អាជ្ញាធរ​ចាប់ខ្លួន​បេក្ខជន​ក្រុមប្រឹក្សា​បក្ស​កម្លាំង​ជាតិ​ខេត្តកំពង់ចាម​លោក គា វិសាល

0:00 / 0:00

អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​អនុប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្តកំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ គឺ​លោក មឺ សេងហ៊ ហៅ គា វិសាល នៅ​រសៀល​នៅ​ថ្ងៃទី​១៥ ខែ​មីនា។

ជំទប់​ទី​២​នៃ​ឃុំ​កោះមិត្ត​ដែល​ជា​ប្រពន្ធ​របស់​លោក គា វិសាល គឺ​អ្នកស្រី ញ៉ែ សុខឿន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ថា ប៉ូលិស​មកពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​ក្រសួង​មហាផ្ទៃ​ជាច្រើន​នាក់​បាន​ឃាត់ខ្លួន​ប្តី​អ្នកស្រី​អំឡុង​ពេល​ជិះ​ម៉ូត​ចេញពីផ្ទះ​នៅ​ភូមិ​កោះ​ប៉ែន ស្រុក​កំពង់សៀម។ អ្នកស្រី​បន្ត​ថា សមត្ថកិច្ច​ក៏បាន​រុញ​ប្តី​អ្នកស្រី​បញ្ជូន​ឡាន​ដឹក​ទៅ​សាកសួរ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ពាក់​ពាក់​នឹង​រឿង​ញុះញង់។ អ្នកស្រី​ចាត់ការ​ចាប់ខ្លួន​នេះ​ជា​រឿង​នយោបាយ​ដើម្បី​គំរាមកំហែង​បំបាក់ស្មារតី​លើ​សកម្មជន​គណបក្សប្រឆាំង​នៅ​តាម​មូលដ្ឋាន​ដែល​កំពុង​តស៊ូ​យ៉ាងសកម្ម​ឱ្យ​សង្គម​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ជុំវិញ​រឿង​នេះ គណបក្ស​កម្លាំង​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ព្រួយ​បារម្ភ និង​ចាប់​ករណី​ចាប់ខ្លួន​លោក គា វិសាល នេះ​ជា​រូបភាព​បំភិតបំភ័យ និង​បង្ក​ឱ្យ​បរិយាកាស​នយោបាយ​អាប់អួ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ស្រុក ក្រុង ខណ្ឌ​អាណត្តិ​ទី​៤។ គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ដល់​សមត្ថកិច្ច​ដោះលែង​លោក គា វិសាល ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​ធានា​បរិយាកាស​នយោបាយ​ប្រសើរ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខាងមុខ​នេះ។

លោក គា វិសាល ធ្លាប់​បាន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​នយោបាយ​ក្នុង​ប្រទេស​ថៃ​មួយ​រយៈ​ដើម្បី​គេច​ពី​អាជ្ញាធរ​តាម​ធ្វើ​ទុក្ខបុកម្នេញ ហើយ​លោក​តែង​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ភាព​អយុត្តិធម៌​នៅក្នុង​សង្គម​ជាដើម​។ លោក​បាន​សម្រេច​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​កាល​ពី​២៥ ខែ​កុម្ភៈ ដោយ​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​ដោយ​ចុះ​ជួប​អ្នកគាំទ្រ​នៅ​មូលដ្ឋាន ជាពិសេស​រៀបចំ​បញ្ជី​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​ស្រុក ក្រុង​សម្រាប់​ខេត្ត​កំពង់ចាម​រហូត​សមត្ថកិច្ច​បាន​ចាប់​ឃុំ​ខ្លួន​លោក​ជា​លើក​ទី​២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។