ក្រសួងយុត្តិធម៌​ប្រតិកម្ម​ទៅ​​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​​ភ្នំពេញ ដែល​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2019-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រសួង​យុត្តិធម៌
ក្រសួង​យុត្តិធម៌
RFA/Sek Bandith

ក្រសួងយុត្តិធម៌​បញ្ចេញ​ប្រតិកម្ម​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដែល​ទាមទារ​ឲ្យ​ដោះ​លែង កឹម សុខា នោះ​ថា មិន​យល់​ដឹង​អំពី​ច្បាប់ និង​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា។ ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​វិភាគ​អះអាង​ថា តុលាការ​កម្ពុជា ឬ​ក្រសួង​យុត្តិធម៌ មិន​មែន​ជា​ស្ថាប័ន​ឯករាជ្យ​ឡើយ។ ប្រព័ន្ធ​យុត្តិធម៌ គឺ​បម្រើ​នយោបាយ​គណបក្ស​កាន់​អំណាច ហើយ​ព្យាយាម​ទាញ​យក​ករណី​ចោទ​ប្រកាន់​លោក កឹម សុខា ភ្ជាប់​ទៅ​នឹង​បរទេស ដើម្បី​មាន​លេស​ចោទ​ប្រកាន់​បី​បទ​ក្បត់​ជាតិ ដែល​ជា​ការ​ចោទ​ប្រកាន់​មាន​លក្ខណៈ​នយោបាយ មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់។

អ្នក​វិភាគ​អះអាង​ថា ការ​ប្រតិកម្ម​របស់​ក្រសួង​យុត្តិធម៌​ឆ្លើយ​តប​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នេះ គ្រាន់​តែ​ជា​ការ​សំដែង​ថា ខ្លួន​ខ្លាំង នៅ​គ្រា​ដែល​របប​នេះ​កំពុង​តែ​ធ្វើ​ខុស​ឆ្គង ហើយ​នឹង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​នោះ។

លោក គឹម សុខ ដែល​រង​អំពើ​អយុត្តិធម៌ ដែល​របប​លោក ហ៊ុន សែន ធ្លាប់​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​ការ​បញ្ចេញ​មតិ​នោះ ពន្យល់​ថា នរណា​ក៏​ដឹង​ដែរ​ថា​ តុលាការ​កម្ពុជា​មិនមែន​ជា​ស្ថាប័ន​ឯករាជ្យ​ឡើយ។ លោក គឹម សុខ បញ្ជាក់​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​យុត្តិធម៌កាន់​តែង​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​កំពុង​តែ​បិទ​បាំង​អំពើ​អាក្រក់​របស់​របប​ឯក​បក្ស ដូចជា អំពើ​រំលោភ​សិទ្ធិមនុស្ស រំលោភ​រដ្ឋធម្មនុញ្ញ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ក្រុម​លោក ហ៊ុន សែន ប្រតិកម្ម​នៅ​ពេល​នេះ គ្រាន់​តែ​សំដែង​រិទ្ធិ​ថា​ខ្លួន​ខ្លាំង គឺ​គ្រាន់​តែ​ជា​ការ​សំដែង​ទេ ដើម្បី​ឲ្យ​ចិន​មើល​ឃើញ​ថា គេ​ងាក​ពី​អាមេរិក តែ​លោក ហ៊ុន សែន នៅ​តែ​មិន​ហ៊ាន​ជា​មួយ​សហភាព​អឺរ៉ុប​នោះ​ទេ ដូច​ជា ការ​មិន​ឲ្យ​តប​ត​ទៅ ឬ​មិន​យក​អឺរ៉ុប​ជា​សត្រូវ​នោះ»

