គណបក្សឆន្ទៈខ្មែរប្រកាសថាដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី ៥ ខែមិថុនា គឺមានភាពមិនប្រក្រតីជាច្រើន រួមមានការបំភិតបំភ័យនិងការទិញទឹកចិត្តតាមគ្រប់រូបភាពជាហេតុនាំឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតមួយចំនួនពុំអាចបោះឆ្នោតដោយសតិសម្បជញ្ញៈរបស់ខ្លួនបាន។
សេចក្ដីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរនៅថ្ងៃទី៧ ខែមិថុនា ឲ្យដឹងថា ភាពមិនប្រក្រតីទាំងនេះគឺចាប់ផ្ដើមពីការចុះបញ្ជីបេក្ខជនការដាក់ភ្នាក់ងារសង្កេតការណ៍របស់គណបក្សការឃោសនាបោះឆ្នោតការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតជាដើម។ គណបក្សឆន្ទៈខ្មែរ បញ្ជាក់ថា ដើម្បីឲ្យដំណើរការបោះឆ្នោតមួយ ដែលមានភាពត្រឹមត្រូវ សេរីនិងយុត្តិធម៌ អាចទទួលយកបានពីគ្រប់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងគឺត្រូវតែមានការធានារៀបចំដោយស្ថាប័នបោះឆ្នោតមួយដែលឯករាជ្យនិងអព្យាក្រឹត្យពិតប្រាកដស្របតាមរដ្ឋធម្មនុញ្ញ។
នៅទន្ទឹមនេះដែរ គណបក្សខ្មែរស្រឡាញ់ជាតិក៏បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះដែរដោយលើកសរសើរថាដំណើរការបោះឆ្នោតមានភាពល្អប្រសើរទាំងមន្ត្រីរៀបចំការបោះឆ្នោតទាំងសកម្មជនគណបក្ស មានភាពចាស់ទុំជាងអាណត្តិមុនៗ។ រីឯពលរដ្ឋវិញ មានការយល់ដឹងអំពីសិទ្ធិនិងសារៈសំខាន់នៃការបោះឆ្នោតនិងបានទៅចូលរួមបោះឆ្នោតដោយស្មារតីទទួលខុសត្រូវ។
បន្ថែមពីនេះគណបក្សខ្មែរស្រឡាញ់ជាតិសង្កេតឃើញឥរិយាបថរបស់អាជ្ញាធរមូលដ្ឋានមួយចំនួននៅតែមិនគោរពច្បាប់បទបញ្ជា និងនីតិវិធីព្រមទាំងសេចក្ដីណែនាំដោយនៅតែមិនបានអនុវត្តតួនាទីនិងភារកិច្ចប្រកបដោយអព្យាក្រឹត្យដដែល។ ទោះជាមានការអះអាងយ៉ាងនេះក្តីគណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសគោរព ឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។