លោក កឹម សុខា ហាក់​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

ដោយ ថា កិត្យា
2016.10.11
កឹម សុខា ៨៥៥ ២០១៦ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Brach Chev

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ហាក់​មាន​បំណង​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​មក​ស្រុក​ខ្មែរ​ក្នុង​កាលៈទេសៈ​នេះ​វិញ ព្រោះ​លោក​យល់​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ជាមួយ​គ្នា​ពីរ​នាក់​ល្អ​ជាង​នៅ​ម្នាក់​ឯង។ រី​ឯ​អ្នក​វិភាគ​នយោបាយ​គាំទ្រ​ការ​លើក​ឡើង​របស់​លោក កឹម សុខា ប៉ុន្តែ​ចង់​ឃើញ​មាន​ការ​សម្របសម្រួល​នយោបាយ​មុន​នឹង​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​មហាជន និង​កងកម្លាំង​រដ្ឋាភិបាល។

លោក កឹម សុខា នៅ​តែ​ប្រកាស​ជំហរ​ថា រូប​លោក និង​លោក សម រង្ស៊ី គឺ​មិន​បែកបាក់​គ្នា​នោះ​ទេ បើ​ទោះ​បី​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ក្តី ក៏​ប៉ុន្តែ​លោក កឹម សុខា ហាក់​ដូច​ជា​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​មក​តស៊ូ​ជាមួយ​គ្នា​នៅ​ស្រុក​ខ្មែរ​វិញ​ក្នុង​កាលៈទេសៈ​នេះ«បើ​លោក សម រង្ស៊ី មក​នៅ​ជាមួយ​ខ្ញុំ ល្អ​ជាង​ខ្ញុំ​នៅ​ម្នាក់​ឯង ប៉ុន្តែ​បើ​គាត់​សម្រេច​ចិត្ត​មិន​មក នៅ​តែ​យើង​ដឹកនាំ​បក្ស​ទៅ​មុខ​បាន ព្រោះ​ដឹកនាំ​តាម​ប្រព័ន្ធ​យន្តការ​គណបក្ស»

ការ​បញ្ចេញ​ទស្សនៈ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​សារព័ត៌មាន​សិង្ហបុរី ឆេនណល ញូវ អេស៊ា (Channel News Asia) ដែល​ចេញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៦។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ កំពុង​ឃុំ​ខ្លួន​ឯង​នៅ​ទីស្នាក់ការ​បក្ស​ជាង ៤​ខែ​ហើយ​នោះ បាន​បញ្ជាក់​ថា ទោះ​បី​ជា​លោក​មាន​ការ​លំបាក​បាត់បង់​សេរីភាព​ក៏ដោយ តែ​វា​ជា​ការ​លើក​ទឹក​ចិត្ត​អ្នក​គាំទ្រ​ឲ្យ​នៅ​រឹង​មាំ​ជាមួយ​លោក ប្រសើរ​ជាង​លោក​រត់​ទៅ​ក្រៅ​ប្រទេស«ប្រសិន​បើ​មាន​ការ​ចាប់​ខ្ញុំ គឺ​ប្រជាពលរដ្ឋ​នឹង​តវ៉ា​ទាមទារ​ហើយ ដូច្នេះ​ខ្ញុំ​ជឿ​លើ​ប្រជាពលរដ្ឋ។ បើ​មាន​ការ​ចាប់​ខ្ញុំ​ដោយ​រំលោភ​បែប​នេះ គឺ​ប្រទេស​កម្ពុជា នឹង​មាន​បញ្ហា​មាន​វិបត្តិ ព្រោះ​ប្រជាពលរដ្ឋ​មិន​យល់ព្រម។ អ៊ីចឹង​វា​អស្ថិរភាព»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា លោក សម រង្ស៊ី បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស ប៊ី.ប៊ី.ស៊ី (BBC News) ថា លោក​គ្រោង​នឹង​វិល​ចូល​កម្ពុជា វិញ​ក្នុង​រយៈពេល​ពីរ ឬ​បី​សប្ដាហ៍ មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ខាង​មុខ ទោះ​ជា​មិន​មាន​ការ​លើក​លែង​ទោស​ដូច​លោក​ធ្លាប់​បាន​ធ្វើ​មុន​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ក៏ដោយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រសិនបើ​លោក សម រង្ស៊ី និង​លោក កឹម សុខា កៀក​ស្មា​គ្នា ធ្វើ​ការ​ជាមួយគ្នា​ក្នុង​ប្រទេស​កម្ពុជា នោះ​ប្រជា​ហែល​ជា​ល្អ​ជាង​ការ​ដែល​លោក សម រង្ស៊ី បន្ត​ស្នាក់​នៅ​ក្រៅ​ប្រទេស ព្រោះ​ពលរដ្ឋ​ចង់​ឃើញ​មេដឹកនាំ​មាន​ភាព​ក្លាហាន និង​នៅ​ជិត​ប្រជាពលរដ្ឋ។

ទោះ​យ៉ាង​ណា​ក្ដី លោក​មើល​ឃើញ​ថា ប្រសិនបើ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ដោយ​គ្មាន​ដំណោះ​ស្រាយ​នយោបាយ​នោះ នឹង​បណ្ដាល​ឲ្យ​មាន​ការ​ចាប់ចង ដូច្នេះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​តវ៉ា និង​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​កងកម្លាំង​រដ្ឋាភិបាល«មុន​នឹង​លោក សម រង្ស៊ី ត្រឡប់​មក​វិញ អាច​នឹង​មាន​ការ​សម្របសម្រួល​នយោបាយ​ច្រើន​ជាង​ការ​ដែល​លោក​សម្រេច​ចិត្ត​ចូល​មក​ដោយ​គ្មាន​ការ​សម្របសម្រួល ដោយ​គ្មាន​ការ​ជជែក​គ្នា​ជា​មុន។ អ៊ីចឹង​ហើយ​សម្រាប់​ខ្ញុំ និង​ប្រជាពលរដ្ឋ​ទូទៅ ចង់​ឃើញ​អ្នក​នយោបាយ​ជជែក​គ្នា ចរចា​គ្នា ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទំនុក​ចិត្ត​លើ​អ្នក​នយោបាយ ជា​ជាង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នឿយ​ណា ហើយ​គិត​ថា​នយោបាយ​សុទ្ធតែ​ជា​រឿង​គ្រោះថ្នាក់​ទាំងអស់​នោះ»

​លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង កាល​ពី​ឆ្នាំ​២០១៥ នៅ​ក្រោយ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​សើរើ​បណ្ដឹង​ចាស់​កាល​ពី​ឆ្នាំ​២០០៨ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ ក្រៅ​ពី​នេះ​ទៀត សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​សម្រេច​ដោយ​កំបាំង​មុខ​ពិន័យ​ប្រាក់​ពី​លោក សម រង្ស៊ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហេង សំរិន ចំនួន ១៥០​លាន​រៀល ពី​បទ​បរិហារកេរ្តិ៍​តាម​បណ្ដឹង​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា។

បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ី មួយ​ទៀត គឺ​ជា​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍​ជុំវិញ​ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី។ នៅ​ថ្ងៃ​ទី​១១ ខែ​តុលា នេះ​ដែរ អាស៊ីសេរី ក៏​ទទួល​បាន​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ខាង​មុខ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ញុះញង់ បង្ក​ចលាចល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា កន្លង​មក។

ទោះបីជា​តុលាការ​មាន​ចំណាត់​ការ​លើ​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​ក្ដី លោក កឹម សុខា នៅ​តែ​ប្រកាន់​ជំហរ​ឃុំ​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​ដដែល ក្នុង​រូបភាព​តស៊ូ​នយោបាយ ឬ​ធ្វើ​កូដកម្ម​នយោបាយ ដើម្បី​ទាមទារ​ឲ្យ​មាន​ភាព​ប្រក្រតី​នយោបាយ​ឡើង​វិញ និង​ដើម្បី​ប្រឆាំង​នឹង​ប្រព័ន្ធ​តុលាការ​ដែល​រំលោភ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ ហើយ​លោក​ចង់​ប្រាប់​ទៅ​មតិ​អន្តរជាតិ​ថា អ្វី​ដែល​គេ​កំពុង​ធ្វើ​នេះ គឺ​រំលោភ​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព ជា​ពិសេស​ប៉ះពាល់​ដល់​ការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។