ខ្មែរ​នៅ​អូស្ត្រាលី​ប្រកាស​ថា​នៅ​តែ​ធ្វើ​បាតុកម្ម​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន ទោះ​បី​មាន​ការ​គំរាម

ដោយ ជុន ច័ន្ទបុត្រ
2018-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌មាន និង​ដោះលែង លោក កឹម សុខា នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៧។
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌មាន និង​ដោះលែង លោក កឹម សុខា នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo provided

ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ប្រកាស​ថា ពួកគាត់​នឹង​កាន់​តែ​នាំ​គ្នា​ធ្វើ​រូប​ទីងមោង​លោក ហ៊ុន សែន និង​ដុត​រូប​ទីងមោង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ដែល​លោក​នាយករដ្ឋមន្ត្រី​មក​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី នា​ពាក់​កណ្ដាល​ខែ​មីនា ខាង​មុខ។

​ការ​ប្រកាស​បែប​នេះ ជា​ការ​ឆ្លើយ​តប​ភ្លាមៗ ទៅ​លោក ហ៊ុន សែន ដែល​ប្រកាស​ព្រមាន​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី នៅ​ក្នុង​ពិធី​ជួបជុំ​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា លោក​នឹង​តាម​វាយ​ដល់​ផ្ទះ​ចំពោះ​អ្នក​ណា​ហើយ​ធ្វើ​រូប​លោក​ជា​ទីងមោង​ហើយ​ដុត​ចោល​នោះ។

​តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ថ្លែង​ចំអក​ទៅ​លោក ហ៊ុន សែន វិញ​ថា លោក ហ៊ុន សែន គួរ​តែ​ស្វែង​យល់​ច្បាប់​អូស្ត្រាលី ឲ្យ​បាន​ច្បាស់ មុន​នឹង​លោក​សម្រេច​ចិត្ត​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-​អូស្ត្រាលី។ លោក​បញ្ជាក់​ថា អូស្ត្រាលី​មិន​មែន​ជា​ប្រទេស​ផ្ដាច់ការ​ដូច​របប​ក្រុង​ភ្នំពេញ ដែល​លោក ហ៊ុន សែន ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ។ លោក​អះអាង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន បែប​នេះ នឹង​ធ្វើ​អោយ​ក្រុម​បាតុករ​កាន់​តែ​មាន​ចិត្ត​ចង់​ធ្វើ​រូប​ទីងមោង​លោក ហ៊ុន សែន កាន់​តែ​ធំ កាន់​តែ​ច្រើន ដើម្បី​ដុត​ស្វាគមន៍​លោក ហ៊ុន សែន៖ «ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​សើច ឬ​ត្រូវ​យំ ឬ​ភ័យ​ខ្លាច រន្ធត់​នូវ​ការ​គំរាមកំហែង ភេរវកម្ម ចង់​មក​វាយ​កាប់​សម្លាប់​បង​ប្អូន​ខ្មែរ​នៅ​អូស្ត្រាលី ដល់​ផ្ទះ​គេ​ហ្នឹង។ នេះ​ជា​ពាក្យ​ថា ភេរវកម្ម ជា​ឧក្រិដ្ឋកម្ម​ហើយ។ ខ្ញុំ​ឮ​ប្រតិកម្ម​ពី​បង​ប្អូន​ខ្មែរ​យើង​ច្រើន​ណាស់​ថា គេ​នឹង​ធ្វើ​ទីងមោង​ឲ្យ​ច្រើន​បំផុត​ដើម្បី​យក​ទៅ​ដុត ដើម្បី​ឲ្យ​គាត់​តាម​វ៉ៃ​គេ​ទៅ...»

