បទ​សម្ភាសន៍​អ្នក​ជំនាញ​គោលនយោបាយ​អន្តរជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន អំពី​​យុទ្ធសាស្រ្ត​អូស​ទាញ​កម្ពុជា​​ឲ្យ​មក​រក​គន្លង​ប្រជាធិបតេយ្យ​​វិញ

ដោយ មាន ឫទ្ធិ
2018-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី អូលីវវា អ៊េននុស (Olivio Enos) អ្នក​វិភាគ​ផ្នែក​គោល​នយោបាយ​របស់​អង្គការ​កេរ​ដំណែល​ពិភព​លោក (Heritage Foundation) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី Washington ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​លោក តាំង សារ៉ាដា ទូរទស្សន៍​អាស៊ី​សេរី ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨។
អ្នកស្រី អូលីវវា អ៊េននុស (Olivio Enos) អ្នក​វិភាគ​ផ្នែក​គោល​នយោបាយ​របស់​អង្គការ​កេរ​ដំណែល​ពិភព​លោក (Heritage Foundation) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី Washington ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​លោក តាំង សារ៉ាដា ទូរទស្សន៍​អាស៊ី​សេរី ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨។
ទូរទស្សន៍​អាស៊ីសេរី

អ្នកវិភាគ​អំពី​គោលនយោបាយ​អន្តរជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បង្កើត​ក្រុម​ទំនាក់ទំនង ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​បារាំង ឥណ្ឌូនេស៊ី អង់គ្លេស ជប៉ុន និង​អូស្រ្តាលី​ជា​ដើម ដើម្បី​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​ក្នុង​ការ​ស្វែង​រក​យុទ្ធសាស្រ្ត​អូស​ទាញ​កម្ពុជា​មក​រក​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ។ អ្នក​វិភាគ​រូប​នេះ អះអាង​ថា ប្រសិន​បើ​របប​លោក ហ៊ុន សែន ដែល​មិន​ព្រម​ស្តារ​លិទ្ធិ​​ប្រជាធិបតេយ្យ​របស់​ប្រទេស​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ​នោះ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​លោក​សេរី​ផ្សេង​ទៀត​គួរ​ប្រើ​វិធានការ​ក្តៅ​ដាក់​ទណ្ឌកម្ម​លើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​តែ​ម្តង។

សូម​លោក​អ្នក​នាង​ស្តាប់​បទ​សំភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​អ្នកស្រី​ អូលីវវា អ៊េននុស (Olivio Enos) អ្នក​វិភាគ​ផ្នែក​គោល​នយោបាយ​របស់​អង្គការ​កេរ្តិ៍​ដំណែល​ពិភព​លោក (Heritage Foundation) ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី Washington មាន​សេចក្តី​ដូច​ត​ទៅ៖

សារ៉ាដា៖ សួស្តីលោកស្រី Olivia! សប្បាយ​រីករាយ​ណាស់ ដែល​បាន​ជួប​លោកស្រី​ម្តង​ទៀត!

អូលីវវា៖ ចាស! សុខសប្បាយជាធម្មតាទេ អគុណណាស់!

សារ៉ាដា៖ ដូចដែលលោកស្រីបានឃ្លាំមើល​ឃើញ​ស្រាប់​ហើយ អំពី​ដំណើរ​ការ​បោះ​ឆ្នោត​កម្ពុជា ដែល​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នោះ បាន​បញ្ចប់​ទៅ​ហើយ។ តើ​លោកស្រី​យល់​ថា សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​គួរ​ធ្វើ​អ្វី​បន្ថែម​ទៀត ដើម្បី​ទប់ទល់​នឹង​លទ្ធផល​ឆ្នោត​នេះ?

អូលីវវា៖ ពាក់ព័ន្ធនឹងបញ្ហាបោះឆ្នោតនៅកម្ពុជានេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មក លោក ហ៊ុន សែន​ គ្មាន​បំណង​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​នោះ​ទេ។ ហើយ​នៅ​ពេល​នេះ យើង​បាន​ឃើញ​​ឧបសគ្គ​​នេះ​​ហើយ គឺ​​កម្ពុជា​​ជា​ប្រទេស ដែល​កំពុង​ដឹក​នាំ​ដោយ​គណបក្ស​តែ​មួយ។ នេះ​គឺ​ជា​ស្ថានភាព​ដ៏​អាក្រក់​ខ្លាំង​ណាស់។ ខ្ញុំ​ដឹង​ថា សហរដ្ឋ​អាមេរិក​កំពុង​តែ​ដាក់​សម្ពាធ​ទៅ​លើ​របប​ក្រុង​ភ្នំពេញ​ហើយ ប៉ុន្តែ​គួរ​តែ​ដាក់​ឈ្មោះ​លោក ហ៊ុន សែន និង​​ក្រុម​យោធា​របស់​គាត់​ឲ្យ​ចំៗ តែ​ម្តង។

សារ៉ាដា៖ ប៉ុន្តែសហរដ្ឋអាមេរិកទើបអនុម័តច្បាប់លេខ ៥៧៥៤ អំពីប្រជាធិបតេយ្យឆ្នាំ២០១៨ នៅ​កម្ពុជា​រួច​ហើយ ដែលច្បាប់នេះមាន ឥទ្ធិពលក្នុងការដាក់ទណ្ឌកម្មដល់មន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន​ សែន។​ ប្រធាន​គណកម្មាធិការ​កិច្ចការ​បរទេស​​របស់​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​លោក អេដ រ៉យ (Ed Royce) បាន​ស្នើសុំ​​ឲ្យ​ប្រធានាធិបតី​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន  កូនៗ របស់​​គាត់ និង​​មន្រ្តី​របស់​គាត់​ជា​ច្រើន​រូប​ថែម​ទៀត តើ​វិធានការ​នេះ​គ្រប់​គ្រាន់​ដែរ​ទេ?

អូលីវវា៖ ការទាមទាររបស់ស្ថាប័ននីតិបញ្ញត្តិ ដើម្បីឲ្យស្ថាប័ននីតិ ប្រតិបត្តិទទួលខុសត្រូវ និងជំរុញឲ្យមាន​ការ​ចាត់​វិធានការ​បន្ថែម ករណីកម្ពុជាតែងតែល្អជានិច្ច។ ខ្ញុំយល់ថាច្បាប់ដែលបានអនុម័ត នៅរដ្ឋសភា​រួចប្រៀប​ដូច​ជា​ការ​សន្យា​មុះមុត​អ៊ីចឹង​ដែរ។ បញ្ហានេះ យើងត្រូវរង់ចាំមើលបន្តិច ថាតើសេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័ត នៅព្រឹទ្ធសភា​ដែរ​ឬ​ទេ។ ក្នុងរយៈពេលប៉ុន្មានខែមកនេះ និយាយឲ្យចំ ទៅខ្ញុំមានការពេញចិត្តខ្លាំងណាស់ចំពោះគោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​របប​លោក ហ៊ុន សែន។ ដូច​លោក​បាន​ឃើញ​ស្រាប់​ហើយ ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា មក សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្តើមថ្កោលទោសលើរបបលោក ហ៊ុន សែន ជាបន្ត បន្ទាប់។ យើង​មាន​ការ​បន្ថែម​ការ​ដាក់​សម្ពាធ​ថែម​ទៀត​នៅ​ពេល​ដែល​គណបក្ស សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ ដូចជាការបង្កកទ្រព្យ សម្បត្តិ និង​បិទទិដ្ឋាការដល់មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា។ ហើយនៅមុនការបោះឆ្នោតកន្លងទៅនេះ គឺ​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ច្បាប់​ក្លូបបលមែកនីតស្គី ទៅ​លើ​មន្រ្តី​របប​ក្រុង​ភ្នំពេញ​ថែមទៀត។ ខ្ញុំយល់ថានេះជាចំនុច​វិជ្ជមាន​ដែល​សហរដ្ឋ​អាមេរិក​ប្រើ​យុទ្ធសាស្រ្ត​ដ៏​ល្អ​ក្នុងការដាក់សម្ពាធដល់កម្ពុជា។ លើសពីនេះទៅទៀតខ្ញុំយល់ថា សហរដ្ឋអាមេរិក​គួរ​តែ​កោះ​ប្រជុំ​ជា​បន្ទាន់​មួយក្នុងការបង្កើតក្រុមទំនាក់ ទំនង​សំរាប់​កិច្ចការ​កម្ពុជា ដែលមានការចូលរួមពីបណ្តាប្រទេស​មួយ​ចំនួន ដែលជាម្ចាស់ហត្ថលេខីនៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

