លោក កឹម សុខា បន្ត​ជួប​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ និង​អូស្ត្រាលី

ដោយ ខែ សុណង
2019-11-13
Share
Angela Corcoran កឹម សុខា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ទទួល​ជួប​ឯកអគ្គរាជទូត​អូស្រ្តាលី អ្នកស្រី អេនជេឡា ខូខូរេន (Angela Corcoran) នៅ​គេហដ្ឋាន​របស់​លោក នា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Chantha Muth

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្ត​ជួប​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ និង អូស្ត្រាលី ដោយ​​ពិភាក្សា​ផ្តោត​លើ​ការ​កសាង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​​ការ​ជួយ​ជំរុញ​ឲ្យ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើង​វិញ។ ជំនួបរវាងលោក កឹម សុខា ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​សេរី​ធំៗ ទាំង​ពីរ​នេះ​ គឺ​​បន្ទាប់​​ពី​​តុលាការ​​របប​​ក្រុង​​ភ្នំពេញ បាន​​បន្ធួរ​បន្ថយ​លក្ខខណ្ឌ​​មួយ​​ចំនួន​​ដល់​​រូប​​លោក។

នេះជាថ្ងៃទី២ហើយដែលឯកអគ្គរដ្ឋទូតបរទេស បានចូលសួរសុខទុក្ខលោក កឹម សុខាដល់ផ្ទះរបស់ លោក ស្ថិតនៅ​ខណ្ឌ​ទួល​គោក ក្រុង​ភ្នំពេញ​។ ក្នុង​ជំនួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​ឯក​អគ្គ​រដ្ឋ​ទូតអូស្ត្រាលីនៅថ្ងៃទី១២ ខែវិច្ឆិកា លោក កឹម សុខា ពុំ​បាន​ថ្លែង​សារ ឬ​និយាយ​អ្វី​ប្រាប់​អ្នក​សារ​ព័ត៌មាន​​នោះ​​ទេ។ មេបក្សប្រឆាំងរូបនេះ គ្រាន់​តែ​ឈរ​ឲ្យ​អ្នក​សារព័ត៌មាន​ថត​រូប​មួយ​ភ្លែត ហើយ​បាន​​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អ្នកស្រី អេនជេឡា ខូខូរេន (Angela Corcoran) ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ក្រោយ​​បញ្ចប់​​ការ​សួរ​សុខ​ទុក្ខ​​គ្នា​ជាង ​១​ម៉ោង​​នោះ​ថា ការ​​បន្ធូរ​​បន្ថយ​​លក្ខខណ្ឌ​​​ស្ថិត​​​ក្រោម​​​ការ​​​ត្រួត​​ពិនិត្យ​​​ករណី​​​លោក កឹម សុខា គឺ​ជា​ការ​វិវឌ្ឍន៍​តិចតូច​មួយ។ អ្នកស្រី​បញ្ជាក់​ថា ប្រទេសអូស្ត្រាលី សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹង​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា និង​​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ជូន​លោក​ឡើង​វិញ​ក្នុង​ការ​ធ្វើ​នយោបាយ។

ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក គ្រីស្ទាន ប៊ឺហ្គ័រ (Christan Berger) វិញ ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជា​មួយ​អ្នក​សារព័ត៌មាន​នោះ​ទេ ក្រោយ​ជំនួប​ជាមួយ​លោក កឹម សុខា។

នាយក​ខុទ្ទកាល័យ​លោក ​កឹម សុខា គឺ លោក​មុត ចន្ថា ប្រាប់អ្នកសារព័ត៌មានថា ក្នុង​ជំនួប​ទាំង​ពីរ​នេះ គឺ​ជា​ការ​សួរ​សុខ​ទុក្ខ​គ្នា ការ​ពិភាក្សា​គ្នា​ជា​លក្ខណៈ​ឯកជន និង​ផ្តោត​លើ​ការ​ពិភាក្សា​​ផ្លាស់​ប្តូរ​​យោបល់​​ពី​​ដំណើរ​​ការ​​លទ្ធិ​​ប្រជាធិបតេយ្យ​ឲ្យ​បាន​រឹងមាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «គាត់​​បាន​​សម្តែង​​ការ​​គួរ​​សម សួរ​សុខ​ទុក្ខ និង​​ពិភាក្សា​​អំពី​​បញ្ហា​​សុខភាព ហើយ​ក៏​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ទស្សនៈ​​វិស័យ​​ទៅ​​មុខ ដើម្បី​​ធ្វើ​​យ៉ាង​​ម៉េច​​ជួយ​​គ្នា ទាំង​អស់​ដើម្បី​កសាង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​​កាន់​​តែ​​រឹងមាំ និង​​មាន​​គ្រប់​​ភាគី​​ទាំង​​អស់»

លោក មុត ចន្ថា ឲ្យដឹងដែរ​ថា ថ្វី​ដ្បិត​ឯកអគ្គ​រដ្ឋទូត​អាល្លីម៉ង់ មិន​បាន​ថ្លែង​អ្វី​ជាមួយ​អ្នក​សារ​ព័ត៌មាន ក៏​ដោយ ក៏​ក្នុង​ជំនួប​បិទ​ទ្វារ​នោះ លោក គ្រីស្ទាន ប៊ឺហ្គ័រ បាន​លើក​ឡើង​ថា ជំហរ​របស់​អាល្លឺម៉ង់ ដូច​គ្នា​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី១១ ខែវិច្ឆិកា​ គឺចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​ ចាត់​វិធានការណ៍​ជាបន្ទាន់​ បើកចំហ​រលំ​ហរ​នយោបាយ​ បង្កើត​ឲ្យ​មាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បីឲ្យ​មាន​គណបក្ស​ប្រឆាំង​តាម​បែប​ប្រជាធិបតេយ្យ​ និង​ជឿ​ទុកចិត្ត​បាន​ ហើយ​ចាប់ផ្តើម​ដំណើរការ​ផ្សះ​ផ្សារ​ជាតិ​តាមរយៈ​កិច្ច​សន្ទនា​ ដោយពិត​ប្រាកដ​ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ សហភាពអឺរ៉ុប ក៏ចង់​ឃើញ​ឲ្យ​មានការ​ដោះលែង​លោក​ កឹម​ សុខា​ ទាំងស្រុង​ និង​មានការ​ផ្តល់​សិទ្ធិ​នយោបាយ​ឲ្យ​លោក​ឡើងវិញ​ ដើម្បីឲ្យ​លោក​ កឹម​ សុខា​ អាច​បំពេញ​តួនាទី​ពេញលេញ​ក្នុង​ជីវិត​នយោបាយ​​របស់​លោក។‍‍‍‍ សហភាព​អឺរ៉ុប​ ក៏​រំពឹង​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​ ផ្តល់​សិទ្ធិ​នយោបាយ​ដល់​គ្រប់​សមាជិក​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើនយោបាយ​ និង​ឲ្យ​មានការ​ដោះលែង​ ក្រុម​អ្នកគាំទ្រ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំងអស់​ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ និង​ឃុំខ្លួន​ពួកគេ​ជាបន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឯករដ្ឋទូតអាមេរិក និងបារាំង ក៏បានទៅសួរសុខទុក្ខលោក កឹម សុខា ដល់​ផ្ទះ​ដែរ។ ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​មហា​អំណាច​ទាំងពីរ​នៅ​តែ​សង្ឃឹម និង​នៅ​តែ​ស្នើ​​យ៉ាង​​ទទូច​ដល់​​​រដ្ឋាភិបាល​​កម្ពុជា​​ឱ្យ​​ទម្លាក់​​ចោល​​បទ​ចោទ​ប្រកាន់​​លើ​​លោក កឹម សុខា និង​ដោះ​លែង​​ជន​​​ទាំង​​ឡាយ​​​ណា​ ដែល​​​ត្រូវ​​​បាន​​​​ឃុំ​​ខ្លួន​​​តាម​​​ទំនើង​​ចិត្ត ឬ​​​ដោយ​​​ខុស​​ច្បាប់ ក្នុង​​​នោះ​​​​មាន អ្នក​សារ​ព័ត៌មាន​សកម្ម ជន​​​សង្គម​​ស៊ីវិល ព្រម​​ទាំង​​​អ្នក​គាំទ្រ និង​​សមាជិក​​គណបក្ស​​ប្រឆាំងផងដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់​កាល​នេះ រដ្ឋាភិបាល​​មិន​​​យក​​ចិត្ត​​ទុក​​ដាក់ នឹង​មតិ​ទាំងនេះ​ទេ ព្រោះ​គ្រាន់​តែ​ជា​យោបល់ និង​​​ជា​​ក្តី​​បារម្ភ​របស់​​ប្រទេស​​ជា​​មិត្ត​​ប៉ុណ្ណោះ។ លោក​បន្ត​ថា  ករណី​លោក​ កឹម​ សុខា​ និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃទៀត​ គឺ​ជា​​កិច្ចការ​​របស់​​តុលាការ ហើយ​រដ្ឋាភិបាល​មិន​មាន​អំណាច​ទៅ​លូកលាន់​បាន​ទេ។ ទោះ​យ៉ាង​​ណា​ក្តី លោក​​ព្រលយ​​ថា រដ្ឋាភិបាល​អាច​លូក​ដៃ​អន្តរាគមន៍​បាន​ក្នុង​ករណី​សំណុំ​រឿង​នេះ បន្ទាប់​​ពី​​មាន​​សាលក្រម​ស្ថាពរ​​ពី​​តុលាការ៖ «បើ​​សិន​​ជា​​អង្គហេតុ​​​ចោទ​​​ប្រកាន់​​​ថា លោក កឹម សុខា មាន​ទោស។ នេះ​​គឺ​​ចៅក្រម​​លោក​​បន្ត​​ហើយ​​លោក កឹម សុខា មាន​សិទ្ធិ​ប្តឹង​ទៅ​ឧទ្ធរណ៍​ហើយ​មាន​សិទ្ធិ​ប្តឹង​ទៅ​​កំពូល ហើយបើសិនជា​មាន​ទោស​នៅ​តែ​មាន​ទោស​ដដែល។ តើ​​មធ្យោបាយ​​​របៀប​​ម៉េច? ពេល​នោះ​ដល់​រដ្ឋាភិបាល អាច​​ប្រើប្រាស់​​សិទ្ធិ​​នាយក​រដ្ឋមន្ត្រី ដែល​ចែង​​ដោយ​ច្បាប់ ដូច្នេះ​​នាយក​រដ្ឋមន្ត្រី លោក​​ស្នើ​សុំ​ព្រះមហាក្សត្រ​​លើក​​លែង​​ទោស។ នេះ​​ជា​​ដំណើរ​​ការ​​យុត្តិធម៌​​របស់​​កម្ពុជា»

តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី១០ វិច្ឆិកា បាន​សម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ឡើយ ហើយក៏​មិន​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។ លោក កឹម សុខា សម្តែង​ការ​សោក​ស្តាយ​ដែល​តុលាការ​ហាម​លោក មិន​ឲ្យ​ធ្វើ​នយោ បាយ។ លោក​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់លើ លោក និង​អ្នក​ទាំង​ឡាយ ដែល​បាត់​បង់​សិទ្ធិ​សេរីភាព​នយោបាយ។

អ្នកតាមដានបញ្ហានយោបាយនៅកម្ពុជា លើក​ឡើង​ថា កាយវិការ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​សេរី​ធំៗ ទាំង​នេះ​បង្ហាញ​ថា ប្រទេស​​ទាំង​​នោះ នៅ​តែ​ទទួល​ស្គាល់និងគាំទ្រលោក កឹម សុខា ជា​មេ​ដឹក​នាំ បក្សប្រឆាំង ហើយ​ក៏​បង្ហាញ​កាន់​តែ​ច្បាស់​ថា ពួក​គេ​មិន​ដក​ដៃ​ឡើយ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ តាមរយៈការដោះលែង និង​បើក​លំហ​សិទ្ធិ សេរីភាពពេញលេញជូនអ្នកទោសនយោបាយទាំងឡាយនៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ បញ្ចេញ​មតិ​នៅ​លើ​ហ្វេសប៊ុក​ថា យោង​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ជា​បន្ត​បន្ទាប់ មាន​តែ​តុលាការ​កំពូល​ទេ ដែល​មាន​អំណាច​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា មិន​មែន ចៅក្រម​ស៊ើបសួរ​ទេ។លើសពីនេះ លោក​ថា ដីកា​របស់​ចៅក្រម​ស៊ើបសួរ មិន​បាន​កំណត់​រយ:​ពេល​ដែល លោក កឹម សុខា មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ឡើយ ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​រូប​នេះ បន្ត​ថា ច្បាប់ មិន​បាន​កំណត់​រយ:​ពេល​ដាក់​ជន​ជាប់​ចោទ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នោះ​ទេ បើ​គ្មាន​ការ​កាត់​ទោស​ក្នុង​រយ:​ពេល ១៨ខែ​នៃ​ការ​ឃុំ​ខ្លួន​ក្នុង​គុក។ លោក​ថា បើ​ផុត​រយ:​ពេល​នេះ​ តុលាការ​ត្រូវ​ដោះ​លែង​ជន​ជាប់​ចោទ​ឲ្យ​មាន​សេរីភាព​ពេញលេញ​វិញ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា លោក កឹម សុខា គួរ​តែ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​តាំង​ពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០១៩ មក​ម៉្លេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។