អ្នក​វិភាគ​ថា​ការ​យាង​ចេញ​ក្រៅ​ប្រទេស​របស់​ព្រះមហាក្សត្រ​មិន​មែន​ជា​ការ​ចៃដន្យ

ដោយ វ៉ែន សុមេធ
2018.02.22
សីហមុនី ៦២២ ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ដើម្បី​ទៅ​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ការ​ចាក​ចេញ​របស់​ព្រះអង្គ​នៅ​ពេល​នេះ ធ្វើ​ឡើង​មុន​នឹង​ព្រះអង្គ​ត្រូវ​ឡាយព្រះហស្តលេខា​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ព្រហ្មទណ្ឌ​ដែល​ព្រឹទ្ធ​សភា​បាន​អនុម័ត​នៅ​ដើម​សប្ដាហ៍​នេះ។ ច្បាប់​ទាំង​នោះ​ត្រូវ​រង​ការ​រិះគន់​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​អនុម័ត​ដោយ​សភា​ខុស​ច្បាប់។

​អ្នក​វិភាគ​នយោបាយ និង​ជា​អតីត​សាស្ត្រាចារ្យ​ច្បាប់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ  មិន​មែន​ជា​ការ​ចៃដន្យ​នោះ​ទេ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា ជា​ការ​ល្អ ដែល​ព្រះមហាក្សត្រ​ទុក​ឲ្យ​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ចុះ​ហត្ថលេខា​លើ​ច្បាប់​ដែល​គណបក្ស​នេះ​បង្កើត​ដោយ​ខ្លួន​ឯង។ អតីត​សាស្ត្រាចារ្យ​ច្បាប់​រូប​នេះ​ពន្យល់​ថា ច្បាប់​ដែល​អយុត្តិធម៌​មិន​មែន​ជា​ច្បាប់​នោះ​ទេ ហើយ​ស្ថាប័ន​អនុម័ត​ច្បាប់​បាន​ក្លាយ​ជា​ស្ថាប័ន​ខុស​ច្បាប់​ជា​យូរ​មក​ហើយ៖ «ប្រសិនបើ​យោង​ទៅ​លើ​អ្វីៗ ដែល​ព្រះអង្គ​ធ្លាប់​បាន​ធ្វើ​ពី​មុន ឬ​ក៏​ក្នុង​ករណី​នេះ គឺ​យាង​ទៅ​ប្រទេស​ចិន ដើម្បី​ជៀសវាង​ចុះ​ព្រះហស្តលេខា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នោះ ដែល​រដ្ឋសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​អនុម័ត»

ព្រឹទ្ធ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ដាក់​ទោសទណ្ឌ​ជន​ណា​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត ដោយ​គ្មាន​កែប្រែ​ពាក្យពេចន៍​សូម្បី​តែ​មួយ​ម៉ាត់។ នៅ​ថ្ងៃ​ជាមួយ​គ្នា បណ្ដាញ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចេញ​សេចក្ដី​ថ្លែងការណ៍​ចោទ​ការ​អនុម័ត​នេះ​ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស សេរីភាព​ជា​មូលដ្ឋាន និង​ស្នើ​បដិសេធ​ចោល​វិសោធនកម្ម​ច្បាប់​ទាំង​នោះ។

​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាគម​ជាង ៦០​ស្ថាប័ន បាន​រិះគន់​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ច្បាប់​ព្រហ្មទណ្ឌ ដើម្បី​ដាក់ទោស​ទណ្ឌ​ជន​ណា​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត ធ្វើ​ឡើង​ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​កំពុង​បំបិទ​អ្នក​មាន​មតិ​ផ្ទុយ​ពី​ខ្លួន និង​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ចេតនា​នៅ​ពី​ក្រោយ​នៃ​ការ​កែ​ច្បាប់​ទាំង​នេះ។អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​កែប្រែ​ច្បាប់​ទាំង​នេះ​ជា​អាវុធ​ស្រប​ច្បាប់​មួយ​ទៀត​របស់​រដ្ឋាភិបាល​ដែល​ហាក់​មាន​បំណង​លុបចោល​គ្រប់​ទម្រង់​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី។

​ទីប្រឹក្សា​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ គឺ​លោក សឺន ស៊ូប៊ែរ្ដិ៍ មិន​អាច​សន្មត​ថា ការ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​ព្រះករុណា នរោត្តម សីហមុនី នៅ​ពេល​នេះ ជា​ការ​គេច​ចេញ​ពី​ការ​មិន​សព្វព្រះទ័យ​ឡាយព្រះហស្តលេខា​ច្បាប់​ដែល​រង​ការ​រិះគន់ ឬ​ដើម្បី​ទៅ​ព្យាបាល​ព្រះរាជ​សុខភាព​ពិត​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​លោក​យល់​ថា ជា​ការ​ល្អ​ដែល​ព្រះមហាក្សត្រ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស ព្រោះ​ការ​ទទួល​ខុស​ត្រូវ​លើ​ច្បាប់​នេះ គួរ​ទុក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ជាង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ព្រះមហាក្សត្រ។ លោក សឺន ស៊ូប៊ែរ្ដិ៍ ពន្យល់​ថា ត្បិត​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ មាន​បុព្វសិទ្ធិ​ចុះ​ហត្ថលេខា​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​មែន ប៉ុន្តែ​ការណ៍​នេះ បង្ហាញ​ថា ច្បាប់​ទាំង​នោះ​ធ្វើ​ឡើង និង​ទទួល​ស្គាល់​តែ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ព្រោះ​លោក សាយ ឈុំ ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច៖ «ប្រធាន​ព្រឹទ្ធសភា​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា អ៊ីចឹង​បើ​លោក (សាយ ឈុំ) ឡាយ អា​ហ្នឹង​រឿង​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​ឡាយ ហត្ថលេខា​ហ្នឹង​ដែរ។ យូរៗ​ទៅ ទៅ​ជា​ប្រជាពលរដ្ឋ​អ្នក​តិះតៀន​ព្រះអង្គ តាំង​ពី​ណា​ណី​មក​ព្រះអង្គ​រង​គ្រោះ​រហូត ឲ្យ​គណបក្ស​ប្រជាជន​ទទួល​ខុស​ត្រូវ​ខ្លះ​ទៅ»

ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​២១ កុម្ភៈ ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹង​អវត្តមាន​ពី​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ត​ទៅ ដោយ​មិន​បាន​កំណត់​ពេល​វេលា​ជាក់លាក់​យាង​មក​វិញ។ ក្នុង​ពេល​អវត្តមាន​ព្រះអង្គ ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ត្រូវ​ទទួល​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី។ វិសោធនកម្ម​ច្បាប់​ទាំង​នោះ នឹង​ត្រូវ​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ ជា​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច អាច​នឹង​ចុះ​ហត្ថលេខា​ជំនួស​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។