សារ៉ាដា៖ ប៉ុន្តែភ្លាមៗនៅក្រោយការបោះឆ្នោត​នៅ​កម្ពុជា​កាល ពីថ្ងៃទី២៩ ខែកក្កដា មកសេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា សហរដ្ឋអាមេរិកមានការសោក ស្តាយចំពោះ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​​ដោយ​​គ្មាន​ការ​ចូលរួម​ពី​គណបក្សសង្គ្រោះជាតិ ហើយថា សហរដ្ឋ​អាមេរិកនឹង បន្ថែម​ការ​បិទ​ទិដ្ឋាការ​ដល់​មន្រ្តី​ជាន់​ខ្ពស់នៃរបបលោក ហ៊ុន សែន​។ តើលោកស្រី យល់ថាលិខិត​ពី​សេត​វិមាន​នេះ មាន​ឥទ្ធិពល​ដែរ​ទេ?

អូលីវវា៖ ខ្ញុំគិតថាសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាមេរិកមាន ឥទ្ធិពលខ្លាំងណាស់។ ខ្ញុំគិតថា ល្អមែនទែនដែល​​សហរដ្ឋ​​អាមេរិក​និយាយ​ថា ការបោះឆ្នោតនៅកម្ពុជាមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះ។ ហើយចំនុចដែលមាន​ការ​លើក​ចិត្ត​ដល់​ក្រុមអ្នកនិយម ប្រជាធិបតេយ្យថែមទៀតនោះ គឺការសន្យារបស់អាមេរិកក្នុងការបន្ថែម ការបិទទិដ្ឋាការ ដល់​មន្រ្តីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា។ ខ្ញុំគិតថា ដើម្បីឲ្យពលរដ្ឋខ្មែរមានជំនឿលើសហរដ្ឋអាមេរិកតទៅទៀត លុះត្រា​តែ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការដល់ មន្រ្តីជាន់ខ្ពស់ នៃរបបលោក ហ៊ុន​ សែន​ ឲ្យបានឆាប់តាមដែល​អាច​ធ្វើ​ទៅ​បាន។

សារ៉ាដា៖ បើទោះបីជាមានការដាក់សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ដូចជា​សហរដ្ឋ​អាមេរិក ពី​សហគមន៍​អឺរ៉ុប និងបណ្តាប្រទេស​មួយ​ចំនួន ក៏ដោយ ក៏លោក ហ៊ុន សែន តែងប្រកាសមិន​ខ្វល់​អំពី​ដាក់​សម្ពាធ​ទាំង​នេះ​ដែរ ដោយសារ​របបលោកមាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ប្រទេស​ចិន រុស្សី និង​វៀតណាម​ជា​ដើម។ តើលោកស្រី​យល់​ថា របប​លោក ហ៊ុន សែន អាចទ្រាំបានប៉ុណ្ណាដែរ​ក្នុង​កាលទេសៈ​បែប​នេះ ហ្នឹង​បាទ?

