លោក កឹម សុខា គ្មាន​គម្រោង​ទៅ​គោរព​សព​លោក កែម ឡី ទេ

ដោយ ប្រាជ្ញ ចេវ
2016.07.16
កឹម សុខា សូត្រមន្ត ៨៥៥ ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា (រូប​កណ្ដាល​លើក​ដៃ​សំពះ) ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​គម្រោង​ទៅ​គោរពសព​​លោក​បណ្ឌិត កែម ឡី ដែល​កំពុង​តម្កល់​នៅ​ក្នុង​វត្ត​ចាស់​នោះ​ទេ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កក្កដា ដែល​ជា​ខួប ៧​ថ្ងៃ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់​ថា ការ​ដែល​លោក កឹម សុខា មិន​អាច​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដោយ​ផ្ទាល់​នោះ មិន​មែន​លោក កឹម សុខា ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន​ទេ ប៉ុន្តែ​ព្រោះ​តែ​លោក កឹម សុខា កំពុង​ធ្វើ​កូដកម្ម​នយោបាយ ដោយ​មិន​ចាក​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ«បាទ​អត់​មាន​គម្រោង​ទេ លោក កឹម សុខា គាត់​មិន​ចេញ​ពី​ទីស្នាក់ការ​បក្ស​ទេ។ ចឹង​លោក​គ្មាន​គម្រោង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ផ្ទាល់​ឡើយ។ អ្វី​ដែល​យើង​ខ្ញុំ​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ជា​ការ​សម្ដែង​នូវ​ការ​គោរព​វីរភាព​ខ្ពស់​នៃ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​លោក​បណ្ឌិត កែម ឡី»

​លោក អេង ឆៃអ៊ាង បន្ត​ទៀត​ថា ទោះ​លោក កឹម សុខា មិន​ទៅ​គោរព​សព​ដោយ​ផ្ទាល់ ប៉ុន្តែ​លោក​ថា ជា​រៀងរាល់​ល្ងាច លោក កឹម សុខា តែងតែ​ដុត​ធូប​បួងសួង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី«លោក កឹម សុខា គោរព​ដោយ​ប្រយោល​ការ​ទៅ​ចូលរួម​ជា​រូបភាព ប៉ុន្តែ​ទឹក​ចិត្ត​ឯកឧត្តម កឹម សុខា តែង​គោរព​ជា​ប្រចាំ​រៀង​រាល់​ពេល​ល្ងាច ហើយ​ពេល​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវ​គេ​ធ្វើ​ឃាត​ភ្លាម ឯកឧត្តម កឹម សុខា និមន្ត​ព្រះសង្ឃ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីស្នាក់ការ»

​ក្នុង​ចំណោម​មហាជន​រាប់​ម៉ឺន​នាក់ រួម​ទាំង​ប្រមុខ​ទូត និង​ស្ថាប័ន​អន្តរជាតិ​នានា ទៅ​គោរព​លោក កែម ឡី ក្នុង​នោះ​ក៏​មាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ផង​ដែរ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក មាស នី ការ​មិន​បង្ហាញ​ខ្លួន​របស់​លោក កឹម សុខា គឺ​ជា​ស្អំ​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ។ លោក​បណ្ឌិត មាស នី គាំទ្រ​ការ​មិន​ទៅ​គោរព​សព​លោក កែម ឡី ពី​សំណាក់​លោក កឹម សុខា«បច្ចុប្បន្ន លោក កឹម សុខា គួរ​តែ​នៅ​ស្ងៀម​សិន ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​ត្រជាក់ៗ​ទៅ​មុខ​ទៀត បើ​កាលណា​គាត់​មក នឹង​ធ្វើ​ឲ្យ​កម្ដៅ​ហ្នឹង​ពុះ​កញ្ជ្រោល​ឡើង​វិញ»

​គណៈកម្មការ​បុណ្យ​សព លោក កែម ឡី និង​ភរិយា​របស់​លោក​បណ្ឌិត កែម ឡី បាន​សម្រេច​ពន្យារ​ពេល​ដង្ហែ​សព​លោក កែម ឡី ចេញ​ពី​វត្ត​ចាស់ ដោយ​មិន​កំណត់​ពេល​វេលា។ ការ​ពន្យារ​ពេល​នេះ ដោយសារ​មាន​ការ​ស្នើ​សុំ​សាធារណៈ ហើយ​ពេល​នេះ​សព​របស់​លោក កែម ឡី ក៏​ត្រូវ​ថែរក្សា​ល្អ​ជាង​មុន បន្ទាប់​ពី​បាន​តម្កល់​នៅ​ក្នុង​មឈូស​ទឹក​កក។

​ចំណែក​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា លោក កឹម សុខា ក៏​ចង់​ទៅ​ដុត​ធូប​គោរព​សព​លោក កែម ឡី ដែរ ប៉ុន្តែ​ប្រហែល​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ លោក​បន្ត​ថា នៅ​ពេល​លោក កឹម សុខា ធ្វើ​ដូច​នេះ គឺ​ជៀស​មិន​ផុត​ពី​ការ​ចោទ​ប្រកាន់​ថា លោក កឹម សុខា កំសាក«ខ្ញុំ​ជឿ​ថា​អ្នក​ណា​អាណិត​ស្រឡាញ់​រាប់​អាន​លោក​បណ្ឌិត កែម ឡី កន្លង​ទៅ គឺ​តែង​តែ​ចង់​គោរព​វិញ្ញាណក្ខន្ធ​ចុង​ក្រោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ឯកឧត្តម កឹម សុខា ប្រហែល​ជា​លោក​មាន​បញ្ជា ឬ​ក៏​លោក​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​របស់​គាត់»

​ចាប់​តាំង​ពី​សមត្ថកិច្ច​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា កាល​ពី​ចុង​ខែ​ឧសភា លោក កឹម សុខា មិន​បាន​ចាកចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ទោះ​លោក កឹម សុខា បន្ត​រក្សា​ភាព​ស្ងប់​ស្ងៀម​គ្រប់​រឿង​ដូច​នេះ ប៉ុន្តែ​ប្រធាន​របស់​លោក គឺ​លោក សម រង្ស៊ី បាន​ភ្ជាប់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​នឹង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី។ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា លោក សម រង្ស៊ី ថា លោក កែម ឡី ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​របស់​លោក កឹម សុខា។

​លោក​បន្ត​ទៀត​ថា យើង​ដឹង​ហើយ​ថា លោក ហ៊ុន សែន តែងតែ​ចាត់​វិធានការ​ជាមុន​ចំពោះ​សភាពការណ៍​បែប​ណា​ដែល​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​សម្រាប់​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។