លោក ហ៊ុន សែន បាន​ព្រមាន​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ថា លោក​ក៏​មាន​អ្នក​គាំទ្រ​លោក​នៅ​ក្រៅ​ប្រទេស​ដែរ ដូច្នេះ​អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រួប​លោក​ត្រូវ​ប្រយ័ត្ន​ខ្លួន ឲ្យ​តែ​ហ៊ាន​យក​រូបលោក​ធ្វើ​ជា​ទីងមោង​ហើយ​ដុត​ចោល​នោះ លោក​នឹង​មិន​លើកលែង​ឲ្យ​ជា​ដាច់​ខាត៖ «អ្នក​ធ្វើ​បាតុកម្ម ស្រែក​ឡូឡា​នៅ​ខាង​ក្រៅ​វា​តិច តែ​អ្នក​ដែល​មក​ជួប​ស្វាគមន៍ ហើយ​សុំ​សែលហ្វី វា​ច្រើន​ជាង។ ធ្វើ​ទៅ! ស្រែក​ទៅ! ប៉ុន្តែ​សូម​ផ្ដាំ កុំ​ដុត​រូប​អោយ​សោះ! ដុត​រូប​អញ​តាម​ដល់​ផ្ទះ ប្រាប់​អោយ​ហើយ។ ជំនាន់​ធ្វើ​បាតុកម្ម ២០១៣ អត់​ហ៊ាន​ដែរ សម្ដេច​ក្រឡាហោម ប្រាប់​ទៅ​ទូត​អាមេរិកាំង​ថា ឯកឧត្ដម ប្រាប់​ពួក​អ្នក​ធ្វើ​បាតុកម្ម ស្រុក​ខ្មែរ​អប្បិយជំនឿ បើ​ហ៊ាន​តែ​ធ្វើ​រូប ហើយ​ដុត​រូប ច្បាស់​ជា​មាន​រឿង​ហើយ ហើយ​ខ្ញុំ​ប្ដូរផ្ដាច់​ពេល​ហ្នឹង បើ​ហ៊ាន​តែ​ធ្វើ​រូប​ទីងមោង រូប​ខ្ញុំ​យក​ទៅ​ដុត អញ​តាម​វ៉ៃ​ដល់​ផ្ទះ​អ្ហែង ប្រាប់​អោយ​ហើយ! បើ​អ្នក​ឯង​មាន​សិទ្ធិ​ដុត​គេ គេ​មាន​សិទ្ធិ​វ៉ៃ​អ្នក​ឯង មាន​ទាស់​ខុស​អី?...»

​ក្រៅ​ពី​លោក ហ៊ុន សែន ព្រមាន​តាម​វាយ​អ្នក​ប្រឆាំង​លោក​ដល់​ផ្ទះ​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​មាន​បុរស​ម្នាក់​ឈ្មោះ គង ប៊ុនទូ ដែល​ជា​ក្រុម​សេនា​នាគ​របស់​លោក ហ៊ុន សែន ក៏​ព្រមាន​តាម​បាញ់​សម្លាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ រហ័ស​នាម​ក្នុង​គណនី​ហ្វេសប៊ុក ឈ្មោះ "សង្ហា" ដែរ។ សង្ហា គឺ​ជា​សកម្មជន​ដ៏​សកម្ម​នៅ​ក្នុង​បណ្ដាញ​សង្គម ប្រឆាំង​ដាច់ខាត​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។ ក្រុម​សេនា​នាគ​របស់​លោក ហ៊ុន សែន នេះ ធ្លាប់​បាន​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រួប គឺ​លោក គង់ សុភា និង ញ៉យ ចំរើន។ ការ​ប្រើ​អំពើ​ហិង្សា​នេះ នៅ​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​បើក​ភ្លើង​ខៀវ​ដែរ។

ដោយ​ហៅ​អំពើ​លោក ហ៊ុន សែន ថា​អាក្រក់​ជាង​សត្វ​តិរច្ឆាន​ទៅ​ទៀត​នោះ លោក ហុង លីម មាន​ប្រសាសន៍​ថា គោលបំណង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-​អូស្ត្រាលី​នេះ គឺ​ដើម្បី​រួមគ្នា​កម្ចាត់​អំពើ​ភេរវកម្ម​នៅ​តំបន់​អាស៊ី តែ​លោក​ថា វា​ស្រាប់តែ​មេ​ប្រតិភូ​នៃ​ប្រទេស​មួយ​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ទើប​តែ​ប្រកាស​អំពី​បំណង​ទៅ​ធ្វើ​ភេរវកម្ម​ក្នុង​ទឹកដី​អូស្ត្រាលី ទៅ​វិញ៖ «គួរ​អោយ​អស់​សំណើច​បំផុត​នោះ​គឺ​ថា លោក ហ៊ុន សែន មក​ពិធី​ហ្នឹង​ដើម្បី​ជំនុំ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​អូស្ត្រាលី ព្រោះ​ប្រទេស​អូស្ត្រាលី កំពុង​ថ្នាក់ថ្នម​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម ព្រោះ​ភ័យ​ខ្លាច​ណាស់ ភេរវកម្ម​ពី​ឥណ្ឌូនេស៊ី ឥឡូវ​នេះ​គឺ​ខ្មែរ​ហ្នឹង​តែម្ដង​មក​ធ្វើ​ភេរវកម្ម​លើ​ទឹក​ដី​របស់​ខ្លួន ក្នុង​ប្រទេស​អូស្ត្រាលី ហ្នឹង មក​រក​វ៉ៃ រក​កាប់​សម្លាប់​គេ​អ៊ីចឹង ខ្ញុំ​ហួស​ចិត្ត...»

