លោក កឹម សុខា ប្រើ​សិទ្ធិ​មិន​ឆ្លើយតប​សំណួរ​ធ្ងន់ៗ របស់​ព្រះរាជអាជ្ញា

ដោយ ទីន ហ្សាការីយ៉ា
2022.08.10
Share on WhatsApp
Share on WhatsApp
លោក កឹម សុខា ប្រើ​សិទ្ធិ​មិន​ឆ្លើយតប​សំណួរ​ធ្ងន់ៗ របស់​ព្រះរាជអាជ្ញា ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ
រូប៖ ហ្វេសប៊ុកលោក កឹម សុខា

អ្នក​ឃ្លាំមើល​ថា តំណាង​អយ្យការ​លោក ប្លង់ សុផល សួរ​សំណួរ​ដូច​ចង់​ច្របាច់​ក លោក កឹម សុខា យក​ចម្លើយ ប៉ុន្តែ លោក​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ ប្រើ​សិទ្ធិ​មិន​ឆ្លើយតប។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការលើកទី៥១ សំណុំរឿង​ក្បត់​ជាតិ​ថ្ងៃ​ទី១០ ខែសីហា។

មន្ត្រី​ឃ្លាំមើល​សវនាការ​អះអាង​ថា លោក កឹម សុខា និង សហ​មេធាវី ព្យាយាម​មិន​ឆ្លើយតប​ទៅ​តំណាង​អយ្យការ ដែល​ព្យាយាម​សួរ​លោក កឹម សុខា ក្រៅ​ពី​សំណុំរឿង​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​នោះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត សង្កេត​ឃើញ​ថា ព្រះរាជអាជ្ញា​រង លោក ប្លង់ សុផល ហាក់​បាន​ចាត់​ទុក​លោក កឹម សុខា ថា មាន​ទោស​បាត់​ទៅ​ហើយ បើ​ទោះ​ជា​តុលាការ​រក​មិន​ទាន់​ឃើញ​លោក កឹម សុខា ថា មាន​ទោស​ក្ដី។ លោក​យល់​ថា សវនាការ​នេះ ជា​ការ​អូស​បន្លាយ​ពេល​វេលា​ខណៈ​តុលាការ ហាក់​គ្មាន​ភស្តុតាង​ជាក់លាក់​មក​ចោទ​ប្រកាន់​លោក កឹម សុខា៖ «លោក​ព្រះរាជអាជ្ញា​គាត់​តាំង​សំនួរ​ថា ធម្មតា​អ្នក​ពាក់ព័ន្ធ ឬ​ជន​ជាប់​ចោទ​ត្រូវ​មាន​វាសនា​ឈរ​នៅ​មុខ​ក្រចក​សេះ។ ដូច្នេះ​មាន​ន័យ​ថា ជា​ការ​សន្មត​ថា គាត់ (លោក កឹម សុខា) មាន​ទោស អ៊ីចឹង បាន​គាត់​ប្រតិកម្ម គាត់​លែង​ឆ្លើយ​គាត់​លែង​តប​ត។ ពេល​ខ្លះ​មើល​មុខ​ព្រឹក​នេះ ព្រះរាជអាជ្ញា​គាត់​អត់​សូវ​សួរ​គាត់​អត្ថាធិប្បាយ​វិញ​គាត់​ពន្យល់​វិញ គាត់​ពន្យល់​ឲ្យ​ជន​ជាប់​ចោទ​យល់​ឲ្យ​ឆ្លើយ»

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​លោក​បាន​ឃ្លាំមើល​ដំណើរ​ការ​រឿង​ក្ដី លោក កឹម សុខា លើក​ទី៥១ កាល​ពី​ថ្ងៃ​ទី១០សីហា ហើយ​ព្រះរាជអាជ្ញា​រង​លោក ប្លង់ សុផល ព្យាយាម​ចោទ​សួរ​លោក កឹម សុខា ដោយ​ដាក់​សំណួរ​មិន​ច្បាស់លាស់ ដែល​ជា​សំណួរ​បែប​អត្ថាធិប្បាយ អូស​បន្លាយ និង​ស៊ី​ពេល​ពេល​វេលា។ លោក យី សុខសាន បញ្ជាក់​ថា សំណួរ​របស់​តំណាង​អយ្យការ​បែប​នេះ ធ្វើ​ឲ្យ​សហ​មេធាវី​របស់​លោក កឹម សុខា មិន​សួរ​តបត​ទៅ​តំណាង​អយ្យការ​វិញ​នោះ​ទេ។ ចំណែក​ឯ​លោក កឹម សុខា វិញ ក៏​រក្សា​សិទ្ធិ​មិន​ឆ្លើយ​សំណួរ​របស់​តំណាង​អយ្យការ​បែប​នេះ​ដែរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង ព្រះរាជអាជ្ញា​រង លោក ប្លង់ សុផល និង​សហ​មេធាវី​លោក កឹម សុខា ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ បន្ថែម​បាន​ទេ នៅ​ពី​ថ្ងៃ​ទី១០ សីហា។

សវនាការ​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា មិន​សូវ​បាន​ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​សវនាការ​នោះ​ទេ។

ចំណែក​អ្នក​គាំទ្រ​លោក កឹម សុខា ប្រមាណ ៥០នាក់ បាន​ឃ្លាំមើល​សវនាការ​នៅ​ក្រៅ​របង​តុលាការ ខណៈ​ក្រុម​សមត្ថកិច្ច​បាន​រឹតបន្តឹង​សុវត្ថិភាព​ជុំវិញ​បរិវេណ​តុលាការ។ រីឯ​តំណាង​អង្គទូត មន្ត្រី​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល បន្ត​ចូល​ឃ្លាំមើល​ក្នុង​បន្ទប់​តុលាការ​ដូច​សព្វដង​ដែរ។

អ្នក​គាំទ្រ លោក កឹម សុខា ម្នាក់ គឺ​លោក ណុប សុខជាតិ រិះគន់​ថា សំណួរ និង​ឥរិយាបថ​របស់​តំណាង​អយ្យការ ហាក់​គ្មាន​សីលធម៌​នោះ​ទេ។ លោក​បន្ត​ថា ការ ដែល​សវនាការ​នេះ​គ្មាន​ភាព​ជឿនលឿន ព្រោះ​នេះ​ជា​ការ​រៀបចំ​ដោយ​អ្នក​នយោបាយ។ ទោះ​យ៉ាង​ណា​ក្ដី លោក​រំពឹង​ថា ការ​ធ្វើ​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ នឹង​អាច​ធ្វើ​ឲ្យ​លោក កឹម សុខា ឆាប់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ៖ «អ៊ីចឹង​សវនាការ​ធ្វើ​ឡើង​ភាព​រញ៉េរញ៉ៃ​ផង​មើល​ទៅ​ដូច​មិន​មាន​ភាព​ឯករាជ ហើយ​ណា​មួយ​ការ​ដេញដោល​សួរ​ព្រះរាជអាជ្ញា​មាន​ភាព​ដដែល និង​មាន​ភាព​មើល​ទៅ​ពុំ​មាន​សីលធម៌​ក្នុង​ការ​ដេញដោល និង​ការ​ឆ្លើយ​ផង​ដែរ​បាទ»

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បន្ត​ទាមទារ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យ​ផ្ដល់​សិទ្ធិ​នយោបាយ​ឲ្យ​លោក កឹម សុខា ឡើង​វិញ។

ការ​ទាមទារ​នេះ ខណៈ​លោក កឹម សុខា បាន​បាត់បង់​សិទ្ធិ​សេរីភាព ជិត ៥ឆ្នាំ​ហើយ ក្រោយ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល កាល​ពី​ឆ្នាំ២០១៧។

ទាក់ទង​រឿង​នេះ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន លើក​ឡើង​ថា ការ​សម្រេច​យ៉ាង​ណា​លើ​រឿង​នេះ ជា​សមត្ថកិច្ច​របស់​តុលាការ។ ទោះ​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា ករណី​លោក កឹម សុខា គឺ​មាន​ការ​បន្ធូរ​បន្ថយ​ច្រើន រហូត​មាន​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​អាច​ជួប​លោក កឹម សុខា៖ «ខាង​រាជ​រដ្ឋាភិបាល គឺ​យើង​អត់​មាន​គំនិត​អី ឬ​វាចា​នឹង​ថ្លែង​អី​ទេ ព្រោះ​អី​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ ចំពោះ​រឿង​នយោបាយ​បន្ធូរ​បន្ថយ​ច្រើន​ណាស់ ដែល​អនុញ្ញាត​ឲ្យ​បរទេស​ទៅ​ជួប ដែល​ខុស​ពី​ប្រទេស​ដទៃ​ទៀត»

អ្នក​ឃ្លាំមើល​នយោបាយ និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា យល់​ថា ការ​អូស​បន្លាយ​សវនាការ​លោក កឹម សុខា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព និង​ការ​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា។ លោក​បន្ត​ថា បញ្ហា​នេះ ក្រៅ​ពី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក កឹម សុខា ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​គាំទ្រ​លោក កឹម សុខា គ្មាន​ជម្រើស​ក្នុង​ការ​បោះ​ឆ្នោត​ជូន​អ្នក​នយោបាយ ដែល​ពួក​គេ​គាំទ្រ។ លោក​លើក​ឡើង​ទៀត​ថា ករណី​នេះ ក៏​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ៖ «ខ្ញុំ​មើល​ថា សហគមន៍​អន្តរជាតិ​គេ​នឹង​ធ្វើ​ការ​គិតគូរ​ពិចារណា​ឡើង​វិញ ទៅ​លើ​ការ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP អី​ផ្សេងៗ ហ្នឹង បើ​សិន​គេ​កាត់​ជា​ទូទៅ​ប្រទេស​កម្ពុជា​យើង​អត់​មាន​អី​ចំណេញ ព្រោះ​យើង​ដង្ហើម ក៏​វិស័យ​ឧស្សាហកម្ម ដែល​នាំ​ចេញ​ទៅ​អាមេរិក​ផង​ដែរ ទោះ​បី​យើង​ទទួល​ជំនួយ​ពី​ចិន​ច្រើន​ដោយ»

តុលាការ​នឹង​បន្ត​សវនាការ​សំណុំរឿង លោក កឹម សុខា នៅ​ថ្ងៃ​ទី១៧ ខែសីហា​សប្ដាហ៍​ក្រោយ​ទៀត។ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​សន្យា​ថា កម្ពុជា​នឹង​ទទួល​អត្ថប្រយោជន៍​នៃ​ការ​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក កឹម សុខា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ក្រុម​អ្នក​វិទ្យាសាស្ត្រ រក​ឃើញ​ត្រី​កម្រ​ដែល​ជិត​ផុត​ពូជ​នៅ​ទន្លេ​មេគង្គ
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ជំទប់​ទី​២​បក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង​ចោទ​មេឃុំ​បក្ស​កាន់អំណាច​ថា រើសអើង​និន្នាការ​នយោបាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។