ប្អូន​ប្រុស​បណ្ឌិត កែម ឡី ប្រកាស​បង្កើត​បក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2018.02.25
កែម រិទ្ធិសិត ៨៥៥ ប្អូន​ប្រុស​លោក កែម ឡី គឺ​លោក កែម រិទ្ធិសិត នៅ​ក្នុង​បរិវេណ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ កាល​ពី ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

ប្អូនបង្កើត​របស់​លោក​បណ្ឌិត កែម ឡី គឺ លោក កែម រិទ្ធិសិត ប្រកាស​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​២៤ កុម្ភៈ ថា លោក នឹង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ដាក់​ឈ្មោះ​ថា គណបក្ស កែម ឡី ដើម្បី​ចូលរួម​ការបោះឆ្នោត​នីតិកាល​ទី​៦ នៅ​ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ។

លោក កែម រិទ្ធិសិត អះអាង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា លោក បង្កើត​គណបក្ស​ថ្មី​នេះ ដើម្បី​ទប់ស្កាត់​ក្រុម​ជ្រុលនិយម​មួយចំនួន តែងតែ​យកឈ្មោះ លោក បណ្ឌិត កែម ឡី ដែល​ជា​បងប្រុស​របស់​លោក ទៅធ្វើជា​ឧបករណ៍​កេង​ចំណេ​ផ្នែក​នយោបាយ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅក្នុង​តេឡេក្រាម (Telegram) ស្វាគមន៍​ភ្លាមៗ ចំពោះ​ការ​បង្កើតរបស់​ប្អូនប្រុស​លោកបណ្ឌិត កែម ឡី នូវ​គណបក្សនយោបាយ​ថ្មី​នេះ។ លោក​បញ្ជាក់​ថា ការ​បង្កើត​គណបក្ស​នេះ ទោះជា​ដាក់ឈ្មោះ​អ្វី​ក៏ដោយ លោក​ស្វាគមន៍​ចំពោះ​ការបង្កើត​គណបក្ស​ថ្មី​នេះ។

ទោះបីជា​យ៉ាងនេះ​ក្ដី ភរិយា​លោក បណ្ឌិត កែម ឡី មានប្រសាសន៍​ពី​ប្រទេស​អូស្ត្រាលី​មក​ថា អ្នកស្រី មិន​ទទួលស្គាល់​ការបង្កើត​គណបក្ស​ដោយ​ប្រើប្រាស់​ឈ្មោះ​ស្វាមី​របស់​អ្នកស្រី ជា​ឈ្មោះ​គណបក្ស​នយោបាយ​នេះ​ទេ។ អ្នកស្រី​អះអាង​ថា អ្នកស្រី​ឈឺចាប់​ណាស់ នៅ​ពេល​ឃាតក​បាញ់សម្លាប់​ស្វាមី​របស់​អ្នកស្រី នៅក្នុង​របប​ក្រុងភ្នំពេញ

បន្ថែម​ពីនេះ​ទៀត ការ​បង្កើត​គណបក្ស​ឈ្មោះ​លោក បណ្ឌិត កែម ឡី​នេះ ជាការ​ផ្ទុយ​ទៅ​និង​ច្បាប់​ស្ដីពី​គណបក្សនយោបាយ។ មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​អង្គការ​ខុមហ្វ្រែល (Comfrel) កន សាវាង្ស សរសេរ​នៅ​ក្នុង​មតិ (Comment) នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ដោយ​ចោទ​ជា​សំណួរ​ថា តើ​ការ​បង្កើត​គណបក្ស​ដាក់ឈ្មោះ​ឯកត្តបុគ្គល​នេះ គិត​ថា ទៅរួច​ទេ? តើ​មាន​មើល​ច្បាប់​គណបក្សនយោបាយ​ទេ?

ម្យ៉ាងទៀត ខ្លឹមសារ​នេះ​យល់ច្រឡំ​ទាំងស្រុង​ព្រោះ​ទស្សនៈ​របស់លោក​បណ្ឌិត កែម ឡី មិនមែន​ជា​កម្មសិទ្ធិ​បុគ្គល​ណាមួយ​ទេ គាត់​បាន​ដើរ​បង្រៀន​គ្រប់គ្នា អ្នកណា​ក៏​អាច​យក​ទ្រឹស្ដី​របស់គាត់​ប្រើ​បាន​ដែរ វា​ប្រៀប​បាន​ទៅ​នឹង​បណ្ឌិត​លើ​ពិភពលោក​រៀនសូត្រ​ដូច្នេះ​ដែរ តែ​គេ​អាច​រក្សា​ឈ្មោះថា ទស្សនៈបណ្ឌិត ក ឬខ។

មាត្រា ១១​ថ្មី ដែល​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​បានធ្វើ​វិសោធនកម្ម​ដ៏​ចម្រូងចម្រាស់​នោះ ត្រង់​កថាខណ្ឌ​ទី​២ ចែងថា ឈ្មោះ​របស់​គណបក្សនយោបាយ មិនត្រូវ​ធ្វើ​ឡើង​ដោយ​គ្រាន់តែ​កែសម្រួល​បន្តិចបន្តួច​នៅលើ​ឈ្មោះ​គណបក្សនយោបាយ​នានា ឬ​យក​ឈ្មោះ​រូបវ័ន្ត​បុគ្គល​មក​ដាក់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។