សហគមន៍​ខ្មែរ​អាមេរិកាំង​ជំរុញ​អ្នក​នយោបាយ​​ខ្មែរ​ឱ្យ​​គោរព​​កិច្ច​ព្រមព្រៀង​​ក្រុង​​ប៉ារីស

ដោយ ខែ សុណង
2019.10.13
សម រង្ស៊ី កឹម សុខា និង​ហ៊ុន សែន ៦១០ ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya

សហគមន៍​ខ្មែរ​អាមេរិកាំង និង​អង្គការ​ប្រមាណ​១០ គ្រោង​ធ្វើ​សន្និសីទ​ស្ដីពី​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ និង​សន្តិភាព នៅ​ថ្ងៃ​សុក្រ ទី​១៨ តុលា នៅ​រដ្ឋ​វីជីញ៉ា (Virginia) ដើម្បី​ជំរុញ​​អ្នក​នយោបាយ ជាពិសេស ​អ្នកដឹកនាំ​ប្រទេស ឱ្យ​លើក​តម្កើង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សន្តិភាព​ស្របតាម​គោលការណ៍​កិច្ច​ព្រមព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស ឆ្នាំ​១៩៩១។

ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ លោក យ័ប គឹមទឹង មានប្រសាសន៍ថា សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​មើល​ឃើញ​ថា កម្ពុជា កំពុង​ធ្វើដំណើរ​ផ្ទុយ​ពី​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​កន្លងមក​។ លោក​ថា បញ្ហា​អយុត្តិធម៌​សង្គម ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​គណបក្សប្រឆាំង​នា​ពេល​បច្ចុប្បន្ន គឺ​កំពុង​ដើរ​បញ្ច្រាស​ទិស​ពី​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

លោក​បន្ត​ថា ពិធី​នេះ​ក៏​ជា​សារ​ដល់​អ្នកដឹកនាំ​ប្រទេស និង​អ្នកនយោបាយ​ទាំងអស់ រួម​ទាំង​អ្នកដឹកនាំ​ប្រទេស​ទៅ​អនាគត ឱ្យ​ចូលរួម​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ស្ដារ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន៖ «យើង​ចង់​ឃើញ​សន្តិភាព​នៅ​ស្រុក​ខ្មែរ ប្រសិនជា​គណបក្ស​ណាមួយ​ធ្វើ​អី​ដែល​ថា ផ្ទុយ​ពី​ព្រលឹង​របស់​សន្ធិសញ្ញា​ហ្នឹង នាំ​ឱ្យ​ប្រទេស​ខ្មែរ​មិន​អាច​ទៅដល់​សន្តិភាព​នា​ពេល​ខាងមុខ ពីព្រោះ​ថ្មីៗ ​នេះ​មាន​បញ្ហា ដែល​ផ្ទុះ​ខ្លាំង​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ជាមួយ​ហ្នឹង​រដ្ឋាភិបាល យើង​មាន​ក្ដី​បារម្ភ​ច្រើន»

សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ ក៏​នាំគ្នា​ជជែក​អំពី​ថា តើ​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នេះ ងាក​មក​ជួយ​ដោះស្រាយ​វិបត្តិ​នៃ​កម្ពុជា។

បន្ទាប់ពី​បញ្ចប់​នូវ​កិច្ចប្រជុំ​នេះ ក្រុមការងារ​នឹង​ប្រមូល​មតិរួម​ជា​ញត្តិ​មួយ ដាក់​ជូន​រដ្ឋាភិបាល​អាមេរិក និង​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ហាញ​ពី​ក្ដី​កង្វល់​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជុំវិញ​បញ្ហា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។