ពលរដ្ឋ​ខ្មែរក្រោម​នៅ​អូស្ត្រាលី​ដាក់​ញត្តិ​តាម​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ទាមទារ​វៀតណាម​ដោះលែង ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម

ដោយ ប្រាជ្ញ ចេវ
2024.04.30
ពលរដ្ឋ​ខ្មែរក្រោម​នៅ​អូស្ត្រាលី​ដាក់​ញត្តិ​តាម​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ទាមទារ​វៀតណាម​ដោះលែង ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវ៉ិកតូរិយ៉ា (KKKFV) ប្រទេសអូស្ត្រាលី (Australia) ដឹកនាំព្រះសង្ឃ និងពលរដ្ឋខ្មែរប្រមាណ៧០ នាក់ នៅថ្ងៃទី២៩ ខែមេសា ដើរដាក់ញត្តិនៅតាមស្ថានទូតប្រទេសប្រជាធិបតេយ្យប្រចាំប្រទេសអូស្ត្រាលី។
រូបភាពផ្ដល់ឱ្យ

ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​អូស្ត្រាលី​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ដែល​ជា​ម្ចាស់​ជំនួយ និង​អ្នកទិញ​ផលិតផល​វៀតណាម​ដើម្បី​ឱ្យ​ប្រទេស​ទាំងអស់​នេះ​អន្តរាគមន៍​ដាក់​សម្ពាធ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (KKKFV) ប្រទេស​អូស្ត្រាលី (Australia) ដឹកនាំ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៧០ នាក់ នៅ​ថ្ងៃទី​២៩ ខែមេសា ដើរ​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ប្រចាំ​ប្រទេស​អូស្ត្រាលី​រួមមាន ស្ថានទូត​សហរដ្ឋអាមេរិក ស្ថានទូត​សហភាព​អឺរ៉ុប ស្ថានទូត​អាល្លឺម៉ង់ និង​រដ្ឋសភា​អូស្ត្រាលី​ផង​ដែរ​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ប្រទេស​វៀតណាម​ដែល​បាន​ចាប់​ឃុំខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​១៣​អង្គ​នាក់។

ពលរដ្ឋ​ខ្មែរក្រោម​បាន​លើក​បដា​ដែល​មាន​រូបភាព​សកម្ម​ជន និង​ព្រះសង្ឃ​ខ្មែរក្រោម​ទាំង​១៣​អង្គ​នាក់​ដូចជា ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក​ព្រះ​ភិក្ខុ ថាច់ ចន្ទតារា ព្រះ​ភិក្ខុ យឿង ខាយ លោក តោ ហ្វាងចឿង លោក ថាច់ កឿង និង​លោកស្រី ឌិន ធីហ្វិន ជាដើម ដែល​ត្រូវ​បាន​ចាប់​ផ្សឹក និង​ឃុំខ្លួន​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ។ ពលរដ្ឋ និង​ព្រះសង្ឃ​ក៏បាន​លើក​ទង់​ខ្មែរក្រោម ទង់ជាតិ​ខ្មែរ ទង់ជាតិ​អូស្ត្រាលី និង​ទង់ជាតិ​អង្គការសហប្រជាជាតិ​អំឡុង​ដើរ​ហែ​ញត្តិ ដែល​សកម្មភាព​ទាំងនេះ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អ្នកចូលរួម។

សំឡេង​បាតុកម្ម​៖«​ជយោ​ខ្មែរក្រោមៗ ជយោ​ខ្មែរ​អមតៗ ជយោ​អាណាចក្រ​ខ្មែរៗ រដ្ឋអំណាច​យួន​ត្រូវតែ​ដោះលែង​សកម្មជន​ខ្មែរក្រោមៗ»

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា​ប្រទេស​អូស្ត្រាលី លោក លឹម ណារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែ​មេសា ថា ខ្មែរក្រោម​នៅ​ប្រទេស​អូស្ត្រាលី​នាំគ្នា​ដាក់​ញត្តិ​តាម​បណ្ដា​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ដោយសារតែ​អំពើ​ឃោរឃៅ របស់​អាជ្ញាធរ​វៀតណាម​ដែល​បាន​ប្រើ​ហិង្សា គំរាមកំហែង ចាប់​ផ្សឹក និង​ឃុំខ្លួន មក​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​។ លោក លឹម ណារ៉ា រំពឹង​ថា ការ​ដាក់​ញត្តិ​នេះ​គឺជា​សម្ពាធ​បន្ថែម​ទៅលើ​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ឱ្យ​ងាក​មក​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម ដោយសារតែ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ​គឺជា​ម្ចាស់​ជំនួយ និង​ជាទី​ផ្សារ​ដ៏​សំខាន់​របស់​ប្រទេស​វៀតណាម។

kkf1.jpg
សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវិចតូរិយ៉ា (KKKFV) ប្រទេសអូស្ត្រាលី (Australia) ដឹកនាំព្រះសង្ឃ និងពលរដ្ឋខ្មែរប្រមាណ៧០ នាក់ នៅថ្ងៃទី២៩ ខែមេសា ដើរដាក់ញត្តិនៅតាមស្ថានទូតប្រទេសប្រជាធិបតេយ្យប្រចាំប្រទេសអូស្ត្រាលី។ រូបភាពផ្ដល់ឱ្យ

លោក លឹម ណារ៉ា អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក​បន្ត​ចូលរួម​តស៊ូ​មតិ​គ្រប់​ទម្រង់​ដើម្បី​ឱ្យ​ពិភពលោក​បាន​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​វៀតណាម​រំលោភសិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​កាន់តែ​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោក លឹម ណារ៉ា៖ «យើង​មានការ​ទំនាក់ទំនង​ខ្មែរ​នៅក្រៅ​ស្រុក នៅ​គ្រប់​ប្រទេស យើង​ត្រូវធ្វើ​ម៉េច​នៅ​គ្រប់​ប្រទេស​ទាំងអស់​ដាក់​ញត្តិ​នៅ​គ្រប់​ស្ថានទូត ប្រទេស​ដែល​កំពុង​រស់នៅ ហើយ​ឱ្យ​ពួកគាត់​ខិតខំ​ប្រឹងប្រែង​តស៊ូ​មតិ​លើ​ឆាក​អន្តជាតិ​ឱ្យ​បាន​ច្រើន យើង​ធ្វើ​មិច​ដាក់​គំនាប​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​ព្រះសង្ឃ​ផង»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​អូស្ត្រាលី បាន​ទេ នៅ​ថ្ងៃទី២៩ ខែ​មេសា។

ទោះជា​យ៉ាងណា​នៅ​សន្និសីទ​លើក​ទី​២៣ នៃ​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​កាលពី​ថ្ងៃទី១៥ មេសា ដល់ ២៦ មេសា នៅ​បុរី​ញូវយ៉ក​សហរដ្ឋអាមេរិក អ្នក​តំណាង​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បាន​បដិសេធ​ថា មិនបាន​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ចាត់ទុក​ថា សកម្មភាព​របស់​សហព័ន្ធ​ខ្មែរក្រោម​កន្លងមក​គឺជា​ការ​បំបែកបំបាក់​សាមគ្គី​ជាតិ​របស់​វៀតណាម​។​

រហូតមកដល់​ពេលនេះ មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១៣​អង្គ​/​នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះ​ត្រពាំង ខេត្ត​ឃ្លាំង និង​ខេត្ត​លង់ហោរ ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។ ក្រៅពីនោះ​អាជ្ញាធរ​វៀតណាម​ក៏បាន​បណ្តេញ​សកម្មជន​សង្ឃ​ខ្មែរក្រោម​ព្រះ​ភិក្ខុ គឹម សំរិន្ទ ចេញពី​វត្ត និង​វាយកម្ទេច​សាលាឆទាន​ពុទ្ធសាសនា​ខ្មែរក្រោម​នៅ​ភូមិ​កន្រែង ខេត្ត​លង់ហោរ រាប​ដល់​ដី។

ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា នៅ​អឺរ៉ុប នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​បញ្ឈប់​ប្រើប្រាស់​ហិង្សា គំរាមកំហែង ផ្សឹក​ព្រះសង្ឃ និង​ចាប់​សកម្មជន​ខ្មែរក្រហម​។ ខ្មែរក្រោម​អះអាង​ថា ការ​កាត់ទោស ការ​ចាប់ខ្លួន និង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំងអស់​នេះ ដោយសារតែ​អាជ្ញាធរ​វៀតណាម​មិន​សប្បាយចិត្ត​ចំពោះ​សកម្មភាព​ផ្សព្វផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម និង​ការ​បោះពុម្ព​អាវយឺត​ដែល​មាន​ទង់ជាតិ​ខ្មែរក្រោម​ចែកចាយ​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម និង​ការ​ធ្វើ​រូបសំណាក​ឧកញ៉ា សឺន គុយ ដាក់​តាំង​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​គោរព​បូជា​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។