លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ ក្រោម​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ស្ទើរ​គ្រប់​យ៉ាង​

នៅ​ពេល​នេះ ទោះ​ជា​លោក​ កឹម សុខា ទទួល​បាន​សេរីភាព​យ៉ាង​ណា ក៏​វា​មិន​មែន​ជា​សេរីភាព​ពេញ​លេញ​ឡើយ ពោល គឺ​លោក​ត្រូវ​ស្ថិត​ក្រោម​ការ​តាម​ដាន​របស់​អាជ្ញាធរ ហើយ​ក៏​មិន​អាច​ធ្វើ​នយោបាយ​បាន​ដែរ​នៅក្នុង​ស្ថានភាព​នេះ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍ ខណៈ​​លោក​ទៅ​សួរ​សុខទុក្ខ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១២ មីនា ២០១៥។

តុលាការ​របបលោក​ ហ៊ុន សែន​ បាន​ដោះលែង​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក​ កឹម សុខា ឱ្យ​នៅ​ក្រៅ​​​ឃុំ​ជាបណ្តោះ​អាសន្ន​​ និង​បាន​ដឹក​លោក​ពី​​ពន្ធនាគារ​ត្រពាំង​ផ្លុង​ មក​ដល់​គេហដ្ឋាន​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ស្ងាត់ៗ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី១០ កញ្ញា។ នៅ​ពេល​នេះ ទោះ​ជា​លោក​ទទួល​បាន​សេរីភាព​យ៉ាង​ណា ក៏​វា​មិន​មែន​ជា​សេរីភាព​ពេញ​លេញ​ឡើយ ពោល គឺ​លោក​ត្រូវ​ស្ថិត​ក្រោម​ការ​តាម​ដាន​របស់​អាជ្ញាធរ ហើយ​ក៏​មិន​អាច​ធ្វើ​នយោបាយ​បាន​ដែរ​នៅក្នុង​ស្ថានភាព​នេះ។

ប្រជាពលរដ្ឋ​ និង​អ្នក​គាំទ្រ​លោក​ កឹម សុខា ជាច្រើននាក់​ បាន​នាំគ្នា​ទៅ​ដល់​មុខ​គេហដ្ឋាន​របស់​លោក​នៅ​សង្កាត់​​​បឹងកក់​ ២ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ តាំងពី​ព្រឹក​ព្រលឹម ដើម្បី​ទៅ​អប​អរលោក​ កឹម សុខា​ ដែល​ទើប​​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​​។ ក៏​ប៉ុន្តែ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ មិន​ទាន់​អាច​ចេញ​មក​​ជួប​ ឬ​ថ្លែង​សារ​ណា​មួយ​ទៅ​កាន់​​អ្នក​គាំទ្រ​របស់​លោក​បាន​នៅ​ឡើយ​ ដោយ​សារ​មិន​មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ កឹម សុខា គឺ​លោក​ ផែង ហេង និង​អ្នក​ស្រី ម៉េង សុភារី​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី១០ កញ្ញា​ថា ចៅក្រម​ស៊ើបសួរ​បាន​ដាក់​លក្ខខណ្ឌ​មួ​យ​ចំនួន​ដល់​លោក​ កឹម សុខា។ លក្ខខណ្ឌ​​ទាំង​នោះ​មាន​ដូច​ជា ហាម​ធ្វើ​សកម្មភាព​នយោបាយ ហាម​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ ហាម​ជួប​ជាមួយ​ជន​បរទេស និង​ហាម​ធ្វើ​ដំណើរ​ចាក​ឆ្ងាយ​ពី​គេហដ្ឋាន​ជា​ដើម ដែល​លក្ខខណ្ឌ​ទាំង​នេះ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា ក្នុង​ផ្ទះ​យ៉ាង​ដូច្នេះ​ដែរ៖ «តុលាការ​បាន​ដាក់​កាតព្វកិច្ច​មួយ​ចំនួន​ឱ្យ​គាត់​ត្រូវ​តែ​អនុវត្តតាម​ បើ​មិន​អនុវត្ត​តាមទេនោះ គឺ​គេ​នឹង​យក​គាត់​ទៅ​ពន្ធនាគារ​វិញ។ លក្ខខណ្ឌ​ទាំង​នោះ​មាន ហាម​ជួប​ជុំ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​ ហាម​ជួប​ជន​បរទេស​ ជា​ពិសេស ជន​បរទេស​ដែល​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ ប៉ុន្តែ​យើង​អត់​ទាន់​បាន​ដឹង​ថា តើ​ជន​បរទេស​ដែល​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ហ្នឹង ជា​នរណា​ទេ​? ហើយ​ហាម​ជួប​ថ្នាក់​ដឹក​នាំ ក៏​មិន​ដឹង​ថា ថ្នាក់​ដឹក​នាំ​ត្រឹម​កម្រិត​ណា​ដែរ​? មួយ​ទៀត​ គឺ​ហាម​ជួប្រជុំ​នយោបាយ​ផ្សេង​ៗ ដូច​ជាថ្ងៃ​នេះជាដើម​ គាត់​មិន​បាន​ចេញ​មក​ជួប​បងប្អូន​។​ គាត់​សុំ​ថ្លែង​អំណរគុណ​ចំពោះ​បង​ប្អូន​ទាំងអស់​គ្នា​ដែល​បាន​មក​ជួយ​លើក​ទឹក​ចិត្ត​គាត់​នៅ​ទីនេះ​ ប៉ុន្តែគាត់​អត់​ទាន់​អាច​ចេញ​មក​ជួប​បាន​ដោយ​សារ​ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ជា​បម្រាម​របស់​តុលាការ​។ ហើយ​ការ​ដើរហើរ​ទៀត​សោត​ ក៏​ស្ថិត​នៅក្នុង​ព្រំប្រទល់​ដែន​ដែល​កំណត់​ដោយ​ចៅក្រម​ស៊ើបសួរ​ដែរ​។ ចៅក្រម​បាន​កំណត់​ផែន​ទី​ដែល​គាត់ត្រូវ​ធ្វើ​ដំណើរ គឺ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​​ពី​តំបន់​នេះ​តែ​ប៉ុណ្ណោះឯង​។ ព្រំប្រទល់​ ដូចជា នៅត្រឹម​ផ្លូវ ៣១៣ ៣១១ និង​ ៦០៨ អ៊ីចឹង​គាត់​អាច​នៅ​តែ​ម្តុំ​នេះ​ទេ»

ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី បាន​ចេញ​ដីការ​បង្គាប់​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក​ កឹម សុខា នៅ​ថ្ងៃ​ទី៩ កញ្ញា។ លោក​ កឹម សុខា ត្រូវ​បាន​គេ​ដឹកចេញ​ពី​ពន្ធនាគារ​ត្រពាំង​​​​​ផ្លុងក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ក្បែរ​ព្រំដែន​ កម្ពុជា-វៀតណាម ទៅ​ដល់​គេហដ្ឋាន​របស់​លោក​នៅ​ខណ្ឌទួល​គោក​ រាជធានី​ភ្នំពេញ ដោយ​ស្ងៀម​ស្ងាត់​ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី១០ កញ្ញា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​​តុលាការ​ក្រុង​ភ្នំពេញ​ឱ្យ​ដឹង​ថា ការ​ដោះ​លែង​នេះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ហេតុ​ផល​សុខភាព និង​ដោយ​មាន​ការ​ធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា លោក​ កឹម សុខា និង​មិន​អាច​រត់​គេច​ខ្លួន​ពី​នីតិវិធី​តុលា​ការ​ឡើយ។ ថ្វីដ្បិត​តែ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក៏​ពិត​មែន​ ប៉ុន្តែ​តុលា​ការ​បាន​ដាក់​លោក​​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​មួយ​ចំនួន។

អ្នកនាំពាក្យ​សមាគម អាដហុក (ADHOC) លោក​ សឺង សែន​ករុណា ថ្លែង​ថា ការ​ដោះ​លែង​លោក​ កឹម សុខា ជា​ការ​វិវឌ្ឍវិជ្ជ​មាន​សម្រាប់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ លោក​ថា​ សេរីភាព​ដែល​លោក​ កឹម សុខា ទទួល​បាន​នៅ​ពេល​នេះ ជា​សេរីភាព​មួយ​ដែល​តិចតួច​បំផុត ព្រោះ​តុលាការ​បាន​វាស់​ដី​ឱ្យ​លោក​ដើរ​ ហើយ​បាន​ហាម​ប្រាម​រាល់​សកម្មភាព​នយោបាយ​របស់​លោក​ទាំង​អស់។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ រិះគន់​ថា ការ​ធ្វើ​របៀប​នេះ​គ្មាន​ខុស​អ្វី​នឹង​របប​​ផ្តាច់​ការ​នៅ​​ភូមា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​​ឡើយ ដែល​មេ​ដឹក​នាំ​យោធា​​បាន​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង គឺ​អ្នក​ស្រី អ៊ុងសាន សូជី ក្នុង​គេហដ្ឋាន​របស់​អ្នក​ស្រី​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មុន​នឹង​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ពេញ​លេញ​វិញ៖ «ប្រសិន​បើ​ការ​ដោះលែង​របៀប​នេះដើម្បី​ឱ្យ​អន្តរជាតិ​បន្ថូរ​បន្ថយសម្ពាធ​លើ​កម្ពុជា ខ្ញុំ​គិត​ថា ការ​ដោះលែង​បែប​នេះ​មិន​មាន​ន័យ​អ្វីជា​ការ​ពិចារណា​ដល់​លក្ខខណ្ឌ​របស់​អង្គការ​អន្តរជាតិ ឬប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​នោះ​ទេ។ ជាពិសេស​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដែល​បាន​កំណត់ច្បាស់​ថា លក្ខខណ្ឌ​ដែល​អនុគ្រោះ​ពន្ធ​ហ្នឹង គឺ​ផ្តោត​ទៅលើ​ការ​គោរព​សិទ្ធិមនុស្ស​ និង​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​តាម​បែប​ប្រជាធិបតេយ្យ​ដែល​មាន​ការ​បោះឆ្នោត​សេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌ ហើយ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ជាដើម»

ប្រធាន​គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​រួច​មក​ហើយ មុន​នឹង​ត្រូវ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ​ក្រោម​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​ពេល​នេះ។ លោក​​ត្រូ​វបាន​អាជ្ញាធរ​របប​​ក្រុង​ភ្នំពេញ​​សម្រុក​ចូល​ចាប់​ខ្លួន​​ទាំង​មាន​អភ័យឯកសិទ្ធិ​សភា ដល់​​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ទាំង​កណ្តាល​​អាធ្រាត កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ កន្លង​ទៅ តាម​បញ្ជា​របស់​លោក​ ហ៊ុន សែន ដែល​ចោទ​លោក​ថា ក្បត់​ជាតិ។ តុលាការ​ការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ “សន្និដិ្ឋភាព​ជាមួយ​បរទេស” ដែល​មាន​ន័យ​ថា ជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​​ឈ្លាន​​ពាន​ប្រឆាំង​នឹង​កម្ពុជា ដែល​ជា​បទ​ល្មើស​ឧក្រិដ្ឋ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ៣០ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា របបលោក​ ហ៊ុន សែន បាន​ដោះ​លែង​អ្នក​ទោស​នយោបាយ​ជា​បន្ត​បន្ទាប់ ក្រោយ​ពេល​របប​នេះ​​រៀប​ចំការ​បោះ​ឆ្នោត​បែប​បង្គ្រប់​កិច្ច​បាន​ដោយ​ជោគជ័យ​ កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ដោយ​បាន​ក្រសោប​យក​អាសនៈ​សភា​ទាំង ១២៥​អាសនៈ មក​កាន់​កាប់​តែ​ម្នាក់​ឯង។ របប​នេះ​ក៏​ទើប​តែ​បង្កើត​រដ្ឋ​សភា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​​តាម​របៀប​ដឹក​នាំ​ឯកបក្ស ​ដូច​ប្រទេស​កុម្មុយនីស្ត​ដែរ។ អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ យល់​ឃើញ​ស្រដៀង​គ្នា​ថា របប​ក្រុង​ភ្នំពេញ​ត្រូវ​ការ​ភាព​ស្រប​ច្បាប់ និង​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ ទើប​របប​នេះ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ជា​បន្ត​បន្ទាប់​បែប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។