ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្តជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និង អូស្ត្រាលី ដោយពិភាក្សាផ្តោតលើការកសាងប្រជាធិបតេយ្យនៅកម្ពុជា និងការជួយជំរុញឲ្យលោក កឹម សុខា ទទួលបានសិទ្ធិសេរីភាពពេញលេញឡើងវិញ។ ជំនួបរវាងលោក កឹម សុខា ជាមួយឯកអគ្គរដ្ឋទូតប្រទេសសេរីធំៗ ទាំងពីរនេះ គឺបន្ទាប់ពីតុលាការរបបក្រុងភ្នំពេញ បានបន្ធួរបន្ថយលក្ខខណ្ឌមួយចំនួនដល់រូបលោក។
នេះជាថ្ងៃទី២ហើយដែលឯកអគ្គរដ្ឋទូតបរទេស បានចូលសួរសុខទុក្ខលោក កឹម សុខាដល់ផ្ទះរបស់ លោក ស្ថិតនៅខណ្ឌទួលគោក ក្រុងភ្នំពេញ។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅថ្ងៃទី១២ ខែវិច្ឆិកា លោក កឹម សុខា ពុំបានថ្លែងសារ ឬនិយាយអ្វីប្រាប់អ្នកសារព័ត៌មាននោះទេ។ មេបក្សប្រឆាំងរូបនេះ គ្រាន់តែឈរឲ្យអ្នកសារព័ត៌មានថតរូបមួយភ្លែត ហើយបានចូលទៅក្នុងផ្ទះវិញ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អ្នកស្រី អេនជេឡា ខូខូរេន (Angela Corcoran) ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លីក្រោយបញ្ចប់ការសួរសុខទុក្ខគ្នាជាង ១ម៉ោងនោះថា ការបន្ធូរបន្ថយលក្ខខណ្ឌស្ថិតក្រោមការត្រួតពិនិត្យករណីលោក កឹម សុខា គឺជាការវិវឌ្ឍន៍តិចតូចមួយ។ អ្នកស្រីបញ្ជាក់ថា ប្រទេសអូស្ត្រាលី សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងទម្លាក់បទចោទលើលោក កឹម សុខា និងផ្តល់សិទ្ធិសេរីភាពពេញលេញជូនលោកឡើងវិញក្នុងការធ្វើនយោបាយ។
ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក គ្រីស្ទាន ប៊ឺហ្គ័រ (Christan Berger) វិញ ពុំបានធ្វើអត្ថាធិប្បាយអ្វីជាមួយអ្នកសារព័ត៌មាននោះទេ ក្រោយជំនួបជាមួយលោក កឹម សុខា។
នាយកខុទ្ទកាល័យលោក កឹម សុខា គឺ លោកមុត ចន្ថា ប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួបទាំងពីរនេះ គឺជាការសួរសុខទុក្ខគ្នា ការពិភាក្សាគ្នាជាលក្ខណៈឯកជន និងផ្តោតលើការពិភាក្សាផ្លាស់ប្តូរយោបល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យឲ្យបានរឹងមាំនៅក្នុងប្រទេសកម្ពុជា៖ «គាត់បានសម្តែងការគួរសម សួរសុខទុក្ខ និងពិភាក្សាអំពីបញ្ហាសុខភាព ហើយក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីទស្សនៈវិស័យទៅមុខ ដើម្បីធ្វើយ៉ាងម៉េចជួយគ្នា ទាំងអស់ដើម្បីកសាងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែរឹងមាំ និងមានគ្រប់ភាគីទាំងអស់ » ។
លោក មុត ចន្ថា ឲ្យដឹងដែរថា ថ្វីដ្បិតឯកអគ្គរដ្ឋទូតអាល្លីម៉ង់ មិនបានថ្លែងអ្វីជាមួយអ្នកសារព័ត៌មាន ក៏ដោយ ក៏ក្នុងជំនួបបិទទ្វារនោះ លោក គ្រីស្ទាន ប៊ឺហ្គ័រ បានលើកឡើងថា ជំហររបស់អាល្លឺម៉ង់ ដូចគ្នានឹងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ដែលបានចេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា គឺចង់ឃើញអាជ្ញាធរកម្ពុជា ចាត់វិធានការណ៍ជាបន្ទាន់ បើកចំហរលំហរនយោបាយ បង្កើតឲ្យមាននូវលក្ខខណ្ឌចាំបាច់នានាដើម្បីឲ្យមានគណបក្សប្រឆាំងតាមបែបប្រជាធិបតេយ្យ និងជឿទុកចិត្តបាន ហើយចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈកិច្ចសន្ទនា ដោយពិតប្រាកដ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ សហភាពអឺរ៉ុប ក៏ចង់ឃើញឲ្យមានការដោះលែងលោក កឹម សុខា ទាំងស្រុង និងមានការផ្តល់សិទ្ធិនយោបាយឲ្យលោកឡើងវិញ ដើម្បីឲ្យលោក កឹម សុខា អាចបំពេញតួនាទីពេញលេញក្នុងជីវិតនយោបាយរបស់លោក។ សហភាពអឺរ៉ុប ក៏រំពឹងចង់ឃើញអាជ្ញាធរកម្ពុជា ផ្តល់សិទ្ធិនយោបាយដល់គ្រប់សមាជិកគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានហាមប្រាមមិនឲ្យធ្វើនយោបាយ និងឲ្យមានការដោះលែង ក្រុមអ្នកគាំទ្រ និងសកម្មជនគណបក្សប្រឆាំងទាំងអស់ ដែលអាជ្ញាធរកម្ពុជាបានចាប់ និងឃុំខ្លួនពួកគេជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឯករដ្ឋទូតអាមេរិក និងបារាំង ក៏បានទៅសួរសុខទុក្ខលោក កឹម សុខា ដល់ផ្ទះដែរ។ ឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចទាំងពីរនៅតែសង្ឃឹម និងនៅតែស្នើយ៉ាងទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងដោះលែងជនទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត ឬដោយខុសច្បាប់ ក្នុងនោះមាន អ្នកសារព័ត៌មានសកម្ម ជនសង្គមស៊ីវិល ព្រមទាំងអ្នកគាំទ្រ និងសមាជិកគណបក្សប្រឆាំងផងដែរ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលមិនយកចិត្តទុកដាក់ នឹងមតិទាំងនេះទេ ព្រោះគ្រាន់តែជាយោបល់ និងជាក្តីបារម្ភរបស់ប្រទេសជាមិត្តប៉ុណ្ណោះ។ លោកបន្តថា ករណីលោក កឹម សុខា និងមន្ត្រីបក្សប្រឆាំងដទៃទៀត គឺជាកិច្ចការរបស់តុលាការ ហើយរដ្ឋាភិបាលមិនមានអំណាចទៅលូកលាន់បានទេ។ ទោះយ៉ាងណាក្តី លោកព្រលយថា រដ្ឋាភិបាលអាចលូកដៃអន្តរាគមន៍បានក្នុងករណីសំណុំរឿងនេះ បន្ទាប់ពីមានសាលក្រមស្ថាពរពីតុលាការ៖ « បើសិនជាអង្គហេតុចោទប្រកាន់ថា លោក កឹម សុខា មានទោស។ នេះគឺចៅក្រមលោកបន្តហើយលោក កឹម សុខា មានសិទ្ធិប្តឹងទៅឧទ្ធរណ៍ហើយមានសិទ្ធិប្តឹងទៅកំពូល ហើយបើសិនជាមានទោសនៅតែមានទោសដដែល។ តើមធ្យោបាយរបៀបម៉េច ? ពេលនោះដល់រដ្ឋាភិបាល អាចប្រើប្រាស់សិទ្ធិនាយករដ្ឋមន្ត្រី ដែលចែងដោយច្បាប់ ដូច្នេះនាយករដ្ឋមន្ត្រី លោកស្នើសុំព្រះមហាក្សត្រលើកលែងទោស។ នេះជាដំណើរការយុត្តិធម៌របស់កម្ពុជា » ។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១០ វិច្ឆិកា បានសម្រេចកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនសម្រាប់លោក កឹម សុខា។ តុលាការបានអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរបាននៅក្នុងប្រទេស ប៉ុន្តែមិនឱ្យហួសពីព្រំប្រទល់ដែនរបស់កម្ពុជាបានឡើយ ហើយក៏មិនលោកធ្វើសកម្មភាពនយោបាយបាននោះដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។ លោក កឹម សុខា សម្តែងការសោកស្តាយដែលតុលាការហាមលោក មិនឲ្យធ្វើនយោ បាយ។ លោកនៅតែទាមទារឲ្យតុលាការទម្លាក់បទចោទប្រកាន់លើ លោក និងអ្នកទាំងឡាយ ដែលបាត់បង់សិទ្ធិសេរីភាពនយោបាយ។
អ្នកតាមដានបញ្ហានយោបាយនៅកម្ពុជា លើកឡើងថា កាយវិការរបស់ឯកអគ្គរដ្ឋទូតប្រទេសសេរីធំៗ ទាំងនេះបង្ហាញថា ប្រទេសទាំងនោះ នៅតែទទួលស្គាល់និងគាំទ្រលោក កឹម សុខា ជាមេដឹកនាំ បក្សប្រឆាំង ហើយក៏បង្ហាញកាន់តែច្បាស់ថា ពួកគេមិនដកដៃឡើយក្នុងការទាមទារឲ្យរដ្ឋាភិបាល ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ តាមរយៈការដោះលែង និងបើកលំហសិទ្ធិ សេរីភាពពេញលេញជូនអ្នកទោសនយោបាយទាំងឡាយនៅកម្ពុជា។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ បញ្ចេញមតិនៅលើហ្វេសប៊ុកថា យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ មានតែតុលាការកំពូលទេ ដែលមានអំណាចហាមឃាត់សិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា មិនមែន ចៅក្រមស៊ើបសួរទេ។លើសពីនេះ លោកថា ដីការបស់ចៅក្រមស៊ើបសួរ មិនបានកំណត់រយ:ពេលដែល លោក កឹម សុខា មិនត្រូវធ្វើសកម្មភាពនយោបាយនោះឡើយ ។ អ្នកជំនាញផ្នែកច្បាប់រូបនេះ បន្តថា ច្បាប់ មិនបានកំណត់រយ:ពេលដាក់ជនជាប់ចោទ ក្រោមការត្រួតពិនិត្យរបស់តុលាការនោះទេ បើគ្មានការកាត់ទោសក្នុងរយ:ពេល ១៨ខែនៃការឃុំខ្លួនក្នុងគុក។ លោកថា បើផុតរយ:ពេលនេះ តុលាការត្រូវដោះលែងជនជាប់ចោទឲ្យមានសេរីភាពពេញលេញវិញ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា លោក កឹម សុខា គួរតែត្រូវបានដោះលែងឲ្យមានសេរីភាពតាំងពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មកម៉្លេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។