​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ពលករ​ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​អូស្ត្រាលី ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ចំពោះ​មុខ​លោក ហ៊ុន សែន នៅ​ពេល​លោក​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អូស្ត្រាលី-​អាស៊ាន នៅ​ខែ​ក្រោយ​នេះ។

​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​សមាជិក​ព្រឹទ្ធសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស្រមោល​របស់​ប្រទេស​អូស្ត្រាលី អ្នកស្រី ភែន នីវ៉ុង (Penny Wong) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តារ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​សារព័ត៌មាន ដោះលែង​លោក កឹម សុខា និង​លុបចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកស្រី​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​សម្ដែង​ឆន្ទៈ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ​ដោយ​សំឡេង​ស្រប​ច្បាប់ ឬ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

​រី​ឯ​លោក តាក់ ម៉េងហៀង ដែល​ទើប​ជាប់​ឆ្នោត​ជា​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​នោះ មាន​ប្រសាសន៍​ដែរ​ថា លោក​ហួសចិត្ត​ចំពោះ​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​តាម​វាយ​បាតុករ​ដុត​ទីងមោង​ដល់​ផ្ទះ​នេះ។ លោក តាក់ ម៉េងហៀង ដែល​មាន​វិជ្ជាជីវៈ​ជា​មេធាវី​ផង​នោះ មាន​ប្រសាសន៍​ស្រដៀង​នឹង​លោក ហុង លីម ដែរ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ អាច​ជា​ការ​ពន្យុះ​អោយ​បាតុករ​កាន់​តែ​មាន​ចិត្ត​ចង់​ដុត​រូប​ទីងមោង លោក ហ៊ុន សែន កាន់​តែ​ខ្លាំង។

សូម​អញ្ជើញ​លោក​អ្នកនាង​ស្ដាប់​បទសម្ភាសន៍​មួយ​ជាមួយ​លោក តាក់ ម៉េងហៀង អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

សូមអ្នកថតបង្ហោះតាមហ្វេសប៊ុក មេត្តាជួយថតឱ្យបាន
ច្បាស់ដើម្បីសាកលលោកបានឃើញអំពី អំណាចផ្តាច់
ការ ហ៊ុន សែន នៅអូស្រ្តាលី។

Feb 22, 2018 06:13 AM

អ្នក​អាន​អនាមិក

នៅពេលខាងមុខនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូននៅអូស្រ្តាលិ សូមមេត្តាធ្វើយ៉ាងណាស្វាគមន៍ គង់ ប៊ុន ទូ ឱ្យ បានស័ក្តិសមផង បើសិនជាអាច ព្រោះទីនេះមិនមែនស្រុក ខ្មែរទេ។

Feb 21, 2018 07:18 PM

យុវជន យុវនារី

អីយ៉ា ! លោក ហ៑ុន សែន ឆេះដុំដល់ផ្ទះ អូស្ត្រាលី ផង !
សារជាតិ លោក ហ៑ុន សែន គឺ ជ្រើសរើសយកភ្លើងដាក់ខ្លួន ទាំងថ្ងៃ ទាំងយប់ មិនមានសេចក្តីសុខឡើយ មួយជីវិតគាត់ !

Feb 21, 2018 12:26 PM

TRUMP, Jr

ពី Ha Noi

សត្វ​តិរិច្ឆានរមៃងតៃធ្វើអំពើតិរិច្ឆានក្នុងរបបខ្លួន ទោះបីនៅទីណាក៏ដោយ ក្នុងស្រុកឬក្រៅស្រុក

Feb 21, 2018 12:12 PM

គេហទំព័រ​ទាំងមូល