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ បន្ទាប់​ពី​ក្រសួង​យុត្តិធម៌ ចេញ​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៨ កុម្ភៈ ទទូច​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក បញ្ឈប់​បកស្រាយ ឬ​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា បន្ត​ទៀត ដោយ​អះអាង​ថា តុលាការ​កម្ពុជា ជា​ស្ថាប័ន​ឯករាជ្យ និង​មាន​ភស្តុតាង​រឹងមាំ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក កឹម សុខា។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​សម្ដែង​ការណ៍​ការ​សោក​ស្ដាយ ចំពោះ​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ទាមទារ​ឲ្យ​ដោះ​លែង លោក កឹម សុខា ដោយ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​លោក កឹម​ សុខា ថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់​នោះ​ថា ជា​ការ​អំពើ​រំលោភ​អធិបតេយ្យ​របស់​កម្ពុជា និង​មាន​ចេតនា​បំភ័ន្ត បំភ្លៃ​សាធារណមតិ​ជាតិ អន្តរ​ជាតិ​ឲ្យ​យល់​ច្រឡំ ចំពោះ​ការ​អនុវត្ត​នីតិវិធី និង​ការ​អនុវត្ត​ច្បាប់​ដោយ​តុលាការ​កម្ពុជា ដែល​ជា​ស្ថាប័ន​ឯករាជ្យ។ ហើយ​ចំណាត់​ការ​លើ​សំណុំ​រឿង​លោក កឹម សុខា នេះ តុលាការ​មាន​ភស្តុតាង​រឹងមាំ​ជា​ច្រើន និង​គ្រប់គ្រាន់ ក្នុង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ចំពោះ​ផែនការ​សម្ងាត់ ឃុបឃិត​ជា​មួយ​បរទេស​ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​បែប​បដិវត្តន៍​ពណ៌​តាម​មាត្រា ៤៤៣។

ទោះ​បី​ជា​ក្រសួង​យុត្តិធម៌ អះអាង​ថា ការ​ចោទ​ប្រកាន់​លោក កឹម សុខា នេះ មាន​ភស្តុតាង​រឹងមាំ​ជា​ច្រើន​បែប​នេះ​ក្ដី ក៏​ប៉ុន្តែ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ មិន​បាន​បង្ហាញ​ពី​ភស្តុតាង​ណា​ផ្សេង​ក្រៅ​ពី វីឌីអូ​ឃ្លីប​ខ្លី ដែល​លោក កឹម សុខា និយាយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ដែល​ផ្សព្វផ្សាយ​ដោយ​សារ​ព័ត៌មាន CBN ដែល​តុលាការ​យក​មក​សំអាង​ក្នុង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា និង​ពន្យល់​អំពី​នីតិវិធី​ឃុំ​ខ្លួន និង​ចំណាត់​ការ​បន្ត​របស់​ចៅ​ក្រម​ស៊ើបសួរ​ឡើយ។ សេចក្ដីថ្លែងការណ៍ ពន្យល់​ពី​ចំណាត់​ការ​បន្ត​របស់​តុលាការ​ដោយ​យោង​លើ​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា គឺ​ចៅក្រម​ស៊ើបសួរ​ផ្ដល់​ពេល​វេលា​ចាំបាច់​នានា សម្រាប់​ការ​ស៊ើបសួរ និង​ការ​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​គ្រប់គ្រាន់ មុន​នឹង​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ និង​ដោយ​ឯករាជ្យ​ក្នុង​ការ​បិទ​បញ្ចប់ ការ​ស៊ើប​អង្កេត​របស់​ខ្លួន ដែល​អាច​ជា​ការ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់ ឬ​ការ​សម្រេច​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ក្នុង​ដំណាក់​កាល​នីតិវិធី​បន្ត​បន្ទាប់។ ដូច្នេះ ការ​សម្រេច​ថា ជន​ត្រូវ​ចោទ កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ឬ​ពិត​ជា​មាន​កំហុស​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​អំពី​ការ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្ដួ​រំលំ​រដ្ឋាភិបាល​អំណាច ឬ​យ៉ាង​ណា​នោះ គឺ​មាន​តែ​ស្ថាប័ន​តុលាការ​ទេ ដែល​ជា​អ្នក​សម្រេច​ដោយ​ផ្អែក​លើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង​ដែល​តុលាការ​ប្រមូល​បាន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មេធាវី លោក កឹម សុខា ក៏​ធ្លាប់​អះអាង​ថា តុលាការ​ចោទ​ប្រកាន់​លោក កឹម សុខា គ្មាន​ភស្តុតាង​ណា​ច្បាស់លាស់​ក្រៅ​ពី​វីឌីអូ​ឃ្លីប​នេះ​ដែរ។

