លោក គឹម សុខ បន្ត​ធ្វើ​កូដកម្ម​នៅ​ក្នុង​ពន្ធនាគារ​ប្រឆាំង​ការ​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2017-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

លោក គឹម សុខ អ្នក​ឃ្លាំមើល​ពី​នយោបាយ និង​សង្គម នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​កូដកម្ម​ក្នុង​ពន្ធនាគារ ប្រឆាំង​ការ​ឃុំ​ខ្លួន​មេ​ដឹក​បក្ស​ប្រឆាំង។ ក្នុង​ពេល​អ្នក​វិភាគ​នយោបាយ​រូប​នេះ បន្ត​ធ្វើ​យុទ្ធនាការ​នៅ​ទីតាំង​ដែល​កំពុង​ឃុំ​ខ្លួន ដោយ​មិន​ហូប​បាយ រហូត​មាន​ការ​ដោះលែង​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ​វិញ​នោះ អ្នក​ដែល​ស្និត​នឹង​លោក គឹម សុខ អះអាង​ថា ពេល​នេះ​សិទ្ធិ​ជា​មូលដ្ឋាន ក្នុង​នាម​ជា​ជន​ជាប់​ចោទ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​ដក់​សិទ្ធិ​អស់​ហើយ។

ច្រាន​ចោល​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ​អះអាង​ថា មិន​មាន​រឿង​នេះ​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ឡើយ​ចំពោះ​លោក គឹម សុខ ហើយ​ការ​រៀបចំ​សេណារីយ៉ូ​បែប​នេះ ខាង​ពន្ធនាគារ​ចាត់​ទុក​ថា ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ។

ប្រតិកម្ម​នឹង​ការ​លើកឡើង​បែប​នេះ ស្រប​ពេល​អ្នក​ដែល​ជិត​ស្និត​នឹង​លោក គឹម សុខ អះអាង​ថា នៅ​ពេល​នេះ សិទ្ធិ​របស់​អ្នក​វិភាគ​នយោបាយ និង​សង្គម​រូប​នេះ ត្រូវ​ខាង​ពន្ធនាគារ ដក​សិទ្ធិ​ស្ទើរ​តែ​ទាំង​អស់ នៅ​ក្នុង​ពន្ធនាគារ។ ប្រភព​បន្ត​ថា ការ​ដក​សិទ្ធិ​នេះ សូម្បី​សៀវភៅ​ធម៌​ពុទ្ធវចនៈ និង​ឯកសារ​ដទៃ​ទៀត ដែល​លោក គឹម សុខ ធ្លាប់​អាន និង​សរសេរ ក៏​ត្រូវ​បាន​ដក់​ហូត​អស់​ហើយ​ដែរ។

លោក គឹម សុខ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​តុលាការ​ក្រុង​ភ្នំពេញ​លោក គី ឬទ្ធី ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១ឆ្នាំ ៦ខែ កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ២០១៧ និង​ពិន័យ​លុយ​ចូល​រដ្ឋ ៨លាន​រៀល។ ក្រៅ​ពី​នេះ តុលាការ​ក៏​បង្គាប់​ឲ្យ​លោក គឹម សុខ ត្រូវ​សង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន ៨០០លាន​រៀល​ផ្សេង​ទៀត។

បើ​ទោះ​ជា​បែប​ណា មន្ត្រី​នៃ​នាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ អះអាង​ថា ពុំ​មាន​រឿង​ហេតុ​ដូច​នេះ កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ឡើយ។

លោក នុត សវនា អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ បដិសេធ​នឹង​លើក​ឡើង​នេះ ដោយ​លោក​ចាត់​ទុកថា វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ឡើយ។ ម្យ៉ាង​វិញ​ទៀត សិទ្ធិ​ជា​មូលដ្ឋាន​របស់​លោក គឹម សុខ នៅ​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​បើក​ចំហ មិន​ខុស​ពី​ទណ្ឌិត និង​ជន​ជាប់​ចោទ​ដទៃ​ទៀត​ដែរ។ មិន​តែ​ប៉ុណ្ណោះ លោក នុត សវនា យល់​ឃើញ​ថា នេះ​អាច​ជា​ប្រឌិត​ព្រឹត្តិការណ៍​ច្រើន​ជាង ព្រោះ​ខាង​ពន្ធនាគារ ពុំ​បាន​អនុវត្ត​ចំពោះ​អ្នក​ទោស​ណា ឲ្យ​លើស​ពី​នីតិវិធី​ដូច​ដែល​មាន​កំណត់​ក្នុង​ច្បាប់ នៃ​ពន្ធនាគារ​ឡើយ។ អ្នកនាំពាក្យ​រូប​នេះ បញ្ជាក់​ជំហរ​ថា លោក​ប្រឆាំង​ដាច់​ខាត ការ​ដក​សិទ្ធិ​ជន​ជាប់​ចោទ ឬ​ទណ្ឌិត ខុស​គោលការណ៍ នៅ​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន។

ឯកសារ​មួយ​ច្បាប់​សរសេរ​ដោយ​ដៃ​របស់​លោក គឹម សុខ ដែល​អាស៊ីសេរី ទទួល​បាន ឲ្យ​ដឹង​ថា រូប​លោក​នឹង​ចូល​រួម​ជាមួយ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​នៅ​ក្នុង​ប្រទេស និង​ខ្មែរ​នៅ​ពិភពលោក ទាមទារ​ឲ្យ​មាន​ដោះលែង​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ។ ការ​ចូលរួម​នេះ​លោក គឹម សុខ សរសេរ​ថា នឹង​ធ្វើ​កូដកម្ម​មិន​ហូប​បាយ និង​សាច់ ឬ​ម្ហូប​អាហារ​ដែល​មាន​ជាតិ​សាច់ គឺ​ហូប​តែ​ទឹក​បបរ​ស​លាយ​អំបិល និង​បន្លែ​ស្រុះ​ទឹក​ក្ដៅ។

អង្គការ​ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា ការ​ដក​ហូត​សិទ្ធិ ការ​រឹត​ត្បិត​សេរីភាព និង​ការ​គំរាមកំហែង​ដោយ​ប្រយោល ទៅ​លើ​ជន​ជាប់​ចោទ ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន គឺ​អនុវត្ត​បំពាន់​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត នៃ​អង្គការ​លីកាដូ (Licadho) មាន​ប្រសាសន៍​ថា ប្រសិន​បើ​កម្ពុជា​ដក​ហូត​សិទ្ធិ​ទណ្ឌិត ឬ​ជន​ជាប់​ចោទ​មែន នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​ផ្ទុយ​ពី​អ្វី​ដែល​បាន​សន្យា​រួច​ហើយ ទៅ​លើ​សច្ចាប័ន​ដែល​ខ្លួន​បាន​ព្រមព្រៀង ក្នុង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​គោរព​សិទ្ធិ​ជន​ត្រូវ​ចោទ និង​បទដ្ឋាន​អន្តរជាតិ​ដទៃ​ទៀត។ អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ឲ្យដឹង​ថា អ្នក​ជាប់​ចោទ​ទាំង​អស់ គឺ​ទទួល​បាន​សិទ្ធិ​ស្មើៗ​គ្នា ទាំង​ការ​អប់រំ សេវា​ថែទាំ​សុខភាព និង​សេរីភាព​ក្នុង​​ការ​បញ្ចេញ​មតិ ដើម្បី​មាន​ឱកាស​កែប្រែ​ជា​ពលរដ្ឋ​ល្អ ក្នុង​អំឡុង​ពេល​ឃុំខ្លួន។

ប្រភព​ដែល​ស្និត​នឹង​លោក គឹម សុខ ឲ្យ​ដឹង​ទៀត​ថា អ្នក​វិភាគ​នយោបាយ និង​សង្គម​រូប​នេះ នៅ​តែ​បន្ត​ជំហរ​ធ្វើ​កូដកម្ម​មិន​ហូប​បាយ និង​អាហារ​ណា​ដែល​មាន​ជាតិ​សាច់ រហូត​មាន​ការ​ដោះ​លែង​លោក កឹម សុខា ចេញ​ពី​គុក​វិញ។ បន្ថែម​ពី​លើ​នេះ ស្ថិត​ក្នុង​ស្ថានភាព​ពេល​នេះ សុខភាព​លោក គឹម សុខ ហាក់​ទ្រុឌទ្រោម និង​ស្លេកស្លាំង​ជា​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល