លោក កឹម សុខា ប្ដេជ្ញាធ្វើឲ្យខ្មែររួបរួមគ្នា ដើម្បីជាតិខ្មែរខ្លាំង និងមានកិត្តិយស
2020.06.27
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បង្ហាញក្ដីប្រាថ្នាជាថ្មីម្ដងទៀត ចង់ឲ្យខ្មែររួបរួមគ្នា ដើម្បីឲ្យជាតិខ្មែរ រឹងមាំ និងមានកិត្តិយស មិនមានអ្នកណា អាចប្រមាថបានទៀត។ ក្តីប្រាថ្នារបស់លោកនេះ ធ្វើឡើងក្នុងឱកាសខួបកំណើតរបស់លោកគម្រប់ ៦៨ឆ្នាំ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចយល់ថា សាររបស់មេបក្សប្រឆាំងរូបនេះ គ្រាន់តែធ្វើឡើងឲ្យពីរោះស្ដាប់ប៉ុណ្ណោះ។
នៅក្នុងឱកាសខួបកំណើតរបស់លោកនៅថ្ងៃទី២៧ ខែមិថុនា លោក កឹម សុខា បានឆ្លៀតបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដ៏កម្រ និងវែងអន្លាយមួយ អមជាមួយរួបភាព ៧សន្លឹកដែលលោកបានថតជាមួយម្ដាយចាស់ ជាមួយក្រុមគ្រួសារ និងជាមួយពលរដ្ឋកម្ពុជា កាលលោកនៅមានសេរីភាពពេញលេញ។ ក្នុងសារនោះ លោក កឹម សុខា បានសម្ដែងនូវកតញ្ញូឬការដឹងគុណរបស់លោក ចំពោះឪពុកម្ដាយរបស់លោក ប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាផងដែរ។
លោករៀបរាប់ថា លោកចងចាំជានិច្ចនូវដំបូន្មានរបស់ឪពុកម្ដាយ ដែលតែងតែអប់រំថា កើតមកជាមនុស្ស ត្រូវធ្វើឲ្យជីវិតមានន័យ មានតម្លៃ មានប្រយោជន៍ មិនមែនសម្រាប់តែខ្លួនឯង និងគ្រួសារទេ គឺត្រូវគិតពីសង្គម ពីប្រទេសជាតិ និងពីមនុស្សជាតិជាសំខាន់។
ចំពោះប្រទេសកម្ពុជាវិញ លោក កឹម សុខា ចាត់ទុកថា ជាមាតុភូមិ ជាទឹកដីកំណើត ឬជាផ្ទះនៃជីវិតរបស់លោក ហើយលោកចង់ឃើញមាតុភូមិខ្ញុំមួយនេះ មានសេចក្ដីសុខ មានសន្តិភាពពិតឋិតថេរ និងមានការរីកចម្រើនសម្រាប់ខ្មែរគ្រប់គ្នា។ លោកបញ្ជាក់ថា គ្មានហេតុផលអ្វីទៅបំផ្លាញ ឬនាំអ្នកដទៃ ឬគាំទ្រអ្នកណាមកបំផ្លាញប្រទេសកម្ពុជា ដែលជាជម្រកតែមួយគត់សម្រាប់ជីវិតលោកឡើយ។ លោកចូលរួមគាំទ្រនូវជំហរការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងសន្យាថា នឹងមិនបោះបង់ ឬរត់ចោលមាតុភូមិកម្ពុជាឡើយ។
ចំណែកប្រជាពលរដ្ឋខ្មែរវិញ មេបក្សប្រឆាំងរូបនេះ ចាត់ទុកថា ជាបងប្អូនរួមឈាម ជាចៅហ្វាយ និងជាអ្នកមានគុណរបស់លោកដែរ។ លោកអះអាងថា លោក ឈឺចាប់ណាស់ នៅពេលដែលឃើញខ្មែរកាប់សម្លាប់គ្នា ជេរប្រមាថគ្នា ចោទប្រកាន់មួលបង្កាច់គ្នា សងសឹកបំផ្លាញគ្នា ជាពិសេសខ្មែរបែកបាក់គ្នា មិនអាចរួបរួមជាតិបាន។
មេបក្សប្រឆាំងរូបនេះ សរសេរទៀតថា លោកនៅតែមានគោលបំណង មានក្តីសង្ឃឹម និងមានការព្យាយាមឲ្យខ្មែររួបរួមគ្នា ដើម្បីជាតិខ្មែររឹងមាំ ប្រកបដោយកិត្តិយស មិនអាចអ្នកណាប្រមាថបាន។
ឆ្លើយតបទៅនឹងសាររបស់លោក កឹម សុខា នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បញ្ជាក់ថា ការបង្រួបបង្រួមជាតិ និងឯកភាពជាតិដោយយកបរទេសមកធ្វើជាចៅហ្វាយនាយក្នុងបញ្ហាប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា គឺមិនអាចទៅរួចឡើយ៖ «បើអ្នកនយោបាយយកបរទេស ធ្វើជាគំរូប្រជាធិបតេយ្យ សេរីពហុបក្ស អ្នកនយោបាយបែបនេះ គឺជាអ្នកនយោបាយបំផ្លាញជាតិ។ ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា គឺធ្វើបែបកម្ពុជា មិនមែនទៅយកគំរូតាមបរទេស ហើយឲ្យប្រទេសជាអ្នកវាយតម្លៃទេ គឺប្រជាជនកម្ពុជាអ្នកវាយតម្លៃខ្លួនឯងផ្ទាល់។ នេះហើយ គឺជាឯកភាពបង្រួបបង្រួមជាតិ»។
ចំណែកអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី យល់ថា ក្តីប្រាថ្នារបស់លោក កឹម សុខា នេះ គឺមិនខុសគ្នាពីប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅនោះទេ ព្រោះប្រទេសកម្ពុជានៅពេលនេះ កំពុងទទួលរងនៅការបែកបាក់ធ្ងន់ធ្ងរ៖ «អ្វីដែលយើងចង់បានគឺ ចង់ឲ្យមានការបង្រួបបង្រួមជាតិ និងមានឯកភាពជាតិ។ នេះគឺជារឿងសំខាន់។ រាល់ថ្ងៃនេះ យើងកំពុងតែប្រឈមជាមួយនឹងការបែកបាក់គ្នា។ អ្នកនយោបាយចង់ឈ្នះចង់ចាញ់រហូតដល់ពេលខ្លះភ្លេចទាំងគោលដៅរួមសម្រាប់កសាងជាតិ គឺថា ធ្វើម៉េចក៏ដោយ ឲ្យតែខ្លួនឯងឈ្នះ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។ តុលាការក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនសម្រាប់លោក កឹម សុខា គឺអនុញ្ញាតឱ្យលោកអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែមិនឱ្យចាកចេញពីកម្ពុជា ឡើយ ហើយក៏មិនឲ្យលោកធ្វើសកម្មភាពនយោបាយដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
ទោះជាយ៉ាងណា ក្រុមអង្គការជាតិនិងអន្តរជាតិ ដែលឃ្លាំមើលនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ចាត់ទុកថា ការចាប់ខ្លួន និងចោទប្រកាន់មេបក្សប្រឆាំងនេះ ជារឿងនយោបាយ ដោយសារលោក ហ៊ុន សែន ខ្លាចចាញ់ឆ្នោតកាលពីឆ្នាំ២០១៨ កន្លងទៅ បន្ទាប់ពីមើលឃើញថា គណបក្សប្រឆាំងមួយនេះ មានកម្លាំងគាំទ្រប្រកៀកប្រកិតជាមួយគណបក្សកាន់អំណាច។
ក្នុងឱកាសខួបកំណើតរបស់លោកនេះ ក្រុមអ្នកគាំទ្រ ក៏បានបង្ហោះសារបង្ហាញក្តីនឹករលឹក និង ជូនពរលោក កឹម សុខា ឲ្យឆាប់ទទួលបានសិទ្ធិសេរីភាពធ្វើនយោបាយពេញលេញឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។