លោក គឹម សុខ បន្ថែម​ថា របប​លោក ហ៊ុន សែន ល្មម​ដោះ​លែង លោក កឹម សុខា ហើយ ព្រោះ​ថា ការ​យក​វិឌីអូ​ឃ្លីប​មក​ធ្វើ​ជា​សំអាង​ក្នុង​ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​រឿង​មិន​សម​ហេតុផល​ឡើយ ផ្ទុយ​ទៅ​វិញ​របប​ឯក​បក្ស​នេះ កំពុង​តែ​មិន​គោរព​ខ្លួន​ឯង មិន​គោរព​រដ្ឋធម្មនុញ្ញ មិន​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​កិច្ច​ព្រមព្រៀង​ជា​ច្រើន​ទៀត ទាក់ទង​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ៖ «ក្រុម​លោក ហ៊ុន សែន​ ធ្វើ​ដាក់​លោក កឹម សុខា គ្មាន​ភស្តុតាង​ទាល់​តែ​សោះ ព្រោះ​ការ​និយាយ​ថា​អាមេរិកាំង​ជួយ​ផ្ដល់​យោបល់​ឲ្យ​ពលរដ្ឋ​យល់​ពី​ជើង​ក្រោម​នេះ ទើប​ផ្លាស់​ប្ដូរ​បាន​បើ​សិន​ជា​មាន​ការ​រៀបចំ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​យុត្តិធម៌ ដូច្នេះ​ជា​ដំណើរ​ទូទៅ​នៃ​ប្រជាធិបតេយ្យនូបនីយកម្ម​លើ​ពិភព​លោក ជា​រៀប​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»

ការ​បញ្ចេញ​ប្រតិកម្ម​របស់​ក្រសួង​យុត្តិធម៌​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា បន្តបន្ទាប់​គ្នា។ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ស្ថានទូត​សហរដ្ឋ​អាមេរិក​ បាន​ហៅ​ការ​ឃុំខ្លួន​ លោក កឹម សុខា ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ ថា ជា​អំពើ​អយុត្តិធម៌ ដែល​អូស​បន្លាយ​ពេល​ជិត ១៨​ខែ​ហើយ នៅតែ​គ្មាន​ការ​ជំនុំជម្រះ​ក្តី​នៅឡើយ។ ស្ថានទូត​អាមេរិក​ចោទ​ជា​សំណួរ​ថា “​តើ​អ្នកដឹង​ទេ​ថា លោក កឹម សុខា ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត ១៨​ខែ ឬ​មាន​រយៈ​ពេល ៥៣០​ថ្ងៃ​ហើយ? គាត់​ជា​មនុស្ស​ស្អាតស្អំ ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការ​ចោទ​ប្រកាន់​មិន​ពិត”។ “​គ្មាន​ភស្តុតាង​ណាមួយ​ប្រឆាំង​នឹង​លោក កឹម សុខា ឡើយ​ ហើយក៏​មិនទាន់​កំណត់​បើក​សវនាការ​កាត់ទោស​គាត់​ដែរ”។ "គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់​ទោស គ្មាន​យុត្តិធម៌។ តើ​អ្នក​កំពុង​មើល​ឃើញ​រូបភាព​រួម ​ក្នុង​ករណី​លោក កឹម សុខា​នេះ​ដែរ​ឬ​ទេ?”

