លោក កឹម សុខា ថា ដំណោះស្រាយ​វិបត្តិ​នយោបាយ​តែមួយ​គត់​គឺ​ការ​ចរចា​រវាង​បក្ស​ទាំងពីរ

ដោយ ទីន ហ្សាការីយ៉ា
2018-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo from Facebook

លោក កឹម សុខា សំដែង​សុទិដ្ឋិនិយម​ថា មធ្យោបាយ​តែមួយគត់ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​បាន គឺ​ការ​ចរចា​រវាង​ភាគី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ។

សហ​មេធាវី​របស់​លោក កឹម សុខា គឺ​លោក ហែម សុជាតិ មាន​ប្រសាសន៍​ថា ក្រុម​មេធាវី​បាន​ទៅ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​៤ មេសា លោក កឹម សុខា បាន​ស្នើ​ជាថ្មី​ម្ដងទៀត ចង់​ឲ្យ​តុលាការ​ដោះលែង​រូបលោក​នៅ​ក្រៅ​ឃុំ ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស និង​មាន​ឱកាស​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច។ លោក​បញ្ជាក់​ថា លោក កឹម សុខា លើកឡើង​ថា ជម្លោះ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​ការ​ចរចា រវាង​ខ្មែរ និង​ខ្មែរ​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ចំពោះ​ការ​ស្នើ​របស់​លោក កឹម សុខា ថា អ្វីៗ​ហួសពេល​ទៅ​ហើយ។ លោក​បញ្ជាក់​ថា វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​មិន​អាច​សើរើ​វិញ​បាន​ឡើយ ព្រោះថា គណបក្ស​សង្គ្រោះជាតិ​បាន​សាង​កំហុស​ធ្ងន់ធ្ងរ ដោយ​លោក ចោទ លោក កឹម សុខា និង លោក សម រង្ស៊ី ថា បាន​ប្រព្រឹត្តិ​បទល្មើស​ក្បត់ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​អត់ឱន​ឲ្យ​បាន។

ទោះបីជា​មានការ​អះអាង​របស់​លោក សុខ ឥសាន បែប​នេះ​ក្ដី អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ និង​ប្រទេស​មហាអំណាច​មួយ​ចំនួន​ដូចជា សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ថ្កោលទោស​របប​លោក ហ៊ុន សែន ចំពោះ​ការ​ចាប់​ខ្លួន លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ថា​ជា​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប្រទេស​ទាំងនេះ ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​របប​ក្រុងភ្នំពេញ​ថែមទៀត ដូចជា​ការបញ្ឈប់​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ទំនិញ​ចូល​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​ជាដើម។

លោក​មេធាវី ហែម សុជាតិ បន្ថែម​ថា លោក កឹម សុខា មិន​ត្រឹមតែ​ឲ្យ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ វិល​មក​រក​តុ​ចរចា​ប៉ុណ្ណោះ​ទេ លោក​បាន​ផ្ដែផ្ដាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​និន្នាការ​គាំទ្រ លោក សម រង្ស៊ី និង​គាំទ្រ​រូបលោក​នោះ ត្រូវតែ​រូប​រួមគ្នា​ឲ្យ​កាន់តែ​រឹងមាំ ព្រោះ គណបក្ស​សង្គ្រោះជាតិ ជា​គណបក្ស​តែមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល