តើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងងាកចេញពីចិនដែរឬទេ ក្រោយពីធ្វើសហប្រធានដឹកនាំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក?
2022.04.20
ក្រុមអ្នកវិភាគលើកឡើងថា មេដឹកនាំសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) នឹងលើកឡើងពីលំហរប្រជាធិបតេយ្យនៅតំបន់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិកនៅដើមខែឧសភាខាងមុខ។ ក៏ប៉ុន្តែអ្នកវិភាគមិនរំពឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានអាស៊ាន នោះ អាចងាកចេញពីចិន ហើយដើរលើគន្លងប្រជាធិបតេយ្យត្រឹមត្រូវវិញឡើយ។
ក្រុមអ្នកវិភាគខ្លះមិនរំពឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្លាស់ប្ដូរ ឥរិយាបថដឹកនាំរបស់ខ្លួនឡើយ ទោះជាកម្ពុជា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិកនៅពេលខាងមុខក្ដី។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ថ្មីៗ នេះ ទោះជាកម្ពុជាហាក់ដូចជាផ្លាស់ប្ដូរជំហរ ឬបន្ទន់ឥរិយាបថបន្តិចក្ដី តែលោកថា នេះជានយោបាយការទូតបត់បែនរបស់កម្ពុជា ដើម្បីបញ្ចៀសទណ្ឌកម្មពីសហរដ្ឋតែប៉ុណ្ណោះ៖ «ខ្ញុំអត់សង្ឃឺមថា នឹងមានការប្រែប្រួលឬកែប្រែទេ ការប្រែឥរិយាបថនេះគ្រាន់តែជាការបន្ទន់ឥរិយាបថនៅមុនប្រជុំ ហើយបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប្រហែលជាគេលើកនៅក្នុងអង្គប្រជុំនោះហើយ»។
ការលើកឡើងនេះ នៅស្របពេល កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ត្រូវបានកំណត់ពេលវេលាជាថ្មីឡើងវិញ ក្រោយពីបានខកខានកិច្ចប្រជុំពិសេសនេះ កាលពីខែមិនាកន្លងទៅ។ សេចក្ដីប្រកាសព័ត៌មានរួមរបស់ប្រធានអាស៊ាន និងសហរដ្ឋអាមេរិក ឲ្យដឹងថា កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតុន រយៈពេលពីរថ្ងៃ គឺថ្ងៃទី១២-១៣ ខែឧសភាខាងមុខនេះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ទោះបីជាអាស៊ានបង្កើតឡើង ដើម្បីទប់ទល់មនោគមន៍វិជ្ជាកុម្មុយនីស្ដក្ដី តែប្រទេសអាស៊ានមួយចំនួនដូចជា កម្ពុជា និងឡាវ នៅតែងាកទៅរកមនោគមន៍វិជ្ជាកុម្មុយនីស្ដ គឺចិនដដែល។ លោកបន្ថែមថា សហរដ្ឋអាមេរិក និងចិន សំឡឹងមើលអាស៊ាន ប្រៀបដូចជាកូនក្រមំមួយ ដែលមហាអំណាចទាំងពីរនៅប្រទាញប្រទង់គ្នា៖ «អាមេរិកនៅមើលឃើញកម្ពុជា ជាប្រទេសរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ អីចឹងហើយបានជាអាមេរិកកន្លងមកដាក់ទណ្ឌកម្មលើកម្ពុជា ដូចជាការមិនបន្ត GSP និងច្បាប់ HR4686 ជាដើម»។
អ្នកនាំពាក្យសេតវិមាន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែមេសាថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដាក់ចេញនូវអាទិភាពកំពូលធ្វើជាដៃគូរដ៏រឹងមាំ និងគួរឱ្យទុកចិត្តនៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកស្រីបន្តថា បំណងប្រាថ្នារួមគ្នារបស់សហរដ្ឋអាមេរិកគឺចង់ឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានលំហរសេរី មានសន្តិសុខ ការតភ្ជាប់ និងភាពធន់។
ទាក់ទងនឹងបញ្ហានេះអ្នកជំនាញច្បាប់ និងនយោបាយអន្តរជាតិកញ្ញា សេង ធារី មានប្រសាសន៍ថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់តំបន់អាស៊ានខ្លាំង ដោយបានយកទីតាំងរដ្ឋធានីវ៉ាស៊ីនតុន ដែលជាបេះដូងរបស់សហរដ្ឋអាមេរិក ជាទីកន្លែងប្រជុំ ដែលមិនធ្លាប់មានពីមុន។
កញ្ញា សេង ធារី បន្ថែមថា លោក ហ៊ុន សែន នឹងមានមោទនភាពក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ដែលបានមកធ្វើជាសហប្រធាន និងសហរដ្ឋអាមេរិក ជាពិសេសក្រោយកិច្ចប្រជុំនេះ ដែលលោកនឹងប្រកាសប្រាប់ពលរដ្ឋថា សហរដ្ឋអាមរិកក៏មានទំនាក់ទំនងល្អជាមួយលោកដែរ៖ «យើងក៏យល់ពីអំណាចចិនថា ចិនអត់នៅស្ងៀមទេ។ ហើយពេលគាត់មកប្រជុំដោយសារតែមាន Capitol hill ពីក្រោយផង សេតវិមានផង មាននិមិត្តរូបច្រើនគាត់នឹងថតរូបពាសពេញ គាត់នឹងថតរូបនឹងយកទៅបង្ហោះបង្អួតពលពរដ្ឋខ្មែរ និងឲ្យពិភពលោកបានឃើញ អាហ្នឹងយើងដឹង»។
ទោះបីជាលោក ហ៊ុន សែន ប្រហែលនឹងអួតអាងថា លោកបានមកចាប់ដៃជាមួយលោកចូ បៃដិន ដឹកនំាអង្គប្រជុំពិសេសនេះក្ដី បើសិនជាលោកគ្មានកែប្រែអំពីរបៀប ដឹកនាំរបស់ខ្លួនទេនោះ អ្នកវិភាគថា លោក ហ៊ុន សែន នឹងខាតបង់ច្រើន ជាពិសេសគឺប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក GSP និងទណ្ឌកម្មផ្សេងៗ ទៀត។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក បង្កើតឡើងក្នុងគោលដៅជួយអភិវឌ្ឍ និងពង្រឹងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសក្រីក្រ។ សហរដ្ឋអាមេរិកផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះក្រោមលក្ខខណ្ឌដែលប្រទេសទទួល ត្រូវធានាគោរពសិទ្ធិការងារ និងលុបបំបាត់រាល់ទម្រង់នៃពលកម្មកុមារ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។
កម្ពុជាចាប់ផ្ដើមទទួលបានការអនុគ្រោះពន្ធ GSP នៅឆ្នាំ១៩៩៧ ហើយតាមរយៈកម្មវិធីនេះ កម្ពុជានាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ជាង ១៨០លានដុល្លារ ក្នុងមួយឆ្នាំៗ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមរិកផ្ដល់ឱ្យកម្ពុជា និងប្រទេសមួយចំនួនទៀតបានផុតសុពលភាពតាំងពីខែធ្នូ ឆ្នាំ២០២០មក ហើយមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់បន្តសុពលភាពវិញនៅឡើយទេ។
នៅក្រោយពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិកនេះ បើសិនជាលោក ហ៊ុន សែន បើកលំហរសិទ្ធិសេរីភាព និងអនុវត្តតាមគន្លងប្រជាធិបតេយ្យវិញ ក្រុមអ្នកតាមដាន កិច្ចការអន្តរជាតិអះអាងថា កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីសហរដ្ឋអាមេរិកនេះឡើងវិញ។ ក៏ប៉ុន្តែអ្នកវិភាគសង្ឃឹមតិចតួចណាស់ថា លោក ហ៊ុន សែននឹងបើកលំហរសិទ្ធិសេរីភាពវិញ ដោយសារតែការបន្តបង្រ្កាបឥតស្រាកស្រាន្ដលើសកម្មជនបក្សប្រឆាំង និងការបំបិទសេរីភាពប្រមូលផ្ដុំតវ៉ាដោយសន្តិវិធីក្នុងពេលបច្ចប្បន្ន។ លើសពីនេះ លោក ហ៊ុន សែន ក៏មានទិសដៅ ផ្ទេរអំណាចឲ្យកូននៅពេលខាងមុខដោយអាចចាប់យកចិនជាខ្នងបង្អែកពេញទំហឹងដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។