គណបក្ស​ឆន្ទៈ​ខ្មែរ​តែងតាំង​ថ្នាក់​ដឹកនាំ​គណបក្ស​ថ្មី​ភាគ​ច្រើន​មក​ពី​គណបក្ស​ភ្លើងទៀន

ដោយ សេក បណ្ឌិត
2024.01.21
គណបក្ស​ឆន្ទៈ​ខ្មែរ​តែងតាំង​ថ្នាក់​ដឹកនាំ​គណបក្ស​ថ្មី​ភាគ​ច្រើន​មក​ពី​គណបក្ស​ភ្លើងទៀន សមាជវិសាមញ្ញ​របស់គណបក្សឆន្ទៈខ្មែរ ជ្រើសតាំងថ្នាក់ដឹកនាំគណ​បក្សនេះ កាលពីថ្ងៃទី២០ មករា ២០២៤។
រូប៖ តេឡេក្រាមគណបក្សភ្លើងទៀន

ស្របពេល​ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាន់តែ​ជិត​មក​ដល់ គណបក្ស​ឆន្ទៈ​ខ្មែរ បាន​តែងតាំង​ថ្នាក់​ដឹកនាំ​កំពូល ដែល​ភាគច្រើន​មកពី​គណបក្ស​ភ្លើងទៀន​។ ថ្នាក់ដឹកនាំ​ទាំងនោះ​រួមមាន បណ្ឌិត សុក ហាច ជា​ប្រធាន​គណបក្ស លោក ហុង សុខហួរ លោក សុន ឆ័យ និង​លោក សេង ម៉ារឌី ជា​អនុប្រធាន​គណបក្ស លោក គង់ មុនីកា ជា​អគ្គលេខាធិការ។ បន្ថែម​ពី​នេះ អង្គ​សមាជ​វិសាមញ្ញ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន​អ្នកចូលរួម​ប្រមាណ ២០០​នាក់ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២០ ខែ​មករា ក៏​បាន​សម្រេច​ជ្រើសតាំង​សមាជិក​គណៈកម្មាធិការ​នាយក​ចំនួន ៣២​នាក់ និង​កែប្រែ​លក្ខន្តិកៈ​របស់​គណបក្ស​មួយចំនួន​ទៀត​ផង។

ប្រធាន​ក្រុមប្រឹក្សាវិន័យ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ទើប​ត្រូវ​បាន​ជ្រើសតាំង​ក្នុង​ពេល​ថ្មីៗ គឺ​លោក គីមសួរ ភីរិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ថា ការ​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ថ្មី​របស់​គណបក្ស​ឆន្ទៈខ្មែរ ដែល​ភាគច្រើន​គឺជា​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន គឺជា​ការ​បញ្ជាក់​ជំហរ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​មិន​បាន​លំអៀង​ទៅ​ភាគី​ណាមួយ​ឡើយ​។ លោក​បន្ថែម​ថា ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ថ្មី​នេះ ក៏​ជា​ការ​រៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​ឆន្ទៈ​ខ្មែរ​ឡើងវិញ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​ខេត្ត​ក្រុង ស្រុក​ខណ្ឌ នៅ​ពេល​ខាង​មុខ។

លោក គីមសួរ ភីរិទ្ធ៖ «កន្លងមក​យើង​ចេះតែ​ថា គណបក្ស​ហ្នឹង​របស់​គេ អី​របស់​គេ ឥឡូវ​យើង​ឃើញ​ហើយ​ថា ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ហ្នឹង គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា សុទ្ធតែ​ជា​ថ្នាក់ដឹកនាំ ដែល​ចាក​ចេញ​ពី​ភ្លើងទៀន ទៅ​ឈរ​ធ្វើជា​ថ្នាក់ដឹកនាំ​នៅក្នុង​គណបក្ស​ឆន្ទៈ​ខ្មែរ អ៊ីចឹង​ទេ ភ្លើង​ទៀន​ហ្នឹង ហើយ​និង​ឆន្ទៈ​ហ្នឹង មាន​កិច្ចសហការ​យ៉ាង​មាំ ហើយ​និង​ភាព​ជឿជាក់​យ៉ាង​ខ្លាំង​បំផុត»

បើ​ទោះ​បី​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ភាគច្រើន បាន​ចាក​ចេញពី​គណបក្ស ហើយ​ប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន​លោក ឃឹម ចាន់វណ្ណៈ ត្រូវ​បាន​សាលាដំបូង​រាជធានី​ចោទ​ប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្ដី តែ​គណបក្ស​ភ្លើងទៀន​នៅតែ​បន្ត​វត្តមាន​នៅក្នុង​សម្ពន្ធភាព​ឆ្ពោះទៅ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សមាជិក​សភា​ម៉ាឡេស៊ី​ជំរុញ​ឱ្យ​មាន​សវនាការ​ពិសេស ពាក់ព័ន្ធ​ការ​និរទេស​ពលករ​ខ្មែរ​ពី​ម៉ាឡេស៊ី​ទៅ​កម្ពុជា​ទាំង​បង្ខំ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។