ប្រធាន​គណបក្ស​កម្លាំងជាតិ​លោក ស៊ុន ចន្ធី ចេញ​លិខិត​សុំ​ទោស​លោក ហ៊ុន ម៉ាណែត

ដោយ សេក បណ្ឌិត
2024.06.08
ប្រធាន​គណបក្ស​កម្លាំងជាតិ​លោក ស៊ុន ចន្ធី ចេញ​លិខិត​សុំ​ទោស​លោក ហ៊ុន ម៉ាណែត (រូបឆ្វេង) ​លោកស្រី យាន ស្រីយ៉ាន ប្រពន្ធ​ និង​លោក ស៊ុន ចន្ធី ប្រធាន​បក្ស​កម្លាំង​ជាតិ បង្ហោះលើ​ហ្វេសប៊ុក​របស់​លោកស្រី ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក​របស់​លោកស្រី យាន ស្រីយ៉ាន

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី បាន​សម្រេច​ចេញ​លិខិត​សំដែង​ការ​សោកស្តាយ ពី​ពន្ធនាគារ​ឲ្យ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លិខិត​មិនបាន​ចុះ​ថ្ងៃខែ សរសេរ​ដោយ កុំព្យូទ័រ មាន​ស្នាម​មេដាយ និង ឈ្មោះ ស៊ុន ចន្ធី ត្រូវ​បាន ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន យក​មក​ចុះផ្សាយ​ភ្លាមៗ​កាល​ពី​យប់​ថ្ងៃទី​៧ មិថុនា បញ្ជាក់​ថា «​ខ្ញុំបាទ ស៊ុន ចន្ធី ពិតជា​មានការ​សោកស្តាយ នូវ​មតិ​លើកឡើង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២០​នាក់​នៅ​ខេត្ត​អ៊ីបារ៉ាគិ ប្រទេស​ជប៉ុន កាល​ពី​រសៀល​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេសជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា។ លិខិត​នោះ ហាក់​មាន​គំរូ​សរសេរ​ទុក​រួច​ជាស្រេច។

ជុំវិញ​រឿង​នេះ ភរិយា​លោក ស៊ុន ចន្ធី គឺ អ្នកស្រី យាន ស្រីយ៉ាន ប្រាប់​វិទ្យុ​អាស៊ីសេរី យ៉ាង​ខ្លី​ថា អ្នកស្រី​បានឃើញ​លិខិត​នោះ​ហើយ ប៉ុន្តែ​អ្នកស្រី ពុំបាន​ដឹង​រឿង​រាវ​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​ទេ និង​បាន​ចាត់​ថា នេះ​ជា​សិទ្ធិ​សម្រេច​របស់​ប្តី ហើយ​ព្រឹក​ថ្ងៃ​សៅ​រិ៍ ទី​០៨ មិថុនា​នេះ គាត់​នឹង​ទៅ​ពន្ធនាគារ​ជួប​ប្តី​ដើម្បី​សួរនាំ​រកហេតុ​ផល​នៃ​ការ​សរសេរ​លិខិត​ទ​ទទួល​កំហុស​ចេញ​ពី​ពន្ធ​ធនាគារ​យ៉ាង​ប្រញាប់ប្រញាល់ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ដូច្នេះ។

អ្នកស្រី យាន ស្រីយ៉ាន៖ «​អ៊ីចឹង​ទាក់ទង​រឿង​លិខិត​នេះ​គឺ​ខ្ញុំ​អត់​ដឹង​ទេ ដោយសារតែ​ខ្ញុំ​អត់​បាន​ជួប​គាត់​អ៊ីចឹង​ចាំ​ខ្ញុំ​ទៅ​ជួប​គាត់​សិន​ទើប​អាច​ដឹង ហើយ​នៅក្នុង​លិខិត​នេះ​មិន​មាន​ចុះ​ថ្ងៃខែ​ទេ តែ​គ្រាន់​ថា​មាន​រូប​គាត់​កាន់​លិខិត​ហ្នឹង»

អាជ្ញាធរ​បាន​ចាប់ខ្លួន​ប្រធាន​បក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ពេល​លោក​ត្រឡប់​ពី​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ដាក់​ពន្ធនាគារ ដោយសារ​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ បង្កាច់បង្ខូច​លើ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​ទុកចិត្ត​លើ​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នឹង​ចាត់​ថ្នាក់​ដឹកនាំ ជួបពិភាក្សា ជា​នឹង​មន្ត្រី​សាលារាជធានី​ជុំវិញ​ផែនការ​ជួបជុំ​សមាជិក​គណបក្ស កម្លាំង​ជាតិ យ៉ាងតិច​១៥០​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ។

លោក​បញ្ជាក់​ថា ទោះបីជា​លទ្ធផល​នៃ​កិច្ចពិភាក្សា​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ​យ៉ាងណាក្ដី ក៏ គណបក្ស​កម្លាំង​ជាតិ​នឹង​នៅតែ​រក្សា​គោលជំហរ​ជួបជុំគ្នា​នៅ​ថ្ងៃទី​១៦ ខែមិថុនា តាម​ការ​គ្រោងទុក​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។