លោក កឹម សុខា នឹងចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភានៅដើមសប្ដាហ៍ក្រោយ

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ចប់ការឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ និងបានវិលត្រឡប់ទៅផ្ទះរបស់លោកក្នុងសង្កាត់ទួលគោក វិញហើយ នៅព្រឹកថ្ងៃទី៣ ខែធ្នូ។
ការវិលត្រឡប់ទៅផ្ទះរបស់លោក កឹម សុខា នេះ គឺធ្វើភ្លាមៗក្រោយលោកបានទទួលព្រះរាជប្រទានការលើកលែងទោសពីព្រះមហាក្សត្រ កាលពីថ្ងៃទី២ ខែធ្នូ ពោលគឺបន្ទាប់ពីលោកបានឃុំខ្លួនឯងក្នុងទីស្នាក់ការបក្សអស់រយៈពេលជាង ៦ខែ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា កិច្ចការបន្ទាប់ដែលលោក កឹម សុខា នឹងធ្វើគឺចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី៥ ខែធ្នូ ចូលរួមកិច្ចប្រជុំសភានៅពេលបន្ទាប់ទៀត និងចាប់ផ្ដើមចុះជួបអ្នកគាំទ្ររបស់លោកនៅតាមបណ្ដាខេត្តនានា៖ «ខ្ញុំសង្ឃឹមថានៅថ្ងៃកំណត់ប្រជុំពេញអង្គហ្នឹង គាត់នឹងចូលរួមកិច្ចប្រជុំសភា។ ក្រៅពីនោះ មានកម្មវិធីចុះមូលដ្ឋានចុះខេត្តជួបជាមួយនឹងសកម្មជន ជាមួយប្រជាពលរដ្ឋ។ ខ្ញុំកំពុងតែពិនិត្យមើលកម្មវិធីបែបណា ហើយគាត់អាចទៅខេត្តណា ហើយរៀបចំរបៀបណា? របៀបវារៈ (កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា) ដែលខ្ញុំបានទទួលមានតែមួយទេ គឺបន្ថែមរបៀបវារៈមួយចូលទៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ស្ដីពីការប្រកាសសុពលភាពរបស់លោកវេជ្ជបណ្ឌិត សួន រីណា ដែលនឹងត្រូវទៅជំនួសតួនាទីរបស់លោក ប៉ែន សុវណ្ណ»។
លោក ប៉ុញ្ញឫទ្ធិ បន្តថា លោក កឹម សុខា នឹងពិភាក្សារិះរកវិធីដែលអាចស្នើសុំព្រះរាជប្រទានការលើកលែងទោសដល់មន្ត្រី និងសកម្មជនគណបក្សដែលកំពុងមានទោស រួមនឹងមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារផង។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានទទួលព្រះរាជប្រទានការលើកលែងទោសពីព្រះមហាក្សត្រ ក្នុងសំណុំរឿងមិនចូលខ្លួនបំភ្លឺជាសាក្សី។ លោកត្រូវតុលាការទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ខែ ពាក់ព័ន្ធនឹងការមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ។ បើទោះជាត្រូវលើកលែងទោសនៅពេលនេះក្ដី លោក កឹម សុខា មិនទាន់រួចខ្លួនពីបណ្ដឹងចោទប្រកាន់នៅតុលាការមួយចំនួនទៀតក្នុងសំណុំរឿងពាក់ព័ន្ធនឹងការបញ្ចេញខ្សែអាត់សំឡេងដែលគេសង្ស័យថា ជាការឆ្លើយឆ្លងរវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ នោះទេ។ ក្នុងនោះគឺមានបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលចោទលោក កឹម សុខា ពីបទបរិហារកេរ្តិ៍ និងបណ្ដឹងរបស់នាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលប្ដឹងឲ្យតុលាការផ្ដន្ទាទោសលោក កឹម សុខា និងទាមទារសំណងជំងឺចិត្តពីលោក កឹម សុខា ចំនួន ៣សែនដុល្លារអាមេរិក៕