កូនស្រី​លោក កឹម សុខា រិះគន់​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា​ខ្វះ​ចំណេះ​ដឹង​ផ្នែក​ការបរទេស

ដោយ តាំង សារ៉ាដា
2017-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា និង​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា និង​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូន​ស្រី​របស់​លោក កឹម សុខា ចាត់​ទុក​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លើក​ឡើង​ថា ប្រតិភូ​បក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិ​មនុស្ស បរាជ័យ​នៅ​វេទិកា​អង្គការ​សហប្រជាជាតិ ថា​ជា​ការ​ខ្វះខាត​ចំណេះ​ដឹង​ខាង​កិច្ចការ​បរទេស និង​ដំណើរការ​របស់​អង្គការ​សហប្រជាជាតិ។

កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ចាត់​ទុក​សម្ដី​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដែល​ថា អង្គការ​សហប្រជាជាតិ​គ្មាន​សិទ្ធិ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​នោះ ថា​ជា​សម្ដី​អវិជ្ជា ដែល​មិន​យល់​អ្វី​ទាំង​អស់​អំពី​ដំណើរ​ការ​របស់​អង្គការ​អន្តរជាតិ​ដ៏​កំពូល​មួយ​នេះ៖ «អូខេ! ខ្ញុំ​និយាយ​តែមួយ​ម៉ាត់​ខ្លី​ទេ​ណា ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​សម្ដី​អវិជ្ជា​របស់​គាត់​ទេ»

​លោក សុខ ឥសាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម ផ្លូវ​ការ​របស់​លោក ដោយ​ចាត់​ទុក​មហិច្ឆតា​កូនស្រី​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ដែល​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​នោះ​ថា​នឹង​ត្រូវ​បរាជ័យ។

អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​អះអាង​ថា អង្គការ​សហប្រជាជាតិ​គ្មាន​សិទ្ធិ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​នោះ​ទេ។

​លោក សុខ ឥសាន បាន​ហៅ​ការ​ទៅ​ពឹង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឲ្យ​កោះ​ប្រជុំ​ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា មិន​មែន​ជា​ភារកិច្ច​របស់​ក្រុមប្រឹក្សា​នៃ​ស្ថាប័ន​អន្តរជាតិ​កំពូល​មួយ​នេះ​ទេ។

​កញ្ញា កឹម មនោវិទ្យា បញ្ជាក់​ថា កញ្ញា​មិន​បាន​ទាមទារ​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ កោះ​ប្រជុំ​អំពី​បញ្ហា​កម្ពុជា​នោះ​ទេ ប៉ុន្តែ​កញ្ញា​បាន​ស្នើ​ឲ្យ​អង្គ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​កោះ​ប្រជុំ​អំពី​បញ្ហា​កម្ពុជា។

​ជាង​នេះ​ទៅ​ទៀត កញ្ញា​ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្នើ​ទៅ​អគ្គលេខាធិការដ្ឋាន​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ទៅ​កាន់​ប្រទេស​កម្ពុជា ហើយ​ជា​ចុង​ក្រោយ កញ្ញា កឹម មនោវិទ្យា បាន​ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ ព្យួរ​អាសនៈ​របស់​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​បង្វែរ​ស្ថានការណ៍​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​វិញ។

​កាល​ពី​ថ្ងៃ​អង្គារ ទី​១៩ ខែ​ធ្នូ កន្លង​ទៅ​នេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ បាន​កោះ​ប្រជុំ​ស្ថាន​បេសកកម្ម​នៃ​សហភាព​អឺរ៉ុប និង​ជប៉ុន អំពី​បញ្ហា​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​ទីក្រុង​ញូវយ៉ក។

​វាគ្មិន​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួម​មាន កញ្ញា កឹម មនោវិទ្យា លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​លោក ចន ស៊ីហ្វថុន (John Sifton) តំណាង​ឲ្យ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​បាន​ចូលរួម​ឆ្លើយ​បំភ្លឺ។

​គោល​បំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​នេះ គឺ​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​បន្ត​ស្វែង​យល់​បន្ថែម​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា និង​ការ​ស្វែង​រក​វិធានការ​ដើម្បី​ដាក់​ទណ្ឌកម្ម​សមស្រប​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ងាក​មក​រក​ការ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ឡើង​វិញ។

​នៅ​ក្នុង​កិច្ចប្រជុំ​នោះ កញ្ញា កឹម មនោវិទ្យា និង​លោក ប៉ា ងួនទៀង បាន​ជំរុញ​អោយ​មាន​កិច្ច​អន្តរាគមន៍​អន្តរជាតិ​ដើម្បី​ដោះលែង​លោក កឹម សុខា អនុញ្ញាត​អោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​រូប មាន​សិទ្ធិ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ បើក​អោយ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សេរីភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​ឡើង​វិញ ព្រមទាំង​បើក​ឲ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

​ពួកគេ​និយាយ​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ធ្វើ​តាម​ការ​ទាមទារ​នេះ​ទេ នោះ​អង្គការ​សហប្រជាជាតិ គួរ​ព្យួរ​អាសនៈ​របស់​កម្ពុជា សិន ដើម្បី​ចាប់​បង្ខំ​អោយ​មាន​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​សមស្រប​មួយ​ឆ្ពោះ​ទៅ​រក​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សុខ ឥសាន បាន​ចំអក​ថា ការ​ប៉ុនប៉ង​ដក​សមាជិកភាព​របស់​កម្ពុជា ចេញ​ពី​អង្គការ​សហប្រជាជាតិ គឺ​ជា​ចង់​បាន​ហួស​ពី​ជើង​មេឃ​ទៅ​ទៀត។ ប៉ុន្តែ​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អះអាង​ថា សំណើ​ព្យួរ​អាសនៈ​របស់​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ ជា​សំណើ​ដ៏​សមរម្យ​ជា​ទី​បំផុត៖ «ប្រទេស​កម្ពុជា ក៏​ធ្លាប់​ប្រឈម​ដែរ គឺ​នៅ​ឆ្នាំ​១៩៩៧ ពេល​មាន​រដ្ឋ​ប្រហារ​នោះ ដែល​មាន​សំណើ​ពី​ក្រុម​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល។ បន្ទាប់​មក​ក៏​មាន​ការ​ឯកភាព​ពី​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។ កាល​ពី​ពេល​នោះ​រដ្ឋាភិបាល​របស់​លោក  ហ៊ុន សែន ក៏​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ដូច្នេះ​ម្តង​រួច​មក​ហើយ»

​លោក​បន្ត​ថា ប្រសិនបើ​អង្គការ​សហប្រជាជាតិ ព្យួរ​អាសនៈ​របស់​កម្ពុជា មែន នោះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នឹង​រង​នូវ​ភាព​អាម៉ាស់​ខ្លាំង​ជា​ទីបំផុត​លើ​ឆាក​អន្តរជាតិ។ ជាង​នេះ​ទៅ​ទៀត ក្រុម​អ្នក​វិនិយោគ ឬ​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា នឹង​ងាក​ចេញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​គ្មាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​ដឹកនាំ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គេ នឹង ផ្ជួរ ឬដកឱយគណបក្យសង្គ្រោះនៅឆ្នាំ២០១៨ខាងមុខ នេះ

Dec 20, 2017 07:56 PM

គេហទំព័រ​ទាំងមូល