ពីរ​ថ្ងៃ​បន្ទាប់ គឺ​កាល​ពី​ថ្ងៃ​ទី១៨ កុម្ភៈ អ្នក​នាំ​ពាក្យ ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រកាស​ថា មាន​ហេតុផល​ពីរ​យ៉ាង ដែល​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​លូក​ដៃ​អន្តរាគមន៍​ក្នុង​រឿង​រក​យុត្តិធម៌​ដល់​លោក កឹម សុខា។ ទី​មួយ មក​ពី​អាមេរិក​ជា​ប្រទេស​ហត្ថលេខី​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ទីពីរ គឺ​មក​ពី​កម្ពុជា​ខ្លួន​ឯង ដែល​ជា​អ្នក​ទាញ​ភ្ជាប់​ករណី​លោក កឹម សុខា ទៅ​នឹង​សហរដ្ឋ​អាមេរិក។ នេះជាលើកទី១ហើយ​ បន្ទាប់​របប​ក្រុង​ភ្នំពេញ ចាប់​លោក កឹម សុខា និង រំលាយ​គណបក្ស សង្គ្រោះ​ជាតិ ដែល​សហរដ្ឋ​អាមេរិក ប្រើ​ភាសា​ចំៗ ឆ្លើយ​តប​ទៅ​នឹង​របប​ក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក អារិន ឆ្វាតចេស Arend Zwartjes បាន​សង្កត់​ទៅ​លើ​ពីរ​ចំណុច​ជា​កត្តា​សំខាន់​នោះ​គឺ៖ ទី១សហអាមេរិកជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស មាន​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​លើ​កិច្ច​ព្រមព្រៀង​នេះ នឹង​ចង់​ឃើញ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ប្រកាស​បញ្ជាក់​ថា ជា​អកុសល រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​គោរព​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ ដូច​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ។

ទី២ កម្ពុជា បាន​ទាញ​សហរដ្ឋ​អាមេរិក ឲ្យ​មក​ពាក់ព័ន្ធ​ផ្ទាល់​តែ​ម្តង ក្នុង​រឿង​លោក កឹម សុខា។ សេចក្ដី​ប្រកាស​បន្ត​ថា ការ​ឃុំ​ខ្លួន លោក កឹម សុខា និង​ចោទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិត​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ គឺ​ជា​ការ​ចោទ​ប្រកាន់​មិន​ពិត និង​មិន​ទំនង​ទាល់​តែ​សោះ។ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ទាញ​អាមេរិក ឲ្យ​មក​ចូល​ដោយ​ផ្ទាល់​ក្នុង​រឿង​នេះ។ អ្នក​នំា​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក លោកអារិន ឆ្វាតចេស បញ្ជាក់​ជា​ថ្មី ថា រដ្ឋាភិបាល​កម្ពុជា​មិន​អាច​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​វិញ​បាន​ទេ លុះ​ណា​តែ បញ្ហា​ទាំង​នេះ​ត្រូវ​បាន​ដោះ​ស្រាយ និង​ត្រូវ​បាន​គោរព​សិន។

ទាំង​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា និង អ្នក​វិភាគ​លោក គឹម សុខ អះអាង​ដូច​គ្នា​ថា របប​ឯក​បក្ស​នឹង​រង​ទណ្ឌកម្ម​កាន់​តែ​ច្រើន​ទៀត​ពី​ប្រទេស​លោក សេរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​ដូច​ជា អង់គ្លេស ជប៉ុន អូស្ត្រាលី និង​ប្រទេស​ជា​ច្រើន​ទៀត នៅ​ពេល​ខាង​មុខ ក្រោយ​ពី​អាមេរិក​ព្រមាន​ចំៗ ឲ្យ​របប​ឯក​បក្ស​គោរព​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​លើ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល