លោក កឹម សុខា ស្នើ​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដោយ​ការ​គប់​គ្រាប់បែក​នៅ​ឆ្នាំ​១៩៩៧

ដោយ ថា កិត្យា
2017.03.30
កឹម សុខា ២០១៧ ១៤៤០ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដោយ​ការ​បោក​គ្រាប់បែក​ចូល​ហ្វូង​បាតុករ​កាល​ពី ២០​ឆ្នាំ​មុន។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Rann Samnang

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ជួយ​រក​យុត្តិធម៌​ករណី​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាល​ពី ២០​ឆ្នាំ​មុន ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នៅ​ក្នុង​សង្គម​ខ្មែរ។ ការ​លើក​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​ជូន​ជន​រងគ្រោះ​គម្រប់​ខួប ២០​ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា។ រីឯ​មន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​អះអាង​ថា ការ​ស៊ើប​អង្កេត​ករណី​បោក​គ្រាប់បែក​នេះ មិន​មាន​ការ​ជឿន​លឿន​ទៅ​មុខ​នោះ​ទេ តែ​សំណុំ​រឿង​នេះ​មិន​ទាន់​បិទ​នៅ​ឡើយ។

ដូច​រាល់​ឆ្នាំ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បន្ត​បើក​ការ​ស៊ើប​អង្កេត​ដោយ​ស្មោះ​ត្រង់ ដើម្បី​នាំ​យក​អ្នក​បញ្ជា និង​ឃាតក​ពិត​ដែល​បាន​វាយ​ប្រហារ​ដោយ​គប់​គ្រាប់បែក​ដៃ​កាល​ពី ២០​ឆ្នាំ​មុន​នោះ មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

ប្រធាន​ថ្មី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​អ្នក​ចូលរួម​ប្រមាណ ១០០​នាក់ ក្នុង​ពិធី​បង្សុកូល​នៅ​ចេតិយ​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្បែរ​ព្រះបរមរាជវាំង​ថា ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នៅ​ក្នុង​សង្គម​ខ្មែរ​តទៅទៀត​នោះ មាន​តែ​ជួយ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ«យុត្តិធម៌ គឺ​មិន​មែន​មាន​ន័យ​ថា គុំកួន​សងសឹក​ទេ យុត្តិធម៌​គឺ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​របស់​អ្នក​ដែល​រងគ្រោះ​ដោយ​អយុត្តិធម៌»

ទាក់ទិន​នឹង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧ នេះ​ដែរ បណ្ដាញ​សារព័ត៌មាន​ហ្វ្រេស​ញូវ (Fresh News) បាន​ចុះ​ផ្សាយ​នូវ​លិខិត​មួយ​ច្បាប់​ដោយ​ចោទ​ថា​ជា​លិខិត​របស់​លោក សម រង្ស៊ី សរសេរ​សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​ឈ្មោះ សម រង្ស៊ី នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦ សរសេរ​ថា «ខ្ញុំ​មាន​ការ​សោកស្ដាយ​ដោយ​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ដូចជា​ការ​ចោទ​ប្រកាន់​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី​នៅ​ពី​ក្រោយ​ការ​គប់​គ្រាប់បែក​ហ្វូង​បាតុករ ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​រដ្ឋសភា ការ​ចោទ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ថា​ប៉ុនប៉ង​សម្លាប់​ឥស្សរជន ប្រាំ​នាក់ និង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ទៀត​មក​លើ​សម្ដេច​នាយក​រដ្ឋមន្ត្រី។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ខ្ញុំ​នឹង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្ញុំ ដើម្បី​បញ្ចប់​បញ្ហា​ទាំងនោះ ហើយ​ចៀសវាង​មិន​ឲ្យ​បញ្ហា​បែប​នេះ​កើត​មាន​ឡើង​ទៀត»

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក សម រង្ស៊ី បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ថា​តើ​លិខិត​នោះ​ពិត​ជា​របស់​លោក សម រង្ស៊ី ឬ​យ៉ាង​ណា។

កាល​ពី​ឆ្នាំ​មុន លោក សម រង្ស៊ី បាន​ហៅ​ព្រឹត្តិការណ៍​នៃ​ការ​គប់​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ថា​ជា​អំពើ​ភេរវកម្ម​ដោយ​រដ្ឋ​អំណាច ដែល​នៅ​តែ​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ជានិច្ច។ លោក សម រង្ស៊ី បន្ត​ថា រឿង​នេះ​អាច​រក​ឃាតក​ឃើញ ទាល់​តែ​មាន​ការ​ផ្លាស់ប្ដូរ​អំណាច​គ្រប់គ្រង​បែប​ផ្ដាច់ការ​បច្ចុប្បន្ន​នេះ​ចេញ។

ករណី​បោក​គ្រាប់បែក​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ ក៏ប៉ុន្តែ​ដោយសារ​កត្តា​នយោបាយ​មិន​អំណោយ​ផល​សម្រាប់​បុគ្គល​លោក បាន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី ដក​ពាក្យ​បណ្ដឹង​នេះ​វិញ ដែល​គេ​ដឹង​ថា ការ​ដក​ពាក្យ​បណ្ដឹង​របស់​លោក សម រង្ស៊ី កាលណោះ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​របស់​លោក ហ៊ុន សែន ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ខណៈ​លោក​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

ព្រឹត្តិការណ៍​បោក​គ្រាប់បែកដៃ ៤​គ្រាប់​ទៅ​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១៦​នាក់ និង​ជិត ២០០​នាក់​បាន​រង​របួស ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នៅ​តែ​ឋិត​ក្នុង​ទី​ងងឹត។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​បាន​ដែរ ដោយសារ​លោក​ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ទោះ​យ៉ាង​ណា លោក ខៀវ សុភ័គ ធ្លាប់​លើក​ឡើង​ថា ក្រសួង​មហាផ្ទៃ មិន​ទាន់​បិទ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា កន្លង​ទៅ រដ្ឋាភិបាល​បាន​រក​ឃើញ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ប្រ៊េស៊ីល តែ​ក្រោយ​មក ជន​សង្ស័យ​រូប​នោះ​បាន​បាត់​ខ្លួន​ទៅ។ ក្នុង​រយៈពេល​កន្លង​ទៅ​នេះ នៅ​ពេល​ដល់​ថ្ងៃ​រំឭក​ខួប​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នេះ​ម្តងៗ គេ​កត់​សម្គាល់​ឃើញ​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ មិន​ដែល​មាន​អ្វី​ថ្មី​និយាយ​ឲ្យ​លើស​ពី​នេះ​ទេ។ ស្ថាប័ន​ដែល​មាន​តួនាទី​វែក​មុខ​ឃាតក​នេះ តែង​និយាយ​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ក្នុង​ការ​តាម​រក​ជន​ដៃ​ដល់​ម្ដង​ណា​ឡើយ ប៉ុន្តែ​ការ​ស្រាវជ្រាវ​នោះ​មិន​ទាន់​ឆ្ពោះ​ទៅ​មុខ ព្រោះ​បាត់​តម្រុយ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​ចេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ហៅ​ការ​បណ្ដែតបណ្ដោយ​របស់​រដ្ឋាភិបាល​កម្ពុជា រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ក្នុង​ករណី​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាល​ពី ២០​ឆ្នាំ​មុន គឺ​ជា​ការ​ព្យាយាម​ការពារ និង​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្តិ​ល្មើស។

ព្រឹត្តិការណ៍​គប់​គ្រាប់បែក​លើ​ក្រុម​បាតុករ​កាលណោះ ក៏​ធ្លាប់​ត្រូវ​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​របស់​អាមេរិក ឬ អេហ្វ.ប៊ី.អាយ (FBI) មក​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ តែ​បាន​ផ្អាក​បេសកកម្ម​របស់​ខ្លួន​វិញ​មុន​កំណត់ ក្រោម​ហេតុផល​ថា អាជ្ញាធរ​កម្ពុជា មិន​សហការ​ស្វែងរក​ភស្តុតាង​ទាំងនោះ​ឡើយ។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដដែល​នេះ​មាន​ចំណង​ជើង​ថា ឧក្រិដ្ឋជន​ពី​ការ​វាយ​ប្រហារ​គ្រាប់បែក​ដៃ​លើ​ក្រុម​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​១៩៩៧ នៅ​មិន​ទាន់​ផ្ដន្ទាទោស បង្ហាញ​ថា នៅ​ថ្ងៃ​បោក​គ្រាប់បែក​នោះ កម្លាំង​មក​ពី​កងពល "ង​៧០" ដែល​ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរ​ទៀត​ថា មេ​បញ្ជាការ​កង​អង្គរក្ស​នៃ​កងពល "ង​៧០" លោក ហ៊ុយ ពិសិដ្ឋ ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​កង​អង្គរក្ស​នៅ​ថ្ងៃ​កើត​ហេតុ ហើយ​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​បញ្ជាការ​រង​នៃ​កង​អង្គរក្ស​ពេល​នោះ ធ្លាប់​បាន​គំរាម​បាញ់​សម្លាប់​អ្នក​កាសែត​ណា​ដែល​ចោទ​ប្រកាន់​ថា កង​អង្គរក្ស​លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែក​នោះ​ថែម​ទៀត។

ការ​វាយ​ប្រហារ​គប់​គ្រាប់បែក​ដៃ​ទៅ​លើ​ក្រុម​បាតុករ ភាគច្រើន​ជា​កម្មករ​រោងចក្រ យុវជន និង​និស្សិត​កាលណោះ គឺ​ក្រុម​ប៉ូលិស​ដែល​ឋិត​នៅ​ទីនោះ​បាន​រារាំង​មិន​ឲ្យ​សង្គ្រោះ​អ្នក​រងគ្រោះ។ ករណី​គប់​គ្រាប់បែក​នេះ នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។