អូលីវវា៖ អញ្ចឹងហើយបានជាខ្ញុំគិតថា ការដាក់ទណ្ឌកម្មបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ គឺជាវិធានការដ៏ល្អបំផុត​របស់​សហរដ្ឋអាមេរិក ក្នុងការបញ្ជូនសញ្ញាដ៏ច្បាស់លាស់មួយទៅដល់របបលោក ហ៊ុន សែន ថា របប​លោក​នឹង​ជួប​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ ប្រសិន​បើ​មិន​ព្រម​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ទេ​នោះ។ ប៉ុន្តែដូចអ្វីដែលខ្ញុំបានបញ្ជាក់ម្តង ហើយម្តងទៀតអញ្ចឹងថា សហរដ្ឋអាមេរិកត្រូវតែសហការជាមួយ សហគមន៍អន្តរជាតិដ៏ទៃទៀតតាមរយៈការបង្កើត​ក្រុមទំនាក់ទំនងអំពី កម្ពុជា ដើម្បីពូនផ្តុំបណ្តាប្រទេសទាំងនោះឲ្យបង្កើតផែនការ និងយុទ្ធសាស្រ្តឲ្យបាន​ខ្លាំងជាង​នេះ​ក្នុង​ការ​បង្ខំ​របប​លោក ហ៊ុន សែន ឲ្យទទួលខុសត្រូវចំពោះការសម្លាប់គោលការណ៍ប្រជាធិបតេយ្យរបស់ ប្រទេស។ ការ​បោះ​ឆ្នោត​នៅឆ្នាំ២០១៨នេះ គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ។ និយាយដោយស្មោះ​ទៅចុះ​ស្ថានភាព​នយោបាយ ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៣ ក៏មិនអាចទទួលយក បានដូចគ្នាដែរ។ ប៉ុន្តែខ្ញុំគិតថា ដោយសារ​តែ​យើង​មិន​បាន​បង្កើត​ក្រុម ទំនាក់ទំនងអំពីកម្ពុជា និង​ដោយ​សារ​តែ​យើងមិនបានបង្កើត យុទ្ធសាស្រ្តរឹង​មាំ​មួយ​ក្រោយ​ការ​បោះ​ឆ្នោតឆ្នាំ២០១៣ ហ្នឹងហើយ ដែលនាំឲ្យយើងជួបវិបត្តិដូចសព្វថ្ងៃនេះ។ ប្រទេសកម្ពុជាមាន ប្រយោជន៍​ខ្លាំង​ណាស់​សំរាប់​សហរដ្ឋអាមេរិក ដែលជារណាំង សន្តិសុខ​មួយ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីភាគខាងកើតដែលពាក់ព័ន្ធទៅ នឹងដែលសមុទ្រចិនភាគត្បូង ​និងករណីខ្លះពាក់ព័ន្ធទៅនឹងបញ្ហានៅ កូរ៉េខាងជើងថែមទៀត។ ហេតុដូច្នេះ​ហើយ​សហរដ្ឋ​អាមេរិកត្រូវតែចាត់ ទុក​បញ្ហា​នៅ​កម្ពុជា​ជា​បញ្ហា​សំខាន់ ដែល​ត្រូវ​បង្កើត​នូវ​យុទ្ធសាស្រ្ត​មួយ ​ក្នុង​​ចំណោម​​សហរដ្ឋ​អាមេរិកខ្លួនឯង និងក្នុងចំណោមបណ្តា ប្រទេសដែលមានការទទួលខុសត្រូវទាំងស្មារតី និងទាំងផ្លូវច្បាប់ លើ​បញ្ហា​កម្ពុជា​តាម​រយៈ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ចាប់​ឲ្យ​របប​ក្រុង​ភំ្នពេញ​ទទួល​ខុស​ត្រូវ ចំពោះ​​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ។

សារ៉ាដា៖ តើប្រទេសណាខ្លះដែលសហរដ្ឋអាមេរិកគួតែគៀងគរបង្កើត ក្រុមទំនាក់ទំនង​អំពី​កិច្ចការ​​កម្ពុជា​​នេះ?

អូលីវវា៖ ខ្ញុំធ្លាប់សរសេរអំពីបញ្ហានេះកាលពីមុន គឺប្រទេសអូស្រ្តាលី ឥណ្ឌូនេស៊ី ជប៉ុន អង់គ្លេស បារាំង និង​បណ្តា​​ប្រទេស​​មួយ​​ចំនួន​​ទៀត ហើយសហគមន៍អឺរ៉ុបក៏ចូលរួមក្នុងប្រតិបត្តិការដាក់សម្ពាធដល់ កម្ពុជាឲ្យទទួលខុសត្រូវ​ក្នុង​ការ​ស្តារ​លទិ្ធ​ប្រជាធិបតេយ្យ​ឡើង​វិញ​ដែរ។

សារ៉ាដា៖ ប្រសិនបើលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយជា​ច្រើន​ទៀត​ឲ្យមានសេរីភាពឡើងវិញ តើលោកស្រីយល់ថាសហគមន៍អន្តរជាតិនឹងបន្ថយការដាក់​សម្ពាធ របស់ខ្លួនមកលើកម្ពុជា ហើយ​ឈប់​ខ្វល់​អំពី​ការ​បោះ​ឆ្នោត​មួយ ដែល គេចាត់ទុកថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​នោះ​ដែរ​ទេស?

អូលីវវា៖ ការដោះលែងលោក កឹម សុខា គឺត្រូវតែធ្វើ១០០% ។ បញ្ហា​នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតែទាមទារ​តាម​រយៈសេចក្តី ថ្លែងការណ៍​របស់ខ្លួនជាបន្តបន្ទាប់។ ប៉ុន្តែរហូតមកទល់​ពេលនេះ សហរដ្ឋអាមេរិកនៅមិន​ទាន់​បាន​ដាក់​ទណ្ឌកម្ម​គ្រប់គ្រាន់​សំរាប់​កម្ពុជា​នោះ​ទេ។ ប្រាកដណាស់ប្រសិនបើមានការដោះលែង លោក​កឹម សុខា និង​អ្នក​ទោស​នយោបាយជាច្រើនទៀតមែន នោះទណ្ឌកម្មមួយ ចំនួនអាចនឹងលើកលែងដែរ ប៉ុន្តែអាមេរិកមិនភ្លេច អំពីការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នោះ​ឡើយ។ ខ្ញុំយល់ថាការបោះឆ្នោត ដ៏អាមាស់នៅកម្ពុជា កន្លងមកនេះនឹងប៉ះទង្គិច ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា និងអាមេរិក ក្នុងរយៈពេលដ៏យូរ។ ខ្ញុំគិតថារាល់ជំនួយរបស់អាមេរិក និងកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​ជាមួយ​កម្ពុជា គួរមានការស៊ើរើឡើងវិញ ដោយសាររបបលោក ហ៊ុន សែន មិន​គោរព​មូលដ្ឋាន​ក្នុង​ការថែរក្សាសេរីភាព និងលទ្ធិ​ប្រជាធិបតេយ្យ ជូនពលរដ្ឋនោះឡើយ។

សារ៉ាដា៖ លោកស្រីបាននិយាយច្រើនណាស់ពាក់ព័ន្ធនឹងការដាក់ ទណ្ឌកម្ម បង្ក្រកទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋការ​ដល់​ក្រុមមន្រ្តីពុករលួយ និងក្រុមមន្រ្តី ដែលចូលរួមបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ តើ​សហរដ្ឋ​អាមេរិក​គួរ​ប្រើ​ទណ្ឌកម្ម​ដ៏​ធំ​របស់​ខ្លួន​បែប​ណាដែរ​ ខណៈ សហគមន៍​អឺរ៉ុប​កំពុង​វាយ​តម្លៃ​អំពី​ស្ថានការណ៍រំលោភសិទ្ធិមនុស្ស នៅកម្ពុជា ដែលអាចឈាន​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម ដល់​កម្ពុជា​នោះ?​

អូលីវវា៖ ខ្ញុំគិតថារដ្ឋាភិបាលសហរដ្ឋអាមេរិកគួផ្តោតការយកចិត្តទុក ដាក់ក្នុងការកំណត់អំពីប្រភេទនៃទណ្ឌកម្មទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ជា​មុន​សិន ដើម្បី​ឲ្យ​របប​លោក ហ៊ុន​ សែន​​ ទទួល​ខុស​ត្រូវ ចំពោះ​វិបត្តិ​នយោបាយ​ដ៏​ដុនដាប​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ សហរដ្ឋ​អាមេរិក​អាច ប្រើ​ជំរើស​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ការ​កំណត់​ទណ្ឌកម្ម​របស់​ខ្លួន​ទៅ​លើ​បញ្ហា​ពាណិជ្ចកម្ម ឬ​បញ្ហា​ផ្សេង​ទៀត។

សារ៉ាដា៖ បាទ​សូម​អរគុណ​ច្រើន​លោក​ស្រី អូលីវវា សម្រាប់​ពេល​វេលា​របស់​លោកស្រី ជាមួយ​អាស៊ី​សេរី !

អូលីវវា៖ ចាស សូមអគុណ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល