លោក កឹម សុខា និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជួបពិភាក្សាគ្នាអំពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ
2020.05.19
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបលោក ប៉ាទ្រីក មើរហ៊្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
ទំព័រហ្វេសប៊ុកលោក កឹម សុខា សរសេរថា ក្នុងជំនួបជាមួយលោក ប៉ាទ្រីក មើរហ៊្វី នេះ ក្រៅពីការសួរសុខទុក្ខគ្នា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គមនៅពេលអនាគត ដែលចាំបាច់តម្រូវឲ្យមានការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះ។
ជំនួបរបស់លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នេះ គឺជាលើកទីមួយ ក្រោយពីលោកទៅចូលរួមតាមដានសវនាការកាត់ក្ដីសំណុំរឿងលោក កឹម សុខា ជាលើកដំបូងបង្អស់បរស់លោក នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ។ ភ្លាមៗ ក្រោយចេញពីសវនាការ ឯកអគ្គរដ្ឋទូតរូបនេះ បានថ្លែងដោយការមិនពេញចិត្ត និងច្រានចោលការចោទប្រកាន់របស់អាជ្ញាធរកម្ពុជានៅក្នុងសវនាការ ដែលថា សហរដ្ឋអាមេរិកមានពាក់ព័ន្ធក្នុងគម្រោងការរបស់លោក កឹម សុខា ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ លោកចាត់ទុកការចោទប្រកាន់នោះថា ជាការប្រឌិតរឿង គ្មានមូលដ្ឋាន។
លោក ប៉ាទ្រីក ម័រហ្វី គូសបញ្ជាក់បន្ថែមទៀតថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មានកេរ្តិ៍ឈ្មោះ ដែលសមនឹងទទួលបាននៅទូទាំងពិភពលោកថា ជាជើងឯកខាងសិទ្ធិមនុស្ស និងសេរីភាព។ លោកថ្លែងថា សហរដ្ឋអាមេរិកចង់ឃើញលោក កឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ ហើយក៏សង្ឃឹមដែរថា ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមនៅក្នុងដំណើរការនយោបាយបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។