អ្នកច្បាប់ថា របបលោក ហ៊ុន សែន ធ្វើច្បាប់ដើម្បីយកព្រះមហាក្សត្រជាឧបករណ៍នយោបាយ

ទីន ហ្សាការីយ៉ា
2018-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

អតីត​មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​ព្រះ​របប​រាជវាំង​លើកឡើងថា របប​លោក​ហ៊ុន សែន បាន​ព្យាយាម​​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន ក្រោម​រូប​ភាព​អនុវត្ត​ច្បាប់​។ រីឯ​អ្នកច្បាប់​ក៏​លើកឡើង​ដែរ​ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​ច្បាប់​មួយចំនួន ដើម្បី​ប្រើប្រាស់​ព្រះមហាក្សត្រ​មក​បម្រើនយោបាយ​របស់ខ្លួន ក្នុងការ​បន្តអំណាច​ទៅមុខទៀត​។ មន្ត្រី​នាំពាក្យ​បក្ស​កាន់អំណាច​បដិសេធ​ការចោទប្រកាន់​នេះ​។​

​អ្នកជំនាញ​ផ្នែក​ច្បាប់ និង​អតីតមន្ត្រី​ជាន់ខ្ពស់​នៅក្នុង​ព្រះ​របប​រាជវាំង អះអាងថា របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​ប្រើប្រាស់​ច្បាប់​មួយចំនួន ដើម្បី​ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង សង្គម​ស៊ីវិល ស្ថាប័ន​ព័ត៌មាន​ឯករាជ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ព្រះមហាក្សត្រ ​ក៏​របប​នេះ យក​ច្បាប់​មក​ចង​ដាក់​សម្ពាធ​ព្រះមហាក្សត្រ ដើម្បី​បំរើ​មហិច្ឆតា​នយោបាយរ​បស់​ខ្លួន​ដែរ​។​

ព្រះអង្គម្ចាស់ ​ស៊ីសុវត្ថិ​ធម្មិកោ អតីត​ទីប្រឹក្សា​ផ្ទាល់ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ  មាន​ព្រះរាជបន្ទូល​ថា រដ្ឋធម្មនុញ្ញ​បានចែង​អំពី​ព្រះរាជសិទ្ធិ​របស់​ព្រះមហាក្សត្រ ដូចជា ព្រះមហាក្សត្រ​ទ្រង់​គង់​ជា​ព្រះអធិបតី​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​ព្រះមហាក្សត្រ​ទ្រ​ង់​​ជា​ព្រះប្រធាន តែ​របប​លោក ហ៊ុន សែន បាន​បង្កើត​ច្បាប់​ដក​ព្រះរាជសិទ្ធិ​របស់​ព្រះអង្គ​។ លើសពីនេះ​ទៀត ព្រះរាជសិទ្ធិ​លើកលែងទោស​ក៏មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែរ ប៉ុន្តែ​របប​លោក ហ៊ុន សែន បាន​វិសោធនកម្ម​​ច្បាប់​​ស្ដីពី​ការរៀបចំ​​ពន្ធនាគារ​ដែ​ល​​ចែង​​ពី​​សិទ្ធិ​​របស់លោក​ក្នុងការ​លើកលែងទោស ​និង​​បន្ធូរ​បន្ថយទោស​ទាល់តែ​លោក​ស្នើឡើង​ទៅវិញ​៖ «រដ្ឋធម្មនុញ្ញ​ចែង​ច្បាស់​ថា ព្រះមហាក្សត្រ​មាន​សិទ្ធិ​លើកលែងទោស​អ្នក​មានទោស ហើយ​ខ្ញុំ​ផ្ទាល់ខ្លួន ខ្ញុំ​បានរៀបចំ​ធ្វើ​របាយការណ៍​ថ្វាយ​អតីតព្រះមហាក្សត្រ​ផ្ទាល់ខ្លួន ដើម្បី​លើកលែងទោស​អ្នកទោស​ដែល​រង​ភាពអយុត្តិធម៌​ ដោយ​មិន​ចាំបាន​ឆ្លង​នាយករដ្ឋមន្ត្រី​ទេ»។

ឆ្លើយតប​នឹង​ការលើក​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​​គោរព​​ព្រះមហាក្សត្រ និង​​រដ្ឋធម្មនុញ្ញ​។ លោក​បញ្ជាក់ថា បន្ទូល​​​របស់​​ព្រះអង្គម្ចាស់ ​ស៊ីសុវត្ថិ​ ធម្មិកោ​ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ​៖ «អាហ្នឹង​មើល​មែនទែន​មើល​អាហ្នឹង ​កុំ​ឲ្យ​​ធម្មិកោ​ និយាយ​បន្លំ​ត្រលប់​ត្រឡិន អាហ្នឹង​តាម​ពី​ដើម​មក​តាម​ខ្ញុំ​ចាំ ថា​​នៅ​ក្នុង​​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​លើកលែងទោស​ទាល់តែ​មាន​ការស្នើ​ពី​នាយករដ្ឋមន្ត្រី»។

ទោះបីជា​យ៉ាងនេះ​ក្ដី រដ្ឋធម្មនុញ្ញ​​មាត្រា​២៧ ពុំមា​ន​ចែងថា ព្រះមហាក្សត្រ​លើកលែងទោស​ឬ​ ប​ន្ធូរ​បន្ថយទោស តាម​សំណើរ​របស់​នាយករដ្ឋមន្ត្រី​ទេ គឺ​ចែង​ត្រឹម​ថា ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះ​សិទ្ធិ​ប​ន្ធូ​រ​បន្ថយទោស​ និង​លើកលែងទោស​តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ច្បាប់​ស្ដីពី​ការរៀបចំ​ពន្ធនាគារ​បា​ន​បន្ថែម​ឃ្លា​ថា ការលើកលែងទោស ឬ​​ប​ន្ធូរ​ទោស​​ទាល់​តែ​មាន​សំណើ​​ពី​នាយករដ្ឋមន្ត្រី​។ បន្ថែម​ពីនេះ លោក ហ៊ុន សែន ធ្លាប់​អះអាងថា ការលើកលែងទោស​ឲ្យ​អ្នកណាម្នាក់​គឺ​អាស្រ័យ​លើ​ចុង​ប៊ិច​​របស់​លោក​​តែប៉ុណ្ណោះ​។​

អ្នកវិភាគ​​នយោបាយ​លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍​ថា ច្បាប់​មួយ​ចំនួន​ដែល​​បក្ស​ប្រជាជន​កម្ពុជា​បង្កើតឡើង ​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ ដូចជា​ច្បាប់​ស្ដីពី​ការរៀបចំ​ពន្ធនាគារ ចែង​​ពី​​ការ​លើក​លែងទោស​តាម​សំណើ​​របស់​នាយករដ្ឋមន្ត្រី​នេះ​ជាដើម ព្រោះ​ការលើក​លែង​​ទោស​​ដល់​អ្នកទោស មានតែ​ព្រះមហាក្សត្រ​ទេ ដែល​មាន​ព្រះរាជសិទ្ធិ នេះ​បើ​យោងតាម​រដ្ឋធម្មនុញ្ញ​ដែលមាន​ស្រាប់ មិនចាំបាច់​ស្នើ​ពី​​នាយករដ្ឋមន្ត្រី​ឡើយ​។​

​រដ្ឋធម្មនុញ្ញ​​មាត្រា១៥០ ចែងថា រ​ដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់​និងសេចក្ដីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័នរដ្ឋ​នានា ត្រូវ​​ស្រប​​នឹង​​រដ្ឋធម្មនុញ្ញ​​ជាដាច់ខាត​។​

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ បន្ថែម​ថា របប​លោក ហ៊ុន សែន មិន​​ធ្វើ​តាម​​ព្រះមហាក្សត្រ​​លើ​ករណី​មួយចំនួនទៀត ដូចជា​ករណី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ដាក់​​ញ្ញត្តិ​​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ដោះស្រាយ​​បញ្ហា​ជម្លោះដីធ្លី​​ជូន ប៉ុន្តែ​ក្រោយពេល​ព្រះមហាក្សត្រ​ពិនិត្យ​ និង​បាន​បញ្ជូនទៅ​ក្រសួងយុត្តិធម៌ និង​​ទៅ​ទី​ស្ដី​គណៈរដ្ឋមន្ត្រី​វិញ តែ​សំណុំរឿង​មួយចំនួន​របប​លោក ហ៊ុន សែន មិន​​អនុវត្ត​​ដោះស្រាយ​​ជូន​​ប្រជាពលរដ្ឋ​ឡើយ​។​

​អ្នកវិភាគ​លើកឡើងថា របប​លោក ​ហ៊ុន សែន បានធ្វើ​ច្បាប់ វិសោធនកម្ម​ច្បាប់​មួយចំនួន និង​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន​តែប៉ុណ្ណោះ មិនមែន​អនុវត្តតាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ឡើយ ដូចជា កាលពីពេល​ថ្មីៗ​នេះ ការបង្កើត​ច្បាប់​​ស្ដីពី ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈរដ្ឋមន្ត្រី ដែល​ផ្ដល់​សិទ្ធិ​​ជូន​​នាយករដ្ឋមន្ត្រី ក្នុងការ​​បញ្ចប់​​មុខតំណែង និង​ការតែងតាំង មន្ត្រី​រាជរដ្ឋាភិបាល​ទៅ​ព្រះមហាក្សត្រ ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការរៀបចំ​ការបោះឆ្នោត ច្បាប់​ស្ដីពី​គណបក្សនយោបាយ ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត និង​ច្បាប់​ផ្សេងៗ​មួយចំនួនទៀត​។

ក៏ប៉ុន្តែ​ក្នុងចំណោម ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ ព្រះមហាក្សត្រ​ពុំបាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​បី ​ទាក់ទង​នឹង​ការបោះឆ្នោត​កាលពី​ចុងឆ្នាំ​២០១៧​ឡើយ គឺ​ព្រះអង្គ​បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​គ្រានោះ ដែល​អ្នកវិភាគ​មើលឃើញថា ព្រះអង្គ​គេចវេះ ពី​ការ​​ឡាយ​ព្រះ​ហស្ថលេខា​ទទួលស្គាល់​ច្បាប់​ដ៏​ចម្រូងចម្រាស ដែល​អ្នកច្បាប់​ជាតិ អន្តរជាតិ​ចាត់ទុកថា ជា​ច្បាប់​បំផ្លាញ​លទ្ធិ​ប្រជា​ធិ​ប​ត្យេ ដូចជា​ការដណ្ដើមយក​អាសនៈ​គណបក្សប្រឆាំង​ យកទៅ​ចែក​ជូន​គណបក្ស​ដែល​មិន​ជាប់ឆ្នោត និង​​ការ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​។​

ក្រៅពី​របប​លោក ហ៊ុន សែន បានធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន​នោះ ក៏​នៅ​មាន​ករណី​ជាច្រើន​ទៀត ដែល​អ្នកវិភាគ​មើលឃើញថា របប​លោក ហ៊ុន សែន បានដាក់​សម្ពាធ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បី​បង្កើត​របប ថ្មី ដែលជា​របប​ឯក​បក្ស​បង្កើតឡើង​ក្រោយ​ព្រឹត្តិការណ៍ ថ្ងៃទី​២៩ ​កក្កដា ​ឆ្នាំ​២០១៨​នេះដែរ​។​

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះ​តេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ មាន​ថេរ​ដីកា​ថា របប​លោក ហ៊ុន សែន យក​ព្រះមហាក្សត្រ​ជា​ឧបករណ៍​នយោបាយ ដើម្បី​បំរើ​មហិច្ឆតា​នយោបាយ​រ​បស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​ក្លាយទៅជា​ជនរងគ្រោះ​ដូច​ពលរដ្ឋ​ខ្មែរ​ស្ទើរ​ពេញ​មួយ​នគរ​ដែរ​។ ព្រះ​តេជព្រះគុណ ប៊ុន ប៊ុន​តិ​ញ សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ពលរដ្ឋ​ខ្មែរ​លែងយក​វត្ត និង​វាំងជា​ទីពឹង​ដូច​កាលពីមុន​ទៀត​បាន​ហើយ ព្រោះថា សូម្បីតែ​ព្រះសង្ឃ​មួយ​ភាគ​ធំ​ក៏​ស្ថិតនៅក្រោម​ឥទ្ធិពល​អំណាច​លោក ហ៊ុន សែន​ ដែរ​៖ «បើ​មែនទែនទៅ​ព្រះមហាក្សត្រ​សព្វថ្ងៃនេះ គេ​អាចធ្វើ​ស៊ី​បាន ​បើ​និយាយ​ភាសា​សាមញ្ញ បើ​និយាយ​ឲ្យ​ចំ​ទៅ​គឹ​គេ​យក​ព្រះអង្គ​ធ្វើជា​ចំណាប់ខ្មាំង ហើយ​ព្រះអង្គ​ប្រៀបដូចជា​នៅក្នុង​របង​មួយ​ដែលមាន​បន្លា ងាក​ទៅខាង​ណា​ក៏​មុត​ដែរ»។

អ្វីដែល​អ្នកច្បាប់ ​និង​អ្នកវិភាគ​លើកឡើង​ពី​ព្រះមហាក្សត្រ បាន​ក្លាយជា​ចំណាប់ខ្មាំង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​ចុងក្រោយ​នេះ គឺ​ការយាង​ចូល​ជា​អធិបតី​ក្នុង​ការបើក​សម័យប្រជុំ​សភា​ ជា​លើកដំបូង​កាលពី​ថ្ងៃទី​៦​ កញ្ញា ទោះបីជា​ការយាង​របស់​ព្រះអង្គ​នេះ មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ក្ដី ព្រោះថា​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​មិន​ទទួលស្គាល់​លទ្ធផល​​បោះឆ្នោត ដែល​គេ​ចាត់ទុកថា ជាការ​បោះឆ្នោត​ក្លែងក្លាយ​នោះ​។ នៅក្រោយពី​បង្កើត​សភា និង​របប​​ឯក​បក្ស​ហើយ ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្ដេចម៉ែ នរោត្តម មុនី​នាថ សីហនុ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​ភ្លាមៗ​។​

ទាក់ទង​បញ្ហា​របប​លោក ហ៊ុន សែន ចាប់យក​ព្រះមហាក្សត្រ​ជា​ចំណាប់ខ្មាំង​នយោបាយ តាមមើលទៅ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ហាក់​ពិបាក​នឹង​ដកខ្លួន​ចេញពី​គំនាប​នយោបាយ​ពី​គណបក្សកាន់អំណាច​ណាស់ ព្រោះថា លោក ហ៊ុន សែន ធ្លាប់បាន​ព្រមាន​រំលាយ ព្រះរាជ​បល្ល័ង្ក តាំងពី​​ជំនាន់​ព្រះ​បិ​តា​របស់​ព្រះអង្គ គឺ​សម្ដេច ​នរោត្តម សីហនុ កាលពី​​ឆ្នាំ​២០០៥ ដែល​គេ​មើលឃើញថា ជាការ​ចាប់បង្ខំ​ឲ្យ​ចុះ​ព្រះ​ហត្ថលេខា​​បំពេញ​បន្ថែម​នោះ​។​

​អ្នកជំនាញ​ផ្នែក​ច្បាប់ បណ្ឌិត ហ៊ាង ឫទ្ធី មានប្រសាសន៍​បន្ថែម​ទៀត​​ថា ស្ថាប័ន​នីតិ​ប្រតិ​ប​ត្ត​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​ទាំងមូល ​រំលោភ​​លើ​​រដ្ឋធម្មនុញ្ញ ទោះបីជា​រដ្ឋធម្មនុញ្ញ​មាត្រា ២៣​ចែងថា ព្រះមហាក្សត្រ ទ្រង់​ជា​មេបញ្ជាការ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្ដី​៖ «នាយក​មន្ត្រី​មាន​កងទ័ព​នៅក្នុង​ដៃ ហើយនាយក​​រដ្ឋ​មន្ត្រី​មានចែង​ថា ព្រះមហាក្សត្រ​ទ្រង់​ជា​មេបញ្ជាការ​កំពូល តែ​ជាក់ស្ដែង​កម្លាំង​ទ័ព​នៅក្នុង​ដៃ​នាយករដ្ឋមន្ត្រី»។

ម្យ៉ាងទៀត ទាំង​​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ ទាំង​អ្នកច្បាប់​ពន្យល់ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​របប​លោក ហ៊ុន សែន ប្រើប្រាស់​ស្ថាប័ន​ព្រះរាជ​បល្ល័ង្ក ជា​ឧបករណ៍​នយោបាយ​រប​ស់​ខ្លួន និង​ធ្វើ​វិសោធនកម្ម​ច្បាប់​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត​នេះ ដោយសារតែ​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច ធានា​ការពារ ការគោរព​រដ្ឋធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​សភា​អនុម័ត​និង​ព្រឹទ្ធសភា​បាន​ពិ​និ​ត និង​អនុម័ត​នោះ គឺ​សមាជិក​ទាំង​៩​រូប​នៃ​ស្ថាប័ន​នេះ ជា​សមាជិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Look at the king, he looks like a pet of Hun Sen. The work king and the person does not match.

Sep 14, 2018 02:24 AM

ភវ​វ័រ្មន

ពី បាវិត ស្វាយ​រៀង​

មាត្រា​ ២៧​.-​
ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ​ទោស​ និង ​លើក​លែង​ទោស ។

សុខ ឥសាន ខិតខំ​បំភាន់​មតិ​ ឲ្យ​ពួក​ក្បត់ជាតិ​ រំលោភ​រដ្ឋធម្មនុញ្ញ​ យ៉ាង​ច្បាស់​ក្រឡែត​មិន​អាច​ប្រកែក​បាន!

Sep 13, 2018 04:04 AM

គេហទំព័រ​ទាំងមូល