ប្រទេស​ជប៉ុន​ព្រួយ​បារម្ភ​អំពី​ការ​រម្លាយ​បក្ស​ប្រឆាំង​និង​ស្ថានភាព​នយោបាយ​កម្ពុជា

ដោយ មួង ណារ៉េត
2017-12-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ប្រាក់ សុខុន (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) (ឆ្វេង) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា ស្ដីពី​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ ២៨​លាន ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ​វិទ្យាស្ថាន​គរុកោសល្យ​ថ្មី​២​កន្លែង កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៧។
លោក ប្រាក់ សុខុន (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) (ឆ្វេង) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា ស្ដីពី​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ ២៨​លាន ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ​វិទ្យាស្ថាន​គរុកោសល្យ​ថ្មី​២​កន្លែង កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo courtesy of MFA.IC

ប្រទេស​ជប៉ុន​សម្ដែង​ការ​ព្រួយ​បារម្ភ អំពី​ការ​រម្លាយ​បក្ស​ប្រឆាំង និង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា។ តាមរយៈ​បទសម្ភាសន៍​មួយ ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក ហូរីណូអ៊ូជី ហ៊ីដេហ៊ីសា (Horinouchi Hidehisa) បញ្ជាក់​ថា ប្រទេស​ជប៉ុន ព្រួយ​បារម្ភ​ដោយសារ​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​រម្លាយ​នោះ ជា​គណបក្ស​ប្រឆាំង​មួយ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ពី​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត កាលពី​បោះឆ្នោត​នា​ពេល​កន្លងមក។ លោក​ឯកអគ្គរាជទូត​ជប៉ុន​រូប​នេះ បន្ត​ថា រដ្ឋាភិបាល​ជប៉ុន បាន​សម្ដែង​ការ​ព្រួយបារម្ភ​នេះ ដោយ​ផ្ទាល់​តាមរយៈ​ជំនួប​រវាង​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ជប៉ុន ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា កាលពី​ខែ​តុលា កន្លង​ទៅ។ រដ្ឋាភិបាល​ជប៉ុន​ជំរុញ​ឲ្យ​អ្នកនយោបាយ​ខ្មែរ ប្រឹងប្រែង​រក​ដំណោះស្រាយ ក្នុង​រង្វង់​ខ្មែរ​គ្នាឯង និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​បង្ក​បរិយាកាស ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ មាន​ភាព​សមស្រប​មួយ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ អាច​បញ្ចេញ​ឆន្ទៈ​ពិតប្រាកដ​របស់​ពួកគាត់​បាន។

លោក​ឯកអគ្គរាជទូត​ជប៉ុន ហូរីណូអ៊ូជី ហ៊ីដេហ៊ីសា សង្កត់​ធ្ងន់​ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​មួយ ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ទាល់តែ​មាន​ការ​បើកទូលាយ ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។ រដ្ឋាភិបាល​ជប៉ុន នឹង​នៅតែ​បន្ត​តាមដាន ស្ថានការណ៍​នយោបាយ​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​បន្ត​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​ភាគី​ដែល​ពាក់ព័ន្ធ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​នេះ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ប្រទេស​ជប៉ុន ជា​ប្រទេស​ផ្ដល់​ជំនួយ ដ៏​ធំ​មួយ​ដល់​កម្ពុជា។ ជំនួយ​ផ្នែក​អភិវឌ្ឍ​របស់​ប្រទេស​ជប៉ុន រួមមាន​ផ្នែក​ទឹក​ស្អាត សុខភាព​មាតា​និង​ទារក វិស័យ​អប់រំ ដឹកជញ្ជូន កសិកម្ម ការ​បោសសម្អាត​គ្រាប់មីន ការ​ពង្រឹង​ផ្នែក​ការ​វិនិយោគ ការ​ពង្រឹង​ផ្នែក​ប្រព័ន្ធ​ច្បាប់ ការកែទម្រង់​ផ្នែក​បោះឆ្នោត អភិវឌ្ឍ​ធនធានមនុស្ស និង​សាលាក្ដី​ខ្មែរក្រហម។

សហគមន៍​អន្តរជាតិ ដែល​ជា​ប្រទេស​ចូលរួម​យ៉ាង​ច្រើន ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា សុទ្ធតែ​បាន​សម្ដែង​ការ​ព្រួយបារម្ភ អំពី​ស្ថានការណ៍​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប សុទ្ធតែ​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​មិន​ព្រម​ស្តារ​ស្ថានការណ៍​បច្ចុប្បន្ន ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល