថែទាំ​សុខភាព ចង់​ឲ្យ​កូនចៅ​របស់​ពួកគេ​មាន​ជីវិត​ប្រសើរ ហើយ​ពួកគេ​ចង់​ឲ្យ​មាន​សំឡេង​នយោបាយ ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នៅ​កម្ពុជា និង​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក ត្រូវតែ​ជួយ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​បានសម្រេច​នូវ​សេចក្ដី​ប៉ងប្រាថ្នា​ទាំងនេះ។ ហើយ​ស្ដាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន។ យើង​សង្ឃឹមថា​ប្រជាពលរដ្ឋ​កម្ពុជា នឹង​នៅតែ​ផ្សារភ្ជាប់​ទៅ​នឹង​នយោបាយ ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ដូចដែល​ខ្ញុំ​បាន​និយាយ​ហើយ ខ្ញុំ​មាន​សុទិដ្ឋិនិយម ថា​នៅ​ទីបំផុត​ទៅ​រឿងរ៉ាវ​ល្អ​បែបនេះ​នឹង​កើតមានឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល