មេធាវី​លោក កឹម សុខា សោកស្ដាយ ដែល​តុលាការ​លើក​យក​ភស្តុតាង​ដោះ​បន្ទុក​តិចតួច​មក​បង្ហាញ

ដោយ ទីន ហ្សាការីយ៉ា
2024.06.20
មេធាវី​លោក កឹម សុខា សោកស្ដាយ ដែល​តុលាការ​លើក​យក​ភស្តុតាង​ដោះ​បន្ទុក​តិចតួច​មក​បង្ហាញ (រូបឯកសារ) លោក កឹម សុខា ពេល​ចេញ​ពី​សវនាការ​បិទ​បញ្ចប់ករណី​របស់​លោក នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២២។
រូប៖ ពីពលរដ្ឋ

មេធាវី​លោក កឹម សុខា សោកស្ដាយ​ដែល​ចៅក្រម​សាលាឧទ្ធរណ៍​លើក​យក​ភស្តុតាង​ដោះ​បន្ទុក​តិចតួច​មក​អាន​ក្នុង​សវនាការ ខណៈ​ដែល​ភស្តុតាង​ចោទ​ប្រកាន់​មក​ពី​ភាគី​អយ្យការ គឺ​មាន​ត្រឹម​ពី​មន្ត្រី​នគរបាល​យុត្តិធម៌​ប៉ុណ្ណោះ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា សវនាការ​នៅ​សាលាឧទ្ធរណ៍​រយៈ​ពេល​កន្លះ​ឆ្នាំ​មក​នេះ គឺ​ជា​ការ​អូស​បន្លាយ​លើ​រឿង​ក្ដី​នយោបាយ។

សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី២០ មិថុនា បើក​សវនាការ​ជា​លើក​ទី១១ លើ​បណ្ដឹង​ជំទាស់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ រាជធានី​ភ្នំពេញ​ដែល​កាត់​ឱ្យ​លោក​មាន​ទោស​ក្បត់​ជាតិ ២៧ឆ្នាំ និង​ដាក់​ឃុំ​ក្នុង​ផ្ទះ បាត់​បង់​សិទ្ធិ​សេរីភាព​រួម​ទាំង​សិទ្ធិ​ធ្វើ​នយោបាយ។

ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ សហ​មេធាវី​លោក កឹម សុខា គឺលោក អាង ឧត្តម សោក​ស្ដាយ​ដែល​តុលាការ​មិន​លើក​យក​នូវ​ភស្តុតាង​ដោះ​បន្ទុក​មួយ​ចំនួន ដែល​លោក និង​សហ​មេធាវី​ផ្សេង​ទៀត​បាន​ដាក់​ទៅ​កាន់​តុលាការ ដើម្បី​បង្ហាញ​អំពី​ភាព​ស្អាត​ស្អំ​របស់​លោក កឹម សុខា។ បន្ថែម​ពី​នេះ លោក​ថា តុលាការ​បែរ​ជា​លើក​យក​ភស្តុតាង​ដាក់​បន្ទុក ដែល​បាន​មក​ពី​មន្ត្រី​នគរបាល​យុត្តិធម៌​ប៉ុណ្ណោះ។

លោក អាង ឧត្តម «ភស្តុតាង​ច្រើន ភស្តុតាង​ដែល​យើង​ដាក់ ភស្តុតាង ដែល​នគរបាល​ប្រមូល​យក​មក​បាន ភស្តុតាង​ដែល​យើង​ដាក់ ដែល​យើង​មាន គឺ​តុលាការ​ក្រ​លើក​យក​មក​ណាស់ គាត់​ចោះៗ ដែល​ជា​ចំណុច​ណា​ដែល​គាត់​គិត​ថា ជា​ភស្តុតាង​ដាក់​បន្ទុក។ ដោះ​បន្ទុក គាត់​អត់​ព្រម​ទៀត គាត់​ថា យើង​ភូតភរ​កុហក តុលាការ​អត់​ជឿ សួរ​ដេញ​មែនទែន គ្រាន់​តែ​ជា​លេស និយាយ​អ៊ីចឹង ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​មក​អះអាង​គាត់​យក​តែ​ពាក្យ​សាមញ្ញ​មក​និយាយ​បញ្ចូល​ក្នុង​សាលក្រម»

ចំណែក​សហ​មេធាវី​ម្នាក់​ទៀត លោក ផែង ហេង លើក​ឡើង​ថា សវនាការ​លើក​នេះ ពុំ​មាន​ការ​សាកសួរ​ដេញ​ដោល​ទៅ​លើ​លោក កឹម​ សុខា​ ដូច​សវនាការ​កន្លង​ទៅ ដោយ​តុលាការ​បាន​អាន​នូវ​ភស្តុតាង​ក្នុង​នោះ​មាន ការ​ចាក់​វីដេអូ​ដើម​ទាំង​ស្រុង ដែល​លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស ដែល​តុលាការ​បាន​ចោទ​ប្រកាន់។

លោក ផែង ហេង បញ្ជាក់​ថា ការ​ចាក់​សារ​នយោបាយ​របស់​លោក កឹម សុខា ទាំង​ស្រុង គឺ​ជា​ការ​បង្ហាញ​កាន់​តែ​ច្បាស់​ថា លោក​ កឹម សុខា​ មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ឡើយ។ លោក​ថា​សវនាការ លោក កឹម សុខា នឹង​បិទ​បញ្ចប់​ឆាប់ៗ ដូច្នេះ លោក និង​សហ​មេធាវី​ ផ្សេង​ទៀត​នឹង​លើក​ភាព​ខ្វះ​ចន្លោះ នៃ​ផ្លូវ​ច្បាប់ និង​ភស្តុតាង​មួយ​ចំនួន នៅ​ក្នុង​សាលក្រម​របស់​តុលាការ​ក្រុងភ្នំពេញ​កន្លង​មក។

លោក ផែង ហេង៖ «ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ថា ឯកឧត្ដម កឹម សុខា ទាំង​សម្ដី ទាំង​សកម្មភាព​ ទាំង​រូបភាព ទាំង​លទ្ធផល​ការងារ​របស់​គាត់ គឺ​បញ្ជាក់​ថា គាត់​ជា​អ្នក​អហិង្សា គាត់​ជា​អ្នក​នាំ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នេះ ក៏​គាត់​បាន​ពន្យល់​នៅ​ក្នុង​សន្ទរកថា​គាត់​ជា​ច្រើន»

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក អ៊ឹម វណ្ណៈ កំណត់​យក​ថ្ងៃ​ទី៤ ខែកក្កដា ដើម្បី​បន្ត​សវនាការ​ជា​លើក​ទី១២។

ដូច​គ្នា​នឹង​សវនាការ​ក្នុង​ពេល​កន្លង​មក​ដែរ មន្ត្រី​អង្គការ​សហប្រជាជាតិ (UN) មន្ត្រី​ស្ថាន​ទូត​សហភាព​អឺរ៉ុប​អង្គការ​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ចូលរួម​តាម​ដាន​លើ​ករណី​នេះ ខណៈ​មាន​អ្នកគាំទ្រ​លោក កឹម សុខា ជាង ១០នាក់​មកពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ឃ្លាំមើល​នៅ​ខាង​ក្រៅ​តុលាការ។ សាលាឧទ្ធរណ៍​បដិសេធ​មិន​ឱ្យ​អ្នកសារព័ត៌មាន​ចូលរួម​ស្ដាប់​ចាប់​តាំង​ពី​សវនាការ​លើក​ដំបូង​មក ដោយ​លើក​ហេតុផល​ថា មិន​មាន​កន្លែង​គ្រប់​គ្រាន់។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​មាន​ប្រសាសន៍​ថា សវនាការ​លើ​លោក កឹម សុខា នៅ​តែ​តែ​បន្ត​អូស​បន្លាយ ខណៈ​ដែល​ភស្តុតាង ដែល​ព្រះរាជអាជ្ញា​យក​មក​ចោទ​ប្រកាន់​មួយ​ចំនួន គឺ​ជា​សកម្មភាព ដែល​លោក​បាន​ទៅ​ចុះ​ជួប​ជា​មួយ​ពលរដ្ឋ ក្នុង​នាម​លោក កឹម សុខា ជា​អ្នក​នយោបាយ​ប៉ុណ្ណោះ។

លោក យី សុខសាន្ត«បើ​យើង​មើល​ទៅ វា​មិន​ហាក់​មិន​ឆ្លុះ​បញ្ចាំង​ទៅ​ហ្នឹង​ការ​ចោទ​ប្រកាន់​ហ្នឹង​ទេ គ្រាន់​តែ​ទៅ​ជួប​បុគ្គលិក​កម្មករ វា​ធ្វើ​ឱ្យ​ហាក់​ដូច​ជា​យើង​យក​មក​ស្ដាប់​ទៅ ដូច​ជា ខាត​ពេល ក្នុង​ការ​មក​ជម្រះក្ដី ឬ​ក៏​យក​មក​គិត​ថា តើ​ចំណុច​ណា ដែល​ត្រូវ​ចោទ​ប្រកាន់​គាត់ ពាក់ព័ន្ធ​នឹង​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ពីព្រោះ​សកម្មភាព ដែល​គាត់​ធ្វើ​ហ្នឹង​ធ្វើ​ក្នុង​នាម​គាត់​ជា​ប្រធាន​គណបក្ស​ទៅ​ជួប​សមាជិក​របស់​គាត់»

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ​ ឆ្នាំ២០២៣ បាន​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគារ​រយៈ​ពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ២០១៧។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ មិន​ឱ្យ​ចេញ​ពី​ផ្ទះ មិន​អនុញ្ញាត​ឱ្យ​ជួប​ភ្ញៀវ​បរទេស លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។ ទោះ​ជា​យ៉ាង​ណា​ក្ដី សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា ​សំណុំ​រឿង​នេះ ជា​រឿង​នយោបាយ​ និង​ទាមទារ​ឱ្យ​លុប​ចោល​ការ​ចោទ​ប្រកាន់​និង​ប្រគល់​សេរីភាព​ពេញ​លេញ​ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។